រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិននិយាយរកគ្នាវិញ បន្ទាប់ពីអាក់ខានអស់ជាងមួយឆ្នាំ
បន្ទាប់ពីអាក់ខានអស់រយៈពេលជិតមួយឆ្នាំកន្លះ លោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងសមភាគីចិនលោកដុង ជន បានជួបពិភាក្សាគ្នាជាលើកទីមួយ នៅថ្ងៃអង្គារទី ១៦មេសា តាមវីដេអូខុនហ្វេរិន។ នេះជាសញ្ញាដែលបញ្ជាក់ថាមហាអំណាចទាំងពីរមានឆន្ទៈចង់រក្សាកិច្ចសន្ទនារវាងគ្នា បើទោះបីជាទំនាក់ទំនងនៅតានតឹងខ្លាំងក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៥១
ទន្ទឹមនឹងការខិតខំស្វះស្វែងពង្រឹងសម្ព័ន្ធភាពយោធាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីទប់ទល់ឥទ្ធិពលរបស់ប៉េកាំង សហរដ្ឋអាមេរិកក៏ព្យាយាមរក្សាបណ្តាញទំនាក់ទំនងជាមួយចិនឱ្យនៅបើកចំហជានិច្ចដើម្បីការពារកុំឱ្យមានភាពប្រឈមមុខយោធាដាក់គ្នាតានតឹងខ្លាំងពេក។ ហេតុដូច្នេះហើយបានជានៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដុង ជន តាមប្រព័ន្ធវីដេអូ។
បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ អ្នកទទួលខុសត្រូវទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងផ្នែកការពារជាតិរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន និងអំពីបញ្ហាសន្តិសុខតំបន់និងពិភពលោក។ ដោយរំឮកអំពីភាពចាំបាច់នៃការរក្សាបណ្តាញប្រាស្រ័យទាក់ទងយោធា រវាងមហាអំណាចទាំងពីរ លោក ឡយដ៍អូស្ទីន បានបញ្ជាក់ជាថ្មីថា អាមេរិកនឹងបន្តហោះហើរ ល្បាតលើផ្ទៃសមុទ្ទនិងធ្វើប្រតិបត្តិការ ប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវ លើគ្រប់ទិសទីដែលអនុញ្ញាតដោយច្បាប់អន្តរជាតិ។ សេរីភាពនៃចរាចរណ៍ក្នុងមហាសាគរ ធានាដោយច្បាប់អន្តរជាតិ និងពិសេសក្នុងសមុទ្ទចិនខាងត្បូង ត្រូវតែគោរពជាចាំបាច់។ នេះជាពាក្យសង្កត់ធ្ងន់បន្ថែមរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិកទៅកាន់សមភាគី។
ចំណែកខាងភាគីចិនវិញ តាមសេចក្តីថ្លែងការណ៍ លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានប្រាប់ទៅសមភាគីអំពីការផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមកក្នុងនាមជាមហាអំណាច។ ចិននិងអាមេរិកត្រូវតម្កល់សន្តិភាពជាវត្ថុដ៏មានតម្លៃ និងស្ថិរភាពជាវត្ថុដ៏សំខាន់បំផុត។ វិស័យយោធាជាលំនឹងនៃការអភិវឌ្ឍន៍ទំនាក់ទងទ្វេភាគី និងការពារវិបត្តិធ្ងន់ធ្ងរផ្សេងៗ ប៉ុន្តែ ចិនមានជំហរជាក់ច្បាស់ដដែលចំពោះតៃវ៉ាន់ ៖ តៃវ៉ាន់ជាខេត្តមួយរបស់ចិនដែលមិនទាន់បង្រួបបង្រួមបាន។ តៃវ៉ាន់ជាស្នូលនៃផលប្រយោជន៍គ្រឹះរបស់ចិន និងជាផលប្រយោជន៍ដែលគ្មាននរណាអាចប្រមាថបានទេ។ នេះប្រសាសន៍លោក ដុងជន ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្ទចិនខាងត្បូង។ លោករដ្ឋមន្ត្រីការពារចិនបានគូសបញ្ជាក់ថា អាមេរិកត្រូវតែទទួលស្គាល់ជំហរដាច់ណាត់របស់ប៉េកាំងហើយចាត់វិធានការជាក់ស្តែងដើម្បីសន្តិភាពតំបន់។
កិច្ចសន្ទនារវាងគ្នានេះ ប្រព្រឹត្តទៅជួនចំពេលសហរដ្ឋអាមេរិកកំពុងរឹតចំណងសម្ព័ន្ធភាពយោធាជាពិសេសជាមួយហ្វីលីពីននិងជប៉ុន តែជាការផ្តោះប្តូរសម្តីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់យោធាអាមេរិកចិន លើកទីមួយ គិតចាប់តាំងពីខែវិច្ឆិកា២០២២មក។ កាលណោះប្រមុខមន្ទីរបញ្ចកោណបានជួបរដ្ឋមន្ត្រីការពារចិននៅកម្ពុជា ហើយប្រកាសផ្តាច់ទំនាក់ទំនងជាន់ខ្ពស់ជាមួយវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់។ បន្ទាប់មក ចិនអាមេរិកផុងកាន់តែជ្រៅក្នុងភាពតានតឹង ក្រោយពីបាល់ឡុងចារកិច្ចចិនបានហោះចូលដែនអាកាសអាមេរិក។ អាមេរិកនិងចិន ទើបព្រមព្រៀងភ្ជាប់កិច្ចសន្ទនាយោធារវាងគ្នាឡើងវិញ កាលពីខែវិច្ឆិកា២០២៣ប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ