អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមឈ្លានពាន​អ៊ុយក្រែន៖ រុស្ស៊ី​កាន់តែ​ឯកោនៅ​លើ​ឆាក​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយសារ​រឿងសង្រ្គាមឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី​កំពុង​រង​ការថ្កោលទោស​កាន់តែ​ច្រើន នៅលើ​ឆាកអន្តរជាតិ។ នៅថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​បានប្រកាស ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​ជាផ្លូវការ លើ​សង្រ្គាម​អ៊ុយក្រែន។ ចំណែក​មហាសន្និបាត​អសប​វិញ បាន​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង​យ៉ាងច្រើន​លើសលុប​ទាមទារ​ឲ្យ​រុស្ស៊ី​ឈប់​ប្រើកម្លាំងយោធា​នៅទឹកដីអ៊ុយក្រែន និងត្រូវ​ដកទ័ពចេញ ជា​បន្ទាន់ ពី​ទឹកដី​អ៊ុយក្រែន។

ផ្ទាំងឃោសនានៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេល​អង្គការ​សហប្រជាជាតិ​បើកមហាសន្និបាត​បន្ទាន់​ដើម្បី​និយាយ​ពី​សង្រ្គាម​អ៊ុយក្រែន
ផ្ទាំងឃោសនានៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេល​អង្គការ​សហប្រជាជាតិ​បើកមហាសន្និបាត​បន្ទាន់​ដើម្បី​និយាយ​ពី​សង្រ្គាម​អ៊ុយក្រែន REUTERS - MIKE SEGAR
ផ្សាយពាណិជ្ជកម្ម

ផ្ទុយ​ពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ​ តាម​ផ្លូវច្បាប់ សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គ្មានអំណាច​ទៅ​ចាប់បង្ខំ​ឲ្យ​រុស្ស៊ី ត្រូវតែ​ដកទ័ព ឈប់​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន។

ប៉ុន្តែ ទោះគ្មានអំណាច​ផ្លូវច្បាប់ទៅលើ​រុស្ស៊ី សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង​លើសលុប ដល់ទៅ ១៤១​ប្រទេស នឹង​ធ្វើ​ឲ្យ​រុស្ស៊ី កាន់​តែ​ឯកោ នៅ​លើ​ឆាក​អន្តរជាតិ។ ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច ហើយ​ឥលូវ​ត្រូវ​មក​ឯកោ រងការរិះគន់ នៅក្នុង​សេចក្តីសម្រេច​របស់​មហាសន្និបាតអង្គការ​សហប្រជាជាតិទៀត។ នេះមិនមែនជារឿងល្អ​សម្រាប់​មុខមាត់​រុស្ស៊ី នោះ​ទេ។

ម្យ៉ាង ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោ បាក់មុខ នៅលើ​ឆាកអន្តរជាតិ នេះ​ក៏ជា​យុទ្ធសាស្រ្ត​ការទូតសំខាន់មួយដែរ​របស់​អ៊ុយក្រែន។ ចាប់តាំង​ពី​ប្រធានាធិបតី ​រុស្ស៊ី​ លោក​ពូទីន​បញ្ជូន​ទ័ព ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ភាគី​អ៊ុយក្រែន​បានប្រើ​គ្រប់​វេទិកា​អន្តរជាតិ ដើម្បី​ដើរបញ្ចុះបញ្ចូល សហគមន៍អន្តរជាតិ​ឲ្យ​ថ្កោលទោស ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។ ជាក់ស្តែង ក្រៅពី​ជំរុញ ឲ្យ​​មហាសន្និបាត​អង្គការសហប្រជាជាតិ បោះឆ្នោត​ចេញសេចក្តីសម្រេច ទាមទារ​ឲ្យ​រុស្ស៊ី ដកទ័ព​ចេញជាបន្ទាន់ពីអ៊ុយក្រែន ភាគី​អ៊ុយក្រែន កំពុង​ផ្តើម​យុទ្ធនាការ​ការទូតយ៉ាងសកម្មផងដែឬ ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៅទីក្រុង​ហ្សឺណែវ។

នៅក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អ្នកតំណាងទូត​អ៊ុយក្រែន ត្រូវ​បាន​គេ​ទះដៃ​ស្វាគមនៅពេល​លើកនិយាយ​ពីករណីឈ្លានពាន​របស់​ទ័ពរុស្ស៊ី ក្នុងទឹកដីអ៊ុយក្រែន។ ​ផ្ទុយពី​អ្នកតំណាង​រុស្ស៊ី ដែល​ត្រូវ​សមាជិក​មួយចំនួន​បែរខ្នង ដើរចេញ មិនព្រមស្តាប់ នៅពេល​ឡើង​និយាយ​នៅក្រុមប្រឹក្សា​សិទ្ធិមនុស្ស។ នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ភាគីអ៊ុយក្រែន​កំពុង​ដើរបញ្ចុះបញ្ចូល​ឲ្យប្រទេស​សមាជិកបោះឆ្នោត​យល់ព្រម​ឲ្យ​អង្គការ​សហប្រជាជាតិ បើក​យន្តការ​ស៊ើបអង្កេត​ពិសេស ស្តីពី​ការរំលោភសិទ្ធិមនុស្ស​របស់ទាហាន​​រុស្ស៊ី ទៅលើ​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន។ និយាយជារួម ទោះអ៊ុយក្រែន​មិនសូវ​មាន​សមត្ថភាពយោធា ធ្វើ​ឲ្យ​រុស្ស៊ីចុះចាញ់​នៅសមរភូមិប្រយុទ្ធ ប៉ុន្តែ អ៊ុយក្រែន បាន​ប្រើយុទ្ធសាស្រ្ត​ការទូត ដើម្បី​ធ្វើឲ្យ​រុស្ស៊ី​ចុះ​ទ្រុឌទ្រោម ជាប់ទណ្ឌកម្ម សេដ្ឋកិច្ច និង​បាក់មុខមាត់ ឯកោ​នៅលើ​ឆាកអន្តរជាតិ។

ក្នុងករណី​សង្រ្គាម​អ៊ុយក្រែន ហេតុអ្វី​រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ​សម្រេច​លឿន ដើម្បី​បើកការស៊ើបអង្កេត?

ក្រៅតែពីឯកោ​នៅ​ឆាកអន្តរជាតិ រុស្ស៊ី​ក៏កំពុងប្រឈម​នឹង​សំណាញ់​ច្បាប់​មួយទៀត នៅបន្ទាប់ពី​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ប្រកាស កាលពីថ្ងៃ​ពុធទី ២ មីនា បើក​ការស៊ើបអង្កេត​ជា​ផ្លូវការ លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅទឹកដី​អ៊ុយក្រែន។

កន្លងមក ដើម្បី​បើកការស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​សង្រ្គាម​ប្រឆាំង​មនុស្ស​ជាតិ  គេត្រូវការចំណាយ​ពេលវេលា​យូរ​ណាស់។ ជាក់ស្តែង រដ្ឋអាជ្ញា​ត្រូវ​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជាមុនសិន ទើប​អាច បើកការស៊ើបអង្កេតណាមួយបាន។ ទម្រាំ​ចៅក្រម​ឆ្លើយមក​យ៉ាងណានោះ គឺ​ត្រូវរង់ចាំ​យូររាប់ខែ ឬរាប់ឆ្នាំ។

ប៉ុន្តែ សម្រាប់​ករណី សង្រ្គាម​នៅអ៊ុយក្រែន ដំណើរការស៊ើបអង្កេត​បាន​ចាប់ផ្តើម​លឿនពីព្រោះថា រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ លោក​Karim Khan មិនចាំបាច់​រង់ចាំ​ភ្លើងខៀវ​ពី​ចៅក្រម។ មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​ដោយ​មកតែ​មាន​ប្រទេស​សមាជិក​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ ​យ៉ាងហោច ៣៩ប្រទេស បានដាក់ពាក្យ​ស្នើ​សុំ​ឲ្យ​បើកការស៊ើបអង្កេត​ជាបន្ទាន់។ ការស្នើសុំ​ពីប្រទេស​សមាជិក គឺ​ជា​លក្ខខណ្ឌ​តម្រូវឲ្យ​បើកការស៊ើបអង្កេត ដោយ​មិនចាំបាច់​មានការសុំអនុញ្ញាត​ពី​ចៅក្រម។

ការងារ​បន្ទាប់​របស់​ការិយាល័យ​រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ  គឺ​ត្រូវ​ស៊ើបអង្កេត​ទៅលើ​សង្រ្គាម​ប្រព្រឹត្ត​នៅក្នុងទឹកដី​អ៊ុយក្រែន តាំងពី​ឆ្នាំ ២០១៣ ពោល​គឺ​នៅមុន​ពេល​រុស្ស៊ី​កាត់យក​ទឹកដី​គ្រីមេ​របស់អ៊ុយក្រែន។ តាម​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ការស៊ើបអង្កេត​របស់​លោក​នឹង​ផ្តោត​ទៅលើ​បទសង្ស័យ ឧក្រិដ្ឋកម្ម​សង្រ្គាម អំពើប្រល័យពូជសាសន៍ និង ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅទឹកដីអ៊ុយក្រែន។

សេចក្តីរាយការណ៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សិទ្ធិមនុស្ស​បាន​លើកឡើង​ពី​ការបាត់បង់ជីវិត​ប្រជាជន​ស៊ីវិល ជាង នៅក្នុង​ការវាយប្រហារ​របស់​កងទ័ព​រុស្ស៊ី នៅ​មួយសប្តាហ៍មកនេះ។

រុស្ស៊ីដកខ្លួន​លែង​ជា​សមាជិក​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅឆ្នាំ ២០១៦

អ៊ុយក្រែន​មិនមែន​ជា​សមាជិក មិន​បាន​ចុះ​ហត្ថលេខី​លើ​លក្ខន្តិកៈ​ក្រុងរ៉ូម ស្តីពីការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​មែន ប៉ុន្តែ អ៊ុយក្រែន​បាន​ទទួល​ស្គាល់ ដែនសមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ឆ្នាំ ២០១៤ ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើកការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ​ដែលអាចកើតមាន​នៅក្នុង​អំឡុង​ការបង្រ្កាបទៅលើ​បាតុករ​ក្នុងទីក្រុង​កៀវ នៅ​ឆ្នាំ ២០១៣។

ចំណែក​រុស្ស៊ី​វិញ បាន​ដកខ្លួន​ចេញពី​សមាជិក​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ឆ្នាំ ២០១៦ បន្ទាប់ពី​បានចោទប្រកាន់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​លំអៀង នៅពេល​បើកការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ទឹកដី​ស៊ីរី។

ប៉ុន្តែ ទោះជា​រុស្ស៊ី​ដកខ្លួន​ចេញពី តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ពោល​គឺ​រុស្ស៊ី​មិន​ព្រម​បញ្ជូន​បុគ្គល​ដែលអាច​ជាប់រងការចោទប្រកាន់​ក្នុង​រឿងប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅអ៊ុយក្រែន ប៉ុន្តែ តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​នៅតែ​អាច​មានលទ្ធភាព ជំនុំជម្រះជនជាតិ​រុស្ស៊ី ដែលប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន។ ប៉ុន្តែ លទ្ធភាព​នោះ គឺ​តូចស្តួចស្តើង​ណាស់ ព្រោះថា ដោយសារ​តែ​តុលាការ​គ្មានប៉ូលិស ទៅចាប់ខ្លួន​ឧក្រិដ្ឋជន​ទាំងនោះ នៅក្នុង​ទឹកដី​រុស្ស៊ី តុលាការព្រហ្មទណ្ឌអន្តរជាតិ​ត្រូវពឹងផ្អែក​ទាំងស្រុង លើ​ជំនួយ​របស់​ប្រទេស​សមាជិក​របស់​តុលាការ ដើម្បី ចាប់ខ្លួន ជនសង្ស័យ​រុស្ស៊ី ដែល​ធ្វើដំណើរ​ទៅក្នុង​ទឹកដី​របស់​ប្រទេស​សមាជិក​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ