អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្បួនរថក្រោះរុស្ស៊ី ប្រវែង​ចម្ងាយ​៦០គីឡូម៉ែត្រ​បែរសំដៅ រដ្ឋធានី​របស់​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

រុស្ស៊ី​នឹង​បន្ត​ប្រតិបត្តិការកងទ័ព​នៅអ៊ុយក្រែន រហូត​ដល់​ថ្ងៃ​ដែល​រុស្ស៊ី​អាចសម្រេច​តាមគោលដៅ​ចង់បាន​របស់ខ្លួន នោះ គឺការការពារ​ខ្លួន​នៅចំពោះមុខ​ការគំរាមកំហែង​របស់​ប្រទេស​លោកខាងលិច។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី interfax។ នៅលើ​សមរភូមិ​ប្រយុទ្ធ រូបភាព​ផ្កាយរណប​បាន​បង្ហាញ ក្បួន​កងទ័ព​រុស្ស៊ី ប្រវែង​ជាង ៦០គីឡូម៉ែត្រ​កំពុង​បើក​សំដៅ ទៅកាន់​ក្រុង​កៀវ​របស់​អ៊ុយក្រែន នៅថ្ងៃអង្គារ ទី ១​មីនា។

រូបភាពផ្កាយរណបនៅថ្ងៃទី ២៨​កុម្ភៈ ​បង្ហាញ​ក្បួនរថក្រោះ​រុស្ស៊ី​ចម្ងាយ ៦០គីឡូម៉ែត្រ​បែរសំដៅ​រដ្ឋធានីកៀវ​របស់​អ៊ុយក្រែន
រូបភាពផ្កាយរណបនៅថ្ងៃទី ២៨​កុម្ភៈ ​បង្ហាញ​ក្បួនរថក្រោះ​រុស្ស៊ី​ចម្ងាយ ៦០គីឡូម៉ែត្រ​បែរសំដៅ​រដ្ឋធានីកៀវ​របស់​អ៊ុយក្រែន via REUTERS - MAXAR TECHNOLOGIES
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អ៊ុយក្រែន លោកហ្សេឡិនស្គី​ធ្លាប់បាន​និយាយ​ថា រដ្ឋធានី កៀវ​ជា​គោលដៅ​វាយប្រហារ​អាទិភាព​របស់​ទ័ពរុស្ស៊ី ដើម្បី​អាច​ចូលក្តោបក្តាប់​អ៊ុយក្រែន​ទាំងស្រុង។ តាម​ប្រមុខដឹកនាំ​អ៊ុយក្រែន ចាប់តាំង​ពី​បើកធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី ធ្លាប់​បាន​ដៅ​វាយប្រហារ រោងចក្រផលិត​អគ្គិសនី ដើម្បី​ផ្តាច់ចរន្ត​អគ្គិសនី​ទីក្រុង​កៀវ ដែលមាន​ប្រជាជនរស់នៅ ជាង ៣លាន​នាក់។

ជាមួយ ក្បួនរថពាសដែក និង​រថក្រោះ​រុស្ស៊ី ដែលមាន​ប្រវែង​ដល់ទៅ ៦០គីឡូម៉ែត្រ កំពុង​បើក​សំដៅ​ទីក្រុង​កៀវ គេជឿថា រុស្ស៊ីគ្រោង​នឹង​បើកការវាយប្រហារ​ទ្រង់ទ្រាយធំទៅ​លើ​រដ្ឋធានី​កៀវ នៅ​ពេលឆាប់ៗ​ខាងមុខនេះ។ នេះជា​ការបោះជំហាន​ដ៏ធំ​មួយ​របស់​កងទ័ព​រុស្ស៊ី បន្ទាប់ពី​រអាក់រអួល មិនសូវជោគជ័យតាមការដៅទុក​របស់​ប្រធានាធិបតី​រុស្ស៊ី។ តាម​ទីភ្នាក់ងារ​ចារកិច្ច​អង់គ្លេស កងទ័ពថ្មើរជើង រុស្ស៊ី​មិនបាន​បោះជំហានខ្លាំង ទេ​នៅ​មួយថ្ងៃ​ចុងក្រោយ​ទេ ដោយសារ​បញ្ហា​ទីតាំង និង​ការវាយ​ទប់ទល់​ពី​សំណាក់​កងទ័ព និង​អ្នកតស៊ូ​អ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ី​នៅ​តែ​បន្ត​បាញ់ផ្លោង សំដៅ​ជាយ​ក្រុង កៀវ និង​ទីក្រុង​ខាកៀវ ក្រុងធំទី​២ របស់​អ៊ុយក្រែន។

រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ប្រកាស​បើកការស៊ើបអង្កេត លើ​បទសង្ស័យ​ឧក្រិដ្ឋកម្ម​ក្នុងសង្រ្គាម​អ៊ុយក្រែន

នៅក្នុង​សេចក្តីប្រកាសនៅថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក​Karim Khan ​បាន​ប្រកាស​ថា នឹង​បើក​ការស៊ើបអង្កេត​លើ​បទសង្ស័យ​ស្តីពីការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ នៅ​ក្នុងសង្រ្គាម​អ៊ុយក្រែន។

នៅ​សប្តាហ៍​មុន នៅក្រោយ រុស្ស៊ីធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន លោក​Karim Khan ធ្លាប់​បាន​សំដែង​ក្តីបារម្ភ និង​បាន​សន្យា​តាមដាន​ជាប់ជានិច្ច ស្ថានការណ៍​នៅអ៊ុយក្រែន។

តាម​រដ្ឋអាជ្ញា​អ៊ុយក្រែន ដោយ​ផ្អែក​ទៅលើ​ស្ថានការណ៍​បច្ចុប្បន្ន នៅអ៊ុយក្រែន គេ​មាន​មូលដ្ឋាន​ច្បាស់លាស់ ដើម្បី​បើក​ការស៊ើបអង្កេត​ទៅលើ​រាល់បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ដែល​ប្រព្រឹត្ត​ឡើង នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។ កិច្ចការបន្ទាប់ដែល​រដ្ឋអាជ្ញា​ត្រូវធ្វើ​បន្ត គឺស្រាវជ្រាវ​ប្រមូលភស្តុតាង និង​សុំ​ការសម្រេច​របស់​ចៅក្រម​ដើម្បី​បើកការស៊ើបអង្កេត​ជា​ផ្លូវការ។ តាម​ធម្មតា ដើម្បី​បាន​ការអនុញ្ញាត​ពី​ចៅក្រម គឺគេ​ត្រូវចំណាយពេល​យូរណាស់ ប៉ុន្តែ គេជឿថា ដំណើរការស៊ើបអង្កេត​ស្តីពីការប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្រ្គាម​នៅអ៊ុយក្រែន អាច​ដំណើរការទៅលឿន ដោយសារ​ថា លីទុយអានី ដែលជា​រដ្ឋសមាជិក​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ ទើបបាន​ស្នើសុំ កាលពីថ្ងៃ​ចន្ទ​ម្សិលមិញដែរ។

សម្រាប់ ឧបនាយករដ្ឋមន្រ្តី​អង់គ្លេស លោក Dominic Raab​ លោក​ប្រធានាធិបតីរុស្ស៊ី​វ្លាឌីមៀរ ពូទីន និង​មេដឹកនាំ​យោធា​រុស្ស៊ី ជាច្រើននាក់​ផ្សេងទៀត ជាអ្នកទទួល​ខុសត្រូវ​ផ្ទាល់​ក្នុងរឿងរំលោភច្បាប់សង្រ្គាម។ នៅក្នុងបទសម្ភាសន៍​ជាមួយទូរទស្សន៍អង់គ្លេស BBC ​លោក​Dominic Raab បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី មេបញ្ជាការ និង​កងទ័ព​រុស្ស៊ី​ដែលធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន​នឹង​អាច​រងការចោទប្រកាន់​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មានទីតាំង​នៅ​ទីក្រុង​ឡាអេ។ បើសិន​តុលាការ​អន្តរជាតិ សម្រេច​ចោទប្រកាន់ជាផ្លូវការ​មែន នោះអង់គ្លេស​នឹង​ត្រៀមខ្លួន​ផ្តល់ជំនួយ​ផ្នែកច្បាប់ និង​មធ្យោបាយ​នានា​ដល់​តុលាការ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ដូចជា Human Rights Watch និង​Amnesty International បាន​បរិហារ​រិះគន់​កងទ័ពរុស្ស៊ី​ថា បាន​ប្រើគ្រាប់បែក បាញ់គ្រាប់ផ្លោង​សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន។ តាម​មេបញ្ជាការកងទ័ពអ៊ុយក្រែន លោក​Valéri Zaloujny ចាប់តាំង​ពី​បើកសង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅថ្ងៃ​ទី ២៥​កុម្ភៈ រុស្ស៊ី​បាន​បាញ់​មីស៊ីល​១១៣​ដើម សំដៅ​ទីក្រុង និង​ភូមិអ៊ុយក្រែន ដោយ​បាន​សម្លាប់ ប្រជាជន​ស៊ីវិល​៣៥២នាក់ និង​របួស ជាង ២០០០នាក់។ អង្គការ​សហប្រជាជាតិ​បាន​រាប់ឃើញ​មាន​ប្រជាជនស៊ីវិល​អ៊ុយក្រែន ១០២​នាក់​ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​កងទ័ព​រុស្ស៊ី។

រុស្ស៊ី ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ក្រុង​រ៉ូម នៅ​ឆ្នាំ ២០១៦

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែលមាន​នៅទីស្នាក់ការ​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ត្រូវ​បាន​បង្កើតឡើង​នៅ ឆ្នាំ ២០០២ ដើម្បី ជំនុំជម្រះ បទឧក្រិដ្ឋកម្ម​ធំៗ​នៅក្នុង​ពិភពលោក។ អ៊ុយក្រែន មិនមែន​ជា​សមាជិក របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប៉ុន្តែ ធ្លាប់​បាន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ ព្រហ្មទណ្ឌអន្តរជាតិ នៅ​ឆ្នាំ ២០១៤ សម្រាប់​ការស៊ើបអង្កេត​លើ​បទឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​នៅក្នុង​អំឡុង​បង្រ្កាប​ទៅលើ​បាតុករ​អ៊ុយក្រែន នៅក្រោម​អំណាច​របស់​ប្រធានាធិបតី Victor Ianoukovitch និង​ការស៊ើបអង្កេត​លើ​បទឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​តំបន់ភាគខាងកើត​អ៊ុយក្រែន ដែល​គ្រប់គ្រង​ដោយក្រុមទាមទារ​ផ្តាច់ទឹកដី គាំទ្រ​រុស្ស៊ី។

ប៉ុន្តែ រុស្ស៊ី​វិញ បាន​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ក្រុង​រ៉ូម នៅ​ឆ្នាំ ២០១៦ នៅក្រោយ រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បើកការស៊ើបអង្កេត​បឋម​ទៅលើ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ទឹកដី​គ្រីមេ ដែល​រុស្ស៊ី​បាន​កាត់យក​ពីអ៊ុយក្រែន​នៅ​ឆ្នាំ ២០១៤។ ដូច​ប្រទេស​ចំនួន ៣៣​ផ្សេងទៀត ដែល​មាន​អាមេរិក និងអ៊ីស្រាអែល រុស្ស៊ី លែង​ជា​ហត្ថលេខី នៃ​សន្ធិសញ្ញា​ក្រុងរ៉ូម។ ដូច្នេះ  គេ​មិនជឿថា តុលាការ​នឹង​អាច​មាន​សមត្ថភាព​ទៅ​ចាប់ខ្លួន ផ្តន្ទាទោស ប្រធានាធិបតី​រុស្ស៊ី នៅក្នុង​ករណីរកឃើញ​មាន​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន។

ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​នឹង​អាចទៅ​បំបាក់មុខមាត់​របស់​ប្រធានាធិបតីរុស្ស៊ី

លទ្ធផល​នៃ​ការស៊ើបអង្កេតរបស់​តុលាការ​ដែលនៅក្នុង​នោះ គេ​អាច​រកឃើញថា រុស្ស៊ី​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅអ៊ុយក្រែន នឹង​មិនអាចជំរុញ ឲ្យមាន​ការកាត់ទោស​លោក​ប្រធានាធិបតី​រុស្ស៊ី នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប៉ុន្តែ វានឹងអាច​​ជួយទៅ​បំភ្លឺភ្នែក​ដល់​មតិសាធារណៈ ជាពិសេស​ប្រជាជន​រុស្ស៊ី​ឲ្យ​ដឹងថា មេដឹកនាំ​រុស្ស៊ី​កំពុង​ធ្វើ​សង្រ្គាម​សម្លាប់​មនុស្ស​នៅ​ទឹកដី អ៊ុយក្រែន។ ការចោទប្រកាន់​ណាមួយ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​ផ្តល់​រូបភាព​មិនល្អ​របស់​ប្រធានាធិបតី​រុស្ស៊ី។

គេ​សង្ឃឹមថា ចំណាត់ការ​នៅ​តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹង​ជួយសំខាន់បំផុត ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មេដឹកនាំ​រុស្ស៊ី បញ្ឈប់​មុនគេ​បំផុត ការធ្វើសង្រ្គាម​នៅអ៊ុយក្រែន។ ប៉ុន្តែ លទ្ធផល​ជាក់ស្តែង យ៉ាងណានោះ គឺ​អាស្រ័យ​ទៅលើ​មេដឹកនាំ​រុស្ស៊ី លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន​តែម្តង ដែលរហូតមកដល់​ពេលនេះ ហាក់ដូចជា​គ្មានខ្លាចរអែង អ្វីសោះ កុំ​ថាឡើយ ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សូម្បី​តែ​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់​ប្រទេស​លោកខាងលិច​ដែលកំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី ធ្លាក់ដាំក្បាល​ចុះ ក៏មិនបាន​ជំរុញ​ចិត្ត​ឲ្យ​មេដឹកនាំ​រុស្ស៊ី ឲ្យ​ឈប់ធ្វើ​សង្រ្គាម​វាយប្រហារ​អ៊ុយក្រែនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ