អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ែរដូហ្កាន ៖ អាមេរិក​ឃុបឃិត​នយោបាយ​និង​ហិរញ្ញវត្ថុ​​ធ្វើបាប​​​តួកគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តួកគី​បាន​ប្រកាស​នៅថ្ងៃ​ចន្ទ​ទី ១៣ សីហា ២០១៨​នេះ ចាត់​វិធានការ​មួយ​ជម្លៀស​ធំ ដើម្បីធានារ៉ាប់រង់ទីផ្សារ​ហិរញ្ញវត្ថុ​​ កុំ​ឱ្យ​ជ្រួល​ច្របល់ ក្នុង​ខណៈ​ដែល​​​រូបិយបណ្ណ​ជាតិតួកគី​កំពុង​​ដាំក្បាល​ធ្លាក់​ថ្លៃ​ខ្លាំងមិនធ្លាប់​មាន។ ដោយ​សារ​តែ​ភាព​តាន​តឹង​ជាមួយ​អាមេរិក​ លុយ​តួកគី​បានធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ជា​គំហុក កាលពី​ថ្ងៃ​សុក្រ និង​រាល​ដាល​ធ្វើ​ឱ្យ​ទីផ្សារភាគ​ហ៊ុន​អាស៊ី​​ក៏​ធ្លាក់​ថ្លៃ​ទៅ​តាម​តួកគី​ដែរ។ សម្រាប់​​ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន ស្ថានការណ៍បែបនេះគឺ​បណ្តាល​មក​ពី​​ការ​ឃុបឃិត​នយោបាយនិងហិរញ្ញវត្ថុ​​របស់​អាមេរិក !

លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគីចោទ​អាមេរិក​ថា​ឃុបឃិត​នយោបាយ​ប្រឆាំង​តួកគី
លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគីចោទ​អាមេរិក​ថា​ឃុបឃិត​នយោបាយ​ប្រឆាំង​តួកគី REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​​​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន បាន​ប្រកាស​ប្រឆាំង​នឹង​ការ​ដំឡើង​អត្រាការប្រាក់​ផង និ​ងអំពាវនាវ​ឱ្យ​សកម្មជន​ក្នុង​ប្រទេស​ទាំ​ងអស់​ជួយ​គាំទ្រ​រូបិយបណ្ណ​ជាតិ​ ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​តួកគីដែល​ត្រូវ​ជា​កូនប្រសារ​របស់​ប្រធានាធិបតី បាន​ប្រកាស​បង្ហាញ​ផែនការ​ស្រោច​ស្រង់​រូបិយបណ្ណជាតិ តាម​រយៈ​បទ​សម្ភាស​ន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​អះអាង​ថា​អាជ្ញាធរ​តួកគី​ ​មាន​ផែនការ​ជួយ​សង្គ្រោះ​វិស័យ​សេដ្ឋកិច្ច​ដោយ​ចំៗ និង​ជាក់ស្តែង​មួយ​ចំនួន​ទៀត ដូច​ជាជួយ​​ក្រុមហ៊ុន​តូច ឬ​មធ្យម​ ដែល​រង​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី​ទីផ្សារ​ភាគហ៊ុន។

ចំណែក​ ធនាគារ​កណ្តាល​បាន​​សើរើ​មើល​អត្រា​ការប្រាក់ និង​បាន​បញ្ចេញ​លុយ​ប្រមាណ​១០ពាន់​លាន​លីវ (រូបិយបណ្ណ​តួកគី) ៦ពាន់​លាន​ដុល្លារ​អាមេរិក និង​មាសបីពាន់​លាន​បើ​គិត​ជា​សាច់​លុយ ចាក់​បញ្ចូល​ក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ធនាគា​រ។

វិធានការ​ទាំង​អស់​នេះ​ត្រូវត្រៀម​រួច​រាល់ និង​​ចាប់​មាន​សកម្មភាព ​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​ហើយ។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​ លុយ​តួកគី​បាន​ធ្លាក់​ដៃ​អស់​ប្រមាណ​១៨% ! ជាការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​និង​មិនធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។ មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លុយ​លីវ​របស់​តួកគី​ ធ្លាក់​ថោក​មែន​ទែន ទល់​នឹង​ប្រាក់​ដុល្លារ។ ១ដុល្លារ​ដូរ​បាន​ដល់​ទៅ ៧,២៤លីវ។ ទីផ្សារ​ភាគហ៊ុន​​​ពិភពលោក ​(អាស៊ី​-អឺរ៉ុប) បាន​បើក​ទ្វារ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ជាមួយ​នឹង​ការ​​ដាំ​ក្បាល​ធ្លាក់​ចុះប្រមាណ​២% ជា​ពិសេស​ទីផ្សារ​ភាគហ៊ុន​ជប៉ុន និង​ហុងកុង។

ជា​សរុប​ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ លុយ​លីវ​តួកគី​ បាន​បាត់​បង់​តម្លៃ អស់​​ជិត​ពាក់​កណ្តាល់ (៤៥%)​ បើ​ប្រៀប​ទៅ​នឹង​ប្រាក់​ដុល្លារ​និង​អឺរ៉ូ ដោយ​សារ​តែ​មាន​មូលហេតុ​បី​បុក​មក​ផ្ទួនៗ​គ្នា ៖ ទីមួយ​ គឺ​ ជា​ការ​​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ឥទ្ធិពល​របស់​លោក​អ៊ែដូហ្កាន លើ​វិស័យ​សេដ្ឋកិច្ច​ ការបាត់ទំនុក​ចិត្ត​លើ​ប្រធានាធិបតីដែល​ចេះ​តែ​ប្រឆាំង​ហើយ​ប្រឆាំង​ទៀត​ជា​ញយ​នឹង​ការ​ដំឡើង​អត្រាការ​ប្រាក់ និង​ចុងក្រោយ​គឺ​សម្ពាធ​តាន​តឹង​ក្នុង​ទំនាក់ទំនង​ជាមួយ​អាមេរិក។

​​​វិបត្តិហិរញ្ញវត្ថុ​តួកគី​ ជា​ឃុបឃិត​នយោបាយ​របស់​អាមេរិក

ប៉ុន្តែ​សម្រាប់លោក អ៊ែរដូហ្កាន ជា​ប្រធានាធិបតី​តួកគី លោក​បាន​ច្រាន​ចោទ​ទាំងស្រុង​គំនិត​ដែល​ថា​តួកគី​កំពុង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​ធ្លាប់​មាន​កើត​នៅ​អាស៊ី កាលពី​​២០​ឆ្នាំមុន។ គ្មាន​ទេ​ហេតុ​ផល​សេដ្ឋកិច្ច ! តួកគី​​​ជា​ផ្ទាំង​ស៊ីប​នៃ​កសង្គ្រាម​សេដ្ឋកិច្ច។ តែ​ជា​ប្រតិបត្តិការ​ ដែល​គេ​រៀប​ចំ​ឡើង ដើម្បី​ប្រឆាំង​នឹង​តួកគី។

លោក អ៊ែរដូហ្កាន បាន​ប្រើ​ពាក្យ​បរិហារ​ចំៗ​ថា វិបត្តិ​រូបិយបណ្ណ​តួកគី ជាស្នាដៃ​​​ឃុបឃិត​​នយោបាយ​​របស់​អាមេរិក។ ដោយ​ហេតុ​តែ​ចង់​ទាមទារ​ឱ្យ​តួកគី​ដោះលែង​គ្រូគង្វាល​ Andrew Brunson ដែល​ជាប់​ក្តី​នៅ​តួកគី​ពីបទ​ភេរវកម្ម​និង​ចារកិច្ច អាមេរិក​​​ បាន​ធ្វើ​សេចក្តី​ប្រកាស​ប្រឆាំង​តួកគី​ខ្លាំងៗ ដាក់​ទណ្ឌកម្ម គំរាម​សងសឹក ហើយ​ដំឡើង​ពន្ធនាំចូល​អាលុយមីញ៉ូម និ​ងដែកថែប​ទ្វេមួយ​ជាពីរ​ ព្រមទាំង​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ពុធ​មុន​ ឱ្យ​តួកគី​ធ្វើ​តាម។

តែ​ តួកគី​មិន​បន្ទន់​ជង្គង់​ចុះ​ចាញ់​ទេ ​! លោក​ប្រធានាធិបតី ហាក់​ដូច​ជា​មិន​ត្រូវ​រអា​នឹង​ចំណាត់ការ​របស់​លោក​ត្រាំ​ឡើយ ដោយ​បាន​​អះអាង​ថា​ បើ​វ៉ាស៊ីនតោន ហ៊ាន​បូជា​ទំនាក់ទំនង​ជាមួយ​អង់ការ៉ា តួកគី​ក៏​ហ៊ាន​​ទៅ​​ស្វែង​រក​ដៃ​គូ​ថ្មី សម្ព័ន្ធ​ភាពថ្មី​ និង​ទីផ្សារ​ថ្មី​ មក​ជំនួស​អាមេរិក ដែលដើរ​​រករឿង​ធ្វើ​សង្គ្រាម​ជាមួយ​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោកដែរ។

មិនតែ​ប៉ុណ្ណោះ ក្រៅ​អំពី​បន្ទោស​អាមេរិក​ថា​បាន​ផ្តល់ការ​គាំទ្រ​ពួក​ប៉េកាកា នៅ​ស៊ីរី លោក​ប្រធានាធិបតី​ អ៊ែរដូហ្កាន បាន​ឱកាសគំរាម​អាមេរិក​វិញ​ ដោយ​​ព្រលយ​ចង់​យក​សម្ព័ន្ធ​ភាព​ក្នុង​ជួរ​អូតង់ មក​ធ្វើ​ល្បែង​ភ្នាល់​ តែ​ម្តង។ ​សម្ព័ន្ធ​ភាព​ដែ​លអាមេរិក​បាន​ចងជាមួយ​តួកគី​​តាំង​ពី​ឆ្នាំ​១៩៥២ រហូត​មាន​មូលដ្ឋាន​ទ័ព​អាមេរិក​ក៏​ធំ​​បំផុត​មួយ​ក្នុង​ទឹក​ដី​តួកគី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។ សម្រាប់​តួកគី បើ​អាមេរិក​ហ៊ាន​បោះបង់​សម្ព័ន្ធមិត្ត​ជា​យុទ្ធសាស្ត្រ និង​សម្ព័ន្ធភាព​តាំង​ពី​ជា​ង​កន្លះ​សតវត្សរ៍​មក ​តួកគីគ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​​ ត្រៀម​ខ្លួន​ សុំ​លា ! មាន​មិន​ខ្វះ​ទេ​ប្រទេស​ នៅ​អាមេរិក​ឡាទីន អាហ្វ្រិក​ អាស៊ី​ ចាំ​បើក​ទ្វារ​ទទួល​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ