អានតួអត្ថបទ
តួកគី

ទណ្ឌកម្ម​អាមេរិក៖ ប្រាក់តួកគី ធ្លាក់​ចុះ​ខ្លាំង​ មិន​ធ្លាប់​មា​នក្នុង​ប្រវត្តិសាស្ត្រ​

ថ្ងៃ​សុក្រ​ទី​១០សីហានេះ រូបិយបណ្ណ​ Livre របស់តួកគី បានធ្លាក់​ចុះ​ជា​ខ្លាំង ដល់ទៅ​១០ភាគរយ​​ ដែល​មិន​ធ្លាប់​មា​ននៅ​ក្នុង​ប្រវត្តិសាស្ត្រតួកគី​។ រូបិយបណ្ណតួកគី​​ធ្លាក់​ចុះ​បែប​នេះ គឺដោយសារ​ត្រូវ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក របស់​លោក ដូណាល់ ត្រាំ។ ភ្លាមៗ ​ប្រធានាធិបតី​តួកគី លោក  Recep Tayyip Erdogan បានប្រកាស​ឲ្យ​ពលរដ្ឋ​ចូល​រួម​ប្រកៀកស្មាគ្នា គាំទ្ររូបិយបណ្ណជាតិ។ 

ប្រាក់​ Livre តួកគី
ប្រាក់​ Livre តួកគី REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

រូបិយបណ្ណតួកគី  ធ្លាក់ចុះជាខ្លាំង យ៉ាង​គំហុក​ ដល់ទៅ១០ភាគរយ នៅ​ថ្ងៃសុក្រ​ទី​១០សីហា។​ ការ​ស្រុត​ដាំក្បាល​ចុះ​នេះ​គឺ​បន្ទាប់ពី​បាន​ធ្លាក់​ចុះ​ចំនួន​៥ភាគរយ​រួច​ម្តង​ហើយ កាល​ពី​ដើម​ឆ្នាំ​២០១៨។ ពោល​ គឺនៅពេល​នេះ​ ប្រាក់​ Livre របស់តួកគី ចំនួន​៦ ទើប​អាច​ប្តូរយក​​ប្រាក់​១ដុល្លាររបស់​អាមេរិក។ ការ​ធ្លាក់​ចុះ​យ៉ាង​ច្រើនដូច្នេះ​​ គឺដោយសារ​តែ​ទណ្ឌកម្មសេដ្ឋកិច្ច និង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្កឡើង​ដោយ​អាមេរិក​។

នៅថ្ងៃ​សុក្រ​ទី​១០សីហានេះ ​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បានសរសេរ​​ប្រកាស​តាម​ Tweeter ​យ៉ាង​មាន​មោទនភាព ​ថាលុយ​ដុល្លារ​អាមេរិក​ខ្លាំង មិន​ដូច​លុយ​តួកគី​ ដែល​ខ្សោយ ហើយ​បាន​ដាំក្បាល​ចូល​យ៉ាង​ឆាប់​រហ័ស​នោះទេ។ លោក ត្រាំ​ សរសេរ​បញ្ជាក់​ថា លោក​ទើប​តែ​បាន​សម្រេច​ដំឡើង​ពន្ធពីរដង​​ថែម​​ទៀត​ ចំពោះ​ពន្ធនាំចូល​ធ្យូងថ្ម​និង​អាលុយមីញ៉ូម​ពី​ប្រទេស​តួកគី។

ដូច្នេះ​នៅពេល​នេះ ពន្ធគយ​នាំចូលទំនិញ​ពី​តួកគីចូល​អាមេរិក​ គឺ​ធ្យូងថ្ម ត្រូវ​ឡើង​ រហូត​ដល់​៥០ភាគរយ ហើយពន្ធ​​អាលុយមីញ៉ូម ត្រូវ​ឡើង​ដល់​២០ភាគរយ។​

ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​របស់​អាមេរិក ប្រធានាធិបតីតួកគី លោក  Recep Tayyip Erdogan បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​រូបិយបណ្ឌ​ជាតិ។ លោកប្រកាសថ្លែង​តាមកញ្ចក់​ទូរទស្សន៍​ជាតិថា “ប្រសិន​បើ​បងប្អូន​មាន​ប្រាក់​ដុល្លារ លុយ​អឺរ៉ូ ឬក៏​មាសសុទ្ធ នៅ​ក្រោម​ខ្នើយ​ គ្រែ​ដំណេក​របស់​បង​ប្អូន សូម​បង​ប្អូនអញ្ជើញ​យកវា​ទៅ​ធនាគារ​ជាតិ​របស់​យើង​ ហើយ​ប្តូរ​យក​លុយ​ Livre របស់តួកគីយើងវិញ​។ នៅ​ក្នុង​ស្ថានភាព​នេះ យើង​ត្រូវ​ការ​ចូលរួម​ប្រយុទ្ធ​ប្រកៀក​ស្នា​ទាំង​អស់​គ្នា​ដើម្បី​ជាតិ​យើង។” ប្រមុខ​រដ្ឋ​តួកទី បានបន្ថែមថា​​ “យើង​មិន​ចាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះទេ ព្រោះ​​យើង​មាន​ព្រះ​អាឡះ​ជួយ។ យើង​នឹង​ឈ្នះ​សង្គ្រាម​នេះ​។”

គួរ​រម្លឹក​ជូនថា តួកទី ​និងអាមេរិក​ មាន​ភាព​តាន​តឹង​គ្នា​ជា​ច្រើន​ខែ​មកហើយ ហើយ​រឹង​រឹត​តែ​ក្តៅគគុក​ថែមទៀត នៅពេល​ដែល​តួកទីបាន​​ចាប់​ឃុំ​ខ្លួន​គ្រូ​គង្វាល​សាសនា​ជាតិ​អាមេរិក​ម្នាក់ នៅ​ទីក្រុង​អង់ការ៉ា។ អាមេរិក​បាន​ប្រកាសឲ្យ​ដោះ​លែង​គ្រូ​គង្វាល​នោះភ្លាម តែ​រដ្ឋតួកទី​មិនព្រម ព្រោះ​អាជ្ញាធរ​តួកទី​យល់ថា អាចារ្យ​សាសនាម្នាក់​នេះ ធ្វើសកម្ម​ភាព​ចារកម្ម​និង​ភេរវកម្ម។ កាលពីថ្ងៃ​ពុធ​កន្លង​ទៅ មន្ត្រី​ជាន់​​ខ្ពស់​ផ្នែក​ការទូត​របស់​ប្រទេស​ទាំងពីរ​បាន​ជួប​ជជែក​គ្នា​ដែរ នៅ​ទីក្រុង​វ៉ាស៊ីន​តោន ប៉ុន្តែ​ហាក់​ពុំ​អាច​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ