អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីដែលកាស្រ្តូ បិតា​​បដិវត្ត​គុយបា ទទួល​មរណភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

បិតា​បដិវត្តគុយបា លោក ហ្វីដែល កាស្រ្តូ បាន​ទទួល​មរណភាព​ នៅ​ថ្ងៃសុក្រ​ទី ២៥ វិច្ឆិកា ក្នុង​ជន្មាយុ ៩០​ឆ្នាំ​គត់។ ពិធីបូជាសព​លោក ហ្វីដែល កាស្ត្រូ នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី ៤ ធ្នូ ២០១៦។ លោក ហ្វីដែល កាស្រ្តូ ឬ​ប្រមុខ​ម៉ាក្ស បាន​ឡើង​ដឹកនាំ​ប្រទេស​ បន្ទាប់​ពី​បាន​តស៊ូ​​ដោយ​កាន់​អាវុធ និង​បាន​កាន់​អំណាចដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង​ រយៈ​ពេល​​ជាង កន្លះ​សតវត្សរ៍ និង​បាន​តាំង​ខ្លួន​ជា​សត្រូវ​របស់​សហរដ្ឋ​អាមេរិក ព្រមទាំង​បាន​ប្រឈម​នឹង​ ​​ប្រធានាធិបតី​ដល់​​ទៅ​១១រូប ពោល​គឺ​​តាំង​ពី​ប្រធានាធិបតីEisenhower ដល់ Obama​។ ដោយ​មាន​ជំងឺ​ប្រចាំកាយ លោក ហ្វីដែល កាស្ត្រូ បាន​លាលែង​ចេញ​ពី​តំណែង ប្រមុខ​រដ្ឋ នៅ​ឆ្នាំ​២០០៦ ដោយ​ប្រគល់​ភារកិច្ច​ដឹកនាំ​ប្រទេស​ឱ្យ​លោក រ៉ាអ៊ូល កាស្ត្រូ​ ជា​ប្អូនប្រុស។ 

លោក Fidel Castroបិតា​បដិវត្ត​គុយបា នៅ​ប្រទេស​អាហ្សង់ទីន​ឆ្នាំ​២០០៦
លោក Fidel Castroបិតា​បដិវត្ត​គុយបា នៅ​ប្រទេស​អាហ្សង់ទីន​ឆ្នាំ​២០០៦ REUTERS/Andres Stapff
ផ្សាយពាណិជ្ជកម្ម

កើត​នៅថ្ងៃទី ១៣ សីហា ១៩២៦ លោក​ ហ្វីដែលកាស្ត្រូ កើត​ក្នុង​ត្រកូល​​អន្តោប្រវេសន៍​អេស្ប៉ាញ ដែល​មក​រកស៊ី​មាន​បាន​នៅ​គុយបា ដោយ​របរកសិកម្ម​អំពៅ។ ក្រោយ​ពី​បញ្ចប់​ការសិក្សា​​សាលា​​សាសនា លោក​បាន​បន្ត​រៀន​នៅ​​សាលា​ច្បាប់ដើម្បីក្លាយ​ជាមេធាវី និង​បានចូល​ប្រលូក​ក្នុង​​នយោបាយ ដោយ​ទស្សនៈ​ហិង្សា​ផង​នៅ​ពេល​ខ្លះ។

នៅអាយុ​២៧ឆ្នាំ លោក ហ្វីដែល កាស្ត្រូ បាន​ចាប់​កាន់​អាវុធ​ បញ្ចេញ​សកម្មភាព​ខុស​ច្បាប់​បះបោរ​ ក្នុង​បំណង​ផ្តួល​រំលំ​របប​ដាច់ការ​ស្តាំ​និយម​។ ប្រតិបត្តិការ​ដំបូងសំដៅ​​វាយ​លេនដ្ឋាន​យោធាសំខាន់​ទីពីរ​របស់​រដ្ឋនៅ​ឆ្នាំ​១៩៥៣ បាន​បរាជ័យ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួននិង​កាត់​ទោស​ដាក់ពន្ធនាគារ រយៈ​ពេល​៣០​ឆ្នាំ តែ​មិន​បាន​ធ្វើ​ឱ្យ​លោក​បាក់ស្បាត​ដក​ថយ​ឡើយ។

ពីរ​ឆ្នាំ​ក្រោយ (១៩៥៥) ក្រោយ​ពី​ទទួល​ការ​លើក​លែងទោស លោក​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ម៉ិចស៊ិក ទី​ដែល​លោក​និង​ប្អូន​ប្រុស​បានជ្រួតជ្រៀប​​កាន់​តែ​ជ្រៅ​ក្នុង​​​មនោគមវិជ្ជា​ម៉ាក្សលេនីន និង​បាន​ប្រើ​ពេល​បី​ឆ្នាំ​​រៀប​ចំ​ផែនការទ័ព​ព្រៃ២៥​ខែ ដើម្បីធ្វើ​បដិវត្ត​​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ  Fulgencio Batista។

នៅ​ឆ្នាំ​១៩៥៦ ហ្វីដែល​ កាស្ត្រូ និង​មិត្ត​រួម​អាវុធ៨១​នាក់ បាន​ត្រលប់​មក​កោះគុយបា​វិញ តែ​មាន​តែ​៧​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះ​គឺ​មាន​រូប​​លោក​ និង​ប្អូន​ប្រុស ព្រមទាំង​Ernesto Che Guevara អាច​រត់​ចូល​ព្រៃ​លើ​កោះគុយបា​បាន។ មាន​អាវុធ​តែ​៧​ដើម តែ​លោក​កាស្ត្រូ អាច​ទាក់ទាញ​ប្រមូល​ប្រជាពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​របប​ដឹកនាំ​កំពុង​កាន់​អំណាច ហើយ​នៅ​ថ្ងៃ​ទី ១​មករា ១៩៥៩ ទ័ពព្រៃ​លោកបាន​ចេញ​វាយ​លុក​បណ្តេញ បាទីស្តា បាន​ជោគជ័យ ! រដ្ឋាភិបាល​កាស្ត្រូ បាន​កើតចេញ​ជា​រូប​រាង​តាំងពី​នោះ​មក ដោយ​មាន​លោក ហ្វីដែល​កាស្ត្រូ អាយុ ៣២​ឆ្នាំ​ជា​មេទ័ព ​ជា​នាយករដ្ឋមន្ត្រី និង​​ដឹកនាំ​ប្រទេស​រហូត​តែម្នាក់​ឯង​ ដល់​ឆ្នាំ​២០០៨។ លោកមិន​សូវ​បង្ហាញ​ជីវិត​គ្រួសារ​ទេ។ លោក​កូន​យ៉ាង​ហោច​៩​នាក់ កូន​ច្បង​មាន​ឯកទេស​នុយក្លេអ៊ែរ​ពី​សូវៀត។

​បដិវត្តកាស្ត្រូ​និង​​អំណាច​ផ្តាច់ការ​

លោក ហ្វីដែល កាស្ត្រូ ជា​បិតា​បដិវត្ត ជា​អ្នក​ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម​​ដល់​ប្រជាពលរដ្ឋ​ ដោយ​បាន​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ បាទីស្តា! ​ជា​វីរបុរស សម្រាប់​គុយបា​ខ្លះ និង​ជា​មេដឹកនាំ​ផ្តាច់ការ ប្រើ​អំណាច សម្រាប់​ខ្លះផ្សេង​ទៀត។ បាន​សម្តី ពូកែ​វោហា ធ្វើ​សុន្ទរកថា​គួរ​ជាក់​ចិត្ត រាប់​ម៉ោង មិន​ចេះ​នឿយ​ហត់ លោក ហ្វីដែលកាស្ត្រូ ដែល​ប្រឆាំង​ដាត់​ខាត​នឹង​របប​មូលធននិយម នៅ​ពេល​បាន​ឡើងកាន់​អំណាច បាន​ប្រែក្លាយ​គុយបាជាប្រទេស​សង្គម​និយម តាម​ជំហរកុម្មុយនិស្ត​​ម៉ាកលេនីន មិន​ចូល​បក្ស​សម្ព័ន្ធ​ និង​មានបន្ទាត់​នយោបាយ​ដឹកនាំ​ប្រទេស​ ធ្វើ​បដិវត្តិ​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម។

សម្គាល់​ដោយ​អាវ​ពណ៌គគីរ ទុក​ពុក​ចង្កាវែង ស៊ីហ្កា​នៅ​ជាប់​នឹង​មាត់ លោក​ហ្វីដែល កាស្ត្រូ បាន​ងាកទៅ​រក​ម៉ូស្គូ នៅ​ឆ្នាំ​១៩៦១ នៅ​ពេល​វ៉ាស៊ីនតោន បាន​ព្យួរ​ទំនាក់ទំនង​ការ​ទូតជាមួយ​គុយបា។ របត់​នយោបាយ​ដែល​សូម្បី​តែ​សកម្មជន​រួម​បក្ស​ក៏​ភ្ញាក់ផ្អើល​ដែរ។

លោក កាស្ត្រូ បាន​​អនុញ្ញាត​ឱ្យ​រុស្ស៊ី ដាក់​មីស៊ីល​នុយក្លេអ៊ែរ​លើ​ដែន​កោះរបស់​​ខ្លួន​ជាដែល​​នៅ​កៀក​កើយ​បំផុត ប្រមាណ​តែ​១៥០​គីឡូម៉ែត្រ​ពី​សហរដ្ឋ​អាមេរិក។ ភាព​ប្រឈម​ដែល​វិះ​នឹង​នាំ​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​ដ៏ធ្ងន់ធ្ងរ​បំផុត​​ទៅ​ហើយ។ ​​​សហរដ្ឋអាមេរិក ក៏​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើគុយបា​រហូត​មកទល់​ថ្ងៃនេះ និង​បាន​លួច​រៀប​ផែនការ​​ឃុបឃិត​ជាមួយ​ពលរដ្ឋ​គុយបា​ចូល​ឈ្លានពាន​គុយបា តែត្រូវ​បរាជ័យ។ បើ​តាម​របាយការណ៍ពិសេស​មួយ​របស់​សភា​ ភ្នាក់ងារ​សម្ងាត់​អាមេរិក​បាន​ប៉ុនប៉ង​ធ្វើ​ឃាត​លោក កាស្រ្តូ ដល់​ទៅ​ ៦៣៨​ដង។ តែ​គ្មាន​នរណា​អាច​ធ្វើ​លោក ហ្វីដែល កាស្ត្រូ​បាន។

នៅ​ពេល​របប​សហភាព​សូវៀត​ដួល​រលំ​ទៅ គុយបា​បាត់​បង្អែក​សេដ្ឋ​កិច្ច នៅ​តែ​អាច​ឈរ​ជើង​ជាប់​ ជា​ប្រទេស​កុម្មុយនិស្ត​ដ៏​រឹង​មាំជាងគេ។ បើ​ទោះបី​ជា​លោកកាស្ត្រូ​ប្រើ​អំណាច​ផ្តាច់ការ បង្ក្រាប​ស្ទើរ​រាប​ដល់​ដី បក្ស​ប្រឆាំង ក៏​ប្រជាពលរដ្ឋ​គុយបា​មួយភាគ​ធំ​ នៅ​ស្មោះស្ម័គ្រ​នឹង​លោកជា​និច្ច។ តែដោយ​ហេតុ​​បញ្ហា​សុខភាព​ ទើប​លោក​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ជា​បណ្តើរៗ និង​ផ្ទេរ​តំណែង​ទៅឱ្យ​ប្អូន​ប្រុស​ ដែល​ជា​ដៃ​ស្តាំ។ នា​នាទី​ចុងក្រោយ​ លោក​ ហ្វីដែលកាស្ត្រូ បាន​សាកល្បង​បំពេញ​កង្វះ​ខាត​ក្នុង​ការ​ដឹកនាំ​ ដោយ​សុខ​ចិត្ត​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច សង្គម​ខ្លះ តាម​រយៈ​ជំនួយ​របស់​វេណេស៊ុយអេឡា និង​ចិន ដើម្បី​កុំ​ឱ្យ​ប្រទេស​លង់លិច​បាន។

លោករ៉ាអ៊ូល កាស្ត្រូ ដឹកនាំ​ប្រទេស​​ម្នាក់ឯង

លោក រ៉ាអ៊ូល​កាស្ត្រូ ​ពេលនេះ និង​ជា​លើក​ទី​មួយ ត្រូវ​ដឹកនាំ​ប្រទេស​ម្នាក់ឯង​។ កាលពី​ឡើង​កាន់​អំណាច​ភ្លាម​លោក រ៉ាអ៊ូល កាស្ត្រូ តែង​ឆ្លង​យោបល់​បង​ រាល់​គ្រប់​សេចក្តី​សម្រេច​សំខាន់ៗ។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ លោក រ៉ាអ៊ូល កាស្ត្រូ បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ ដោយ​បាន​អនុម័ត​ជា​ប្រវត្តិសាស្ត្រ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​សង្គ្រោះ​គុយបា​ពី​ការ​ក្ស័យធន តែមាន​ទម្រង់​ជា​ការ​ដក​ខ្លួន​ចេញ​ពី​របប​ចាស់​ដោយ​​សន្សឹមៗ។

ចំពោះ​ការ​ចរចា​ដោយ​ស្ងាត់ៗ​ជាមួយ​សហរដ្ឋ​អាមេរិក​ រហូត​បាន​សម្រេច​ជា​ប្រវត្តិសាស្ត្រ​ស្តារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើង​វិញ ក៏​ទំនង​មិន​បាន​រំលង​បងប្រុស​ដែរ។ នៅ​ក្នុង​ពេល​បិទ​មហាសន្និបាត​បក្ស​ប្រចាំ​ឆ្នាំ កាលពី​ខែ​មេសា លោក ហ្វីដែល កាស្ត្រូ​មិន​បាន​បន្ទោស​អំពី​ការ​ងាករេ​នយោបាយ​ទូត​ទៅ​រក​អាមេរិក​ជា​អតីត​សត្រូវ​ឡើយ ដោយ​គ្រាន់​រំលឹក​ថា ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​​វ៉ាស៊ីនតោន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ