អានតួអត្ថបទ

ប្រធានាធិបតី​គុយបា ៖ ថ្នាក់ដឹកនាំ​ប្រទេសមាន​​អាយុ​ចាស់​ជ្រុល

អនាគត​​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បក្ស​កុម្មុយនីស្ត​គុយបា ត្រូវ​តែ​ចេញ​ទៅ​និវត្តន៍​ នៅ​អាយុ​៧០​ឆ្នាំ យ៉ាង​យូរ។ ឥស្សរជន​ចាស់ៗ​ ត្រូវ​ដើរ​ចេញ​ ដើម្បី​ទុក​កន្លែង​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ធ្វើ​ការ​ម្តង ! នេះ​ជា​សេចក្តី​ប្រកាស​របស់​ប្រធានាធិបតី​គុយបា លោក រ៉ាអ៊ូល កាស្ត្រូ ដែល​រូប​លោក​ផ្ទាល់​មាន​អាយុ​ ៨៤​ឆ្នាំ​ទៅ​ហើយ។

ប្រធានាធិបតី​គុយបា លោក Raul Castro ថ្លែង​សុន្ទរកថា​បើក​សមាជបក្ស​ថ្ងៃទី ១៦ មេសា ២០១៦
ប្រធានាធិបតី​គុយបា លោក Raul Castro ថ្លែង​សុន្ទរកថា​បើក​សមាជបក្ស​ថ្ងៃទី ១៦ មេសា ២០១៦ REUTERS/Omara Garcia/AIN/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គុយបា បច្ចុប្បន្ន​នេះ មាន​ឥស្សរជន​ជា​ច្រើន​រូប​ណាស់ ដែល​មាន​អាយុលើស​​៧០ និង​ ៨០​ឆ្នាំ។ ឥស្សរជន​ខ្លះ​ គឺ​ជា​សកម្មជនរបស់​បក្ស​និង​​ បាន​ចូល​ធ្វើ​បដិវត្ត​ នៅ​ឆ្នាំ​១៩៥៩ ដែល​បាន​ជំរុញ​ឱ្យ​លោក​ហ្វីដែលកាស្ត្រូ​បាន​ឡើង​កាន់​តំណែង​ជា​ប្រមុខ​ដឹកនាំ​គុយបា។

 

លោកហ្វីដែល កាស្ត្រូ អាយុ​៩០​ឆ្នាំ នៅ​ខែ​សីហា ខាង​មុខ​ បាន​ដក​ខ្លួន​ចេញ​ពី​ឆាក​នយោបាយ នៅ​ឆ្នាំ​២០០៨ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​ជា​ទម្ងន់។ លោក រ៉ាអ៊ូល កាស្ត្រូ​ បាន​បន្ត​​​តំណែង​ពី​បង និង​បាន​ដាក់​កំហិត កំណត់​អាណត្តិ​ជា​ប្រធានាធិបតី​ត្រឹម​៥​ឆ្នាំ និង​អាច​​ពន្យារ​បាន​ត្រឹម​ពីរ​អាណត្តិ​សម្រាប់​ប្រមុខ​ដឹកនាំ​ប្រទេស​ម្នាក់ៗ។

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក រ៉ាអ៊ូល​ កាស្ត្រូ បាន​ប្រកាស​កំណត់​អាយុរបស់​មន្ត្រី​​នៃ​គណៈកម្មការធិការ​កណ្តាល​បក្ស ឱ្យធ្វើការ​ត្រឹម​អាយុ​៦០​ឆ្នាំ និង​យ៉ាង​យូរ​បំផុត​ត្រូវ​ចូល​និវត្តន៍​នៅ​អាយុ​៧០​ឆ្នាំ សម្រាប់​តំណែង​ជា​មេ​ដឹកនាំ​នៅ​ក្នុង​បក្ស។

សេចក្តី​ប្រកាស​របស់​ប្រធានាធិបតី​គុយបា នៅ​ក្នុង​សុន្ទរកថា​រយៈ​ពេល​ពីរ​ម៉ោង នា​ឱកាស​បើក​សមាជ​បក្ស​កុម្មុយនិស្ត ត្រូវ​បាន​ទទួល​ស្វាគមន៍ ដោយ​ភាព​ស្ងប់​ស្ងាត់ យ៉ាង​ចម្លែក ! ព្រោះ​គណៈ​ប្រតិភូ​គុយបា ភាគ​ច្រើន​ទំនង​ជា​ភ្ញាក់ផ្អើល​នឹង​​សេចក្តី​សម្រេច​របស់​លោក រ៉ាអ៊ូល កាស្ត្រូ ដែល​បាន​អះអាង​បន្ថែម​ទៀត​ថា “ម្តេចស្ងាត់​ល្អ​ម្ល៉េះ ?! អ្នក​គិត​ថា​គ្មាន​តួនាទី​នៅ​ក្នុង​ចំណាត់​ការ​ប្រទេស អ្នក​នឹង​គ្មាន​អ្វី​ធ្វើ​ឬ ?! លោក​រ៉ាអ៊ូល​កាស្ត្រូ​ចង់​មាន​ន័យ​ថា ថ្នាក់ដឹកនាំ​ចាស់ៗ​អាច​នៅ​តែ​ជា​សកម្មជន​បក្ស​និង​ចំណាយ​ពេល​មើល​ចៅៗ។ វិធានការ​ថ្មី កំណត់​អាយុ​ចូល​និវត្តន៍​នេះ ក៏​នឹង​ត្រូវ​អនុវត្តដូច​គ្នា​​​នៅ​ក្នុង​ស្ថាប័នរដ្ឋ​​និង​ជួរ​រដ្ឋាភិបាល។

នៅ​ថ្ងៃ​ចន្ទ​ស្អែក សមាជ​បក្ស​កុម្មុយនិស្ត​គុយបា ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​​ថ្មី និង​ទំនង​ជា​ត្រូវ​បោះឆ្នោត​រក្សាលោក រ៉ាអ៊ូល កាស្ត្រូ អាយុ​៨៤​ឆ្នាំ និង​បុរស​ខ្លាំង​ទីពីរ​របស់​បក្ស​ អាយុ​៨៥​ឆ្នាំ​ឱ្យ​នៅ​ដដែល។ ច្បាប់​ថ្មី​នេះ​ទំនង​ជា​មិន​ត្រូវ​បាន​អនុវត្ត​លើ​ឥស្សរជន​កំពូល​ទាំង​ពីរ​នេះ​ទេ។ ប៉ុន្តែ​លោក​ រ៉ាអ៊ូល​កាស្ត្រូ​បាន​ បញ្ជាក់​ថា លោក​នឹង​បញ្ចប់​តួនាទី​ជា​ប្រធានាធិបតី នៅ​ឆ្នាំ​២០១៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ