ប្រធានាធិបតីស៊ីរីបន្តបំបាក់មុខអង្គការសហប្រជាជាតិជាថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៣
កាលពីថ្ងៃសុក្រទី ១៦ មីនា លោកកូហ្វី អាណាន់ប្រេសិតតំណាងអង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ បានរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីលទ្ធផលនៃជំនួបរបស់លោកជាមួយប្រធានាធិបតីBachar Al Assad ក្នុងប្រទេសស៊ីរី។ លោកកូហ្វី អាណាន់បានសំដែងការខកចិត្តដែលរដ្ឋាភិបាលស៊ីរីមិនបានឆ្លើយសហការជាមួយលោកដើម្បីបញ្ចប់អំពើហិង្សានៅស៊ីរី។
អង្គការសហប្រជាជាតិបានរិះរកមធ្យោបាយដើម្បីបញ្ចប់បញ្ហានៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែ រាល់លើក ការប៉ុនប៉ងដើម្បីបញ្ចប់វិបត្តិនៅស៊ីរីតែងទទួលបរាជ័យ។ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបែកបាក់គ្នា ក្នុងរឿងស៊ីរី។ ក្រុមប្រឹក្សាសន្តិសុខនៅតែមិនទាន់មានសំឡេងរួមគ្នាដើម្បីដាក់ទណ្ឌកម្មទៅលើរបបស៊ីរី ដោយសារតែរុស្ស៊ី និងចិន នៅតែចេញ មុខការពារ ធ្វើវេតូ មិនឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មទៅលើរបប លោក ប្រធានាធិបតីBachar Al Assad។
សម្រាប់ក្រុមប្រឆាំងស៊ីរី គេមិនសូវជាមានជំនឿច្រើនទៅលើលទ្ធផលនៃជំនួបរបស់លោកកូហ្វី អាណាន់ជាមួយរដ្ឋាភិបាលលោក Bachar Al Assadទេ។ មិនមែនថា លោក កូហ្វី អាណាន់គ្មានសមត្ថភាពទេ ប៉ុន្តែ គឺរដ្ឋាភិបាលស៊ីរីតែម្តង ដែលនៅតែរឹងមិនព្រមចុះចាញ់។ ឧទាហរណ៍ឆ្លើយតបនឹងការស្នើរបស់លោកកូហ្វីអាណាន់ឲ្យរដ្ឋាភិបាលស៊ីរីគោរពបទឈប់បាញ់។ លោកប្រធានាធិបតីស៊ីរី Bachar Al Assadបានឆ្លើយតបមកវិញ ថា គួរតែគេប្រាប់ទៅក្រុមប្រឆាំងវិញឲ្យដាក់អាវុធចុះមុន ទើបរដ្ឋាភិបាលអាចគោរពបទឈប់បាញ់។
ការទាមទាររបស់លោក Bachar Al Assadគឺដូចនឹងការទាមទាររបស់រុស្ស៊ី និងចិន ដែលបានប្រាប់ឲ្យប្រទេសលោកខាងលិចដាក់សម្ពាធទៅលើក្រុមប្រឆាំងឲ្យទម្លាក់អាវុធ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅស៊ីរី។ នៅត្រង់ចំណុចនេះ លោកកូហ្វី អាណាន់បានអំពាវនាវសហគមន៍អន្តរជាតិ ឲ្យមានឯកភាពគ្នាដើម្បីរកច្រកចេញរួមមួយ គឺមិនត្រូវនៅខ្វែងគំនិតគ្នាបន្តទៀតទេ។
បើទោះជាលើកនេះ លោកកូហ្វីអាណាន់មិនទាន់អាចទាក់ទាញចិត្តលោក Bachar Al Assadឲ្យឈប់បង្កអំពើហិង្សានៅពេលនេះ ប៉ុន្តែ លោកប្រេសិតរូបនេះដែលធ្លាប់បានទទួលរង្វាន់ណូបែលសន្តិភាព បានសន្យាថា នឹងបញ្ជូនអ្នកជំនាញការ ទៅក្នុងប្រទេសស៊ីរី ដើម្បីឈានទៅដល់ការបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិ បើកផ្លូវផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយអំពើហិង្សារបស់រដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីតួកគីវិញ បានអំពាវនាវដល់ប្រជាជនខ្លួនឲ្យចាកចេញពីប្រទេសស៊ីរីដែលកំពុងជួបបញ្ហាអសន្តិសុខ។ អំពើភេរវកម្មបំផ្ទុះរថយន្តបានកើតមាននៅព្រឹកថ្ងៃ សៅរ៍ ទី ១៧ មីនា នៅមុខការិយាល័យស៊ើបការណ៍សម្ងាត់ និងអគារនាយកដ្ឋានប៉ូលិសឧក្រិដ្ឋ ដោយបានសម្លាប់មនុស្ស២៧នាក់។
ម្យ៉ាងទៀត តួកគីតាមរយៈលោកនាយករដ្ឋមន្រ្តី Tayyip Erdogan ចង់បង្កើតតំបន់សន្តិសុខនៅក្នុងទឹកដីស៊ីរី ប៉ុន្តែ តួកគីត្រូវការដីកាពីអង្គការសហប្រជាជាតិ មានន័យថា មានការយល់ព្រមពីគ្រប់សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ ព្រោះថា គេត្រូវការកម្លាំងប្រដាប់អាវុធដើម្បីការពារតំបន់នោះពីការវាយប្រហារពីទាហានរដ្ឋាភិបាលស៊ីរី។ បើមានការយល់ព្រមពីអង្គការសហប្រជាជាតិ នោះ ស៊ីរីគ្មានអ្វីនឹងតវ៉ាបានទេ។
សម្រាប់តួកគី វិធានការនេះនឹងចូលរួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សាទៅលើប្រជាជនស៊ីរី។ ប៉ុន្តែ បើតាមមើលទៅ គម្រោងនឹងផ្តល់ប្រយោជន៍ដល់ក្រុមប្រឆាំងស៊ីរី ព្រោះថា រហូតមកដល់ពេលនេះ ក្រុមប្រឆាំងស៊ីរីតែឯង នៅតែមិនអាចឈ្នះ លើរបបលោក Bachar Al Assad ដែលសំបូរ និងប្រើអាវុធទំនើបៗវាយប្រហារលើក្រុមប្រឆាំង។
តំបន់សុវត្ថិភាពដែលតួកគីចង់បង្កើតឲ្យមាន ក្នុងទឹកដីស៊ីរី គឺនឹងអាចស្ថិតនៅតាមតំបន់ព្រំដែនរវាងតួកគី និងស៊ីរី។ ធ្វើដូច្នេះ គឺដើម្បីអាចទទួលជនរងគ្រោះស៊ីរីរាប់ពាន់នាក់ បានរត់ភៀសខ្លួន ទៅក្នុងទឹកដីតួកគីដើម្បីគេចចេញពីអំពើហិង្សានៅស៊ីរី។ ដែលរហូតមកដល់ពេលនេះមានប្រជាជនស៊ីរីជាង១៤០០០នាក់ដែលកំពុងរត់ភៀសខ្លួននៅតួកគី។ ការដែលលោកនាយករដ្ឋមន្រ្តីតួកគីលើកឡើងពីគម្រោងនេះ ក៏ព្រោះតែតួកគីធ្លាប់មានវិបត្តិដោយសារទទួលជនភៀសខ្លួន ដ៏ច្រើន ក្នុងសម័យសង្រ្គាមអ៊ីរ៉ាក់។ កាលណោះ ក្នុងសង្រ្គាមឈូងសមុទ្រពែរ្ស ឆ្នាំ ១៩៩១ ប្រជាជនអ៊ីរ៉ាក់ ជាង ៥សែននាក់បានរត់ទៅជ្រកកោន នៅតួកគី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ