អានតួអត្ថបទ
ធនាគារពិភពលោក

លោក​អូបាម៉ា​ជ្រើសរើស​ពលរដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េ​សម្រាប់​តំណែង​ប្រធាន​ធនាគារ​ពិភពលោក

លោក​អូបាម៉ា​បាន​សម្រេច​តែងតាំង​លោក​ជីម យ៉ុង គីម (Jim Yong Kim) ពលរដ្ឋ​អាមេរិក ដើមកំណើត​កូរ៉េ​ខាង​ត្បូង​ឲ្យ​ធ្វើ​ជា​បេក្ខជន​​ប្រធាន​ធនាគារ​ពិភពលោក​ ជំនួស​លោក​រ៉ូបឺត ហ្សេលិក (Robert Zoellick) ដែល​នឹង​ត្រូវ​លាឈប់​នៅ​ចុង​ខែ​មិថុនា​ខាងមុខ។ ការតែងតាំង​លោក​ជីម យ៉ុង គីម គឺ​ជា​ជម្រើស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​មិនមាន​អ្នកណា​នឹកស្មាន​ដល់។

លោក​ជីម យ៉ុង គីម (Jim Yong Kim) ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន ថ្ងៃ​សុក្រ ២៣ មីនា ២០១២
លោក​ជីម យ៉ុង គីម (Jim Yong Kim) ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន ថ្ងៃ​សុក្រ ២៣ មីនា ២០១២ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ឈ្មោះ​ឥស្សរជន​ជាន់ខ្ពស់​​ជាច្រើន​ត្រូវបាន​គេ​លើកឡើង​ថាស្ថិត​ក្នុង​ចំណោម​បញ្ជីឈ្មោះ​ដែល​លោក​អូបាម៉ា​កំពុង​ពិចារណា​ជ្រើសរើស​ជា​បេក្ខជន​ធនាគារ​ពិភពលោក រួមមាន លោកស្រី​ Susan Rice ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប. លោកស្រី Indra Nooyi អគ្គនាយក​ក្រុមហ៊ុន Pepsi លោក John Kerry សមាជិក​ព្រឹទ្ធសភា និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Lawrrence Summers អតីត​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់​លោក​ប៊ីល គ្លីនតុន និង​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​អូបាម៉ា ជាដើម។

ក៏ប៉ុន្តែ នៅទីបំផុត​ទៅ កាលពី​ម្សិលមិញ​នេះ នៅ​តែ​ប៉ុន្មាន​ម៉ោង​​ដល់​ពេល​ផុតកំណត់​ត្រូវ​តែងតាំង​បេក្ខជន លោក​អូបាម៉ា​បាន​ប្រកាស​ថា លោក​ជ្រើសរើស​លោក​ជីម យ៉ុង គីម ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានធនាគារ​ពិភពលោក។

លោក​ជីម យ៉ុង គីម (ឬ គីម យ៉ុង) កើត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏ប៉ុន្តែ បាន​ទៅរស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​អាយុ ៥ឆ្នាំ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ជា​វេជ្ជបណ្ឌិត​ និង​បាន​ទទួល​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​នរវិទ្យា (Anthropology) ពី​សកលវិទ្យាល័យ Harvard។ បច្ចុប្បន្ន លោក​គីម គឺ​ជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ Dartmouth (Dartmouth College, New Hampshire)។

កន្លងមក លោក​គីម ធ្លាប់​ជា​សាស្រ្តាចារ្យ​នៅ​សាលាពេទ្យ នៃ​សកលវិទ្យាល័យ Harvard (Harvard Medical School) និង​ធ្លាប់​បម្រើ​ការ​នៅ​អង្គការ​សុខភាព​ពិភពលោក ជា​ប្រធានផ្នែក​ HIV/AIDS។ ក្រៅពីនេះ លោក​ធ្លាប់មាន​បទពិសោធន៍​ជាច្រើន​ទៀត ខាង​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។

កាលពី​ម្សិលមិញ លោក​អូបាម៉ា​បាន​លើកសរសើរ​​លោក​គីម​ថា​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​អភិវឌ្ឍន៍ មាន​បទពិសោធន៍​ជាង​ពីរទសវត្សរ៍ នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅទូទាំង​ពិភពលោក។ លោក​អូបាម៉ា​បាន​គូសបញ្ជាក់ថា ធនាគារ​ពិភពលោក​មាន​បេសកកម្មជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ឲ្យ​ងើបចេញ​ពី​ភាព​ក្រីក្រ។ ដូច្នេះ វា​ល្មមដល់​ពេល​ ដែល​ត្រូវ​ប្រគល់​តំណែង​ប្រធាន​ធនាគារ​ពិភពលោក​ ឲ្យ​ទៅ​អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍​ជា​អ្នក​កាន់កាប់​ហើយ។

គួរ​បញ្ជាក់ថា ចាប់តាំង​ពី​​ធនាគារ​ពិភពលោក​ត្រូវ​បាន​បង្កើតឡើង​មក (​ឆ្នាំ​១៩៤៤) ប្រធាន​ធនាគារ​ពិភពលោក​ភាគច្រើន​​ជា​អ្នក​​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ ឬ​ក៏​ជា​អ្នក​នយោបាយ។ មិនដែល​មាន​ប្រធានធនាគារ​ពិភពលោក​រូបណា​ជា​អ្នក​មាន​ដើមកំណើត​ពី​អាស៊ី ឬ​ជា​ជនជាតិ​ស្បែក​ខ្មៅ​នោះទេ។

នៅ​ពេលនេះ បេក្ខជន​ប្រធានធនាគារ​ពិភពលោក​មាន​ទាំងអស់ ៣រូប។ ក្រៅពី​លោក​ជីម យ៉ុង គីម គឺ​មាន​លោកស្រី Ngozi Okonjo-Iweala ពិភពលោក ហើយ​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុនីហ្សេរីយ៉ា និង​លោក Jose Antonio Ocampo រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​កូឡុំប៊ី។ ក្នុង​ចំណោម​បេក្ខជន​ទាំង ៣រូបនេះ លោកស្រី Ngozi Okonjo-Iweala គឺ​ជា​ឥស្សរជន ដែល​គេ​ស្គាល់​ច្រើន​ជាងគេ ហើយ​ធ្លាប់​កាន់តំណែង​ជាន់ខ្ពស់ (Managing Director) នៅ​ធនាគារ​ពិភពលោក។

ក៏ប៉ុន្តែ តាមទម្លាប់​កន្លងមក អាមេរិក និង​អឺរ៉ុប​បាន​ព្រមព្រៀងចែកគ្នា​កាន់កាប់​តំណែង​ប្រធាន​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទាំងពីរ គឺ​អឺរ៉ុប​កាន់​តំណែង​អគ្គនាយក​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (បច្ចុប្បន្ន គឺ​លោកស្រី Christine Lagarde ជនជាតិ​បារាំង) ចំណែក​អាមេរិក​កាន់​តំណែង​ជា​ប្រធាន​ធនាគារ​ពិភពលោក។

គួរបញ្ជាក់ថា សិទ្ធិបោះឆ្នោត​របស់​អាមេរិក នៅ​ធនាគារ​ពិភពលោក​មាន​ប្រមាណ ១៦% ហើយ​​ប្រទេស​នៅ​​អឺរ៉ុប​បូកបញ្ចូលគ្នា​មានប្រមាណ ២៩%។ ដូច្នេះ អាមេរិក និង​អឺរ៉ុប​បូកបញ្ចូលគ្នា​មានសំឡេង​រហូតដល់​ទៅ​ ៤៥%។ ក្រៅពីនេះ នៅមាន​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន​ទៀត ដូចជា ជប៉ុន ជាដើម ដែល​មាន​សិទ្ធិបោះឆ្នោត​​រហូតដល់​ទៅជិត ៧%។ ដូច្នេះ លោក​ជីម យ៉ុង គីម មាន​ឱកាស​ច្រើន​ ក្នុងការ​ជាប់ឆ្នោត​ជា​ប្រធាន​ធនាគារ​ពិភពលោក​ថ្មី។

ក៏ប៉ុន្តែ នៅពេលនេះ ការទាមទារ​មាន​កាន់តែច្រើន​ឲ្យ​អឺរ៉ុប និង​អាមេរិក បញ្ឈប់​វប្បធម៌​ចែករំលែក​អំណាច​គ្នា​កាន់ផ្តាច់មុខ នៅ​ធនាគារ​ពិភពលោក និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ពីព្រោះថា ពិភពលោក​បច្ចុប្បន្ន​ខុស​ពី​សម័យ​ក្រោយ​សង្រ្គាម​លោកលើកទី២។ មាន​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មីថ្មោង​ជាច្រើន ដូចជា ចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និង​អាហ្វ្រិក​ខាង​ត្បូង​ ជាដើម កំពុង​តែមាន​តួនាទីកាន់តែ​សំខាន់ឡើងៗ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ