អានតួអត្ថបទ
ធនាគារពិភពលោក

តំណែង​ប្រធាន​ធនាគារ​ពិភពលោក៖ អាមេរិក​ប្រឈម​នឹង​ការ​ប្រជែង​ពី​ប្រទេស​កំពុង​អភិវឌ្ឍ

ប្រទេស​កំពុង​អភិវឌ្ឍ​បាន​សម្រេច​តែងតាំង​បេក្ខជន​ ដើម្បី​​ប្រជែង​យក​តំណែង​ប្រធាន​ធនាគារ​ពិភពលោក ដែលសហរដ្ឋ​អាមេរិក​ធ្លាប់តែ​កាន់កាប់​តាំង​ពី​ដើមមក។ អាមេរិក​វិញ ​នៅមិនទាន់​សម្រេច​តែងតាំង​បេក្ខជន​របស់​ខ្លួន​ជា​ផ្លូវការ​នៅឡើយទេ នៅ​ក្នុងពេល​ដែល​ រយៈពេល​កំណត់​ត្រូវ​ដាក់​ឈ្មោះ​បេក្ខជន​នឹង​ត្រូវ​ផុត​នៅ​ល្ងាច​​ថ្ងៃ​សុក្រ​នេះ។

លោកស្រី Ngozi Okonjo-Iweala រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នីហ្សេរីយ៉ា
លោកស្រី Ngozi Okonjo-Iweala រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នីហ្សេរីយ៉ា REUTERS/Nicky Loh/Files
ផ្សាយពាណិជ្ជកម្ម

ធនាគារ​ពិភពលោក​កំពុង​តែ​​រៀបចំ​ជ្រើសរើស​ប្រធាន​ថ្មី ជំនួស​លោក​លោក​រ៉ូបឺត ហ្សេលិក (Robert Zoellick) ដែល​នឹង​ត្រូវ​​​​លាឈប់​ពីមុខ​តំណែង នៅចុងខែ​មិថុនា​ខាងមុខ។

ចាប់តាំង​ពី​ធនាគារ​ពិភពលោក​ត្រូវ​បាន​​បង្កើតឡើង នៅ​ឆ្នាំ​១៩៤៤ តំណែង​ប្រធាន​តែងតែ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ជា​អ្នក​កាន់កាប់ ទៅតាម​ការព្រមព្រៀងជាមួយ​បណ្តា​ប្រទេស​នៅអឺរ៉ុប ដែល​ជា​អ្នក​កាន់កាប់​តំណែង​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ ក៏ប៉ុន្តែ នៅពេលនេះ លំនឹង​នៃ​អំណាច​សេដ្ឋកិច្ច​ពិភពលោក​​កំពុង​តែ​ប្រែប្រួល ហើយ​បណ្តា​ប្រទេសដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង (Emerging economies) កំពុង​តែ​ស្វះស្វែង​បង្កើន​តួនាទី នៅ​ក្នុង​ស្ថានប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ។

មកពី​អាហ្វ្រិក​ បេក្ខភាព​របស់​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នីហ្សេរីយ៉ា​​ និង​ជា​អតីត​មន្រ្តី​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ត្រូវបាន​ស្នើឡើង​ដោយ​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ចំណែក​នៅ​អាមេរិក​ឡាទីនវិញ ប្រេស៊ីល​គ្រោង​នឹង​ស្នើ​​បេក្ខភាព​របស់​អតីត​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​កូឡុំប៊ី។

នៅ​អាមេរិក​ឯណោះ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​នៅមិនទាន់​បង្ហាញ​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​នៅឡើយទេ។ ប្រភព​ពី​មន្រ្តី​អាមេរិក​ឲ្យដឹង​ថា មាន​បញ្ជីឈ្មោះ​បេក្ខជន​មួយ​ចំនួន​ ដែល​លោក​អូបាម៉ា​ពិចារណា​​ជ្រើសរើស។ ក្នុងនោះ រួមមាន លោកស្រី​ Susan Rice ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អ.ស.ប. លោកស្រី Indra Nooyi អគ្គនាយក​ក្រុមហ៊ុន​ Pepsi លោក​ John Kerry សមាជិក​ព្រឹទ្ធសភា និង​លោក​ Lawrence Summers អតីត​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់​លោក​ប៊ីល គ្លីនតុន អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​អូបាម៉ា និង​ជា​អតីត​​សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ Harvard។

ឈ្មោះ​របស់​លោកស្រី​ហ៊ីឡារី គ្លីនតុន ក៏​ធ្លាប់​ត្រូវបាន​គេ​លើកឡើង​ជាញឹកញយ​ណាស់​ដែរ។ ក៏ប៉ុន្តែ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ថា លោកស្រី​គ្លីនតុន មិនចង់​​បាន​តំណែង​ជា​​ប្រធាន​ធនាគារ​ពិភពលោក​នោះទេ។

​រយៈពេល​​ចុះឈ្មោះ​បេក្ខជន​​ប្រធានធនាគារ​ពិភពលោក​នឹង​ត្រូវ​ផុតកំណត់​នៅ​​ម៉ោង ៦ល្ងាច​ថ្ងៃ​សុក្រ​នេះ ម៉ោង​នៅ​ទីក្រុង​វ៉ាស៊ីងតោន (ត្រូវ​នឹង​ព្រឹកថ្ងៃ​សៅរ៍ នៅ​កម្ពុជា)។ ចំណែក​ការ​បោះឆ្នោត​តែងតាំង​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំថ្ងៃទី២១ មេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ