អានតួអត្ថបទ
ធនាគារពិភពលោក

ធនាគារពិភពលោក៖« កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​ក្នុង​ឆ្នំា ២០១២ »

នៅ​ថ្ងៃ​អង្គារ ទី១៧ មករា ឆ្នំា ២០១២​នេះ ធនាគារ​ពិភពលោក​បាន​ព្រមាន​ទុក​ជា​មុន​នូវ​​ការ​ថយ​ចុះ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក​សម្រាប់​ឆ្នំា ២០១២។ បណ្តា​ប្រទេស​ដែល​នឹង​ត្រូវ​ទទួល​រង​ផលប៉ះពាល់​ខ្លំាង​ជាង​គេ គឺ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ យោង​តាម​តួលេខ​ផ្តល់​ដោយ​ធនាគារ​ពិភពលោក កំណើន​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នំា ២០១២ មាន ២,៥% គឺ​តិច​ជាង​ឆ្នំា ២០១១ ដែល​មាន ២,៧%។ យោង​តាម​ស្ថានប័ន​អន្តរជាតិ​ដដែល​នេះ កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នំា ២០១៣ ជាមួយ​នឹង​អត្រា ៣,១%។

ធនាគារពិភពលោក៖« កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​ក្នុង​ឆ្នំា ២០១២ »
ធនាគារពិភពលោក៖« កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​ក្នុង​ឆ្នំា ២០១២ »
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក សុខភាព​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នំា ២០១២ នឹង​ត្រូវ​ពឹង​ផ្អែក​យ៉ាង​ខ្លំាង​លើ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​អត្រា ៥,៤%។ ចំណែក​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​អាច​នឹង​មាន​ត្រឹម​តែ ១,៤%។ យោង​តាម​ធនាគារ​ពិភពលោក សហភាព​អឺរ៉ុប ពិសេស​បណ្តា​ប្រទេស​ប្រើបា្រក់​អឺរ៉ូ​​ហាក់​ដូច​ជា​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ ចំណែក​ឯ​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ ដូច​យ៉ាង​ប្រេស៊ីល ឬ​មួយ​ក៏​ឥណ្ឌា​វិញ ក៏​មាន​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​ដែរ​ក្នុង​ឆ្នំា ២០១២។ ក្រុម​អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក​បាន​អះអាង​ថា ការ​ថយ​ចុះ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក​​ត្រូវ​បាន​កត់សម្គាល់​ឃើញ​តាម​រយៈ​ការ​ថយចុះ​នៃ​អត្រា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ក្នុង​លោក និង​ការ​ធ្លាក់​តម្លៃ​ផលិតផល​ជា​មូលដ្ឋាន។ យោង​តាម​តួលេខ​ផ្តល់​ដោយ​ធនាគារ​ពិភពលោក អត្រា​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ក្នុង​លោក​សម្រាប់​ឆ្នំា ២០១២ អាច​មាន​ត្រឹម​តែ ៤,៧% គឺ​តិច​ជាង​ឆ្នំា ២០១១ ដែល​មាន ៦,៦% និង ១២,៤% កាល​ពី​ឆ្នំា ២០១០។

ធនាគារពិភពលោក​បាន​ព្រមានទុក​ជា​មុន​ថា បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​ត្រូវ​ជួប​ហានិភ័យ​ជាថ្មី​ដោយ​មិន​អាច​ចៀស​ផុត ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​តិចតួច​នៅ​ក្នុង​​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ និង​ការ​ផុង​ខ្លួន​ក្នុង​វិបត្តិ​ប្រាក់បំណុល​របស់​ប្រទេស​អឺរ៉ុប។

យោង​តាម​ធនាគារ​ពិភពលោក កំណើន​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នំា ២០១២ នឹង​មាន ២,៥% និង ៣,១% សម្រាប់​ឆ្នំា ២០១៣។ យ៉ាង​ណា​ក៏​ដោយ បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​នឹង​មាន​អត្រា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាង​​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ឬ​ហៅ​ថា​ក្រុម​ប្រទេស​អ្នកមាន។ ក៏​ប៉ុន្តែ​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ ធនាគារ​ពិភពលោក​បាន​ប្រមើលមើល​សាជាថ្មី​នូវ​​អត្រា​កំណើនសេដ្ឋកិច្ច​ថយ​ចុះ​ពី ៦,២% មក​នៅ​ត្រឹម ៥,៤% សម្រាប់​ឆ្នំា ២០១២ និង​ពី ៦,៣% មក​នៅ​ត្រឹម ៦% សម្រាប់​ឆ្នំា ២០១៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ