អានតួអត្ថបទ
ចិន

នាយក​ធនាគារ​ពិភពលោក៖ ចិន​ត្រូវតែ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ជាជាង​ពឹងលើ​តែ​ការ​នាំចេញ

នៅថ្ងៃ​ចន្ទ ៥ កញ្ញា ២០១១ លោក​រ៉ូបឺត ហ្សេលិក (Robert Zoellick) អគ្គនាយក​ធនាគារ​ពិភពលោក​ បាន​ជំរុញ​ឲ្យ​ចិន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​កំណើន​សេដ្ឋកិច្ច ដោយ​ឈប់​ពឹងផ្អែក​តែ​ទៅលើ​ការនាំចេញ ហើយ​ងាក​មក​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​វិញ។ ក៏ប៉ុន្តែ លោក​ហ្សេលិក​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា បញ្ហា ដែល​ចិន​​ត្រូវ​ប្រឈមមុខ​ខ្លាំងជាងគេ​​នៅពេល​នេះ គឺ​កំណើន​អត្រា​អតិផរណា។

អគ្គនាយក​ធនាគារ​ពិភពលោក​ជួប​ជាមួយ​អនុប្រធានាធិបតី​ចិន នៅប៉េកាំង ថ្ងៃ​ទី៥ កញ្ញា ២០១១
អគ្គនាយក​ធនាគារ​ពិភពលោក​ជួប​ជាមួយ​អនុប្រធានាធិបតី​ចិន នៅប៉េកាំង ថ្ងៃ​ទី៥ កញ្ញា ២០១១ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

អគ្គនាយក​ធនាគារ​ពិភពលោក​​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដើម្បី​ដឹកនាំ​ការសិក្សា​មួយ ស្តីពី​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​របស់​ចិន។ លោក​ហ្សេលិក​បាន​មានប្រសាសន៍ថា នៅក្នុង​រយៈពេល​ ១០​ឆ្នាំ​ទៀត យុទ្ធសាស្រ្ត​កំណើន​សេដ្ឋកិច្ច​ចិន​ ដែល​​បច្ចុប្បន្ន​ពឹងផ្អែក​ខ្លាំង​ទៅលើ​​ការនាំចេញ​នឹង​លែងមាន​ប្រសិទ្ធិភាព​ទៀត​ហើយ។ ចិន​ប្រាកដ​ជា​ត្រូវ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។

ចាប់ពី​ឆ្នាំ​២០០៨ រហូតមកទល់ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​ជា​ទីផ្សារ​ដ៏​ចម្បង សម្រាប់​ការនាំចេញ​ទំនិញ​ចិន កំពុង​តែ​ស្ថិត​ក្នុង​​វិបត្តិ​ធ្ងន់ធ្ងរ។ ក្រៅ​ពី​គ្មាន​​កំណើន​សេដ្ឋកិច្ច ប្រទេស​ទាំងនេះ​ក៏កំពុង​តែ​ជំពាក់​បំណុល​គេ​វ័ណ្ឌ ក ហើយ​រដ្ឋាភិបាល​នីមួយៗ​សុទ្ធតែ​នាំគ្នា​កាត់បន្ថយ​ការ​ចំណាយ។

ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅចិន កាលពីខែ​សីហា កន្លងទៅ​ថ្មីៗ​នេះ លោក​ចូ បាយដិន (Joe Biden) អនុប្រធានាធិបតី​អាមេរិក​ ក៏បាន​ប្រាប់​មេដឹកនាំ​ចិន​ដែរ​ថា ចិន​លែង​អាច​ពឹង​លើ​ទីផ្សារ​អាមេរិក ដើម្បី​នាំចេញ​បាន​ទៀតហើយ។

ចិន​គឺ​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក (​ជាង ១ពាន់ ៣រយលាន​នាក់ នៅឆ្នាំ​២០១០)។ កាលពី​ខែ​កក្កដា​កន្លងទៅនេះ ធនាគារ​ពិភពលោក​ទើបនឹង​បាន​បង្កើន​ចំណាត់ថ្នាក់​ចិន​ទៅជា​ប្រទេស​ដែល​ប្រជាជន​មាន​ប្រាក់​ចំណូល​លើមធ្យម។ ដូច្នេះ ចិន​គឺ​ជា​ទីផ្សារ​ដែល​ប្រកប​ដោយ​សក្តានុពល​ខ្ពស់ ដែល​អាច​ស្រូបយក​ទំនិញ​របស់​ចិន​ផង និង​ទំនិញ​របស់​ប្រទេស​ជាដៃគូ​ចិន​ផង។

ក៏ប៉ុន្តែ បញ្ហា​ធំបំផុត ដែល​ចិន​កំពុង​តែ​ប្រឈមមុខ​នៅពេល​បច្ចុប្បន្ន​នេះ គឺ​កំណើន​នៃ​អត្រា​អតិផរណា។ ការបង្កើន​​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​អាច​នឹង​ធ្វើ​ឲ្យ​អតិផរណា​កាន់តែ​កើនឡើង​ខ្ពស់​ថែម​ទៀត។ រហូតមកទល់ពេលនេះ រដ្ឋាភិបាល​ចិន​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​​អតិផរណា តាមរយៈ​ការ​បង្កើន​អត្រាការប្រាក់ និង​ការ​កម្រិត​ចរន្ត​ឥណទាន​នៃ​ធនាគារ​​ឯកជន។

ដើម្បី​​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​​ទៅ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ចិន​ប្រាកដ​ជា​​ត្រូវ​ធ្វើ​កំណែទម្រង់​ទៅលើ​រចនាសម្ព័ន្ធ​ផលិតកម្ម​បច្ចុប្បន្ន​។ សព្វថ្ងៃនេះ កំណើន​សេដ្ឋកិច្ច​ចិន​ពឹងផ្អែក​លើ​ការនាំចេញ ដូច្នេះ​ ទំនិញ​ដែល​ផលិត​នៅចិន គឺ​ផលិតតម្រូវ​ទៅ​នឹង​ទីផ្សារ​ក្រៅ​ប្រទេស។ ហេតុដូច្នេះ ដើម្បី​បង្វែរ​ពី​ទីផ្សារ​បរទេស មក​ទីផ្សារ​ក្នុងស្រុក រចនាសម្ព័ន្ធ​ផលិតកម្ម​​ចាំបាច់​ត្រូវ​តែ​សម្រប​ទៅនឹង​តម្រូវការ​ក្នុងស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ