រដ្ឋមន្ត្រីនិងសមាជិកសភាជប៉ុនទៅវិហារយ៉ាស៊ូគូនីក្នុងថ្ងៃខួបចាញ់សង្គ្រាមលោកលើកទីពីរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១១
ថ្ងៃទី១៥សីហានេះ គឺជាថ្ងៃខួប ៦៩ឆ្នាំ ដែលជប៉ុនប្រកាសចុះចាញ់សង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥។ នៅចំថ្ងៃខួបនេះ សមាជិករដ្ឋាភិបាល និងសភាជប៉ុនជាច្រើននាក់បាននាំគ្នាទៅធ្វើការបួងសួងនៅវិហារយ៉ាស៊ូគូនី។ វិហារយ៉ាស៊ូគូនី ជាទីសក្ការៈដ៏ចម្រូងចម្រាស មានកត់ត្រាឈ្មោះយុទ្ធជន ២,៥លាននាក់ ពលីក្នុងបុព្វហេតុការពារជាតិ តែជានិមិត្តរូបនៃអំពើឈ្លានពានរបស់ជប៉ុន ក្នុងសម័សសង្គ្រាមលោក សម្រាប់ក្រសែភ្នែកចិននិងកូរ៉េខាងត្បូង។ សេអ៊ូលមិនបង្អង់នឹងបញ្ចេញប្រតិកម្មប្រឆាំង។ ចុះតើជប៉ុនការពារខ្លួនយ៉ាងដូចម្តេច ? ហេតុអ្វីបានជាវិហារយ៉ាស៊ូគូនី ក្លាយជាប្រភពនៃបង្កភាពតានតឹងរវាងប្រទេសជិតខាងបីនោះ ? តើមានមធ្យោបាយបិទបញ្ចប់ដែរឬទេ ?
ក្នុងថ្ងៃខួប៦៩ឆ្នាំ ដែលជប៉ុនប្រកាសចុះចាញ់សង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនទាំងមូលបានប្រារព្ធពិធីរំលឹកខួប នៅតាមទីសក្ការៈផ្សេងនាទីក្រុងតូក្យូ ដោយមានតំណាងនយោបាយការទូត និងបណ្តាជនចូលរួមប្រមាណ៦ពាន់នាក់។ ព្រះចៅអធិរាជ អាគីហ៊ីតូ បានធ្វើជាអធិបតី និងបានធ្វើពិធីបួងសួង សុំសន្តិភាព និងឧទ្ធិសដល់វិញ្ញណក្ខន្ធបណ្តាជនជប៉ុន ជាង៣លានមួយសែន ដែលបានបាត់បង់ជីវិត ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរនោះ។
វិហារយ៉ាស៊ូគូនី ក៏បានរៀបចំរំលឹកខួបនេះដែរ ! ហើយដូចជាទម្លាប់ ជារៀងរាល់ឆ្នាំ សមាជិកសភាជាង១០រូប បាននាំគ្នាទៅគោរពវិញ្ញាណក្ខន្ធ នៅទីសក្ការៈយ៉ាស៊ូគូនី ព្រោះមានតក់ត្រាយុទ្ធជនពលីជីវិតដល់ទៅជាង២លាននាក់កន្លះ អមដំណើរជាមួយដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មការសន្តិសុខសាធារណៈផងនៅ លើកនេះ។
នាយករដ្ឋមន្ត្រីជាតិនិយមចែករំលែងសារសន្តិភាពយូរអង្វែង
កូរ៉េខាងត្បូង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស មិនសប្បាយចិត្ត បានបញ្ចេញប្រតិកម្មភ្លាមនឹងវត្តមានរបស់មន្ត្រីរដ្ឋាភិបាលជប៉ុន ជាមួយនឹងសម្តីធ្ងន់ៗថា “អ្នកនយោបាយជប៉ុនត្រូវចងចាំថាមានតែការបោះបង់ចង់មនោគមន៍ និងចរិតឈ្លានពានអតីតកាលទេ ទើបនាំទំនាក់ទំនងទ្វេភាគីឱ្យស្ងប់ស្ងាត់បាន” ! ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីទាំងពីររបស់ជប៉ុន ដំណើរទៅគោរពវិញ្ញាណក្ខន្ធនៅយ៉ាស៊ូគូនី គឺជាកាយវិការធម្មជាតិរបស់ថ្នាក់ដឹកនាំប្រទេសដែលត្រូវសម្តែងចំពោះអ្នកដែលបានបូជាជីវិតដើម្បីជាតិ និងចំពោះអ្នកដែលបានបាត់បង់ជីវិតព្រោះសង្គ្រាម។
លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលល្បីខាងជាតិនិយម និងធ្លាប់បានទៅវិហារយ៉ាស៊ូគូនី កាលពីចុងឆ្នាំ២០១២ បានចូលរួមចំណែកនាំសន្តិភាពច្រើន ដោយនៅថ្ងៃនេះបានផ្ញើសារសន្តិភាព សន្យាប្រឹងធ្វើគ្រប់យ៉ាងដើម្បីពលរដ្ឋរស់ក្នុងភាពស្ងប់ស្ងាត់លើពិភពលោក មិនបានធ្វើដំណើរទៅទីសក្ការៈដ៏ចម្រូងចម្រាស ក្នុងថ្ងៃខួបនេះឡើយ ! លោកសុខចិត្តត្រឹមបញ្ជូនគ្រឿងសក្ការៈទៅបូជាតែប៉ុណ្ណោះ។ តែសេអ៊ូលនៅតែមិនរិះគន់ទៀត។
វិហារយ៉ាស៊ូគូនី ទីសក្ការៈ ដ៏ចម្រូងចម្រាស
វិហារយ៉ាស៊ូគូនី ត្រូវបានសាងសង់ឡើង នៅឆ្នាំ១៨៦៩ ដោយអធិរាជម៉ីជី សម្រាប់ទុកជាកន្លែងរំឭកវិញ្ញាណក្ខន្ធដល់បណ្តាជនជប៉ុនទាំងឡាយណា ដែលបានបូជាជីវិតដើម្បីជាតិ។ ចាប់ពីឆ្នាំ១៩៤៥មក វិហារយ៉ាស៊ូគូនី បានក្លាយជាកម្មសិទ្ធិឯកជន ឯករាជ្យពីស្ថាប័នរដ្ឋ។
ប៉ុន្តែភាពចម្រូងចម្រាសបានកើតឡើង នៅឆ្នាំ១៩៧៨ នៅមានការកត់ត្រាឈ្មោះ អតីតមន្រ្តីជាន់ខ្ពស់ជប៉ុនចំនួន ១៤រូប ដែលតុលាការអន្តរជាតិក្រុងតូក្យូកាត់ឲ្យជាប់ទោសពី បទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងអំឡុងសង្រ្គាមលោកលើកទី២ នៅក្នុងបញ្ជី ឈ្មោះយុទ្ធជនពលី ជិត ២,៥លាននាក់ ចាប់តាំងពីឆ្នាំ១៨៦៧ រហូតដល់ចុងសង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ នៅវិហារយ៉ាស៊ូគូនី។
គួរបញ្ជាក់ថា នៅក្នុងសម័យសង្រ្គាម ទាហាន និងប្រជាជនស៊ីវិលរាប់លាននាក់ នៅក្នុងប្រទេសចិន និងកូរ៉េ ត្រូវស្លាប់បាត់បង់ជីវិត ក្នុងពេលដែលទាហានជប៉ុនឈ្លានពានវាតទី កាន់កាប់ប្រទេសទាំងនេះ។
សម្រាប់ប្រទេសជិតខាងទាំងនេះ វិហារយ៉ាស៊ូគូនី គឺជានិមិត្តរូបនៃអំពើឈ្លានពានរបស់ជប៉ុន ក្នុងសម័យសង្រ្គាម ហើយការណ៍ដែលមន្រ្តីជប៉ុននាំគ្នាទៅបួងសួងនៅវិហារយ៉ាស៊ូគូនីនេះ គឺមានន័យស្មើនឹងការផ្តល់កិត្តិយសដល់ឧក្រិដ្ឋជនសង្រ្គាម និងជាការមិនទទួលស្គាល់អំពើឃោរឃៅរបស់ខ្លួន នៅអាស៊ី កាលពីអតីតកាល។
ក៏ប៉ុន្តែ ចំពោះមន្រ្តី និងអ្នកតំណាងរាស្រ្តជប៉ុន ដែលនាំគ្នាទៅធ្វើការបួងសួងនៅវិហារយ៉ាស៊ូគូនី បានអះអាងថា ជប៉ុនប្រទេសអធិបតេយ្យមួយត្រូវតែអាចធ្វើការគោរពវិញ្ញានក្ខន្ធដល់អ្នក ស្លាប់ ទៅតាមទំនៀមទម្លាប់ និងវប្បធម៌របស់ខ្លួន ដូចប្រមុខដឹកនាំក្នុងប្រទេសដទៃទៀតលើលោក ដោយមិនត្រូវមានការលូកដៃជ្រៀតជ្រែកពីប្រទេសក្រៅនោះទេ និងមិនគួរមានផលវិបាកនយោបាយ ឬការទូតសោះ។
វិហារយ៉ាស៊ូគូនី និងការតស៊ូមតិផ្ទៃក្នុង
វិហារយ៉ាស៊ូគូនី ដែលទីសក្ការៈសម្រាប់សាធារណជនទូទៅ មិនគួរត្រូវចោទជាបញ្ហាទេ ! ហើយថ្វីដ្បិតតែពលរដ្ឋជប៉ុនមិនបន្ទោសដំណើរទៅវិហារយ៉ាស៊ូគូនីរបស់ថ្នាក់ដឹកនាំមែន ប៉ុន្តែមានការតស៊ូមតិច្រើនជុំវិញបញ្ហានេះ។ គណបក្សប្រឆាំង ចង់ឱ្យមានការបែងចែកឱ្យដាច់ពីគ្នារវាង អ្វីដែលជាសាសនា និងអ្វីជាកិច្ចការរដ្ឋ។ ប៉ុន្តែបញ្ហាផ្លូវច្បាប់នេះ មិនត្រូវបានអារកាត់ចេញសោះ។ ព្រោះម្យ៉ាងទៀត មន្ត្រីរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីជប៉ុនពេលខ្លះ ប្រកាសធ្វើដំណើរទៅកាន់វិហារនោះ ជាលក្ខណៈឯកជន។
ចំណែកឯគំនិត ដែលខ្លះស្នើសុំឱ្យបង្កើតទីសក្ការៈសំខាន់រំឮកវិញ្ញណក្ខន្ធមួយផ្សេងពីយ៉ាស៊ូគូនី ខ្លះចង់ឱ្យដកឈ្មោះអតីតមន្ត្រីជាន់ខ្ពស់ជប៉ុន ជាប់ទោសជាឧក្រិដ្ឋជនសង្គ្រាមចេញ គ្មានមួយណាអាចទទួលការគាំទ្រសោះ ! ក្នុងគ្រប់ករណីតែងត្រូវជាប់គាំង ដោយមូលហេតុ មនោគមន៍ ចិត្តសាស្រ្ត សាសនា វប្បធម៌ប្រពែណី ឬច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ