តើគេគួរដោះស្រាយបញ្ហាស៊ីរីដោយវិធីអន្តរាគមន៍យោធាដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៥
លោកអនុរដ្ឋមន្ត្រីស៊ីរីទទួលបន្ទុកកិច្ចការខាងប្រេងកាតបានប្រកាសនៅយប់ថ្ងៃពុធឆ្លងមកថ្ងៃព្រហស្បតិ៍នេះថា បានលាឈប់ពីមុខតំណែងហើយងាកមកគាំទ្រចលនាប្រឆាំងរបស់ប្រជាជនស៊ីរីវិញ ដោយបានអំពាវនាវឲ្យសមាជិកដទៃទៀតនៃរដ្ឋាភិបាលបាស្ហារអាល-អាស្សាដឈប់ធ្វើការបម្រើរបបផ្តាច់ការនិងឧក្រិដ្ឋ ប្រៀបបានទៅនឹងនាវាដែលកំពុងតែលិចលង់។ ទាំងនេះដើម្បីជួយផ្តួលរំលំរបបផ្តាច់ការបាស្ហារអាល-អាស្សាដឲ្យបានឆាប់រហ័ស។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Leon Panetta អមដោយលោកឧត្តមសេនីយ៍អគ្គសេនាធិការ Dempsey បានថ្លែងពន្យល់ពីជំហររបស់រដ្ឋបាលលោកអូបាម៉ានៅមុខគណៈកម្មការខាងយោធានៃព្រឹទ្ធសភាអាមេរិកថា “អន្តរាគមន៍យោធានៅប្រទេសស៊ីរីពិតជាមានការលំបាកច្រើនបើប្រៀបផ្ទឹមទៅនឹងប្រទេសលីប៊ី ដោយហេតុថាកងកម្លាំងការពារអាកាសស៊ីរីមានសម្ភារៈយុទ្ធភ័ណ្ឌសម្រាប់ការពារខ្លួនច្រើនជាងកងកម្លាំងការពារអាកាសរបស់ប្រទេសលីប៊ី”។
ទោះបីជាលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានបញ្ជាឲ្យមន្ទីរប៉ង់តាហ្គោនរៀបចំឲ្យមានរបាយការណ៍មួយស្តីពីសកម្មភាពយោធានៅប្រទេសស៊ីរីក៏ដោយ ក៏លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Leon Panettaបានគូសបញ្ជាក់ប្រាប់ថា “សហរដ្ឋអាមេរិកនឹងពុំធ្វើអន្តរាគមន៍យោធាជាឯកតោភាគីឡើយ”។ ហើយក្នុងការផ្តល់ជំនួយឲ្យក្រុមអ្នកប្រឆាំងស៊ីរីទៀតសោតក៏ជួបនឹងបញ្ហាមួយចំនួនផងដែរ។
បញ្ហាចម្បងក្នុងការផ្តល់ជំនួយឲ្យក្រុមអ្នកប្រឆាំងស៊ីរីគឺ ចលនាងើបបះបោរប្រឆាំងស៊ីរីពុំមែនមានតិចក្រុមឡើយ ពោលគឺមានដល់ទៅប្រមាណ១០០ប្លាយក្រុមឯណោះ។ ហើយបើស.រ.អា.ផ្តល់ជំនួយសព្វាវុធឲ្យក្រុមប្រឆាំងស៊ីរី ស.រ.អា.ត្រូវតែទទួលឲ្យបានការធានាថា សព្វាវុធទាំងនោះនឹងពុំធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកHezbollah ឬពួកហាម៉ាស ឬមួយក៏ពួកអាល់កៃដាឡើយ។
គួរបញ្ជាក់ថា អនុសាន៍របស់ក្រសួងការពារជាតិអាមេរិកពុំបានធ្វើឲ្យក្រុមសាធារណរដ្ឋដូចជាសមាជិកព្រឹទ្ធសភាអាមេរិក John McCain ពេញចិត្តឡើយ ដោយលោក John McCain ទាមទារឲ្យមានការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសស៊ីរី។ កំហឹងរបស់លោក John McCain បានធ្វើឲ្យលោកស្រែកសួរថា “អ្នករាល់គ្នាអាចឆ្លើយប្រាប់បាទេថា តើការសម្លាប់រង្គាលនៅក្នុងប្រទេសស៊ីរីអាចនឹងមានបន្តរហូតដល់ពេលណា? តើប្រជាជនស៊ីវិលស៊ីរីប៉ុន្មានពាន់ឬប៉ុន្មានម៉ឺននាក់ទៀតត្រូវបាត់បង់ជីវិត? មួយម៉ឺនឬពីរម៉ឺននាក់ទៀត?” នេះជាសម្រែកកំហឹងរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក John McCain ។
រីឯ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Leon Panetta បានឆ្លើយតបថា “សហរដ្ឋអាមេរិកនឹងខិតខំរៀបចំឲ្យមាននូវ (សម្ព័ន្ធអន្តរជាតិមួយដែលលំនាំដូចនៅប្រទេសលីប៊ី) ក៏ប៉ុន្តែលោក Leon Panetta ក៏បានថ្លែងឲ្យដឹងដែរ ពីក្តីបារម្ភពាក់ព័ន្ធនឹងអន្តរាគមន៍យោធា នៅក្នុងស្ថានភាពសង្គ្រាមស៊ីវិលបែបនេះ។
នៅក្នុងស្ថានភាពដ៏តានតឹងនេះ បេសកជនពិសេសរបស់ទីក្រុងប៉េកាំងដែលបានបញ្ជូនទៅទីក្រុងដាម៉ាសបានទាមទារឲ្យរដ្ឋាភិបាលរបស់បាស្ហារអាល-អាស្សាដបិទបញ្ចប់ឲ្យបានឆាប់រហ័សនូវរាល់ទង្វើហិង្សា ហើយនិងឲ្យជួយអង្គការសហប្រជាជាតិព្រមទាំងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមក្នុងការបញ្ជូនជំនួយឲ្យទៅតំបន់រងគ្រោះដោយការវាយប្រយុទ្ធគ្នា។
“បេសកជនពិសេសចិនក៏បានថ្លែងប្រាប់ទីក្រុងដាម៉ាសទៀតថា ទីក្រុងប៉េកាំងគាំទ្រកិច្ចចរចារវាងរដ្ឋាភិបាលស៊ីរីជាមួយនឹងក្រុមប្រឆាំង ក្រោមកិច្ចឧបត្ថម្ភរបស់អ.ស.ប.ហើយនិងសម្ព័ន្ធអារ៉ាប់”។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិន។
គួរកត់សម្គាល់ថា បេសកជនពិសេសចិនបានអញ្ជើញមកដល់ទីក្រុងដាម៉ាសនៅថ្ងៃអង្គារ ដើម្បីខិតខំរំងាប់ភាពតានតឹងហើយនិងការទិតៀនរបស់ប្រទេសលោកខាងលិចនិងប្រទេសអារ៉ាប់ដែលចោទប្រទេសចិននិងប្រទេសរុស្ស៊ីថា បានគាំទ្រអំពើហិង្សារបស់របបផ្តាច់ការបាស្ហារអា-អាស្សាដ ដោយប្រើសិទ្ធិវេតូប្រឆាំងនៅក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប.ដែលទាមទារឲ្យបាស្ហារអាល-អាស្សាដចាកចេញពីមុខតំណែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ