អានតួអត្ថបទ
បារាំង

ពលរដ្ឋ​​​បារាំង​​ចាប់ផ្តើម​​បោះឆ្នោត​​ជុំទី២​ ក្រោម​​ការ​​ពង្រឹង​​សន្តិសុខ​​ខ្ពស់​​

ថ្ងៃអាទិត្យ​៧ឧសភា​នេះ ប្រជាជន​បារាំង​​​ចាប់ផ្តើម​​​​​បោះឆ្នោតជ្រើសរើស​​​​​​​​​​ប្រធានាធិបតី ជុំទី២។ បារាំង​ដាក់​ពង្រាយ​កងកម្លាំង​ជាង​១សែននាក់ ដើម្បី​ការពារ​សន្តិសុខ​ ​រហូត​ដល់​​ពេល​បោះឆ្នោត​​រួច​ផងដែរ។ ​​ប្រជាជន​​បារាំង​នៅ​បរទេស និង​នៅ​តំបន់ឯ​​នាយសមុទ្រ បាន​ចាប់ផ្តើម​បោះឆ្នោត​តាំងពី​ថ្ងៃសៅរ៍​ទី៦ឧសភា​​នេះទៅហើយ។ 

ពលរដ្ឋ​បារាំងនៅ​ញូវយក សហរដ្ឋ​អាមេរិក ​​មកបោះឆ្នោត​ជុំទី២ ​នៅកុងស៊ុល​បារាំង​​ក្រុងញូវយក។
ពលរដ្ឋ​បារាំងនៅ​ញូវយក សហរដ្ឋ​អាមេរិក ​​មកបោះឆ្នោត​ជុំទី២ ​នៅកុងស៊ុល​បារាំង​​ក្រុងញូវយក។ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ នៅបារាំង ថ្ងៃអាទិត្យ​នេះ ប្រព្រឹត្តទៅ​ក្រោម​ការការពារ​សន្តិសុខ​តឹងតែង។ អាជ្ញាធរ​​​​បារាំង​ដាក់ពង្រាយ​កងកម្លាំង​ការពារ​សន្តិសុខ​​ជាង​១សែននាក់ ​នៅ​តាម​​មណ្ឌល​បោះឆ្នោត ក៏ដូច​ជា​នៅ​តាម​ទី​កន្លែង​ដែល​មនុស្ស​ត្រូវផ្តុំគ្នា​ ​ក្រោយ​ដឺង​លទ្ធផល​បោះឆ្នោត​ នៅ​យប់​ថ្ងៃ​អាទិត្យ​នេះដែរ។ ​ការិយាល័យ​បោះឆ្នោត​ជាង​៦ម៉ឺន ៦សែន៥រយ​​កន្លែង ​ចាប់ផ្តើម​បើកទ្វារ ​នៅ​ម៉ោង​៨ព្រឹក ថ្ងៃអាទិត្យ​នេះ​​ ក្នុងស្រុក​បារាំង។ ​ ​​

ការគំរាម​កំហែង​សន្តិសុខ​នៅបារាំង​​​មាន​កម្រិត​ខ្ពស់ ពិសេស​តាំង​ពី​មា​នភេរវកម្ម​សម្លាប់​ប៉ូលិស​បារាំង​ម្នាក់ កាលពី​ថ្ងៃ​២០មេសា​មក។ កាលពី​ថ្ងៃសុក្រ ​អតីតទាហាន​បារាំង​ម្នាក់​ដែល​បាន​ក្លាយ​​​ខ្លួន​ជា​ជនជ្រុលនិយម ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ នៅ​​មូលដ្ឋានយោធា នៅតំបន់​Normandie​​ ភាគខាងជើង​ប្រទេស។ ប៉ូលិសប្រឆាំង​​​ភេរវកម្ម​​​សង្ស័យ​ថា អតីត​ទាហាន​រូបនេះ​ចង់ធ្វើ​ការ​វាយប្រហារ​​​​ទីតាំង​​យោធា។ អតីត​ទាហាន​រូបនេះ​សារភាព​ថា ចង់វាយប្រហារ​ ដើម្បី​តំណាង​អោយ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម។

ទោះ​ជា​យប់ថ្ងៃអាទិត្យ​​នេះ លទ្ធផល​​បង្ហាញថា ​បេក្ខជន​និន្នាការ​កណ្តាល អេម៉ានុយអែល ម៉ាក្រុង ​ជា​អ្នក​ឈ្នះ ការបោះឆ្នោត​ជុំទី២ ​រឺ​ក៏​លោកស្រី​ម៉ារីន​ ឡឺប៉ែន បេក្ខនារី​មកពី​បក្ស​ស្តាំនិយម​ជ្រុល ជា​អ្នកឈ្នះ​ ក៏​មិនសំខាន់​ដែរ។ សំខាន់​គឺ​​អាជ្ញាធរ​និង​កងកម្លាំង​សន្តិសុខ​​​​​កំពុង​បារម្ភ​ខ្លាច​មាន​ហិង្សា​ណាមួយ​កើតឡើង ក្រោយ​ដឺ​ងលទ្ធផល​​ ​យប់​​នេះ។ ​ពិសេស​ហិង្សា​ដែល​អាច​បង្កឡើង​ដោយ​​​សកម្មជនឆ្វេងនិយម​ជ្រុល​ក្នុងស្រុក។ ​

សូមរំលឹក​ថា កាលពី​យប់ថ្ងៃ​បោះឆ្នោត​ជុំទី១ ​ថ្ងៃ​២៣មេសា​ យុវជន​រាប់រយនាក់នៅ​ក្រុង​ប៉ារីស​ ​​បាន​នាំគ្នា​បាតុកម្ម​​​ ​ ប្រឆាំង​​នឹង​​លោក​ម៉ាក្រុង និង​លោកស្រី​ឡឺប៉ែន។ ការប៉ះទង្គិច​បាន​ធ្វើអោយ​ប៉ូលិស​៦នាក់ និង​បាតុករ​៣នាក់​រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ