អានតួអត្ថបទ
បារាំង

ចោរអ៊ីនធ័រនែត​កំពុង​លូកដៃ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង?

គណបក្ស En Marche របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​បរិហារ និង​ថ្កោលទោស​ការចូល​លួច​ឯកសារ​ដ៏​សន្ធឹកសន្ធាប់​ពី​សំណាក់​ចោរអ៊ីនធ័រនែត។ នៅ​ប៉ុន្មានម៉ោង​មុន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ នៅ​ថ្ងៃ​យប់​ថ្ងៃ​សុក្រ ទី ៥​ឧសភា ឯកសារ​រាប់ពាន់​ដែល​ចោរអ៊ីនធ័រនែត​លួច​បាន​ពី​គណនី​របស់​គណបក្ស En Marche ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ដូចជា​Twitter និង​វិបសៃតិ៍ វីគីលីក។

លោក​អេម៉ានុយអែល ម៉ាក្រុង​មក​ពី​គណបក្ស​En Marche សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង នៅថ្ងៃ​អាទិត្យ​ទី ៧​ឧសភា​២ឥ១៧
លោក​អេម៉ានុយអែល ម៉ាក្រុង​មក​ពី​គណបក្ស​En Marche សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង នៅថ្ងៃ​អាទិត្យ​ទី ៧​ឧសភា​២ឥ១៧ ©REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​សុក្រ គណបក្ស En Marche​របស់​លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ថ្កោលទោស​ការលួច​ឯកសារ ដែល​គណបក្ស​វាយតម្លៃ​ថា មាន​ទិសដៅ​បំផ្លាញ បង្អាប់បង្អោន​កេរ្តិ៍ឈ្មោះ​របស់​បេក្ខជន​អេម៉ានុយអែល ម៉ាក្រុង ដែល​កំពុង​ទទួល​សំឡេង​នាំមុខ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ​ស្អែកនេះ។ តាម​ការស្ទង់​មតិ ចុងក្រោយ ចេញផ្សាយ​នៅ​ថ្ងៃ សុក្រ ម្សិលមិញ លោក​អេម៉ានុយអែល ម៉ាក្រុង បេក្ខជន​កណ្តាល​និយម មក​ពី​គណបក្ស En March​(អង់ម៉ាកស្ហ) មាន​សំឡេង​គាំទ្រ ប្រមាណ ៦៣ភាគរយ នាំមុខ​ជិត​ពាក់កណ្តាល​លើ​គូប្រកួតប្រជែង គឺ​លោកស្រី​ម៉ារីន ឡឺប៉ែន មកពី​គណបក្ស​ស្តាំ​និយមជ្រុល​បារាំង។

គេ​នៅ​មិនទាន់​ដឹង តើ​ក្រុម​ចោរ​អ៊ីនធ័រនែត​ណាមួយ​ដែល​បានវាយប្រហារ ចូល​លួចឯកសារ​របស់​គណបក្ស​En Marche នៅ​ឡើយទេ។ ឯកសារ​សម្ងាត់​ដែល​ភាគច្រើន បង្ហាញ​ពី​សារ​សរសេរ​ទាក់ទង​គ្នា នៅ​ក្នុង​មែល ឬ​គណនី​ហិរញ្ញវត្ថុ របស់​គណបក្សកណ្តាល​និយម​បារាំង មាន​មុខ​ដំបូង​ឡើយ  នៅ​ក្នុង​វិបសៃតិ៍​ឈ្មោះ Pastebin ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​ដាក់ឯកសារ​ផ្សព្វផ្សាយ ដោយ​មិន​បញ្ចេញឈ្មោះ។ បន្ទាប់មកទៀត សារ​ស្តីពី​ឯកសារ​សម្ងាត់​ត្រូវ​បាន​គេ​សរសេរ​ចែកចាយ​ជា​បន្តបន្ទាប់ នៅ​លើ​វិបសៃតិ៍ វេទិកា​របស់​ក្រុមស្តាំ​និយមជ្រុល​អាមេរិកាំង មុន​នឹង​ត្រូវ​ដកស្រង់ យក​មក​ផ្សព្វផ្សាយ​បន្ត នៅ​តាម​បណ្តាញ​សង្គម Twitter និង​Wikileaks។

តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស En Marche ដែល​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​សុក្រ ការបែកធ្លាយ ឯកសារ​របស់​គណបក្ស​លើកនេះ គឺ​ជា​ស្នាដៃ​របស់​ក្រុមចោរ​អ៊ីនធ័រនែត ដែល​បាន​ចូល​លួច ឯកសារ​មែល រូបថត របស់​បុគ្គលិក និង​សមាជិក​របស់​គណបក្ស​កាលពី​ប៉ុន្មាន​ខែមុន។ គណបក្ស​En Marche បាន​ជូនដំណឹង​នេះ​រួចហើយ​ទៅ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​លើ​យុទ្ធនាការ​បោះឆ្នោត​បារាំង ដែល​នៅ​ថ្ងៃ​សុក្រ បាន​អំពាវនាវ​កុំ​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយ​ខ្លឹមសារ​នៃ​ឯកសារ​របស់​គណបក្ស ដែល​បែក​លេចធ្លាយ ព្រោះថា ការចុះផ្សាយ​បន្ត ខ្លឹមសារ​ព័ត៌មាន​មិនពិត​នឹង​អាច​ធ្វើ​ឲ្យ​គេ​ប្រឈម​នឹង​ទោសព្រហ្មទណ្ឌ ដែល​មាន​ចែង​ក្នុង​ច្បាប់​បារាំង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ គណបក្ស​En Marche របស់​លោក​អេម៉ានុយអែល ម៉ាក្រុង ​បាន​ថ្កោលទោស ក្រុមចោរ​អ៊ីនធ័រនែត ដែល​បើ​តាម​គណបក្ស​គឺ​មាន​បំណង​តែមួយគត់ គឺ បំផ្លាញ​ការបោះឆ្នោត​បារាំង ជាពិសេស គឺ​រារាំង​មិន​ឲ្យ​បេក្ខជន​លោក​អេម៉ានុយអែល ម៉ាក្រុង​ឈ្នះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​បារាំង។ ប៉ុន្តែ យ៉ាងណាក៏ដោយ គណបក្ស​មិន​បាន​ចោទប្រកាន់ ចំៗ លើ​ក្រុមណាមួយ ឬ​ក៏​ថា គូ​ប្រកួតប្រជែង គឺ​គណបក្ស​រណសិរ្ស​ជាតិ​របស់​លោកស្រី​ម៉ារីន ឡឺប៉ែន ថា ជាអ្នក​នៅពីក្រោយ​ការវាយប្រហារ​អ៊ីនធ័រនែត​លើកនេះដែរ។

រុស្ស៊ី​នៅពីក្រោយ​ចោរអ៊ីនធ័រនែត
នេះ​មិនមែន​ជា​លើក​ទី១​ទេ ដែល​គណបក្ស​En Marche របស់​លោក​អេម៉ានុយអែល​ម៉ាក្រុង រង​ការវាយ​ប្រហារ​ពី​ក្រុម​ចោរអ៊ីនធ័រនែត។ គណបក្ស​នេះ​ដែល​ទាក់ទាញ​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​បារាំង​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប វាយប្រហារ​របស់​ចោរអ៊ីនធ័រនែត​ចំនួន ពីរលើក តាំង​ពី​ដើម​ឆ្នាំនេះ។ នៅ​ខែ​កុម្ភៈ គណបក្ស​បាន​បរិហារ​សកម្មភាព​ចូលលួច​របស់​ក្រុមចោរ​អ៊ីនធ័រនែត ដែល​ព្យាយាម ចូល​លួច​ឈ្មោះ និង​លេខកូដ​សម្ងាត់​របស់​សមាជិក​របស់​បក្ស។ នៅ​ខែ​មេសា គណបក្ស​នេះ​បាន​រង​ការវាយប្រហារ​ដូចគ្នា​នេះ​ជា​ថ្មី​ម្តងទៀត។ គណបក្ស​En Marche កាលណោះ​បាន​ទម្លាក់​កំហុស​ទៅលើ​រុស្ស៊ី ថា ជា​អ្នកនៅពីក្រោយ​ចោរអ៊ីនធ័រនែត ដែល​វាយប្រហារ​ចូលលួច​មើល​ឯកសារ​សម្ងាត់​របស់​គណបក្ស។ ឧប្បតិហេតុ​នេះ​កើតឡើង នៅ​បន្ទាប់​ពី​គណបក្ស​ស្តាំនិយមជ្រុល​របស់​លោកម៉ារីន ឡឺប៉ែន ដែល​ជា​គូប្រជែង​របស់​គណបក្ស​En Marche បាន​ទទួលជួប​ស្វាគម​ពី​លោក​ប្រធានាធិបតី​ពូទីន​នៅ​ទីក្រុង​ម៉ូស្គូ។

ប៉ុន្តែ វិមាន​ក្រេមឡាំង​វិញ បាន​បដិសេធ និង​អះអាង​ថា រុស្ស៊ី គ្មាន​ចេតនា​ចង់​លូកដៃ​ក្នុង​កិច្ចការ​បោះឆ្នោត​របស់​ប្រទេស​ដទៃនោះទេ។

ប៉ុន្តែ នៅក្នុង​របាយការណ៍​របស់ខ្លួន ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ២៥​មេសា ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា ឈ្មោះ​Trend Micro ដែល​ជា​ក្រុមហ៊ុន​ជំនាញខាង​ផ្នែក​ព័ត៌មានវិទ្យា​របស់​ជប៉ុន បាន​បង្ហាញ​ថា ក្រុម​ចោរអ៊ីនធ័រនែត​ដែល​មាន​ជាប់​ទាក់ទង​នឹង​រដ្ឋាភិបាល​រុស្ស៊ី កំពុង​ចាប់អារម្មណ៍ ផ្តោតក្រសែភ្នែក តាមដាន​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​En Marche របស់​លោកអេម៉ានុយអែល ម៉ាក្រុង។ តាម​ការសិក្សា​របស់​ក្រុមហ៊ុន Trend Micro​ក្រុមចោរ​អ៊ីនធ័រនែត​ដែល​មាន​ឈ្មោះ​ថា Pawn Storm បាន​ប្រើ​វិបសៃតិ៍​ជាច្រើន ដើម្បី អាច​ចូល​ក្នុង​មែល មើល​សាអេឡិចត្រូនិក​របស់​គណបក្ស​En Marche។

អ្នកជំនាញ និង​រដ្ឋាភិបាល​របស់​ប្រទេស​ជាច្រើន​ស្គាល់​ក្រុមនេះ ដែល​គេ​សង្ស័យថា បាន​ចូល​វាយប្រហារ​វិបសៃតិ៍​របស់​ទូរទស្សន៍​បារាំង TV5 និង​សភាអាល្លឺម៉ង់ នៅ​ខែ​មេសា និង​ឧសភា ឆ្នាំ ២០១៥។ នៅ​ខែ​មករា ដើមឆ្នាំនេះ ក្រុមចោរព័ត៌មានវិទ្យា Pawn Storm​ត្រូវរដ្ឋាភិបាល​អាមេរិកាំង​ចោទប្រកាន់​ថា ជា​ចោរអ៊ីនធ័រនែត​ដែល ដៃជើង​របស់​វិមាន​ក្រេមឡាំង។ តាម​កាសែត Washington Post គឺ​ក្រុមនេះ​ដែល​បាន​ចូលលួច និង​ផ្សព្វផ្សាយ ចែកចាយ ឯកសារ​សម្ងាត់ ដូចជា​មែល​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុមលោកស្រី​ហ៊ីឡារី គ្លីនតុន ដើម្បី​ប្រយោជន៍​លោក​ដូណាល់ ត្រាំ។

ការបែកលេចធ្លាយ​ឯកសារ ដោយសារ​ការវាយប្រហារ​របស់​ចោរ​អ៊ីនធ័រនែត​ទៅលើ​បេក្ខជន​ប្រធានាធិបតីបារាំង ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង ដែល​កាលនោះ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន ត្រូវ​ចោរអ៊ីនធ័រនែត​វាយប្រហារ។ នៅ​ខែ​មករា ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិកាំង​បាន​ចោទប្រកាន់​រុស្ស៊ី ថា ជា​អ្នក​នៅ​ពី​ក្រោយ ក្រុមចោរ​អ៊ីនធ័រនែត ដែល​បាន​ចូល​លួច បញ្ចេញ​ឯកសារ​សម្ងាត់​របស់​ក្រុម​លោកស្រី ហ៊ីឡារី គ្លីនតុន ដើម្បី​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ ឈ្នះឆ្នោត​ប្រធានាធិបតី។

ដូច​ករណី​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុមការងារ​របស់​លោកស្រី​ហ៊ីឡារី គ្លុនតុន ចោរ​អ៊ីនធ័រនែត ចូលលួច​សារ​អេឡិចត្រូនិក​របស់​ក្រុមការងារ ឃោសនា​របស់​គណបក្ស​En Marche របស់​លោក​អេម៉ានុយអែល ដើម្បី​លួច​បញ្ចេញ​ឯកសារ​សម្ងាត់ របស់​បក្ស ដូចជាសារឆ្លើយឆ្លង​ស្តីពី​ហិរញ្ញវត្ថុ​ផ្គត់ផ្គង់​សម្រាប់​បក្ស ជាដើម។ ឯកសារ​ទាំងនេះ គឺ​ជារឿង​រសើប ព្រោះ​វាអាច​ធ្វើ​ឲ្យ​ប្រជាជន​ម្ចាស់​បោះឆ្នោត​អាច​សង្ស័យ​ទៅលើ​ភាពស្អាតស្អំ​របស់​បេក្ខជន​ដែល​ឈរឈ្មោះ ចង់​ធ្វើ​ជា​ប្រធានាធិបតី។

នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​អេម៉ានុយអែល ម៉ាក្រុង​ទើប​តែ​បាន​ដាក់​ពាក្យ​បណ្តឹង ប្រឆាំង​នឹង​បុគ្គល​ដែល​ចេញផ្សាយ​ព័ត៌មាន​មិនពិត នៅលើ​អ៊ីនធ័រនែត។ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មកហើយ ព័ត៌មាន​ជាច្រើន ត្រូវ​បាន​គេ​សរសេរ​ថា លោក​អេម៉ានុយអែល​ម៉ាក្រុង ​បានលួចលាក់​គេចពន្ធ លាក់​ទ្រព្យសម្បត្តិ​នៅ​បរទេស។ គណបក្ស​En Marche ចាត់ទុក​ព័ត៌មាន​ទាំងនោះ​ថា មិនពិត ត្រូវ​គេ​ប្រឌិតឡើង ដើម្បី បង្អាប់​កេរ្តិ៍ឈ្មោះ​របស់​លោក​អេម៉ានុយអែល​ម៉ាក្រុង។

ក្នុង​ករណី​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន ស្នាដៃ​លួច​របស់​ចោរអ៊ីនធ័រនែត​បាន​ចូលរួម មួយភាគ ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ទាក់ទាញ​សំឡេងឆ្នោត រហូត​ដល់ទទួល​ជ័យជំនះ​ក្លាយ​​ជាប្រធានាធិបតី​អាមេរិក។ ប៉ុន្តែ នៅក្នុង​ករណី​បារាំង គេជឿ​ថា ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត ដោយ​បាន​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​បក្ស​En Marche នឹង​មិន​ជំរុញ​ឲ្យ​អ្នកបោះឆ្នោត​បារាំង ដូរចិត្ត ច្រើន​នោះទេ។

នៅ​អាមេរិក ដោយសារ​តែ​មាន​ការប្រកួតប្រជែង​តែ​រវាង​ពីរ​គណបក្ស ក្រុមចោរអ៊ីនធ័រនែត​បាន​សំងំ​តាមដាន ចូល​លួច​ឯកសារ​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុមការងារ​ឃោសនា​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន តាំង​ពី​ជាង ១​ឆ្នាំមុន។ ចំណែក​នៅ​បារាំង​វិញ មាន​គណបក្ស​ច្រើន ដែល​ចូលរួម​ប្រកួតប្រជែង។ គណបក្ស​En Marche របស់​លោក​ម៉ាក្រុង ទើប​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប ទី​ចាប់អារម្មណ៍ ច្រើន នៅតែ​ជាង​១ខែ​មុន​ការបោះឆ្នោត ពោល​គឺ​នៅ​មុន​ពេល​ដែល​គណបក្ស​កាន់​តែ​លេចធ្លោ​ខ្លាំង និង​ឈ្នះឆ្នោត​នៅ​ជុំទី១។ ដូច្នេះ ក្រុមចោរ​អ៊ីនធ័រនែត​គ្មានពេល​ច្រើន ដើម្បី​ចូល​ទៅលួច បញ្ចេញ​ឯកសារ​ដែល​រសើបៗ ដើម្បី បំផ្លាញ​បេក្ខជន​នោះទេ។ ម្យ៉ាងទៀត ដោយសារ​តែ​មាន​ការបោះឆ្នោត​អាមេរិកាំង​ជា​ឧទាហរណ៍​ស្រាប់ គឺ​ទាំង​រដ្ឋាភិបាល អាជ្ញាធរ​បារាំង និង​ក្រុមគណបក្ស​En Marche ផ្ទាល់​បាន​ពង្រឹង​សុវត្ថិភាព​ព័ត៌មានវិទ្យា​របស់ខ្លួន។

ថ្មីៗនេះ ដោយ​ខ្លាចមាន​ការលួចបន្លំ ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត ដែល​អាច​ជា​ដៃជើង​របស់​ទីក្រុង​ម៉ូស្គូ បារាំង​នៅ​បាន​លុប​ចោល​ការបោះឆ្នោត​អេឡិចត្រូនិក​របស់​ប្រជាជន​បារាំង នៅ​បរទេស​ទៀតផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ