អានតួអត្ថបទ
បារាំង

លោក​​ម៉ាក្រុង​​​​​​​​ប្តឹង​​បុគ្គល​​ដែល​​ចុះផ្សាយ​​​​​​​​​​ព័ត៌មាន​​​​​ចោទ​​​​​​ថា​​ លោក​គេចពន្ធ​​​​​

ថ្ងៃព្រហស្បតិ៍​នេះ តុលាការ​ក្រុង​ប៉ារីស​បាន​បើក​កា​រស៊ើបអង្កេត​ ទាក់ទង​នឹង​ព័ត៌មា​ន​​ដែល​បាន​​ចោទ​ប្រកាន់ថា ​​​​បេក្ខជន​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង គេចពន្ធ​ លួច​​មា​ន​គណនី​​ធនាគារ​នៅ​កោះ​​បាហាម៉ាស។ ​លោក​ម៉ាក្រុង​បាន​ដាក់ពាក្យ​ប្តឹង​ ទៅតុលាការ ប្រឆាំង​​នឹង​​​បុគ្គល​ដែល​បានចែកចាយ​ព័ត៌មាន​ទាំងនេះ ដែល​លោក​ថា ជាព័ត៌មាន​មិនពិត ដើម្បី​ដាក់​ឥទ្ធិពល​​លើ​ការបោះឆ្នោត។ ​ 

បេក្ខជន​ប្រធានាធិបតី​បារាំង និន្នការ​កណ្តាល លោក​អេម៉ានុយអែល ម៉ាក្រុង
បេក្ខជន​ប្រធានាធិបតី​បារាំង និន្នការ​កណ្តាល លោក​អេម៉ានុយអែល ម៉ាក្រុង RFI/Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

បេក្ខជន​ប្រធានាធិបតី​​បារាំង អេម៉ានុយអែល ម៉ាក្រុង​ ​បាន​ដាក់ពាក្យ​ប្តឹង​ទៅតុលាការ​ ថ្ងៃ​ព្រហស្បតិ៍​​នេះ​ ក្រោយ​លោកស្រី​​ម៉ារីន ឡឺប៉ែន ជា​គូប្រជែង​ក្នុងការ​បោះឆ្នោត​ បាន​លើកឡើង​​​ក្នុង​ការដេញដោល​មតិ​ នៅយប់ថ្ងៃ​ពុធ​កន្លងទៅ​​ ថា​លោក​ម៉ាក្រុង​​​​​​​មាន​គណនី​ធនាគារ​នៅ​កោះ​បាហាម៉ាស ដែល​ស្ថិត​នៅ​ភាគខាងជើងតំបន់​​​​ការ៉ាអ៊ីប។

ប៉ុន្មាន​ម៉ោង​មុន​​​ការដេញដោល​មតិ​រវាង​បេក្ខជន​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី​ម៉ារីន​ ឡឺប៉ែន និង​ក្នុង​ពេល​ដេញដោល​មតិ​នេះដែរ​ មាន​​បណ្តាញ​សង្គម​មួយចំនួន ​បានចុះផ្សាយ​ឯកសារ​មានខ្លឹមសារ​​ចោទ​ថា លោក​ម៉ាក្រុងលួច​មានគណនីធនាគារ ដើម្បី​​​គេចពន្ធ​​​ក្រៅស្រុក។ ដោយឡែក​ ​​លោកស្រី​ឡឺប៉ែនជា​គូប្រជែង​នឹង​លោក​ម៉ាក្រុង ​​​ប្រាប់ថា លោកស្រីគ្រាន់តែ​សួរ​សំណួរ​លោក​ម៉ាក្រុង​​ប៉ុណ្ណោះ ទាក់ទង​ព័ត៌មាន​ទាំងនេះ​។ ​​លោកស្រី​ប្រាប់ថា លោកស្រី​​​​​ក៏គ្មាន​ភស្តុតាង​បញ្ជាក់​​ការ​​ចោទ​​​​ប្រកាន់​​នេះដែរ។

លោក​ម៉ាក្រុង​បានចោទ​លោកស្រី​ឡឺប៉ែន​​ថា ធ្វើអោយ​រាលដាល​ព័ត៌មានភូតកុហក។​​ ​ជា​ដំណឹង​​ចុះផ្សាយ​តាម​​​វេបសៃត៍មួយចំនួន ​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍រុស្ស៊ី។ ទាក់ទង​រុស្ស៊ី​​ គេ​នៅចាំ​ថា ​ប្រធានាធិបតី​​​​​ពូទីន បាន​ទទួលជួប​លោកស្រី​ឡឺប៉ែន មុន​ការបោះឆ្នោត​ជុំទី១​នៅបារាំង។

​ទាក់ទង​នឹង​​​រុស្ស៊ីដែរ​​​ ​ក្រុម​ជំនាញ​ព័ត៌មា​នវិទ្យា​របស់ជប៉ុន​​ ធ្លាប់​សង្ស័យ​​ថា ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ស៊ីឈ្នួល​អោយ​រុស្ស៊ី ប៉ុនប៉ង​​​លុកលុយ​ទិន្នន័យ​​​​អ៊ីនថឺនេត​របស់​គណបក្ស​លោក​ម៉ាក្រុង។ ក្រោយ​លោក​ម៉ាក្រុង​ដាក់ពាក្យប្តឹង ​តុលា​ការ​បារាំង​​​សម្រេច​បើក​ការ​អង្កេត​បឋម ពីបទ​ចុះផ្សាយ​​ព័ត៌មាន​មិនពិត ដើម្បី​​​បង្វែរ​សន្លឹកឆ្នោត​​នៅ​បារាំង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ