បាតុកម្មរបស់សិស្សសាលា នៅទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៩
សប្តាហ៍អន្តរជាតិដើម្បី អាកាសធាតុ ចាប់ផ្តើម នៅថ្ងៃសុក្រនេះ ជាមួយនឹងចលនាបាតុកម្មរបស់និស្សិត សិស្សសាលា នៅទូទាំងពិភពលោក។ នៅថ្ងៃសុក្រនេះ បាតុកម្ម ការជួបជុំប្រមូលប្រមាណ ៥ពាន់ កន្លែង គ្រោងនឹងរៀបចំ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ដោយចាប់ផ្តើមដំបូង នៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលទទួលពន្លឺព្រះអាទិត្យមុនគេ នៅលើផែនដី មុននឹងបញ្ចប់នៅទីក្រុងញូវយ៉ក។ “គេចសាលា ដើម្បី បុព្វហេតុអាកាសធាតុ” ដែលជាគំនិតផ្តួចផ្តើមដំបូងឡើយ របស់យុវតី ស៊ុយអែត Greta Thunberg ត្រូវបានយុវជន សិស្សសាលា នៅទូទាំងពិភពលោក ចាប់អនុវត្ត នៅថ្ងៃសុក្រនេះ ពោលគឺនៅ៣ថ្ងៃមុន បើកជំនួបកំពូលពិសេសស្តីពីអាកាសធាតុ នៅអង្គការសហប្រជាជាតិ។
នៅថ្ងៃសុក្រ សិស្ស និស្សិត នៅក្នុងប្រទេសជាង ១៤០ បានធ្វើកូដកម្ម មិនចូលសាលារៀន ដើម្បីទៅចូលរួមក្នុងមហាបាតុកម្ម ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើង ជាបន្តបន្ទាប់គ្នា នៅគ្រប់ទីកន្លែង ក្នុងពិភពលោក។ គេប៉ាន់ប្រមាណថា បាតុកម្ម និងការជួបជុំ ដើម្បីអាកាសធាតុ នឹងមានចំនួនដល់ទៅ ៥ពាន់ នៅទូទាំងពិភពលោក នៅថ្ងៃសុក្រនេះ។
មហាបាតុកម្ម របស់សិស្សសាលា ដើម្បី ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បានចាប់ផ្តើម នៅថ្ងៃសុក្រនេះ ដោយបើកឆាកដំបូងនៅប្រទេសអូស្ត្រាលី និងនៅបណ្តាប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលសិស្សសាលាបាននាំគ្នាធ្វើកូដកម្ម មិនទៅសាលា ដើម្បី ធ្វើបាតុកម្ម បរិហាររិះគន់ ភាពអសកម្មរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ តាំងពីទីក្រុងស៊ីដនី សេអ៊ូល បាងកក ប៉ារីស យុវជនគ្រប់ជាតិសាសន៍ គ្រប់ទ្វីប គ្រប់ប្រទេស គ្រប់ទីក្រុង បានស្រុះគ្នាដូចស្រមោច ចុះថ្នល់ ធ្វើបាតុកម្ម ដើម្បីបុព្វហេតុ អាកាសធាតុ។ បាតុកម្មដែលធំ និងសំខាន់ជាងគេ នឹងមាននៅទីក្រុងញូវយ៉ក ជាទីដែលសិស្សសាលា ជាង ១លាននាក់ មកពីសាលារដ្ឋ ជិត ២ពាន់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដើម្បីចូលរួមក្នុងបាតុកម្ម ដែលដឹកនាំដោយនាង Greta Thunberg សកម្មជនបរិស្ថាន ល្បីឈ្មោះ គឺយុវតី ជាតិ ស៊ុយអែត។
នាង Greta Thunberg ជាអ្នកផ្តួចផ្តើមគំនិតឲ្យមានបាតុកម្មរបស់សិស្ស សាលា ដំបូងគេ ដែលមានឈ្មោះថា “ថ្ងៃសុក្រ ដើម្បី អនាគត”។ កូដកម្មមិនទៅសាលារៀន នៅរាល់ថ្ងៃសុក្រ របស់នាង Greta Thunberg ដើម្បីធ្វើបាតុកម្ម តវ៉ាពីបញ្ហាអាកាសធាតុ កាលពី១ឆ្នាំមុន បានល្បីសុះសាយ និងបានទាក់ទាញយុវជនរាប់លាននាក់ នៅលើពិភពលោក ឲ្យធ្វើបាតុកម្ម ទាមទារឲ្យមេដឹកនាំរបស់ប្រទេសពួកគេ អនុវត្តវិធានការជាក់ស្តែង ជាពិសេស នៅក្នុងរឿង កាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការឡើងកំដៅផែនដី។
តើមហាបាតុកម្មរបស់សិស្សសាលា នៅទូទាំងពិភពលោក នឹងមានទម្ងន់អ្វី?
“យុទ្ធនាការថ្ងៃសុក្រដើម្បី អនាគត” ផ្តួចផ្តើមគំនិតដោយនាង Greta Thunberg មានគោលដៅ ជំរុញ លើកទឹកចិត្ត ឲ្យយុវជននៅទូទាំងពិភពលោក ចេះ ប្រមូលផ្តុំកម្លាំងគ្នា ដើម្បី បញ្ចុះបញ្ចូលមនុស្សចាស់ គឺថ្នាក់ដឹកនាំ ប្រទេសរបស់ពួកគេឲ្យអនុវត្ត កម្មវិធីនយោបាយ ដើម្បី បុព្វហេតុអាកាសធាតុ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាបាតុកម្មរបស់មហាជន និង សិស្សសាលា ដើម្បីអាកាសធាតុ បានរីកដុះដាល នៅគ្រប់ទ្វីប ដែលជាសញ្ញាបញ្ជាក់ថា ពលរដ្ឋកាន់តែច្រើន នៅលើផែនដី បានដឹងជ្រួតជ្រាប និងឃើញ កាន់តែច្បាស់ពីផលវិបាក នៃការប្រែប្រួលអាកាសធាតុ។
នៅអូស្ត្រាលី ជាដើម ប្រជាជនបានជួបប្រទះកាន់តែច្រើន ភ្លើងឆេះព្រៃ ភាពរាំងស្ងួត ដែលមានរយៈពេលកាន់តែវែង ឬទឹកជំនន់។ រដ្ឋាភិបាលរបស់ប្រទេសនេះ មិនបានបដិសេធ ទេ ថា គ្រោះធម្មជាតិ ទាំងនេះ ជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ អ្វីដែលគួរសោកសង្រេង គឺរដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសមួយនេះ បានដាក់ជំរើសពីរ ឲ្យប្រជាជនជ្រើសរើស គឺរវាងផលប្រយោជន៍បរិស្ថាន ដោយឈប់ប្រើធ្យូងថ្ម ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក ហើយនិងផលប្រយោជន៍សេដ្ឋកិច្ច ព្រោះថា អូស្ត្រាលីនៅត្រូវការ ប្រើ និងនាំចេញ ធ្យូងថ្ម ដើម្បី ឧស្សាកម្ម និងសេដ្ឋកិច្ច។
សម្រាប់យុវជនអូស្ត្រាលី រដ្ឋាភិបាលត្រូវតែផ្លាស់ប្តូរ ប្រព័ន្ធសេដ្ឋកិច្ចនេះឡើងវិញ ព្រោះថា ប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ននេះ គ្រោះថ្នាក់ សម្រាប់ផែនដី សម្រាប់អនាគតរបស់ពួកគេផ្ទាល់ ជាពិសេស នៅពេល ផែនដីដែលកាន់តែក្តៅ និងប្រឈមនឹងការជន់លិច របស់ទឹកសមុទ្រ នោះ។ ចលនាយុវជនដើម្បីបរិស្ថាន បានទាក់ទាញក្រុមហ៊ុនជាង ២ពាន់ នៅក្នុងពិភពលោក ហើយ និង អ្នកនយោបាយ កាន់តែច្រើន នៅក្នុងបណ្តាប្រទេស អឺរ៉ុប ដូចជា នៅអាល្លឺម៉ង់ ជាដើម ជាទី ដែលគណបក្សដើម្បីបរិស្ថាន បានប្រើសំឡេង គាំទ្ររបស់យុវជន យក ទៅដាក់សម្ពាធលើរដ្ឋាភិបាល។
មហាបាតុកម្មនៅថ្ងៃសុក្រនេះទៀត ធ្វើឡើងនៅមួយថ្ងៃមុនដែល ជំនួបកំពូលរបស់យុវជនស្តីពីអាកាសធាតុ ត្រូវបានបើកធ្វើ ជាលើកទី១ នៅអង្គការសហប្រជាជាតិ នៅថ្ងៃសៅរ៍ទី ២១កញ្ញា ២០១៩។ បាតុកម្មរបស់សិស្សសាលានឹងមានម្តងទៀត នៅថ្ងៃសុក្រ ទី ២៧ កញ្ញា នៅក្នុងអំឡុងនៃជំនួបកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីអាកាសធាតុ ដែលបើកធ្វើពីថ្ងៃចន្ទទី ២៣ នៅទីក្រុងញូវយ៉ក។
យុវជនជាង ៥០០នាក់ មកពីគ្រប់ប្រទេសក្នុងពិភពលោក រួមទាំងសកម្មជនបរិស្ថាន នាង Greta Thunberg នឹងជួបពិភាក្សា គ្នា ដើម្បីបង្កើតបញ្ជីសំណើ និងដំណោះស្រាយមួយចំនួន សម្រាប់មេដឹកនាំ ដែលជួបប្រជុំគ្នា នៅក្នុងជំនួបកំពូលពិសេស ស្តីពីអាកាសធាតុ ដែលអង្គការសហប្រជាជាតិ ប្រារព្ធឡើងនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ នៅទីក្រុងញូវយ៉ក។
ជំនួបកំពូលនៅថ្ងៃចន្ទ នៅទីក្រុងញូវយ៉ក គឺជាជំនួបកំពូល បន្ទាន់ ដើម្បី ដោះស្រាយបញ្ហាអាកាសធាតុ។ នៅក្នុងជំនួបកំពូល ថ្នាក់ដឹកនាំរបស់ប្រទេស ជាង ៦០នឹងត្រូវជ្រើសរើស ឲ្យធ្វើបទបង្ហាញពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បី ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលជាឧស្ម័នផ្ទះកញ្ចក់ ប្រភពនៃការឡើងកំដៅរបស់ផែនដី និងការប្រែប្រួលអាកាសធាតុ។ បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន និងឥណ្ឌាជាដើម នឹងបង្ហាញ នយោបាយ ការប្រឹងប្រែងរបស់ខ្លួន ដើម្បី ចូលរួមឲ្យមានការគ្រប់គ្រងការបញ្ចេញឧស្ម័នកាបូនិកឲ្យមានលំនឹងថេរ neutralité carbone នៅឆ្នាំ ២០៥០។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ ពិភពលោកត្រូវចូលរួម ឲ្យមានការបញ្ចេញឧស្ម័នកាបូនិក ក្នុងលំនឹងថេរ យ៉ាងយូរបំផុត នៅឆ្នាំ ២០៥០ ដើម្បី ទប់ទល់កុំឲ្យកំដៅផែនដី កើនឡើង ច្រើនជាង ២អង្សារបន្ថែមទៀត។ គ្រប់គ្រងឧស្ម័នកាបូនិក មានលំនឹងថេរ មានន័យថា គេនៅតែអាចបញ្ចេញឧស្ម័នកាបូនិក ប៉ុន្តែ ក្នុងកម្រិតទាបជាងសព្វថ្ងៃនេះច្រើនណាស់។ ហើយជាមួយគ្នានោះ គេត្រូវបង្កើត ព្រៃ ឬបច្ចេកវិទ្យាទំនើបថ្មី ដើម្បី ស្រូបចាប់យកឧស្ម័នកាបូនិកពី បរិយាកាសមកវិញ។ ការគ្រប់គ្រងឧស្ម័នកាបូនិក គឺជាការងារដ៏លំបាក ដែលគេពិបាកនឹងអនុវត្តបានព្រោះបច្ចុប្បន្ននេះ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសមហាអំណាចឧស្សាហកម្ម ដូចជាចិន ឥណ្ឌា អាមេរិក និងសហភាពអឺរ៉ុប នៅតែបញ្ចេញឧស្ម័នកាបូនិក ក្នុងបរិមាណមួយដ៏ច្រើនដដែល។ តាមអ្នកជំនាញ បើសិនគេនៅតែបន្តអនុវត្តនយោបាយ សេដ្ឋកិច្ច សព្វថ្ងៃ បរិមាណ ឧស្ម័នកាបូនិក ដែលមនុស្សជាអ្នកទទួលខុសត្រូវ បញ្ចេញចោល នឹងធ្វើឲ្យផែនដី អាចឡើងកំដៅបន្ថែមទៀត ដល់ទៅ ៧អង្សា នៅឆ្នាំ ២១០០។ ផែនដីសព្វថ្ងៃ កើនឡើងកំដៅ បន្ថែម តែ ១អង្សាប៉ុណ្ណោះ ប៉ុន្តែ កំពុងជួបរងគ្រោះរួចទៅហើយ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ រលកក្តៅ ហើយនិងព្យុះសង្ឃរាដែលបោកបក់បំផ្លាញផ្ទះសម្បែង និងសម្លាប់មនុស្សកាន់តែច្រើន នៅក្នុងពិភពលោក។
មេដឹកនាំរបស់ប្រទេសកាន់តែច្រើនបានដឹងច្បាស់ពីតម្រូវការបន្ទាន់ ដើម្បី បុព្វហេតុអាកាសធាតុ។ ប៉ុន្តែ គេនៅរង់ចាំមើលថា តើពួកគេមានផែនការ ជាក់ស្តែង យ៉ាងណា ដើម្បី ដោះស្រាយបញ្ហាអាកាសធាតុនេះ។ ចម្លើយនឹងអាចដឹង នៅក្នុងជំនួបកំពូល ស្តីពីអាកាសធាតុ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ