បារាំងបើកយុទ្ធនាការប្រឆាំងការផ្សាយបន្តផ្ទាល់វីដេអូហិង្សានិងជ្រុលនិយម លើអ៊ីនធ័រនែត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៨
ពីរខែគត់ ក្រោយហេតុការណ៍សោកនាដកម្មស្លាប់សាសនិកជនអ៊ីស្លាម អស់៥១នាក់ នៅក្នុងវិហារChristchurch ប្រទេសនូវែលហ្សេឡង់មក ប៉ារីសបានផ្តួចផ្តើមបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការបង្ហោះផ្សព្វផ្សាយសារហិង្សាស្អប់ខ្ពើមគ្នា លើប្រព័ន្ធអ៊ីនធ័រនែត។ នៅថ្ងៃទី ១៥ឧសភានេះ ប្រមុខរដ្ឋ-រដ្ឋាភិបាល ជាច្រើនប្រទេស ព្រមទាំងមេដឹកនាំក្រុមហ៊ុនអ៊ីនធ័រនែតគ្រាក់ៗ បានមកជួបជុំគ្នា នៅក្នុងវិមានអេលីហ្សេ ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីបារាំងនិង លោកស្រី នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ដើម្បីរកដំណោះស្រាយរួមប្រឆាំងនឹងអំពើភេរវកម្មនិងអំពើហិង្សាជ្រុលនិយមស្អប់ខ្ពើមគ្នា តាមអ៊ីនធ័រនែត។ ជួនចំពេលជាមួយគ្នានោះដែរ ហ្វេសប៊ុក ក៏បានចេញវិធានការជាក់ស្តែងទាក់ទងនឹងនៃការប្រើប្រាស់ ប្រព័ន្ធផ្សាយបន្តផ្ទាល់ Facebook Live ដែលមានលក្ខណៈហិង្សា និងជ្រុលនិយម។
ជំនួបប្រជុំថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់លោកស្រីនាយកនូវែលហ្សេឡង់។ នូវែលហ្សេឡង់ដែលកាលពីថ្ងៃ១៥ មីនា ត្រូវជាពីរខែគត់ថ្ងៃនេះ រងភេរវកម្មបាញ់ប្រហារនៅវិហារ ដោយមានការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធសង្គមហ្វេសប៊ុក។ រូបភាពនៃសោកនាដកម្មនោះ ត្រូវបានគេស៊ែរបន្តទៅក្នុងប្រព័ន្ធសង្គមផ្សេងៗទៀត ដូចជា Youtube Twitter ... និងមានអ្នកចូលមើលដល់ទៅជាង ១លាននាក់កន្លះ ក្នុងរយៈពេល២៤ម៉ោង ក្រោយភេរវកម្ម។ កាលណោះ ហ្វេសប៊ុកបានបញ្ចេញសកម្មភាពយ៉ាងយឺតយ៉ាវបំផុត បណ្តោយឱ្យភេរវជនអាចផ្សាយផ្ទាល់ក្នុងប្រព័ន្ធរបស់ខ្លួន ដល់ទៅ ១៧នាទី !!!
ការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពវីដេអូ បែបភេរវនិយម លើប្រព័ន្ធអ៊ីនធ័រនែត ត្រូវតែបិទបញ្ចប់ ! ហេតុការណ៍បែបនេះ មិនត្រូវកើតមានជាលើកទីពីរទេ ! ប៉ុន្តែប្រព័ន្ធសង្គមមានបណ្តាញពេញពិភពលោក ការស្វែងរកដំណោះស្រាយក៏ត្រូវធ្វើថ្នាក់ពិភពលោកដែរ។ ហេតុដូច្នេះហើយបានជាបារាំងឈរនាំមុខ គាំទ្រនូវែលហ្សេឡង់ កោះប្រជុំនៅថ្ងៃនេះ ដោយគ្រោងនឹងចេញសេចក្តីអំពាវនាវ « Appel Christchurch » កម្រាស់បួនទំព័រ បញ្ជាក់អំពីកិច្ចសន្យាចាត់វិធានការជាក់ស្តែង៧ចំណុច នៅពេលបិទបញ្ចប់ជំនួបប្រជុំនេះ។ បើតាមការអះអាងរបស់វិមានប្រធានាធិបតីបារាំង អត្ថបទនេះ គ្មានអត្ថន័យជាការជំរុញបង្ខិតបង្ខំខ្លាំងឡើង តែជាការបង្កើនសកម្មភាព ជាការប្រមើលទុកជាមុន ជាការបង្កើនតម្លាភាពផ្នែកគ្រប់គ្រងវិបត្តិ និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា រដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនអ៊ីនធ័រនែត។
ចំណាត់ការទាំងនេះ មិនអាចសម្រេចទៅបានដោយគ្ហមានការសហការជាមួយក្រុមហ៊ុនយក្សអ៊ីនធ័រនែតទេ។ អ៊ីចឹងហើយ បានជានៅក្នុងជំនួបនេះ ក្រៅអំពីវត្តមានរបស់ប្រមុខរដ្ឋ-រដ្ឋាភិបាលមកពីប្រមាណ ២០ប្រទេស ៖ មានជាអាទិ៍ ស្តេចអាប់ដាឡារបស់ហ្ស័កដានី ប្រធានាធិបតីសេណេហ្កាល់ នាយករដ្ឋមន្ត្រីអង់គ្លេស ន័រវែស អៀរឡង់ កាណាដា ឥណ្ឌូណេស៊ី ថៅកែក្រុមហ៊ុនយក្សផ្នែកអ៊ីនធ័រនែត ដូចជា Google Twitter Facebook Amazone Microsoft ក៏ត្រូវបានអញ្ជើញឱ្យមកចូលរួមដែរ។
វិធានការនិងលក្ខខណ្ឌនៃការប្រើប្រាស់ Facebook Live
អ្នកប្រើប្រាស់ភាគច្រើន បង្ហោះផ្សាយរូបភាពវីដេអូ វិជ្ជមាន ចែករំលែកដំណឹងជាមួយមិត្តភក្តិ ឬដើម្បីបញ្ជ្រៀបព័ត៌មានអ្វីមួយដែលគេចាប់អារម្មណ៍ចង់ផ្តល់ដល់អ្នកផ្សេង Facebook Live ក៏អាចត្រូវបានគេបង្វិលទៅប្រើប្រាស់ ខុសពីបំណងដើមរបស់ក្រុមហ៊ុន សម្រាប់ឃោសនាញុះញង់អំពើហិង្សា និងគំនិតជ្រុលនិយម។ ករណីភេរវកម្មនៅថ្ងៃទី ១៥មីនា ជាឧទាហរណ៍ជាក់ស្តែង។
គិតមកទល់នឹងពេលនេះ បណ្តាញសង្គមលំដាប់ទីមួយពិភពលោក មាននយោបាយដាក់ទណ្ឌកម្មដោយសន្សឹមៗ។ បើបុគ្គលណាម្នាក់បង្ហោះរូបភាពវីដេអូផ្ទុយពីខ្លឹមសារស្តង់ដារ នៅលើFacebook Live ឬលើប្រព័ន្ធសង្គមផ្សេងទៀតរបស់ហ្វេសប៊ុក ដំបូងឡើងបុគ្គលនោះនឹងរកពិន័យដោយការលុបខ្លឹមសារចេញពីប្រព័ន្ធ ... ហើយបើនៅតែបន្តធ្វើហ្វេសប៊ុកនឹងខ្ទប់មិនឱ្យប្រើបណ្តាញមួយរយៈ និងមិនអាចLiveវីដេអូខ្លួនបានទៀតទេ។
ប៉ុន្តែចាប់ពី ថ្ងៃពុធនេះតទៅ ហ្វេសប៊ុកនឹងមានវិធានការមិនអនុគ្រោះសោះ។ គ្រប់អ្នកប្រើប្រាស់ដែលមិនគោរពវិន័យរបស់ប្រព័ន្ធ ហ៊ានបំពានបង្ហោះផ្សាយសារហិង្សានិងរូបភាពមានលក្ខណៈជ្រុលនិយម នឹងត្រូវហាមឃាត់លែងឱ្យប្រព័ន្ធFacebook Live តាំងពីសកម្មភាពលើកដំបូងភ្លាម និងសម្រាប់រយៈពេលកំណត់ណាមួយ។ ឧទាហរណ៍បើគ្រាន់តែស៊ែរLink នាំភ្ជាប់ទៅរកក្រុមភេរវនិយម ដោយគ្មានសរសេរអ្វី ក៏ត្រូវហាមឃាត់លែងឱ្យប្រើFacebook Live ភ្លាម។ តែហ្វេសប៊ុកមិនបានបញ្ជាក់ អំពីប្រភេទនៃបទល្មើសដែលជាប់បម្រាមថ្មី និងរយៈពេលនៃលុបចេញពីបណ្តាញថាប៉ុន្មានថ្ងៃប៉ុន្មានខែទេ។ តំណាងហ្វេសប៊ុកបានត្រឹមអះអាងថា ហ្វេសប៊ុកគ្រោងនឹងពង្រឹងវិន័យនិងបម្រាមក្នុងវិស័យផ្សេង ដោយចាប់ផ្តើមហាមអ្នកប្រើប្រាស់មិនឱ្យផ្សាយពាណិជ្ជកម្មក្នុងហ្វេសប៊ុក។
ក្រៅអំពីវិធានការនេះ ហ្វេសប៊ុកគ្រោងនឹងចំណាយថវិកា ៧លានដុល្លារកន្លះ សម្រាប់សិក្សាស្រាវជ្រាវ ជាមួយសកលវិទ្យាល័យអាមេរិកចំនួនបីជាដៃគូ ដើម្បីអាចមានសមត្ថភាពកាន់តែប្រសើរក្នុងការវិភាគរូបភាព ថាតើជារូបថត ឬជារូបភាពវីដេអូ មានខ្លឹមសារយ៉ាងណា សម្រាប់ងាយទប់ស្កាត់មិនឱ្យរីកសាយភាយ និងងាយលុបដកចេញពីប្រព័ន្ធ។
ហ្វេសប៊ុកបានបង្ហាញឆន្ទៈគាំទ្រសេចក្តីអំពាវនាវរបស់នូវែលហ្សេឡង់និងបារាំង។ លោកស្រីនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ប្រទេសដែលរងគ្រោះក្នុងអំពើហិង្សាដោយមានការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធសង្គម បានអបអរចំណាត់ការរបស់ហ្វេសប៊ុក ថាថ្វីបើការងារត្រូវធ្វើនៅមានច្រើនទៀតមែន តែក្រុមហ៊ុនកំពុងបញ្ចេញសកម្មភាពនិងបោះជំហានក្នុងផ្លូវល្អ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ