បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៥
នៅក្នុងប្រទេសបារាំង បច្ចុប្បន្នភាពដែលកំពុងបន្តក្តៅគគុកគឺទាក់ទងនឹងប្រតិបត្តិការរបស់កម្លាំងពិសេសបារាំងនៅក្នុងប្រទេសបួគីណាហ្វាសូដើម្បីរំដោះចំណាប់ខ្មាំងជនជាតិបារាំង។ ប្រតិបត្តិការដែលបានធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ ទី១០ ឧសភារំដោះបានចំណាប់ខ្មាំងចំនួន ៤នាក់ ក្នុងនោះមានបុរសជនជាតិបារាំង ២នាក់ ស្រ្តីជនជាតិអាមេរិកាំងម្នាក់ និងស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់។ តែបានបណ្តាលឲ្យមានស្លាប់ទាហានបារាំងចំនួន ២នាក់នៅក្នុងប្រតិបត្តិការនោះ។ ចំណាប់ខ្មាំងជនជាតិបារាំងទាំង ២នាក់ រួមទាំងស្រ្តីជនជាតិកូរ៉េខាងត្បូងនឹងមកដល់ប្រទេសបារាំងនាល្ងាចថ្ងៃសៅរ៍ ទី១១ ឧសភានេះ។ ប្រធានាធិបតីបារាំងលោកម៉ាក្រុងនឹងទៅទទួលចំណាប់ខ្មាំងនៅព្រលានយន្តហោះ។ បន្ទាប់មកនៅថ្ងៃអង្គារ ទី១៤ ឧសភាសប្តាហ៍ក្រោយ ពិធីបុណ្យគោរពវិញ្ញាណក្ខន្ទជាតិមួយនឹងរៀបចំឡើងដើម្បីឧទ្ទិសដល់សពទាហានបារាំងទាំង ២រូប។
គោលដៅពីដំបូងនៃប្រតិបត្តិការរបស់កម្លាំងទាហានបារាំងនៅប៉ែកខាងជើងប្រទេសបួគីណាហ្វាសូកាលពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ ទី១០ ឧសភា គឺដើម្បីរំដោះតែចំណាប់ខ្មាំងជនជាតិបារាំងចំនួន ២នាក់គត់ តែគួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រតិបត្តិការនោះ ស្រាប់តែមានវត្តមានចំណាប់ខ្មាំង ២នាក់ផ្សេងទៀត គឺស្រ្តីជនជាតិអាមេរិកាំងម្នាក់ និងស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់។ បារាំងមានព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងចំណាប់ខ្មាំងរបស់ខ្លួនទាំងពីរនាក់ តែមិនបានដឹងពីចំណាប់ខ្មាំងជនជាតិអាមេរិកាំង និងកូរ៉េខាងត្បូងទេ ហើយសូម្បីតែរដ្ឋអំណាចអាមេរិក និងកូរ៉េខាងត្បូងក៏មិនដឹងថាមានជនជាតិខ្លួនជាប់ជាចំណាប់ខ្មាំងនៅក្នុងទឹកដីបួគីណាហ្វាសូដែរ។ បើតាមប្រមុខសេនាធិការបារាំង ស្រ្តីជនជាតិអាមេរិកាំង និងកូរ៉េខាងត្បូងត្រូវបានចាប់ជាចំណាប់ខ្មាំងតាំងពី ២៨ថ្ងៃ តែគេនៅមិនទាន់ដឹងពីទីកន្លែងដែលស្រ្តីទាំងពីរបានរងការចាប់ខ្លួន និងពីមូលហេតុ។
ចំណាប់ខ្មាំងបុរសជនជាតិបារាំងទាំងពីរនាក់ជាអ្នកទេសចរណ៍ដែលត្រូវបានក្រុមជនដៃដល់ចាប់ខ្លួនក្នុងថ្ងៃទី១ ឧសភានៅក្នុងប្រទេសបេណាំង។ រដ្ឋាភិបាលបារាំងទទួលបានព័ត៌មានមួយនេះ ក្នុងថ្ងៃទី២ ឧសភា ហើយនៅ ៥ថ្ងៃក្រោយមក ពោលក្នុងថ្ងៃទី៧ ឧសភា កម្លាំងពិសេសបារាំងប្រចាំតំបន់បានប្រតិបត្តិការលើទី១ ដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់ពីទីកន្លែងស្នាក់នៅរបស់ចំណាប់ខ្មាំង ពីអត្តសសញ្ញាណ និងចំនួនជនដៃដល់។ បេសកកម្មស៊ើបការណ៍យ៉ាងសម្ងាត់មួយបានចាប់ផ្តើមនៅប៉ែកខាងជើងប្រទេសបួគីណាហ្វាសូ និងនៅតាមព្រំដែនជាមួយប្រទេសម៉ាលីរហូតមានបញ្ជាឲ្យបើកអន្តរាគមន៍ក្នុងយប់ថ្ងៃព្រហស្បតិ៍ ទី៩ វិច្ឆិកា។
ទន្ទឹមនឹងរំដោះបានចំណាប់ខ្មាំងទាំង ៤នាក់ កងកម្ម៉ង់ដូបារាំងសម្លាប់បានជនដៃដល់ចំនួន ៤នាក់ និង ២នាក់ទៀតបានរត់រួចខ្លួន។ តែអ្វីដែលសោកស្តាយខ្លាំង គឺមានទាហានបារាំងពីរមានអាយុ ៣៣ឆ្នាំ និង ២៨ឆ្នាំបានបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនោះ។
ដំណើរការនៃប្រតិបត្តិការរំដោះចំណាប់ខ្មាំង
មុននឹងសម្រេចបើកប្រតិបត្តិការក្នុងយប់ថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា រដ្ឋអំណាចបារាំង ពិសេសកម្លាំងទ័ពបារាំងនៅតំបន់សាហ៊ែល គឺកម្លាំងបារកានបានតាមស៊ើបរឿងចំណាប់ខ្មាំងជនជាតិបារាំងទាំងពីរនាក់តាំងពីថ្ងៃដំបូងមកម្ល៉េះ។ បារាំងបានដឹងពីកន្លែងស្នាក់នៅរបស់ចំណាប់ខ្មាំង ពីការបម្លាស់ទីរបស់ជនដៃដល់ និងចំនួនជនដៃដល់ដែលមានគ្នាចំនួន ៦នាក់។ នៅប៉ុន្មានម៉ោងមុនបើកអន្តរាគមន៍ កម្លាំងទ័ពបារាំងបានដឹងពីបំណងរបស់ពួកជនដល់ដៃដែលត្រៀមបញ្ជូនចំណាប់ខ្មាំងទៅឲ្យចលនាភេរវនិយមមួយឈ្មោះ កាទីបា ម៉ាស៊ីណានៅក្នុងប្រទេសម៉ាលី។ ព័ត៌មានមួយនេះបានធ្វើបារាំងសម្រេចចិត្តបើកអន្តរាគមន៍ ព្រោះបើចំណាប់ខ្មាំងធ្លាក់ក្នុងដៃចលនាភេរវនិយមកាទីបា ម៉ាស៊ីណានៅម៉ាលី វាពិតជារឿងពិបាកខ្លាំងណាស់ក្នុងការរៀបចំផែនការរំដោះចំណាប់ថ្នូរ។
ក្រោយទទួលបានបទបញ្ជាភ្លាមៗ កងកម្ម៉ង់ដូបារាំងប្រមាណជា ២០នាក់បានផ្តើមដើរចូលទាំងងងឹតស្លុងសំដៅខ្ទមចំនួន ៤ របស់ជនដៃដល់រហូតមានចម្ងាយពីទីនោះតែ ២០០ម៉ែត្រ។ គោលដៅ គឺចូលឲ្យដល់ដើម្បីបាញ់សម្លាប់ពួកវាទាំង ៦នាក់ រួចរំដោះចំណាប់ថ្នូរទាំងរស់។ តែទើបរំកិលចូលនៅសល់តែ ១០ម៉ែត្រ ពួកជនដល់ដៃក៏បានដឹងខ្លួន រួចស្ទុះក្រោកទាញកាំភ្លើង។ ពេលនោះ កម្ម៉ង់ដូបារាំងបានបង្ហាញខ្លួន តែមិនបានបាញ់មុនទេ ព្រោះខ្លាចប៉ះដល់ជីវិតចំណាប់ថ្នូរ។ គឺនៅពេលនោះឯងដែលពួកជនដៃដល់បានបាញ់សម្លាប់កម្ម៉ង់ដូបារាំងចំនួន ២នាក់នៅក្នុងចម្ងាយដ៏ជិតបង្កើយ មុននឹងកងកម្ម៉ង់ដូបារាំងបាញ់តបវិញដោយសម្លាប់ពួកវាបាន ៤នាក់ និងមាន ២នាក់បានរត់រួចខ្លួន។ គួរបញ្ជាក់ថា ប្រតិបត្តិការរំដោះចំណាប់ថ្នូរមួយនេះមានការរួមសហការណ៍ពីកម្លាំងទ័ពបួគីណាហ្វាសូ និងពីក្រុមអ្នកយកការណ៍អាមេរិកាំង។
បារាំងប្រយ័ត្នប្រយែងក្នុងការទម្លាយអត្តសញ្ញាណរបស់ជនដៃដល់
ខណៈនេះ រដ្ឋអំណាចបារាំងនៅទាន់បានបញ្ជាក់អ្វីច្បាស់លាស់ពីអត្តសញ្ញាណរបស់ជនដល់ដៃ ឬចលនាដែលនៅពីក្រោយការចាប់មនុស្សធ្វើជាថ្នូរមួយនេះទេ។ មានប្រភពខ្លះបានសង្ស័យថា ក្រុមជនដែលបានចាប់ចំណាប់ខ្មាំងជនជាតិបារាំងកាលពីថ្ងៃទី១ ឧសភាជាមនុស្សរបស់ជនឈ្មោះយ៉ាហ្វារ ឌីកកូត្រូវជាបងប្រុសរបស់ជនអ៊ីប្រាហ៊ីម ម៉ាឡាម ឌីកកូដែលត្រូវបានសម្លាប់ក្នុងឆ្នាំ ២០១៧។ អ៊ីប្រាហ៊ីម ម៉ាឡាម ឌីកកូជាមនុស្សរបស់ចលនាភេរវនិយមឈ្មោះ Ansarul Islam ដែលកំពុងធ្វើសកម្មភាពនៅប៉ែកខាងជើងប្រទេសបួគីណាហ្វាសូ និងដែលចលនាមួយនេះមានចំណងទាក់ទងជាមួយចលនាភេរវនិយមកាទីបា ម៉ាស៊ីណារបស់ជនអាម៉ាឌូ គូហ្វានៅប៉ែកកណ្តាល ប្រទេសម៉ាលី។
តែព័ត៌មានមួយនេះមិនត្រូវបានបញ្ជាក់ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោកស្រី Florence Parly ទេ។ លោកស្រី Parly បានធានាថា វារហ័សពេកដែលគេត្រូវទម្លាយអត្តសញ្ញាណរបស់ជនដៃដល់។ ទោះជាយ៉ាងនេះក្តី ប្រមុខការពារជាតិបារាំងបានរម្លឹកជាថ្មីថា មានចលនាភេរវនិយមចំនួនពីរដែលកំពុងធ្វើសកម្មភាពនៅតំបន់ ទី១ ជាចលនាដែលជាសាខារបស់អង្គការភេរវនិយមអាល់កៃដាឈ្មោះរណសិរ្យរំដោះម៉ាស៊ីណា និងទី២ ជាចលនាស្និទ្ធនឹងអង្គការរដ្ឋអ៊ីស្លាមដែលកំពុងធ្វើសកម្មភាពក្បែរប្រទេសម៉ាលី។ គួររម្លឹកថា តំបន់ព្រំដែនរវាងប្រទេសម៉ាលី បួគីណាហ្វាសូ និងប្រទេសនីហ្សេបានក្លាយជាតំបន់សម្រាប់គ្រប់ចលនាភេរវនិយមប្រចាំតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ