ប្រធានសហភាពអឺរ៉ុបស្នើពន្យារពេលBrexit ១ឆ្នាំ អង់គ្លេសសុំត្រឹមថ្ងៃ៣០មិថុនា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៩
នាយករដ្ឋមន្ត្រីអង់គ្លេស បានស្នើសុំអឺរ៉ុប ជាផ្លូវការម្តងទៀត នៅថ្ងៃសុក្រនេះ ពន្យារការលើកពេលដើរចេញសហភាពអឺរ៉ុប រហូតថ្ងៃទី ៣០ មិថុនា ២០១៩។ ចំណែកប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ទូស្ក៍វិញ បានលើកសំណើពន្យារដំណើរការBrexit ដែលអាចបត់បែនបានរយៈពេល១២ខែតែម្តង ទៅឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបអនុម័ត។
សំណើស្តីពីការពន្យារពេលBrexit ១២ខែ ជាគំនិតផ្តួចផ្តើមរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ទូស្ក៍។ សម្រាប់ប្រធានសហភាពអឺរ៉ុប មានតែការពន្យារ ពេលយូរ និងអាចបត់បែនតាមកាលៈទេសៈទេ ដែលជាច្រកផ្លូវដ៏សមហេតុផលនៃBrexit។
ការពន្យារពេលមានរយៈពេលវែង ដល់ទៅមួយឆ្នាំមែន ប៉ុន្តែនៅពេលសភាអង់គ្លេសព្រមអនុម័តលើកិច្ចព្រមព្រៀងBrexit ភ្លាម (ដែលនាយករដ្ឋមន្ត្រី តេរ៉េហ្សា មេ សម្រេចបានជាមួយអឺរ៉ុប) ការពន្យារពេលត្រូវចប់បានជាស្វ័យប្រវត្តិ ! អង់គ្លេសត្រូវដើរចេញពីអឺរ៉ុបបានភ្លាម។ ប្រសិនបើមិនអាចទៅរួចដូចអ្វីដែលគិតខាងលើ ក៏អង់គ្លេសអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ពិចារណារកយុទ្ធសាស្ត្រថ្មីឱ្យBrexitដែរ។ នេះបើតាមខ្លឹមសារលម្អិតនៃសំណើរបស់លោក ដូណាល់ ទូស្ក៍ ដែលអះអាងទៀតថា អង់គ្លេសមានលទ្ធភាពដើរចេញពីអឺរ៉ុប មុនកាលកំណត់ក៏បាន ឬរហូតដល់កំណត់មួយឆ្នាំក៏បានបើចាំបាច់។
ពន្យារពេលវែង ល្អសម្រាប់ទាំងពីរភាគី
ក្រៅអំពីផ្តល់លទ្ធភាពឱ្យអង់គ្លេសមានពេលវេលាដ៏ចាំបាច់ ហេតុផលដ៏ចំបងរបស់លោក ដូណាល់ ទូស្ក៍ គឺដើម្បីកុំឱ្យអឺរ៉ុបរវល់ខ្វល់ តែកោះគ្នាមកប្រជុំ ស្ទើរជារៀងរាល់សប្តាហ៍ ដើម្បីសម្រេចលើកពេលBrexit ម្តងហើយម្តងទៀត។ ប៉ុន្មានថ្ងៃចុងក្រោយនេះ អឺរ៉ុបធ្លាប់បានវែករកលទ្ធភាពនៃការពន្យារពេលដល់ចុងឆ្នាំនេះ ឬដល់ចុងឆ្នាំ២០២០ផង។
ឯចំណែកអង់គ្លេសក៏ស្វែងរកពន្យារពេលថ្មីដែរ។ បន្ទាប់ពីបានច្រានចោលកិច្ចព្រមព្រៀងBrexit ដែលនាយករដ្ឋមន្ត្រីសម្រេចបានជាមួយអឺរ៉ុប ចំនួនបីលើក កាលពីម្សិលម្ង៉ៃ សភាអង់គ្លេសបានបោះឆ្នោតសម្រេចឱ្យលោកស្រីនាយករដ្ឋមន្ត្រី ទៅសុំលើកពេលBrexit ថ្មីមួយទៀត ដើម្បីបញ្ចៀសគ្រោះបែកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។ តាមក្បួន និងការកំណត់របស់អឺរ៉ុប បើសភាមិនព្រមអនុម័តកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីទេ អង់គ្លេសនឹងត្រូវលែងលះពីអឺរ៉ុប ដោយគ្មានបានអ្វីទាំងអស់ នៅត្រឹមថ្ងៃទី ១២មេសាសប្តាហ៍ខាងមុខនេះ។
ម្យ៉ាងទៀត លោក ដូណាល់ ទូស្ក៍មើលឃើញថា ប្រមុខរដ្ឋាភិបាលអង់គ្លេស បានខ្នះខ្នែងនិងប្តូរក្រលះគោលការណ៍ ១៨០ដឺក្រេ ដោយបត់ងាកមកចរចាជាមួយមួយបក្សប្រឆាំងតែម្តង។ ការចរចា ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ហើយបាននិងកំពុងបន្តធ្វើយ៉ាងប្រញឹក ចូលដល់ថ្ងៃទីបីហើយ។ គេនៅមិនទាន់ដឹងថាលទ្ធផលនឹងវិជ្ជមានប៉ុណ្ណាទេ។ ឮសូរថាបក្សប្រឆាំងចង់បានការបោះឆ្នោតប្រជាមតិបញ្ជាក់អំពីBrexitម្តងទៀត ជាថ្នូរនឹងការគាំទ្រកិច្ចព្រមព្រៀងBrexitផង។
ប៉ុន្តែសំណើពន្យារពេលមួយឆ្នាំរបស់ប្រធានសហភាពអឺរ៉ុបនេះអាចយកជាការបាន ដរាបណាតែបានការអនុម័តព្រមព្រៀងពីសមាជិកទាំង២៧របស់អឺរ៉ុប ដែលគ្រោងនឹងជួបប្រជុំវិសាមញ្ញនៅថ្ងៃទី ១០មេសាខាងសប្តាហ៍ក្រោយនេះ។ សមាជិកខ្លះបានបង្ហាញឆន្ទៈមិនពេញចិត្តទេ ព្រោះមិនចង់ឃើញសំណុំរឿងBrexit នៅអូសបន្លាយ មិនចប់មិនហើយដូច្នេះទេ។
រដ្ឋមន្ត្រីអង់គ្លេស ស្នើ Brexit ត្រឹមថ្ងៃទី ៣០មិថុនា
ប៉ុន្តែរដ្ឋាភិបាលលោកស្រីមេ មានជំហរច្បាស់លាស់តាំងពីដើម និងរហូតទៅ ចង់ចាកចេញពីសហភាពអឺរ៉ុប ឱ្យបានឆាប់រហ័ស។ ជាមួយនឹងការផ្លាស់ជំហរ ងាកទៅចរចាជាមួយបក្សប្រឆាំង លោកស្រីមានជំនឿថា រដ្ឋាភិបាលអង់គ្លេសនឹងអាចបញ្ចុះបញ្ចូលសភា និងអាចទទួលបាននូវការគាំទ្រ ឱ្យបានមុនថ្ងៃទី ១០ មេសា ២០១៩ ថ្ងៃដែលសហភាពអឺរ៉ុបត្រូវប្រជុំគ្នាសម្រេចអំពីជោគវាសនានៃBrexit។
លោកស្រីមេ បានពន្យល់ថាកំពុងស្វែងរកការព្រមព្រៀងមួយដែលអនុញ្ញតឱ្យអង់គ្លេសបានដកខ្លួនចេញពីអឺរ៉ុប ឱ្យបានមុនថ្ងៃទី ២៣មេសា ឆ្នាំ២០១៩ និងដើម្បីអាចលុបកម្មវិធី មិនចូលរួមរៀបចំបោះឆ្នោតសភាអឺរ៉ុប ដូចសមាជិកដទៃ។ ប៉ុន្តែដោយមិនប្រាកដចិត្ត រដ្ឋាភិបាលបន្តត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសភាអឺរ៉ុបដដែល ទើបត្រូវសុំពន្យារពេលBrexit ត្រឹមថ្ងៃទី ៣០មិថុនា ២០១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ