អានតួអត្ថបទ
សហភាពអឺរ៉ុប-ជនភៀសខ្លួន

ជនភៀស​ខ្លួន​៖សហភាព​អឺរ៉ុប និង​ ONU កំពុង​ស្វះស្វែង​រក​ដំណោះ​ស្រាយ

ជាថ្មី​ម្តងទៀត ​លោក​ប្រធាន​គណកម្មការ​អឺរ៉ុប ​និង​លោកស្រី ​អង់ហ្គេឡា មែគែល ​បាន​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​ទាំង​អស់ ​ទទួល​យក​កូតា​ បែងចែក​ចំនួន​ជន​ភៀស​ខ្លួន ​ឲ្យ​ស្មើ​ភាព​គ្នា ​ក្នុង​ចំណោម​ជន​ភៀសខ្លួន ​ទាំង​អស់ ​១៦​ម៉ឺន​នាក់ ​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​អឺរ៉ុប។ ដោយ​ឡែក​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​កំពុងតែ​ជួប​ប្រជុំ ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ ​ស្តីពី​ការ​អនុញ្ញាតិ​ឲ្យ​សហភាព​អឺរ៉ុប​ ចេញ​ប្រតិបត្តិការ​ ចាប់​ឆែកឆេរ​ទូក​ ​រឺ​នាវា​ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ ដែល​គេ​សង្ស័យ​ថា​ជា​ទូក​ឈ្មួញ ​ដឹក​ជន​ភៀស​ខ្លួន។

ក្រុមជនភៀសខ្លូួន បន្តកន្ទុយគ្នា​នៅ​ការិយាល័យ​ចុះ​ឈ្មោះ ក្រុុង Mytilen លើ​កោះ Lesbos ប្រទេសក្រិក ថ្ងៃ​ទី ៨ កញ្ញា ២០១៥
ក្រុមជនភៀសខ្លូួន បន្តកន្ទុយគ្នា​នៅ​ការិយាល័យ​ចុះ​ឈ្មោះ ក្រុុង Mytilen លើ​កោះ Lesbos ប្រទេសក្រិក ថ្ងៃ​ទី ៨ កញ្ញា ២០១៥ REUTERS/Dimitris Michalakis
ផ្សាយពាណិជ្ជកម្ម

ដំណោះ​ស្រាយ​ទាំងពីរ​ផ្នែក ​ផ្នែក​ទីមួយ​ការ​ទទួល​ទំនុកបំរុង​ជន​ភៀសខ្លួន ​ដែល​មកដល់​ ​និង​ផ្នែក​ទី​ពីរ ​​ការ​បោស​សម្អាត​បណ្តាញ​ជួញដូរ​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន ​កំពុងតែ​ត្រូវ​បាន​គិតគូរ ​ពី​សំណាក់​សហភាព​អឺរ៉ុប ​និង​អង្គការ​សហ​ប្រជាជាតិ។

 
លោក ហ្សង់ក្លូដ ជុងកឺ ​ប្រធាន​គណកម្មការ​អឺរ៉ុប ​និង​លោកស្រី ​អង់ហ្គេឡា ​មែគែល​អធិការបតី​អាល្លឺម៉ង់ ​បាន​​អំពាវនាវ ​ម្តង​ហើយ​ម្តងទៀត ​ឲ្យ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ ​នាំគ្នា​សុខចិត្ត​ ទទួល​យក​ការ​បែង​ចែក​កូតា ​ចំនួន​ជន​ភៀស​ខ្លួន ​ដែល​ម្នាក់ៗ​ត្រូវ​ទទួល ​ឲ្យ​ស្មើ​ភាព​គ្នា ​មិនមែន​ទុក​ឲ្យ​បារាំង ​រឺ​អាល្លឺម៉ង់​ ទទួល​តែ​ម្នាក់​ឯង​ទេ។

សូម​បញ្ជាក់​ថា ​ ដោយ​មិន​មាន​កាតព្វកិច្ច​ទទួល​យក​ជន​ភៀស​ខ្លួន​  ​ប្រទេស​សមាជិក​នីមួយៗ ​ធ្វើ​ទៅ​តាម​លទ្ធភាព​ និង​ឆន្ទៈ​របស់​ខ្លួន។ ប៉ុន្តែ​ប្រឈម​មុខ​នឹង​ស្ថានភាព​អាសន្ន ​នៃ​ការ​មក​ដល់​​ របស់​ជន​ភៀស​ខ្លួន​​យ៉ាង​គំហុក ​​ប្រមាណ​ជា​១៦​ម៉ឺន​នាក់ ​ក្នុងខែ​សីហា​កន្លង​ទៅ​នេះ ​ប្រទេសស​មាជិក​អឺរ៉ុប​ទាំង​អស់​ ត្រូវ​តែ​បញ្ចេញ​កាយវិការ​សាមគ្គី ​ជួយគ្នា​ទៅ​វិញ​ទៅមក។ លោក ហ្សង់ក្លូដ ជុងកឺ ​បាន​មាន​ប្រសាសន៍​នៅ​សភាអឺរ៉ុប​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖​ “ពេល​នេះ​ មិនមែន​ជា​ពេល​ដែល​គ្រប់​គ្នា ​ត្រូវ​មាន​ការ​ខ្លាច​រអារ​នោះ​ទេ ​តែ​ជា​ពេល​ ដែល​គ្រប់គ្នា​ត្រូវ​បើកភ្នែក​មើល​ការពិត​ជាក់​ស្តែង ​ហើយ​បង្ហាញ​ពី​សេចក្តី​ក្លាហាន​របស់​ខ្លួន”។

អាល្លឺម៉ង់​ ដែល​ក្នុង​ឆ្នាំ​២០១៥​នេះ ​បាន​ទទួល​ជនភៀស​ខ្លួន ​ដល់​ទៅ​៤៥ម៉ឺន​នាក់ ​បាន​បរិហារ​ថា ​ការបែង​ចែក​កូតា​គ្នា ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ ១៦ម៉ឺន​នាក់ ​គឺ​វា​ស្តួចស្តើង​ណាស់​ទៅ​ហើយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ដែល​អាល្លឺម៉ង់ ​បាន​ទទួល​ក្នុង​ឆ្នាំ​នេះ។ លោក​ ចន ឃែរី ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​ និង​ព្យាយាម​ទទួល​យក​ជន​ភៀសខ្លួន​ស៊ីរី​ ឲ្យបាន​ចន្លោះ​ពី​ ៥ពាន់​ ទៅ ​៨ពាន់​នាក់ ​ពី​នេះ​រហូត​ដល់​ចុង​ឆ្នាំ​២០១៦។

ដោយឡែក ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​កំពុងតែ​ប្រជុំ​ដើម្បី​ចេញ​សេចក្តី​សម្រេចចិត្ត​មួយ ​អនុញ្ញាត​ឲ្យ​កម្លាំង​ចម្រុះ​របស់​សហភាព​អឺរ៉ុប ​ចេញ​ប្រតិបត្តិការ​ឆែកឆេរ​ទូក​ នៅក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ ​ដែល​អាច​ជា​ទូក​របស់​ឈ្មួញ​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន។

ការ​បង្រាប​បណ្តាញ​ឈ្មួញ​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន​ គឺ​ជា​ដំណោះស្រាយ​មួយ ​ដើម្បី​ទប់​ស្កាត់​ការ​មក​ដល់ ​​របស់​ជន​ភៀស​ខ្លួន ​ក៏​ដូច​ជា​បង្ការ​គ្រោះថ្នាក់​លិច​ទូក។ ប៉ុន្តែ​កិច្ចការ​នេះ ​បាន​ជួប​ការ​លំបាក​ ដោយសារ​តែ​កម្លាំង​ចម្រុះ​របស់​សហភាព​អឺរ៉ុប ​មិន​អាច​ចេញ​ប្រតិបត្តិការ ​ត្រួត​ពិនិត្យ ​រឺ​ចាប់​ក្រុម​ជន​ទុច្ចរិត​ នៅ​ក្នុង​ដែនដី ​និង​ដែនទឹក​ របស់​ប្រទេស​លីប៊ី​បាន​ទេ ​បើ​សិន​ជា​រដ្ឋាភិបាល​ប្រទេស​នេះ​ មិន​អនុញ្ញាត។ លីប៊ី​ដែល​កំពុងតែ​ហែកហួរ​ដោយ​វិបត្តិ​នយោបាយ​ ​មិន​អាច​ធ្វើការ​សម្រេច​អ្វី​បាន​ទាំង​អស់។ ដូច្នេះ ​សេចក្តី​សម្រេច​ចិត្ត​ របស់​អង្គការ​សហ​ប្រជាជាតិ ​នឹង​ផ្តល់ភាព​ស្របច្បាប់​ ដល់​កម្លាំង​ចម្រុះ​របស់​អឺរ៉ុប​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​​ នៅ​ក្នុង​ដែនទឹក​អន្តរជាតិ ​ជាប់​នឹង​ដែនទឹក​ របស់​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ