អានតួអត្ថបទ
សហភាព​អឺរ៉ុប

ប្រធានគណៈកម្មការអឺរ៉ុប​អំពាវនាវ​កុំ​ឲ្យ​មាន​ការរើសអើង​សាសនា ទៅលើ​ជនភៀសខ្លួន

ប្រធាន​គណៈកម្មការអឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៩ កញ្ញា ចាប់​ប្រកាស​បែងចែក ជនភៀសខ្លួន ទៅ​ឲ្យ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ នៅ​សភា​អឺរ៉ុប លោក​ហ្សង់ក្លូត ហ៊្សុងគ័រ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែង ស្នើ​សុំ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៨​ប្រទេស ពិចារណា​គ្នា យ៉ាង​យូរ នៅ​សប្តាហ៍ ដើម្បីធ្វើយ៉ាងណា បែងចែក ទទួល​យក​ជនភៀសខ្លួន ប្រមាណ ១សែន ៦ម៉ឺននាក់ ដែល​កំពុង​មាន​វត្តមាន​រួចហើយ ក្នុង​ទឹកដី​អឺរ៉ុប។ 

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ហ្សង់ក្លូត ហ្ស៊ុងគ័រ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ នៅសភា​អឺរ៉ុប​ក្នុង​ទីក្រុង​ស្ត្រាស់ប៊ួរ ប្រទេស​បារាំង ថ្ងៃទី ៩​កញ្ញា ២០១៥
ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ហ្សង់ក្លូត ហ្ស៊ុងគ័រ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ នៅសភា​អឺរ៉ុប​ក្នុង​ទីក្រុង​ស្ត្រាស់ប៊ួរ ប្រទេស​បារាំង ថ្ងៃទី ៩​កញ្ញា ២០១៥ ©REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​អ្នកតំណាងរាស្រ្ត​សភា​អឺរ៉ុប ប្រធាន​គណៈកម្មការអឺរ៉ុប លោក​ហ្សង់ក្លូត ហ្ស៊ុងគ័រ​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប បង្ហាញ​ភាពរឹងមាំ និង​សាមគ្គី​គ្នាឡើង ដើម្បី​ទទួល​ជនភៀសខ្លួន។ តាម​លោក​ហ្ស៊ុងគ័រ សមាជិក​ទាំង ២៨ របស់​សហភាព​អឺរ៉ុប​ត្រូវ​ទទួល​យក​ជនភៀសខ្លួន សរុប ប្រមាណ​១សែន ៦ម៉ឺននាក់។ ពោល​គឺ​បន្ថែម​ពី​លើ​ជនភៀសខ្លួន ៤ម៉ឺន​នាក់ សមាជិក​អឺរ៉ុប​ត្រូវ​ទទួល​ទទួល​ជនភៀសខ្លួន ប្រមាណ ១សែន ២ម៉ឺននាក់​ផ្សេងទៀត ដែល​ពេលនេះ កំពុង​​មាន​វត្តមាន​ក្នុង​ប្រទេស​អ៊ីតាលី ក្រិក និង​ហុងគ្រី។ តាម​គម្រោង អាល្លឺម៉ង់ នាំមុខគេ ដោយ​ទទួល​យក​ជនភៀសខ្លួន ជាង ៣ម៉ឺននាក់ ប្រមាណ ២៦ភាគរយ នៃ​ចំនួន​សរុប បន្ទាប់​មក គឺ​បារាំង ចំនួន ២០ភាគរយ និង​អេស្ប៉ាញ ១២ភាគរយ។ លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គែឡា ម៉ែរគែល​វិញ នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជាក់ ទាមទារ​ជា​ថ្មី ឲ្យ​មានការបែងចែក ជាចាំបាច់ ចំនួន​ជនភៀសខ្លួន នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប។

 
នៅ​សភាអឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប ​អំពាវនាវ​ផងដែរ សុំ​កុំ​ឲ្យ​មាន​ការប្រកាន់ រើសអើង បែងចែក​សាសនា នៅក្នុង​ពេល​ជ្រើសរើស ទទួល​ជនភៀសខ្លួន ដែល​ភាគច្រើន រត់គេច​ចេញ​ពី​សង្រ្គាម និង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម នៅ​តំបន់​ដើមបូព៌ា។ “នៅក្នុង​ករណី​ជនភៀសខ្លួន គេ​មិន​និយាយ ពី​សាសនា ការនិយមជឿ ឬ​ទស្សនៈវិជ្ជា​នោះទេ។ យើង​គ្មាន​បែងចែក​អ្វី​ទាំង​អស់”។ ប្រតិកម្ម​របស់​លោកហ្ស៊ុងគ័រ មានឡើង បន្ទាប់​ពី​សាលាក្រុង មួយចំនួន ក្នុង​ប្រទេស​បារាំង ដែល​ទាំងអស់​សុទ្ធ​តែ​មក​ពី​គណបក្ស​ស្តាំនិយម និង​ជា​គណបក្ស​ប្រឆាំង បាន​ប្រកាស កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ថា ពួកគេ​នឹង​យល់ព្រម​ទទួល​ជនភៀសខ្លួន ណា​ដែល​កាន់​គ្រឹស្ត​សាសនា ​តែប៉ុណ្ណោះ។

ជាក់ស្តែង សេចក្តី​ប្រកាស​របស់​សាលាក្រុង Charvieu Chavagneur​ក្នុង​តំបន់​Isère ​ស្ថិតនៅ​ភាគខាងត្បូង​បារាំង បាន​សរសេរ​ថា គេ​ទទួល​យក​តែ​ជនភៀសខ្លួន ដែល​គោរព​ជឿ​សាសនា​គ្រឹស្ត ព្រោះថា ពួកគេ​ទាំងនោះ មិនចេះ​កាន់កាំភ្លើង​បាញ់​សម្លាប់​អ្នកកាសែត អ្នកដំណើរ​លើ​រថភ្លើង ឬ​មិនចេះ​កាត់ក​ប្រធាន​ក្រុមហ៊ុន។ សារ​របស់​សាលា​ក្រុង​បារាំង ចង់​និយាយ​យោង​ដល់​សកម្មភាព​ភេរវកម្ម កន្លងមក នៅ​ប្រទេស​បារាំង ដែល​ភេរវជន​ទាំងអស់​សុទ្ធ​តែ​ជឿ កាន់​សាសនា​អ៊ីស្លាម។ តំបន់​ Isère ​ស្ថិតនៅ​ប្រមាណ​តែ​១៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​Saint Quentin Fallavier ជាទី​ដែល​Yassin Salhi ជនអ៊ីស្លាម​ជ្រុលនិយម កាត់ក្បាល ចៅហ្វាយក្រុមហ៊ុន​របស់ខ្លួន និង​ដាក់ដោត​ជាមួយ​ទង់​ខ្មៅ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម កាលពី​ខែ​មិថុនា​ឆ្នាំ ២០១៥។

ភ្លាមៗ នាយក​រដ្ឋមន្រ្តី​បារាំង Manuel Valls​បាន​វាយបក ខ្លាំងៗ​វិញថា គេ​មិនជ្រើសរើស ទទួល​យក​ជនភៀសខ្លួន ដោយ​មើល​ទៅលើ​សាសនា​នោះទេ។ សិទ្ធិ​ជ្រកកោណ គឺ​ជា​សិទ្ធិ​មនុស្ស​ជា​សកល។ យើង​ស្តាប់ លោក​Manuel Valls៖ “ជនភៀសខ្លួន យើង​មិន​ត្រូវ​ធ្វើការ​បែងចែក​ថា​មាន​ប្រភព​ចេញមក​ពីណា​ទេ... មិនថា​ជា​អ្នក​កាន់​គ្រិស្តសាសនា អ្នក​កាន់​សាសនា​អ៊ីស្លាម ឬ​ក៏​សាសនា​អ្វីផ្សេងទេ គឺ​យើង​ត្រូវ​តែ​ទទួល​ដោយ​មិនរើសមុខ។ សិទ្ធិ​ជ្រកកោន​នយោបាយ គឺ​ជា​សិទ្ធិ​ជាសកល គឺ​ជា​សិទ្ធិ​ដែល​ចារទុក​នៅ​ក្នុង​មនសិការ​របស់​មនុស្សជាតិ ហើយ​វា​គឺ​ជា​តួនាទី​របស់​យើង​រួមជាមួយ​នឹង​អឺរ៉ុប តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី​ហូឡង់ និង​លោកស្រី​មែរកិល យើង​ត្រូវ​តែ​គោរព​សិទ្ធិជនភៀសខ្លួន។

នៅក្នុង​ស្មារតី សាមគ្គីភាព​ជាមួយ​អាល្លឺម៉ង់ បារាំង នៅ​ថ្ងៃពុធនេះ​ដែរ ជាលើក​ទី ១ ទើប​បាន​ទទួល​ជនភៀសខ្លួន ស៊ីរី និង​អ៊ីរ៉ាក់ ប្រមាណ ៥៤​នាក់ (ក្នុង​ចំណោម ២០០នាក់) ដែល​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទឹកដី អាល្លឺម៉ង់ កាលពី​ថ្ងៃ​អង្គារ។ នៅក្នុង​ដំណើរការ​បែងចែក ជនភៀសខ្លួន បារាំង យល់ព្រម ទទួល​យក​ជនភៀសខ្លួន ប្រមាណ ២ម៉ឺន ៤ពាន់នាក់ សម្រាប់​រយៈពេល ២ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ