អានតួអត្ថបទ
ចិន

ចិនប្រកាសផ្តល់ជំនួយ២ពាន់លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​ក្រីក្រ

ប្រធានាធិបតី លោក ស៊ី ជីន​ពីង ថ្លែងថា ប្រទេស​​ចិន​​នឹង​​ផ្តល់​ជំនួយ​​វិនិ​យោគ​ទុន ​ក្នុង​​​ទឹក​ប្រាក់​២ពាន់​​លាន​​ដុល្លារ​​សហរដ្ឋ​អាមេរិក​ ទៅ​ដល់​​ប្រទេស​​ក្រីក្រ​។ ជាការ​ថ្លែង​របស់​​​ប្រមុខរដ្ឋ​ចិន នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​មហាសន្និបាត របស់​អង្គការ​សហ​ប្រជា​ជាតិ​។ ក្រៅពី​​ប្រកាស​​ផ្តល់​ជំនួយ​​ដល់​​ប្រទេស​​ក្រីក្រ​ លោក ស៊ី ជីន​ពីង ក៏បាន​ប្រកាស​​គាំទ្រ«កិច្ចសហប្រតិបត្តិការ​ត្បូ​ង-ត្បូ​ង»ដែលជា​យុទ្ធសាស្ត្រ​របស់​ចិន នៅ​ប្រទេស​​ភាគច្រើន ក្នុង​ទ្វីបអាហ្វ្រិក​ទៀតផង។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង
លោកប្រធានាធិបតីចិន ស៊ី ជីនពីង REUTERS/Ted S. Warren
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ក្រៅ​ពី​សន្យា​ផ្តល់​ជំនួយ​២ពាន់​លាន​ដុល្លារដល់​ប្រទេស​ក្រីក្រ​​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​ក៏​អះអាង​ដែរថា នឹង​កាត់​បន្ថយ​ ឬ​លុប​ចោល​បំណុល​ចំពោះ​ប្រទេស​ក្រីក្រ​ទាំង​នោះ​ថែម​ទៀតផង។​ ក៏​ប៉ុន្តែ​ប្រទេស​ចិន ​មិន​ទាន់​បញ្ជាក់​ឲ្យ​ជាក់​ច្បាស់​ទេ​ថា លុប​ចោល​ចំនួន​ប៉ុន្មាន និង​ ដល់​ប្រទេស​កូន​បំណុល​ណា​ខ្លះ​នៅឡើយ​ទេ។

សូម​ជម្រាបថា ក្រៅពីប្រកាសផ្តល់ជំនួយដល់ប្រទេសក្រីក្រ លោក ស៊ី ជីនពីង ក៏បាន​ប្រកាស​គាំទ្រ«កិច្ចសហប្រតិបត្តិការត្បូង-ត្បូង» ដែលជាយុទ្ធសាស្ត្ររបស់ចិន នៅ​ប្រទេស​ភាគ​ច្រើន ក្នុងទ្វីបអាហ្វ្រិក។ ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​២របស់​ពិភពលោក​ ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ចិន​បាន​ក្លាយ​ជា​ដៃ​ពាណិជ្ជ​កម្ម​ដ៏​ចម្បង​របស់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​។​ តួយ៉ាង​ដូច​ជា​អាមេរិកឡាទី​ន​និង​តំបន់ Caraïbes ជា​ដើម ដែល​ទី​ក្រុ​ង​ប៉េកាំ​ង​ ​​សន្យា​​ផ្តល់​វិយោគ​ទុន​២៥០ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​។

ការ​ថ្លែងផ្តល់​ជំនួយ​របស់​លោក ស៊ី ជីនពីង នៅ​ពេល​នេះ​ គឺជា​លើកទី១​ហើយដែល​ចិន​ប្រកាស​ចេញ​មុខ​ជួយ​ប្រទេស​ក្រីក្រ ដែល​កន្លង​មក​មហាយក្ស​ចិន ​​ត្រូវ​រង​ការ​រិះ​គន់​របស់​សហរដ្ឋ​​អាមេរិក​និង​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត ថា​ខ្វះ​ការ​ចូលរួម​ជួយ​ជ្រោម​ជ្រែង​ប្រទេស​ដែល​​មិន​សូវ​អភិវឌ្ឍ​​។​

បន្ថែមពីនេះ ប្រទេស​ចិន​ត្រូវ​មតិ​អន្តរជាតិ​មើល​ឃើញថា រាល់​សកម្មភាព​របស់​ចិន​នៅ​ប្រទេស​​ភាគខាង​ត្បួង គឺ​បានមើល​​រំលង​ផ្នែក​មនុស្ស​ធម៌ ហើយ​បែរ​ជា​គិត​គូរតែ​ទៅ​​លើ​ផល​ចំណេ​ញ​​ផ្នែក​សេដ្ឋកិច្ច​ និង​វិស័យយុទ្ធសាស្ត្រ​របស់​ចិនតែប៉ុណ្ណោះ​។​

យ៉ាងណា​ក៏ដោយ​ អង្គការ​ដើម្បី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍ ដែល​មាន​មូល​ដ្ឋាន​នៅ​​រដ្ឋធានី​បារីស៍ បាន​ឲ្យដឹងថា ការ​សន្យា​ផ្តល់​ជំនួយ​វិនិយោគ​ទុន​របស់​ចិន ដល់​ប្រទេស​ក្រីក្រ​​នៅពេល​នេះ គឺ​នៅ​តិច​តួច​ជាង​ប្រទេស​មហាអំណាច​ដទៃទៀត។ ពោល​គឺគ្រាន់តែ​ឆ្នាំ​២០១៣ សហរដ្ឋអាមេរិក​ផ្តល់​ជំនួយជាង​ ​៣០ពាន់​លានដុល្លារអាមេរិក ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ ឬ​ជប៉ុន ប្រទេស​មហា​អំណាច​​​ទាំង​នេះ សុទ្ធតែ​ផ្តល់​ជំនួយ​ច្រើន​ជាង​១១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ