ចិន-អាមេរិកកាន់ដៃគ្នា ធ្វើជាគំរូប្រយុទ្ធប្រឆាំងនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
លោកស៊ីជីនពីង ប្រធានាធិបតីចិន កំពុងបន្តទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នៅថ្ងៃសុក្រទី ២៥កញ្ញានេះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទទួលធ្វើគារកិច្ចសមភាគី នៅសេតវិមាន ក្រោមសំនៀងភ្លេងជាតិ និងការបាញ់កាំភ្លើងធំស្វាគមន៍ចំនួន២១គ្រាប់ ក្នុងងនាមជាភ្ញៀវកិត្តិយសដ៏ខ្ពស់ខ្ពស់ បើទោះបីជាប្រទេសទាំងពីរមានភាពតានតឹងនឹងគ្នាក្នុងសំណុំរឿងជាច្រើនក៏ដោយ។ ប៉ុន្តែ អាមេរិកបានរកឃើញនូវកិច្ចសហប្រតិបត្តិការ មួយជាមួយចិន ក្នុងវិស័យអាកាសធាតុ ដោយប៉េកាំងនឹងប្រកាសបង្កើតកូតាជាតិនៃការបញ្ចេញផ្សែងពុល ចាប់ពីឆ្នាំ២០១៧ទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៦:៤៤
លោកប្រធានាធិបតីអាមេរិក ក្នុងនាមជាម្ចាស់ផ្ទះបានផ្តល់កិត្តិយសគ្រប់យ៉ាង ក្នុងពេលទទួលស្វាគមន៍លោកស៊ីជីនពីង នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក។ លោក អូបាម៉ា នៅពេលជួបលោកស៊ីជីនពីងភ្លាម បានថែមទាំងនិយាយជំរាបសួរ ជាភាសាចិនផង។ មានជំនួប មានការទទួលទានអាហារក្រៅផ្លូវការ ជាមួយឥស្សរជនសំខាន់ៗ តិចគ្នា មានជំនួប មានពិធីស្វាគមន៍ផ្លូវការនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ...
ជាគារវកិច្ចប្រកបដោយភាពកក់ក្តៅ ប៉ុន្តែនៅពីក្រោយភាពស្និទ្ធស្នាលរាក់ទាក់នេះ គឺមានប្រធានបទដ៏ចម្រូងចម្រាសជាច្រើន ដែលកំពូលបុរសរដ្ឋទាំងពីរ ត្រូវលើកមកជជែកគ្នា នៅល្ងាចនេះមានជាអាទិ៍ នយោបាយសេដ្ឋកិច្ចរបស់ចិន ព្រោះសូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីង នៅអាមេរិកនេះធ្លាក់មកជួនចំពេលដែលសេដ្ឋកិច្ចចិនដើរបន្ថយល្បឿន នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងនៅសមុទ្ទចិនខាងត្បូង និងសំណុំរឿងដែលក្តៅគគុក និងទើសទ័លក្នុងចិត្តអាមេរិកខ្លាំងបំផុតគឺ ការវាយប្រហារ និងលួចទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា។
អាមេរិកតែងតែចោទប្រកាន់ក្រុមហ៊ុនចិន ជាញឹកញយដងមកហើយ ថាបានលួចទិន្នន័យ លួចវាយប្រហារតាមអ៊ីនធ័រនែត លើក្រុមហ៊ុនអាមេរិក។ ជាប្រធានបទដ៏រសើបបំផុត រសើបទាំងខាងសេដ្ឋកិច្ច និងនយោបាយ ដែលធ្វើឱ្យអាមេរិកក្រេវក្រោធខ្លាំងក្រៃ។ លោក ស៊ី ជីនពីងពេលនៅរដ្ឋវ៉ាស៊ីនតោនបានបដិសេធ ហើយក្រុមអ្នកការទូតទាំងសងខាងបានខ្សឹបខ្សៀវគ្នាថាចិននិងអាមេរិកបានព្រមព្រៀងគ្នាបើកកិច្ចសហប្រតិបត្តិការ និងចរចាចុះសន្ធិសញ្ញាមិនឈ្លានពានគ្នាតាមអ៊ីនធ័រនែត។
អាកាសធាតុចិនដាក់កូតាបញ្ចេញផ្សេងពុលចាប់ពីឆ្នាំ២០១៧
ជាលទ្ធផលដ៏កម្រដែលមិនស្មានដល់សោះ បើមើលទៅលើបរិយាកាសដ៏អាប់អួរផ្នែកសេដកិច្ចនិងភាពតានតឹងដាក់គ្នារវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរ។ នៅល្ងាចនេះ ប្រធានាធិបតីទាំងពីរនឹងចេញថ្លែងការណ៍រួម ចិន-អាមេរិក ស្តីពីអាកាសធាតុដែលជាចំណែកមួយជួយជំរុញនិងផ្តល់សន្ទុះដល់ការស្វែងរកកិច្ចព្រមព្រៀងពិភពលោក ។
បើតាមអ្នកទទួលខុសត្រូវអាមេរិក ចាប់ពីឆ្នាំ២០១៧ទៅ ចិនគ្រោងនឹងដាក់ឱ្យដំណើរការទីផ្សារកូតាបញ្ចេញឧស្ម័នពុល CO2 ដែលនឹងកំណត់កំរិតបរិមាណនៃការបញ្ចេញ “ផ្សែង” និងដែលជាការលើកទឹកចិត្តឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យឧស្សាហកម្ម។ ការបង្កើតទីផ្សារផ្សែងពុលនេះ គឺជាលទ្ធផលនៃការដកពិសោធន៍ ដែលក្រុមហ៊ុនឧស្សាហកម្មបំពុលបរិយាកាសខ្លាំងបានចាប់ផ្តើមអនុវត្តរួចមកហើយ ក្នុងកំរិតតំបន់ លើវិស័យមួយចំនួនដូចជា រោងចក្រផលិតអគ្គិសនី គីមី និងស៊ីម៉ង់។
ក្នុងជំនួប នៅប៉េកាំង កាលពីខែវិច្ឆិកា២០១៤ លោកអូបាម៉ា និងលោកស៊ីជីនពីង បានប្រកាស ព្រមព្រៀមជាលើកដំបូង សន្យាប្រឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពី ២៦ទៅ ២៨% នៅឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ២០០៥ ឯចិននៅឆ្នាំ២០៣០។ នៅថ្ងៃនេះ ជាលើកទីមួយ ចិនបានផ្តល់កាលបរិច្ឆេទជាផ្លូវការ កំណត់យកឆ្នាំ២០១៧ ជាឆ្នាំចាប់ផ្តើម។
ចិននិងអាមេរិក បានចាប់ដៃគ្នាឆ្លងដំណាក់កាលដ៏សំខាន់មួយក្នុងកាត់បន្ថយការបញ្ចេញផ្សេងបំពុលបរិយាកាស។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រមុខរដ្ឋទាំងពីរនឹងបង្ហាញថាប្រទេសបញ្ចេញផ្សែងពុលទាំងពីរដំបូងគេលើពិភពលោក ដើរតួនាទីច្បាស់លាស់ និងដឹកមុខពិភពលោក ឆ្ពោះទៅរកកិច្ចព្រមព្រៀងជានិរន្តមួយស្តីអំពីអាកាសធាតុ។ ពោលគឺកិច្ចព្រមព្រៀងពិភពលោក កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី ត្រឹម២អង្សារពីពេលនេះដល់ចុងសតវត្សរ៍ ដែលអង្គការសហប្រជាជាតិ សង្ឃឹមថានឹងអាចសម្រេចបាន ក្នុងសន្និសីទអន្តរជាតិក្រុងប៉ារីស ពីថ្ងៃទី ៣០វិច្ឆិកា ដល់ថ្ងៃទី១១ធ្នូខាងមុខ។
សិទ្ធិមនុស្ស និងជំនួបស្ថាបនា
សារព័ត៌មានក្នុងស្រុក ជាច្រើននាំគ្នាអំពាវនាវ ដាក់តឿនប្រធានាធិបតីអូបាម៉ា កុំឱ្យភ្លេចដំឡើងសំឡេងដាក់ចិន ក្នុងបញ្ហាសិទ្ធិមនុស្ស។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានសរសេរនៅក្នុងបទវិចារណកថា ថា លោកស៊ីជីនពីង គឺជាប្រមុខរដ្ឋនៃប្រទេសមិនមែនប្រជាធិបតេយ្យតែមួយគត់ ដែលមានកិត្តិយសទទួលស្វាគមន៍ ជាទស្សនកិច្ចផ្លូវរដ្ឋ របស់រដ្ឋាភិបាលអូបាម៉ា បើទោះបីជាអាមេរិកខំស្រែកប្រឆាំងពីរឆ្នាំមកហើយប្រឆាំងនឹងរបៀបគោរពសិទ្ធិមនុស្សនៅចិន តែថ្នាក់ដឹកនាំប៉េកាំងមិនដែលយកត្រចៀកស្តាប់សោះក៏ដោយ។
បើចិននៅតែដើរក្នុងទិសមិនគោរពសិទ្ធិមនុស្សដដែល តើដល់កំរិតណា ទើបអាមេរិកព្រមចាត់វិធានការ ?! ប៉ុន្តែសម្រាប់លោកស្រី ស៊ូហ្សាន រាយ Susan Rice ទីប្រឹក្សាសន្តិសុខជាតិរបស់លោកអូបាម់ា បានបញ្ជាក់ថាតាំងពីមុនដំណើរមកដល់របស់លោកស៊ីជីនពីងម្ល៉េះថា អាមេរិកដឹងនិងព្រួយបារម្ភជានិច្ច ចំពោះបញ្ហាសិទ្ធិមនុស្សនៅចិន ប៉ុន្តែគេមិនត្រូវរារាំងការស្វែងរកទំនាក់ទំនងល្អ ប្រកបការស្ថាបនាជាមួយចិនទេ ! អាមេរិកហ្មត់ចត់ ដាច់ខាត តែច្រានចោលដាត់ខាតអ្វីដែលនាំឱ្យមានជម្លោះរវាងចិននិងអាមេរិក។
នាឱកាសស្ថិតនៅរដ្ឋវ៉ាស៊ីនតោន លោកស៊ីជីនពីងបានអំពាវនាវរកគំរូទំនាក់ទំនងថ្មីជាមួយអាមេរិក ដែលរំពឹងលើការយោគយល់និងទុកចិត្តលើគ្នាជាងមុន។ ចំណែកលោកប្រធានាធិបតីអាមេរិក អូបាម៉ា បានសន្យាថានឹងពិភាក្សា ដោយស្មោះស ជាមួយសមភាគីចិន រាប់ទាំងប្រធានបទសិទ្ធមនុស្សផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ