អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង លើ​វិសោធនកម្ម​ច្បាប់ បើក​ផ្លូវ​ឲ្យ​មាន​ការ​បែង​ចែង​អាសនៈ​គណបក្សដែល​ត្រូវ​រំលាយ

ដូច​ការ​គ្រោង​ទុក រដ្ឋសភា​ដែល​មាន​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប បាន​អនុម័ត​ទាំង​ស្រុង លើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត និង​វិសោធនកម្ម​ច្បាប់​ចំនួន​បី​ទៀត ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​ ទៅ​ឲ្យ​គណបក្ស​ដទៃ។ កិច្ច​ប្រជុំ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦ តុលា នេះ បាន​ធ្វើ​ឡើង ដោយ​មិន​មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

រដ្ឋសភា​​អនុម័ត​​ទាំង​​ស្រុង លើ​​វិសោធនកម្ម​​ច្បាប់ បើក​​ផ្លូវ​​ឲ្យ​​មាន​​ការ​​បែង​​ចែង​​អាសនៈ​​គណបក្ស​ដែល​​ត្រូវ​​រំលាយ
រដ្ឋសភា​​អនុម័ត​​ទាំង​​ស្រុង លើ​​វិសោធនកម្ម​​ច្បាប់ បើក​​ផ្លូវ​​ឲ្យ​​មាន​​ការ​​បែង​​ចែង​​អាសនៈ​​គណបក្ស​ដែល​​ត្រូវ​​រំលាយ
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​ទៅ រដ្ឋសភា​ដែល​មាន​តែ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប ក្នុង​នោះ​ក៏​មាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង បាន​អនុម័ត​ទាំង​ស្រុង​ហើយ នូវ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​និង​តំណែង​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ។ វិសោធនកម្ម​ច្បាប់​ទាំង​បួន​នោះ រួម​មាន៖ ទី​១.វិសោធនកម្ម​ច្បាប់ ស្តី​ពី ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ទី​២. វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា ទី​៣.វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ទី​៤. វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ សេច​ក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប អនុម័ត​ដោយ​មិន​មាន​ការ​កែ​ប្រែ​ខ្លឹម​សារ​ណា​មួយ​នោះ​ទេ។

យោង​តាម​មាត្រា​១៣៨​ស្ទួន នៃ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​នេះ​បាន​ចែង​ថា “ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិន​បើ​មាន​គណបក្ស​នយោបាយ​ណា​មួយ​ប្រកាស​បោះ​បង់​ចោល​អាសនៈ ឬ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ត្រូវ​រំលាយ ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន និង​តំណាង​រាស្រ្ត​ទាំង​អស់​នៃគណបក្ស​នយោបាយ​នោះ លែង​មាន​សុពលភាព និង​លែង​មាន​គុណ​សម្បត្តិ​ត​ទៅ​ទៀត​ហើយ។ ក្នុង​ករណី​ខាង​​លើ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​ធ្វើ​ការ​បែង​ចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈ​ពេល​យ៉ាង​យូរ​០៧​ថ្ងៃ ទៅ​ឲ្យ​គណបក្ស​នយោបាយ​នានា​ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​រាជធានី ខេត្ត​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះ​បង់​ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ដែល​ត្រូវ​រំលាយ ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ដឹក​នាំ​រាជ​រដ្ឋាភិបាល​នោះ​ទេ។

នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ លោក ជាម យៀប តំណាង​ឲ្យ​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤៩​រូប ដែល​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ បាន​លើក​ឡើង​ថា សេច​ក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គ្មាន​អ្វី​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​បុគ្គល និង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ។ តែ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺ​ធ្វើ​ឡើង​ដោយ​យោង​តាម​ស្ថានភាព​នយោបាយ និង​ការ​បត់​បែន​នយោបាយ​នៅ​កម្ពុជា។ តែ​យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​បាន​រិះ​គន់​កាល​ពី​ចុង​សប្តាហ៍​នេះ​ថា ការ​ប៉ុន​ប៉ង​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​ដែល​សំដៅ​មក​លើ​គណបក្ស​សង្រ្គោះ​ជាតិ​នេះ ​គឺ​ជា​ការ​ប្លន់​យក​ឆន្ទៈ​រាស្រ្ត​ជាង​៣​លាន​នាក់។នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ នៅ​ថ្ងៃ​ទី​១៦ តុលា មិន​មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

ផ្អែក​តាម​ខ្លឹមសារ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​រំលាយ​មែន​នោះ មិន​ត្រឹម​តែ​អាសនៈ​សភា​គណបក្ស​ប្រឆំាង​ទាំង​៥៥​កៅអី​ដែល​ត្រូវ​បែង​ចែក​នោះ​ទេ សូម្បី​តែ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​៥​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស ក៏​នឹង​ត្រូវ​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ដទៃ​ផង​ដែរ។ នេះ​បើ​យោង​តាម​ខ្លឹមសារ​វិសោធនកម្ម​ច្បាប់ ស្តី​ពី ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់ ដែល​ត្រូវ​បាន​អនុម័ត​រួច​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ