សេចក្តីស្នើច្បាប់ចំនួន៤នឹងត្រូវដាក់ប្រជុំជាការប្រញាប់ពេលសភាចូលកងក្នុងសប្តាហ៍នេះ
សេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ត្រូវបានក្រុមអ្នកធ្វើច្បាប់មកពីគណបក្សប្រជាជនកម្ពុជា បញ្ជូនទៅដល់រដ្ឋសភាហើយ នៅពេលនេះ ហើយនឹងត្រៀមដាក់ឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំសម្រេច នៅថ្ងៃទី១២ខែតុលាខាងមុខ។ សេចក្តីស្នើច្បាប់ទាំងនេះ ធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិកំពុងរងបណ្តឹងស្នើសុំរំលាយចោលនៅតុលាការកំពូល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៨
សេចក្តីស្នើច្បាប់ទាំង៤ ដែលនឹងសុំធ្វើវិសោធនកម្ម នៅពេលរដ្ឋសភាចូលកងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ គឺ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបញ្ជាក់ថាលោកទើបតែបានទទួលសេចក្តីស្នើច្បាប់ចំនួន៤នេះ ពីតំណាងរាស្ត្រហត្ថលេខីចំនួន៤៧រូប ហើយកំពុងរៀបចំដាក់ជូនទៅគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី១២តុលាខាងមុខដែរ។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួននេះ គឺយកអាសនៈបស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់ទាំងបួន ខាងលើ។ ការលើកឡើងនេះ ស្របពេលដែលតុលាការកំពូលកំពុងដំណើរការនីតិវិធីទៅលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានស្នើសុំឲ្យតុលាការរំលាយគណបក្សសង្គ្រោះជាតិ តាមសំណើររបស់គណបក្សហ្វុនស៊ីនប៉ិច និងគណបក្សយុវជនកម្ពុជា។
នៅក្នុងសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានបង្ហាញពីគោលបំណងនៃការធ្វើវិសោធនកម្មនេះថា គឺសំដៅសម្រួលច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៥ ឲ្យមានមានសង្គតិភាពជាមួយច្បាប់ស្តីពីគណបក្សនយោបាយនិងវិសោធនកម្មជាបន្តបន្ទាប់ដែលនៅជាធរមាន។ ម្យ៉ាងទៀត ធានាស្ថិរភាពនយោបាយឲ្យនៅស្ថិតស្ថេរយូរអង្វែងនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានផ្តោតទៅលើមាត្រាចំនួន១ គឺមាត្រា១៣៨ ដែលនៅក្នុងសេចក្តីស្នើច្បាប់នេះដាក់ថា មាត្រា១៣៨ស្ទួន។ ខ្លឹមសារនៃមាត្រា១៣៨ស្ទួននេះ ឲ្យដឹងថាក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអាសនៈ ឬត្រូវលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជននិងតំណាងរាស្ត្រទាំងអស់នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។
ខ្លឹមសារនៃមាត្រានេះបន្តថា ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ០៧ថ្ងៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី ខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំដោយរដ្ឋាភិបាលតាមជំហានចំនួន២ ដែលជំហាន២នោះគឺជារូបមន្តនៃការបែងចែកអាសនៈដល់គណបក្សដទៃទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ