អានតួអត្ថបទ
កម្ពុជា

ក្រសួង​សង្គម​កិច្ច​រក​ឃើញ​កន្លែង​ថែ​ទាំ​កុមារ​ជាង​៦០០​កន្លែង​នៅ​ទូទាំង​ប្រទេស

ក្រសួង​សង្គម​កិច្ច​ អតីតយុទ្ធជន និង​យុវនីតិសម្បទា រក​ឃើញ​កន្លែង​ថែ​ទាំ​កុមារ​ជាង​៦០០​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​មាន​កុមារ​ជាង​៣ម៉ឺន​៥​ពាន់​នាក់​ស្នាក់​នៅ​។ នេះ​បើ​តាម​របាយការណ៍​ស្ដី​ពី​ការ​កំណត់​ទីតាំង​កន្លែង​ថែ​ទាំ​កុមារ​ក្នុង​រាជធានី​ខេត្ត​ទាំង​២៥ ដែល​ក្រសួង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្រៅ​ពី​របាយការណ៍ ក្រសួង​សង្គម​កិច្ច​ក៏​បាន​បង្ហាញ​ពី​ផែនការ​ពង្រឹង​ការ​ថែ​ទាំ​កុមារ និង​ផែនការ​សមាហរណកម្ម​កុមារ​​​ពី​មណ្ឌល​ថែ​ទាំ ទៅ​កាន់​គ្រួសារ​វិញ​ផង​ដែរ​។

របាយការណ៍​ស្ដី​ពី​ការ​កំណត់​ទីតាំង​កន្លែង​ថែ​ទាំ​កុមារ​ក្នុង​រាជធានី​ខេត្ត​ទាំង​២៥​របស់​កម្ពុជា ចេញផ្សាយ​ថ្ងៃ​ទី​២០ មេសា ២០១៧
របាយការណ៍​ស្ដី​ពី​ការ​កំណត់​ទីតាំង​កន្លែង​ថែ​ទាំ​កុមារ​ក្នុង​រាជធានី​ខេត្ត​ទាំង​២៥​របស់​កម្ពុជា ចេញផ្សាយ​ថ្ងៃ​ទី​២០ មេសា ២០១៧ ក្រសួង​សង្គម​កិច្ច
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​កន្លែង​ថែ​ទាំ​កុមារ​ចំនួន​៦៣៩​កន្លែង​ដែល​ក្រសួង​សង្គម​កិច្ច​រក​ឃើញ មាន​៤០៦​កន្លែង​ជា​មណ្ឌល​ថែ​ទាំ​កុមារ ២៥​កន្លែង​ជា​ផ្ទះនិង​កន្លែង​ស្នាក់​បណ្ដោះ​អាសន្ន ៧១​កន្លែង​ជា​ផ្ទះ​ស្នាក់នៅ​ជា​ក្រុម ៧២​កន្លែង​ជា​អន្តេវាសិកដ្ឋាន និង​សេស​សល់​ប៉ុន្មាន​ជា​វត្ត​អារាម​និង​អគារ​សាសនា​ដទៃ​ទៀត​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​សម្រាប់​កុមារ​។ នៅ​ក្នុង​កន្លែង​ថែ​ទាំ​កុមារ​ទាំង​ជាង​៦០០​នោះ មានកុមារ​ជាង​៣ម៉ឺន​៥​ពាន់​នាក់​ស្នាក់​នៅ ក្នុង​នោះ​៤៥​ភាគ​រយ​ជា​កុមារី​។ រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ជា​កន្លែង​ប្រមូល​ផ្ដុំ​មណ្ឌល​ថែ​ទាំ​កុមារ​ច្រើន​ជាង​គេ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​មណ្ឌល​ថែ​ទាំ​កុមារ​សរុប​ ខណៈ​ខេត្ត​ត្បូង​ឃ្មុំ​ជា​ខេត្ត​តែ​មួយ​គត់​ដែល​គ្មាន​មណ្ឌល​ថែ​ទាំ​កុមារ​សោះ​។

 

គួរ​ជម្រាប​ជូន​ថា ការ​កំណត់​ទីតាំង​ថែ​ទាំ​កុមារ​នេះ ត្រូវ​បានធ្វើ​ឡើង​ដោយ​ក្រសួង​សង្គម​កិច្ច ដោយ​មានការ​គាំទ្រ​ពីអង្គការ​យូនីសែហ្វ និង​កម្មវិធី​ភាព​ជាដៃ​គូ​សម្រាប់​កិច្ច​ការពារ​កុមារ​។
រដ្ឋ​មន្ដ្រី​ក្រសួង​សង្គម​កិច្ច លោក វង សូត្រ ចាត់ទុក​ការ​កំណត់​ទីតាំង​ថែ​ទាំ​កុមារ​នេះ​ថា ជា​ការ​កសាង​ភស្តុតាង​បញ្ជាក់ពី​ទីតាំង​នៃ​កន្លែង​ថែ​ទាំ​ផ្សេង​ៗ​គ្នា ក៏​ដូច​ជា​ចំនួន​កុមារ​ដែល​កំពុង​រស់​នៅ​កន្លែង​ទាំង​នោះ​ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រសួង​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​គ្រប់​គ្រង​និង​ការ​ត្រួត​ពិនិត្យ​របស់ខ្លួន និង​ដើម្បី​ឈាន​ទៅ​ធ្វើ​សមាហរណកម្ម​កុមារ​ទៅ​ក្នុង​គ្រួសារ​និង​សហគមន៍​វិញ​។

ការ​ធ្វើ​សមាហរណកម្ម​កុមារ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ផែនការ​ពង្រឹង​ការ​ថែ​ទាំ​កុមារ​និង​សមាហរណកម្ម​កុមារ​ចំនួន​៣០​ភាគរយ​ពី​មណ្ឌល​ថែ​ទាំ​ទៅ​កាន់​គ្រួសារ​ប្រកប​ដោយ​សុវត្ថិភាព ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៦​។

សម្រាប់​ប្រធាន​អង្គការ​យូនីសេហ្វ​នៅ​កម្ពុជា លោកស្រី ដេបូរ៉ា កូមីនី ការ​ធ្វើ​សមាហរណកម្ម​កុមារ​ពី​មណ្ឌល​ថែ​ទាំ គឺ ជា​ជំហាន​ឆ្ពោះទៅ​រក​កំណែ​ទម្រង់​ប្រព័ន្ធ​ថែ​ទាំ​កុមារ​របស់​កម្ពុជា ខណៈ​កន្លង​មក​ការ​ស្រាវ​ជ្រាវបង្ហាញ​ថា ការ​រស់​នៅ​ក្នុង​កន្លែង​ថែ​ទាំ​កុមារ អាច​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​ការ​អភិវឌ្ឍ​ផ្នែក​សង្គម ផ្លូវ​កាយ សតិ​បញ្ញា និង​ផ្លូវ​ចិត្ត​របស់​កុមារ ដែល​ប៉ះពាល់​រយៈពេល​វែង​ទៅ​លើ​ជីវិត​ជា​មនុស្ស​ពេញ​វ័យ​របស់​ពួកគេ​នា​ពេល​អនាគត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ