អានតួអត្ថបទ
កម្ពុជា

ធនាគារ ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​រឹង​មាំ​៧,១% ​នៅ​ឆ្នាំ​២០១៧​និង​២០១៨

នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​ម្សិលមិញ ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ADB បាន​គូស​បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០១៧​នេះ។ បើ​តាម​ការ​ព្យាករណ៍​របស់ ADB សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​មុន​បន្តិច ពោល​គឺ​៧,១% សម្រាប់​ឆ្នាំ​២០១៧ និង​២០១៨​។

ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ ដែល​មានអគារ​រីក​ដុះដាល​ដូច​ផ្សិត។
ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ ដែល​មានអគារ​រីក​ដុះដាល​ដូច​ផ្សិត។ រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​របាយការណ៍​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​ឆ្នាំនៃ​ចក្ខុ​វិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) លោក Samiuela Tukuafu នាយក​ប្រចាំ​ប្រទេស​របស់ ADB នៅ​កម្ពុជា បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា បន្ត​មាន​កំណើន​ក្នុង​សន្ទុះ​ដ៏​ខ្លាំង​មួយ ដោយ​សារ​មាន​ការ​ជំរុញ​ពី​ការ​ធ្វើ​ពិពិធកម្ម​ការ​នាំចេញ កំណើន​ខ្ពស់​នៃ​វិស័យ​សំណង់​និង​ទេសចរណ៍ ភាព​អំណោយ​ផល​នៃ​អាកាសធាតុ​ដល់​វិស័យ​កសិកម្ម ក៏​ដូច​ជា​គោលនយោបាយ​សារពើពន្ធ​ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក Tukuafu ដដែល ការ​បន្ត​រក្សា​និរន្តរភាព​កំណើន​សេដ្ឋកិច្ច​ឲ្យ​នៅ​តែខ្ពស់​ប្រកប​ដោយ​បរិយាប័ន្ន និង​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ភាព​ងាយ​រង​គ្រោះ​របស់​ពលរដ្ឋ គឺ​អាស្រ័យ​លើ​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការ​បន្ត​រក្សា​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ខ្លួន តាម​រយៈ​ការ​បង្កើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​។

ជា​ការ​កត់​សម្គាល់ របាយការណ៍​របស់ ADB ដដែល​បាន​ស្រង់​ទិន្នន័យ​របស់​គយ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៧​។ ទិន្នន័យ​របស់​គយ​​បង្ហាញ​ថា ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​កើន​ឡើង​៧,៧​% ខណៈ​ការ​នាំ​ចូល​កើន​ឡើង​៨,១​%។ ចំណែក​ឱនភាព​គណនី​ចរន្ត​សម្រាប់​ឆ្នាំ​នេះ​និង​ឆ្នាំក្រោយ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ថយ​ចុះ​​ពី​១០,៨% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៦​។ យ៉ាង​ណា​ក៏​ដោយ ការ​ព្យាករណ៍​ឱនភាព​គណនី​ចរន្ត​នេះ នៅ​តែ​កើន​ឡើង​បន្តិច លើស​ការ​ព្យាករណ៍​ក្នុង​របាយការណ៍​ទស្សនៈវិស័យ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៧​។

ដោយ​ឡែក អតិផរណា​មាន​អត្រា​ជា​មធ្យម៣​ភាគ​រយនៅ​​ឆ្នាំ​២០១៧ ហើយ​នឹង​កើន​ឡើង​តិច​តួច​ដល់​៣,២​ភាគ​រយ​នៅ​ឆ្នាំ​ក្រោយ​​។ រី​ឯ​ឱនភាព​សារពើពន្ធ​សម្រាប់​ឆ្នាំ​២០១៧ នឹង​មាន​អត្រា​កៀក​ទៅ​នឹង​ចំណុច​ដែល​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ថវិកា ពោល​គឺ​ប្រហាក់ប្រហែល​នឹង​៤,៣%​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។

សូម​ជម្រាប​ជូន​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជាបាន​រក្សា​​អត្រា​កំណើន​៧​% ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៦​។ អត្រា​នេះ​ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ដែល​មាន​អត្រា​៧,១​% និង​៧,៤​% នៅ​ឆ្នាំ​២០១៣​។ នេះ​បើ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ