ធនាគារពិភពលោក៖ កម្ពុជាជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ តែប្រឈមភាពងាយរងគ្រោះ
ធនាគារពិភពលោក (World Bank Group) នៅថ្ងៃទី ១៧ សីហានេះ បានចេញផ្សាយរបាយការណ៍ថ្មី ស្តីពី កំណើនប្រកបដោយស្ថេរភាពនិងបរិយាប័ន្ន ជាតម្រូវការនាពេលខាងមុខសម្រាប់កម្ពុជា។ ជារបាយការណ៍ដែលបង្ហាញពីបញ្ហាប្រឈមនិងឱកាសសម្រាប់ស្ថេរភាព កំណើន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាពីពេលនេះ រហូតដល់១០ឆ្នាំខាងមុខ។ ប៉ុន្តែរបាយការណ៍បានព្រមានថា ពលរដ្ឋកម្ពុជាជាងពាក់កណ្តាល នៅតែងាយរងគ្រោះធ្លាក់ទៅក្នុងភាពក្រីក្រ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៦
សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអត្រា ៧.៦% ពីឆ្នាំ ១៩៩៤ដល់ឆ្នាំ ២០១៥ ដែលកំណើននេះបានធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក គឺមានចំណាត់ថ្នាក់ទី៦ ដែលវាបានជួយកាត់បន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី ៤៧.៨% ក្នុងឆ្នាំ ២០០៧ មកនៅត្រឹម១៣.៥%ក្នុងឆ្នាំ ២០១៤។ ប៉ុន្តែរបាយការណ៍របស់ធនាគារពិភពលោក (World Bank Group) ស្តីពី ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធ ចេញផ្សាយនៅថ្ងៃទី ១៧ សីហានេះ បានព្រមានថា ជាងពាក់កណ្តាលនៃប្រជាជនកម្ពុជា ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប នៅតែប្រឈមនឹងភាពងាយរងគ្រោះ ហើយអាចធ្លាក់ទៅក្រោមបន្ទាត់នៃភាពក្រីក្រវិញ។ នោះបើរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធមិនប្រញ៉ាប់ប្រញ៉ាល់ក្នុងការធ្វើគោលនយោបាយពីពេលនេះ រហូតដល់១០ឆ្នាំខាងមុខ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ជាងពីរទសវត្សរ៍កន្លងមកនេះ ការសម្រេចបានរបស់កម្ពុជាក្នុងកំណើនសេដ្ឋកិច្ច និងការប្រសើរឡើងនៃការរស់នៅរបស់ប្រជាជនខ្លួន គឺជាការដ៏គួរឲ្យកត់សម្គាល់។ ប៉ុន្តែការប្រឈមនានា នឹងកើតមាននាពេលខាងមុខ ដោយសារតែកម្ពុជាមានបំណងប្រាថ្នាចង់បានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងជាងមុន ការបង្កើនផលិតភាពផលិត ការកសាងស្ថាប័នរឹងមាំនិងមានប្រសិទ្ធិភាព និងការពង្រីកឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប”។ លោកស្រីបន្តថា “ក្រុមធនាគារពិភពលោកនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងកាត់បន្ថយភាពក្រីក្រ”។
របាយការណ៍ស្តីពី កំណើនប្រកបដោយស្ថេរភាពនិងបរិយាប័ន្នជាតម្រូវការនាពេលខាងមុខសម្រាប់កម្ពុជា បានរកឃើញថា កម្ពុជាស្ថិតនៅក្នុងលំដាប់ទី១៨០ ក្នុងចំណោមប្រទេស១៨៩ដោយត្រូវចំណាយពេល ៨៧ថ្ងៃ មុននឹងអាចចាប់ផ្តើមអាជីវកម្មណាមួយ។ ហើយសិស្សថ្នាក់ទី៦ ចំនួន ៣៩% មានពិន្ទុទាបចំពោះសមត្ថភាពអានភាសាខ្មែរកម្រិតបឋម និងប្រមាណជា ១ភាគ៣ នៃកុមារកម្ពុជាអាយុក្រោម៥ឆ្នាំ គឺមានជម្ងឺក្រេសក្រិន។ របាយការណ៍ក៏បានរកឃើញដែរថា ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០លើពិភពលោកក្នុងការចំណាយប្រាក់ហោប៉ៅខ្លួនឯង លើផ្នែកសុខភាព ស្មើនឹង៦០% នៃថ្លៃចំណាយសុខភាពសរុប។
ធនាគារពិភពលោកបានព្រមានថា បើកម្ពុជាចង់រក្សាកំណើនប្រកបដោយស្ថេរភាព កម្ពុជាត្រូវផ្តោតខ្ពស់បន្ថែមទៀតលើការអប់រំ និងការប្រកួតប្រជែង ដែលជំរុញការបង្កើតការងារ និងវិនិយោគពីពេលនេះ រហូតដល់១០ឆ្នាំខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ