ចិនកំណត់គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៦ ចន្លោះ ៦,៥% និង ៧%
នៅក្នុងប្រទេសចិន គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបានប្រកាសធានានៅថ្ងៃពុធ ទី៣ កុម្ភៈថា អត្រាកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០១៦ នេះនឹងមានចន្លោះពី ៦,៥% ទៅ ៧%។ នេះជាលើកទី១ ដែលចិនបានកំណត់គោលដៅនៃអត្រាកណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងចន្លោះតួលេខពីរ ពោលមិនបានកំណត់តួលេខតែមួយដូចដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមកទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៥
គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិនៅស្រុកចិន គឺជាទីភ្នាក់ងារដ៏មានអំណាចមួយទទួលបន្ទុកត្រួតពិនិត្យលើនយោបាយសេដ្ឋកិច្ច។ លោកស៊ូ ស្ហាវស្ហ៊ី ប្រធានគណៈកម្មការមួយនេះបានប្រកាសនៅក្នុងសន្និសីទកាសែតថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចចិនកំពុងបន្តផុយស្រួយ និងទទួលគំនាបខ្លាំងនៅត្រីមាសទី១ ដើមឆ្នាំ ២០១៦ នេះក៏ដោយ ក៏ចិននឹងសម្រេចឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាពី ៦,៥% ទៅ ៧% សម្រាប់ឆ្នាំ ២០១៦ នេះ។
នេះជាលើកទី១ គិតតាំងពីឆ្នាំ ១៩៩៥ មកដែលចិនបានកំណត់អត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងចន្លោះតួលេខចំនួនពីរ ពោលមិនមែនតួលេខតែមួយដូចដែលខ្លួនធ្លាប់បានធ្វើកន្លងមកទេ។ មូលហេតុ មកពីចិនមិនចង់ឲ្យមានកំហុសជាថ្មីទាក់ទងនឹងអត្រាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៥ ដែលខ្លួនបានកំណត់ឲ្យមាន ៧% តែជាក់ស្តែងស្រាប់មានត្រឹម ៦,៩% ប៉ុណ្ណោះ។ ៦,៩% គឺជាអត្រាមួយដ៏ទាបគិតក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ។
ក៏ប៉ុន្តែ ក្រុមអ្នកវិភាគបានយល់ឃើញថា មហិច្ឆតាដែលចិនបានកំណត់គោលដៅអត្រាកំណើនសេដ្ឋកិច្ចចន្លោះពី ៦,៥% ទៅ ៧% សម្រាប់ឆ្នាំ ២០១៦ នេះ ជាមហិច្ឆិតាមួយដែលប្រហែលជាមិនអាចទៅរួច បើធៀបនឹងស្ថានការណ៍សេដ្ឋកិច្ចដ៏ផុយស្រួយដែលចិនកំពុងជួបប្រទះសព្វថ្ងៃ។ លោក យ៉ាង ស្ហាវ អ្នកវិភាគម្នាក់នៅក្នុងធនាគារណូមូរ៉ា (Nomura) បានអះអាងថា បើផ្អែកលើកង្វះព័ត៌មានស្តីពីកំណែទម្រង់សេដ្ឋកិច្ចដែលរដ្ឋាភិបាលចិនកំពុងអនុវត្តន៍បច្ចុប្បន្ន អត្រាកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៦ អាចមានត្រឹមតែ ៥,៨% ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកស៊ូ ស្ហាវស្ហ៊ីបានប្រកាសឲ្យដឹងនៅក្នុងសន្និសីទកាសែតថា រដ្ឋាភិបាលនឹងពង្រឹងវិធានការមួយចំនួនដើម្បីជួយជម្រុញវិស័យមួយចំនួនដែលកំពុងទ្រឹងមួយកន្លែង ដូចយ៉ាងវិស័យនាំចេញ ឬមួយក៏ការវិនិយោគអចលនទ្រព្យ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏នឹងផ្តើមចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុន រោងចក្រសហគ្រាសមួយចំនួនដែលលែងផ្តល់ចំណេញឲ្យរដ្ឋ តែបែរជាកំពុងបន្តរស់ដោយជំនួយរបស់រដ្ឋ និងកំពុងជំពាក់បំណុលយ៉ាងច្រើនសម្បើមទៅវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ