អានតួអត្ថបទ

ចិន ៖ ពិភពលោកអាច​នឹង​ជួប​វិបត្តិសេដ្ឋកិច្ចជា​​ថ្មី

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ចិន លោក Yang Jiechi បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ចំពោះ​មុខ​អង្គប្រជុំ​ត្រៀម​រៀប​ចំ​ជំនួបG២០ ថា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​​ថ្មី​មួយ​ទៀត​អាច​នឹង​ផ្ទុះ​ឡើង​បាន​។ ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​ទីផ្សារ​ភាគហ៊ុន​ចិន​កំពុង​ជ្រួល​ប្រចល់​ ដាំក្បាល​ចុះ​អស់​ពេញ​មួយ​សប្តាហ៍​ និង​ដែល​កំពុង​​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ចិន។

លោក​Yang Jiechi ព្រមាន​ពី​ហានិភ័យ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ថ្មីទៀត
លោក​Yang Jiechi ព្រមាន​ពី​ហានិភ័យ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ថ្មីទៀត REUTERS/Maxim Shemetov/Files
ផ្សាយពាណិជ្ជកម្ម

ហានិភ័យ​នៃ​ការធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ (ពិភពលោក) ពិតជា​មិន​អាច​បញ្ចៀស​បាន​ទាំង​ស្រុង​ឡើយ ហើយ​ក៏​មិន​អាច​ធ្វើប្រហែស​បាន​ដែរ ! នេះ​ជា​ការ​អះអាង​របស់​លោក Yang Jiechi ទីប្រឹក្សា​រដ្ឋ​ទទួល​បន្ទុក​នយោបាយការ​បរទេស​ ដែល​បាន​ថ្ងូច​ថ្នូរ​យ៉ាង​ទទូច​ ទៅកាន់​ប្រតិភូសមាជិក​​ក្រុមប្រទេសG២០​ទៀត ថា “​សម័យ​នេះ​ឱកាសក៏​មាន​ច្រើន​តែ​គ្រោះហានិភ័យ​ក៏​មិន​ខ្វះ”។

 

ក្នុង​នាម ​ចិន​ជា​ប្រធាន​ផ្លាស់​វេន​G២០ ​នៅ​ឆ្នាំ​នេះ លោក​ យ៉ង់ ជៀជី បាន​អំពាវនាវ​ឱ្យ​ប្រទេស​និង​អង្គការ​ផ្សេង​ៗ​ពង្រឹង​ការងារ​​ បង្កើនស្មារតី​​ទុក​​ចិត្ត​គ្នាជា​ទូទៅ កាត់​បន្ថយ​វិធានការ​អវិជ្ជមាន​​នៃ​នយោបាយ​ផ្ទៃក្នុង​​ប្រទេស និង​រំលឹក​អំពី​គោលការណ៍​G២០​ប្រឆាំង​ដាច់ខាត​នឹង​នយោបាយ​ការពារប្រយោជន៍​ផ្ទាល់​ខ្លួន។​  ​

ចំណាប់​អារម្មណ៍​របស់​លោក យ៉ង់ ជុំ​វិញគ្រោះ​ជួប​​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ជា​យថាហេតុ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ការ​ចេញ​ផ្សាយ​​របាយការណ៍​មួយ​បញ្ជាក់​អំពី​កំណើន​សេដ្ឋកិច្ច​រួញ​ក្រញាញ់ ដោយ​ការ​នាំ​​ចេញ​ដែល​ជា​ជន្ទល់​​ដ៏​សំខាន់​របស់​ចិន​ មាន​ត្រឹម​តែ​៨%​​នៅ​ឆ្នាំ​២០១៥។ មិន​តែ​ប៉ុណ្ណោះ​ទីផ្សារមូលបត្រ​​ចិន ដែល​ដាំ​ក្បាល​ចុះ​តាំង​ពី​ខែ​កក្កដា​មក បាន​ស្គាល់​ការ​ធ្លាក់​យ៉ាង​គំហុក​ទៀត អស់​ពេញ​មួយ​សប្តាហ៍​នេះ។ ឯប្រាក់​យ័ន​ស្រាប់​តែ​បាត់​តម្លៃ​ក្នុង​មួយ​រំពេច​ភ្នែក ​ព្រោះ​ការសង្ស័យ​លើ​សមត្ថភាព​ប៉េកាំងក្នុង​ការជំរុញ​នយោបាយ​​រក្សា​លំនឹង​សេដ្ឋកិច្ច តាម​រយៈ​ការ​បង្កើន​ចំណាយ​ក្នុង​ស្រុក មាន​កាន់​តែ​ធំ។

បើ​តាម​លោក​យ៉ង់ សេដ្ឋកិច្ច​ចិន​នៅ​តែ​ស្វាហាប់​ មាន​កំណើន​ថេរ​និង​ជា​និរន្ត។ ប៉ុន្តែ​តួលេខ​ជា​ផ្លូវការ​ទាក់ទង​នឹង​​កំណើន​សេដ្ឋកិច្ចប្រចាំ​ឆ្នាំ​២០១៥ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃអង្គារ​ខាង​មុខ ដែល​បើ​តាម​អ្នក​ឯកទេស​ទំនង​ជា​ត្រូវ​ទាប​ខ្លាំង​​មែនទែន មិន​ធ្លាប់​មាន​ទេ​ក្នុង​ជីវិត​​សេដ្ឋកិច្ច​របស់​មហាយក្ស​ នារយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ