កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះក្រោម៧%ជាលើកទី១ចាប់តាំងពីឆ្នាំ២០០៩
តួលេខចេញផ្សាយដោយអាជ្ញាធរចិននៅថ្ងៃចន្ទនេះបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចចិន សម្រាប់ត្រីមាសទី៣ឆ្នាំ២០១៥នេះ បានធ្លាក់ចុះមកនៅត្រឹមតែ ៦,៩% ប៉ុណ្ណោះ។ នេះជាអត្រាមួយខ្ពស់ជាងការរំពឹងទុក ក៏ប៉ុន្តែ វាជាអត្រាកំណើនសេដ្ឋកិច្ចទាបបំផុតដែលចិនមិនធ្លាប់ជួបចាប់តាំងពីឆ្នាំ២០០៩ ហើយការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចចិននេះ មិនត្រឹមតែជាក្តីកង្វល់សម្រាប់ចិនប៉ុណ្ណោះទេ តែជាក្តីកង្វល់សម្រាប់ពិភពលោកទាំងមូល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៥:១៧
កំណើនសេដ្ឋកិច្ច ៦,៩% គឺជាអត្រាមួយខ្ពស់ជាងការរំពឹងទុក ពីព្រោះអ្នកសេដ្ឋកិច្ចភាគច្រើននាំគ្នាព្យាករថា អត្រាកំណើនសេដ្ឋកិច្ចចិនត្រូវធ្លាក់ចុះទាបជាងនេះ ដូចជា ធនាគារអភិវឌ្ឍអាស៊ីបានព្យាករអត្រាកំណើន ៦,៨% ចំណែកអ្នកវិភាគសេដ្ឋកិច្ចខ្លះទៀតព្យាករត្រឹម ៦,៧%។
ក៏ប៉ុន្តែ ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចត្រឹម ៦,៩% គឺជាអត្រាមួយទាប ដែលចិនកម្រនឹងជួប។ លើកចុងក្រោយដែលចិនមានអត្រាកំណើនសេដ្ឋកិច្ចក្រោម ៧% គឺនៅឆ្នាំ២០០៩ ដែលជាឆ្នាំកំពុងមានវិបត្តិសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ។ ដូច្នេះ គេអាចនិយាយបានថា អត្រាកំណើនសេដ្ឋកិច្ចចិននៅពេលនេះកំពុងតែត្រូវធ្លាក់ចុះទាបដល់កម្រិតមួយទាប ប្រហាក់ប្រហែលនឹងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។
ម្យ៉ាងទៀត កំណើនសេដ្ឋកិច្ច ៦,៩% គឺទាបជាងគោលដៅ ៧% ដែលរដ្ឋាភិបាលចិនបានកំណត់។ គេសង្កេតឃើញថា នៅក្នុងរយៈពេល ២ត្រីមាសដំបូងនៃឆ្នាំ២០១៥នេះ ចិនអាចរក្សាអត្រាកំណើនសេដ្ឋកិច្ចបាន ៧% តាមគោលដៅដែលបានកំណត់ ក៏ប៉ុន្តែ ដល់ត្រីមាសទី៣នេះ បើទោះបីជាទាំងរដ្ឋាភិបាល ទាំងធនាគារកណ្តាលចិនខិតខំចាត់វិធានការយ៉ាងច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តែសេដ្ឋកិច្ចនៅតែត្រូវធ្លាក់ចុះទាបជាង ៧%។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកស៊ី ជីនពីង ប្រធានាធិបតីចិនបានលើកឡើងពីក្តីបារម្ភទាក់ទងនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិននៅពេលនេះ។
ជាការពិតថា កំណើនសេដ្ឋកិច្ច ៦,៩% ជាអត្រាមួយខ្ពស់ បើធៀបជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងទៀត តែវាជាអត្រាមួយទាប បើគិតទៅតាមតម្រូវការជាក់ស្តែងរបស់ចិន។
ចិនជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ក៏ប៉ុន្តែ បើនិយាយពីកម្រិតជីវភាពប្រជាជន ចិនមិនទាន់ជាប្រទេសដែលមានកម្រិតអភិវឌ្ឍដូចប្រទេសអភិវឌ្ឍផ្សេងទៀតនៅឡើយទេ។ ដូច្នេះ ចិនត្រូវការកំណើនសេដ្ឋកិច្ចខ្ពស់ជារៀងរាល់ឆ្នាំ ដើម្បីទាញប្រជាជនឲ្យចេញពីភាពក្រី និងជំរុញកម្រិតជីវភាពប្រជាជនឲ្យកើនដល់កម្រិតជាប្រទេសអភិវឌ្ឍ។
ចំណុចដែលធ្វើឲ្យមេដឹកនាំចិនព្រួយបារម្ភខ្លាំង គឺទីផ្សារការងារ។ ចិន គឺជាប្រទេសដែលមានប្រជាជនច្រើន រហូតដល់ទៅជិត ១ពាន់៤រយលាននាក់ ហើយក្នុងមួយឆ្នាំៗ មានយុវជនក្មេងៗច្រើនណាស់ ដែលត្រូវឈានជើងចូលក្នុងទីផ្សារការងារ។ ដូច្នេះ បើសិនជាចិនមិនមានកំណើនសេដ្ឋកិច្ចខ្ពស់ទេ គឺមិនអាចបង្កើតការងារ ដើម្បីស្រូបយកកម្លាំងពលកម្មថ្មីៗនេះអស់ទេ ហើយបើស្រូបយកមិនអស់ទេ គឺវាអាចបង្កើតជាវិបត្តិអ្នកអត់ការងារធ្វើ ហើយរាលដាលទៅជាវិបត្តិសង្គម ដែលអាចនឹងធ្វើឲ្យរង្គោះរង្គើទៅដល់អំណាចរបស់បក្សកុម្មុយនិស្តចិន។ សម្រាប់មេដឹកនាំចិន អត្រាកំណើនសេដ្ឋកិច្ច ៧% គឺជាកម្រិតអប្បបរមា ដែលអាចរក្សាស្ថិរភាពទីផ្សារការងារបាន។
ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន មិនត្រឹមតែជាក្តីបារម្ភរបស់ចិនប៉ុណ្ណោះទេ តែក៏ជាក្តីបារម្ភផងដែរ សម្រាប់ពិភពលោកទាំងមូល ហើយតំបន់ដែលនឹងត្រូវបារម្ភខ្លាំងជាងគេ គឺ អាស៊ី ជាពិសេស ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើការនាំចេញទៅចិន។
គួរបញ្ជាក់ថា ចិនថ្វីដ្បិតជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើការនាំចេញ ក៏ប៉ុន្តែ ក៏ជាទីផ្សារដ៏ធំមួយដែរសម្រាប់ការនាំចូល។ ចិនត្រូវការនាំចូលផលិតផលពាក់កណ្តាលសម្រេច ដើម្បីផលិតជាទំនិញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយតម្រូវការផលិតផលពាក់កណ្តាលសម្រេចនៅចិននេះ គឺជាកម្លាំងចលករដ៏សំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។ នេះនៅមិនទាន់និយាយដល់តម្រូវការទីផ្សារក្នុងស្រុកចិន ដែលជាទីផ្សារដ៏ធំមហិមា មានប្រជាជនរហូតដល់ទៅជិត១ពាន់៤រយលាននាក់។ ហេតុដូច្នេះហើយបានជា នៅពេលនិយាយដល់បញ្ហាសេដ្ឋកិច្ច គេតែងតែនាំគ្នានិយាយថា កាលណាចិនកណ្តាស់ គឺពិភពលោកទាំងមូលដែលត្រូវផ្តាសាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ