អានតួអត្ថបទ
អូស្ត្រាលី-ចិន

អូស្ត្រាលី​គ្រោង​ចង់​ចូល​រួម​ក្នុង​ធនាគារ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី របស់​​ចិន

បន្ទាប់ពី​ប្រទេស​ធំៗ​នៅ​អឺរ៉ុប ដូចជា​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និង​រុស្ស៊ី អូស្ត្រាលី​នៅថ្ងៃ​អាទិត្យ​បាន​ប្រកាស​ពី​គម្រោង​ចង់​ចូលរួម​ដាក់​ទុន ក្នុង​ធនាគារ​វិនិយោគ ហេដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី ដែល​ចិន​ជា​អ្នកផ្តួចផ្តើម​គំនិត​បង្កើត​ឡើង។ 

នាយករដ្ឋមន្រ្តី​អូស្ត្រាលី​ទទួល​ស្វាគម​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង ដែល​ធ្វើ​ទស្សនកិច្ច​នៅ អុូស្រ្តាលី ឆ្នាំ ២០១៤ (រូបបណ្ណសារ)
នាយករដ្ឋមន្រ្តី​អូស្ត្រាលី​ទទួល​ស្វាគម​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង ដែល​ធ្វើ​ទស្សនកិច្ច​នៅ អុូស្រ្តាលី ឆ្នាំ ២០១៤ (រូបបណ្ណសារ) REUTERS /Michael Bowers
ផ្សាយពាណិជ្ជកម្ម

គម្រោង​របស់​ចិន ដែល​ចង់​បង្កើត​ធនាគារ​វិនិយោគ ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី បាន​ទាក់ទាញ​ប្រទេស​ជាច្រើន។ ប្រទេស​ធំៗ​នៅ​អឺរ៉ុប ដូចជា​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ចុងក្រោយ មាន​ប្រទេស​រុស្ស៊ី បាន​ប្រកាស ជា​បន្តបន្ទាប់ ពី​ឆន្ទះ ចង់​ចូលរួម​ជាមួយ​ចិន ការបង្កើត​ធនាគារ​មួយ​សម្រាប់​វិនិយោគ​ទៅលើ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី។ នៅថ្ងៃ​អាទិត្យនេះ ដល់​វេន​ប្រទេស​អូស្ត្រាលី​ដែល​ចង់​ចូល​សហការ ជាមួយ​ចិន ក្នុង​នាម​ជា​ស្ថាបនិក​មួយ​ដែរ​របស់​ធនាគារ វិនិយោគ ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី។

 
នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ចេញផ្សាយ​នៅថ្ងៃ​អាទិត្យនេះ ទីក្រុង​កង់បេរ៉ា បាន​បង្ហាញ​ចេតនា​ចង់​ចរចា​ឲ្យ​បាន​ច្បាស់លាស់ នៅ​មុន​ពេល​ដែល​អូស្ត្រាលី​ត្រូវ​សម្រេច​ចូលរួម​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់​អូស្ត្រាលី នៅ​មាន​បញ្ហា​មួយចំនួន​ដែល​អូស្ត្រាលី​ចង់ដឹង​នោះ គឺ អំណាច​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​ធនាគារ ទៅលើ​ការសម្រេច​ផ្តល់​ទុន​វិនិយោគ។ ហើយ​អ្វី​ដែល​អូស្ត្រាលី​ចង់​បាន​ជាងគេ គឺ​នឹង​គ្មាន​ប្រទេស​ណាមួយ​ដែល​នឹង​មាន​អំណាច ផ្តាច់មុខ គ្រប់គ្រង​ធនាគារ​តែម្នាក់​ឯង​នោះទេ។

អូស្ត្រាលី​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​លក្ខខណ្ឌ​នេះ មុន​នឹង​បោះទុន​វិនិយោគ ក្នុង​នាម​ជា​ស្ថាបនិក​មួយ​ដែរ​របស់​ធនាគារ​ដែល​ចិន​បាន​ផ្តួចផ្តើម​គំនិត​បង្កើតឡើង ជាមួយ​នឹង​ប្រទេស​នៅ​អាស៊ី​ជាង ២០​ទៀត កាលពី​ខែ​តុលា ឆ្នាំ ២០១៤។ តាម​កិច្ច​ព្រមព្រៀង ពិធីការ ទីក្រុង​ប៉េកាំង បាន​យល់ព្រម ត្រៀម​​ចូលហ៊ុន​ពាក់កណ្តាល នៃ​ទុន​សរុប​របស់​ធនាគារ ​ប្រមាណ ៥០ពាន់​លាន​ដុល្លារ។

នៅថ្ងៃ​អាទិត្យ ទីក្រុង​ប៉េកាំង​បាន​ស្វាគម​អូស្ត្រាលី ដែលចង់​ចូលរួម​ជាមួយ​ខ្លួន នៅក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​សេដ្ឋកិច្ច​ចិន អូស្ត្រាលី និង​ដាណឺម៉ាក នឹង​ក្លាយ​ជា​សមាជិក​ស្ថាបនិក​របស់​ធនាគារ ចាប់ពី​ថ្ងៃ​ទី ១២​មេសា​ខាងមុខ។

អូស្ត្រាលី​ជា​សម្ព័ន្ធមិត្ត​មួយ​ទៀត​របស់​អាមេរិក បន្ទាប់ពី​កូរ៉េខាងត្បូង ដែល​បាន​ប្រកាស នៅថ្ងៃ​ព្រហស្បតិ៍ ពី គម្រោង​ចង់​ចូលរួម​ជាមួយ​ធនាគារ​បង្កើត​ឡើង​ដោយ​ចិន។ អាមេរិក ដែល​ជា​ម្ចាស់ ធនាគារ​ពិភពលោក និង​ចូលហ៊ុន​ក្នុង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជាមួយ​ជប៉ុន​បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល សម្ព័ន្ធមិត្ត​របស់ខ្លួន​កុំ​ឲ្យ​ចូលរួម​ជាមួយ​ចិន ក្នុង​ហេតុផល​ថា ចិន តាមរយៈ ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផែនការ​បំផ្លាញ គំរូ​បទដ្ឋាន​អន្តរជាតិ ដែល​ធ្លាប់​មាន​កន្លងមក។ សម្រាប់​អ្នកវិភាគ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ត្រូវ​បាន​ចិន​បង្កើត​ឡើង​ដើម្បី​ប្រជែង ដណ្តើម​ឥទ្ធិពល ពី​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍ​អាស៊ី របស់​​អាមេរិក និង​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ