អានតួអត្ថបទ
ចិន-អឺរ៉ុប

បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អង់គ្លេស​ចង់ចូល​ហ៊ុន​ក្នុង​ធនាគារ​បង្កើត​ដោយ​ប្រទេស​ចិន

ប្រទេស​អឺរ៉ុប​ធំៗ ចំនួន ៤ ក្នុង​នោះ​មាន​បារាំង អង់គ្លេស អ៊ីតាលី និង​អាល្លឺម៉ង់​បាន​ប្រកាស​កាលពីថ្ងៃ​អង្គារ ទី ១៧ មីនា ពី​ចេតនា​របស់ខ្លួន ចង់​ចូល​ហ៊ុន​ក្នុង​ធនាគារ​វិនិយោគ ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ដែល​ផ្តួចផ្តើម​គំនិត​ដោយ​ប្រទេស​ចិន។ កាលពី​ខែ​តុលា​ឆ្នំា​មុន ប្រទេស​ចិន និង​ប្រទេស​ផ្សេងទៀត ចំនួន ២០ ដែល​មក​ពី​អាស៊ី​ និង​ដើមបូព៌ា បាន​ចុះ​កិច្ចព្រមព្រៀង រួមគ្នា ដើម្បី​បង្កើត​ធនាគារ​មានទិសដៅ ដូច​នឹង​ឈ្មោះ របស់​ធនាគារ។ 

ឧបនាយករដ្ឋមន្រ្តី​ចិន លោក​ម៉ា កៃ និង​លោក​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់Wolfgang Schaeuble នៅក្នុង​សន្និសីទ​កាសែត នៅ​ទីក្រុង​ប៊ែរឡាំង ថ្ងៃ​ទី ១៧ មីនា ២០១៥
ឧបនាយករដ្ឋមន្រ្តី​ចិន លោក​ម៉ា កៃ និង​លោក​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់Wolfgang Schaeuble នៅក្នុង​សន្និសីទ​កាសែត នៅ​ទីក្រុង​ប៊ែរឡាំង ថ្ងៃ​ទី ១៧ មីនា ២០១៥ ©REUTERS/Axel Schmidt
ផ្សាយពាណិជ្ជកម្ម

នៅ​តែ​ក្នុង​មួយ​សប្តាហ៍ ប្រទេស​អឺរ៉ុប​ចំនួន ៤ បាន​ប្រកាស​ចង់​ចូលរួម​វិនិយោគ​ជាមួយ​ចិន ក្នុង​វិស័យ​ធនាគារ។ បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​បាន​ដើរតាម​ផ្លូវ​របស់​ប្រទេស​អង់គ្លេស ដែល​បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ពី​គម្រោង​របស់ខ្លួន ចង់​ចូលរួម​នៅក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី ដែល​ចិន និង​ប្រទេស​២០​ផ្សេងទៀត ( ភូមា កម្ពុជា​ឡាវ ​ម៉ាឡស៊ី ​វៀតណាម ​កូវ៉ែត ​ព្រុយណេ ​បង់ក្លាដែស ​នេប៉ាល់ ​អូម៉ង់ ​ប៉ាគីស្ថាន​ ឥណ្ឌា ​ហ្វីលីពីន ​កាហ្សាក់ស្ថាន​​ កាតារ) ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែ​តុលា​ឆ្នាំមុន។ ស្ថាប័ន​ហិរញ្ញវត្ថុ​មួយនេះ ត្រូវ​មាន​ទុន ដំបូង ៥០ពាន់​លាន​ដុល្លារ ដែល​នៅក្នុង​នោះ ចិន​ត្រៀម​ចូលរួម​ចំណែក ៥០​ភាគរយ។

 
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដាច់ ដោយ​ឡែក​ពីគ្នា កាលពី​ថ្ងៃ​អង្គារ ក្រសួង​ហិរញ្ញវត្ថុ​របស់​អ៊ីតាលី និង​អាល្លឺម៉ង់​បាន​ប្រកាស​ថា បារាំង ​អាល្លឺម៉ង់ និង​អ៊ីតាលី​មាន​ចេតនា​ចង់​ចូលរួម​ធ្វើ​ជា​ស្ថាបនិក ដ៏​សំខាន់ នៅក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន។

តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន ទីក្រុង​ប៉េកាំង​ស្វាគម​គ្រប់ ប្រទេស មិនថា ប្រទេស នៅ​ក្រៅ​តំបន់​អាស៊ី ឲ្យ​ចូលរួម​នៅក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន នៅ​បាន​បញ្ជាក់ថា ប្រទេស​ដទៃ ទៀត ដែល​ចង់​ចូលរួម​ដែរនោះ នៅ​មាន​ពេល​រហូត​ដល់​ចុង​ខែ​មីនា ដើម្បី​ដាក់​បេក្ខភាព​របស់ខ្លួន។

ការចូលរួម​កាន់តែ​ច្រើន​របស់​បណ្តា​ប្រទេស​អឺរ៉ុប ទៅក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ ផ្តួចផ្តើម​បង្កើត​ដោយ​ចិន នឹង​អាច​ជា​សញ្ញា​មិន​សូវ​ល្អ​សម្រាប់​សម្ព័ន្ធមិត្ត​អាមេរិក ព្រោះថា ធនាគារ​វិនិយោគ ហេដ្ឋារចនា​សម្ព័ន្ធ អាស៊ី របស់​ចិន នឹង​ក្លាយ​ជា​គូប្រជែង ដ៏​សំខាន់​នឹង​ធនាគារ​ពិភពលោក ដឹកនាំ​ដោយ​អាមេរិក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ចូលហ៊ុន​ដោយ​ជប៉ុន និង​អាមេរិក។

ជប៉ុន និង​អាមេរិក បាន​បដិសេធ​មិន​ចូលរួម​ជាមួយ​ចិន និង​ចាត់ទុក​គម្រោង​បង្កើត​ធនាគារ​របស់​ចិន ថា គ្មាន​ប្រយោជន៍ ព្រោះ​ស្ថាប័ន​ហិរញ្ញវត្ថុ​ប្រភេទនេះ មាន​រួច​ទៅហើយ ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជា​ដើម។ ម្យ៉ាងទៀត ទីក្រុង​វ៉ាស៊ីនតោន​បារម្ភថា ធនាគារ​របស់​ចិន នឹង​ផ្តល់​ប្រាក់កំចី ដោយងាយស្រួល ដោយ​មិន​ខ្វល់ថា ប្រទេស​អ្នកខ្ចីកំពុង​ជួប រំលោភ សិទ្ធិ​មនុស្ស​ទេ។ ទីក្រុង​ប៉េកាំង​វិញ ធ្លាប់​បាន​ប្រកាស ពី​ភាពចាំបាច់​របស់​ធនាគារ​វិនិយោគ ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ព្រោះ​ថា កន្លងមក ដោយសារ​ការដាក់​លក្ខខ័ណ្ឌ​តឹងតែង ពី ម្ចាស់​បំណុល ដូចជា ធនាគារ​ពិភពលោក របស់​អាមេរិក ធនាគារ​អភិវឌ្ឍន៍​អាស៊ី​របស់ជប៉ុន ឬ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​របស់​អឺរ៉ុប ប្រទេស​នៅ​អាស៊ី ជាច្រើន​មិន​បាន​ទទួល​ជំនួយ​សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​ស្រុក៕​

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ