ដូចGoogle ក្រុមហ៊ុនកាន់តែច្រើនប្រកាសដកខ្លួន ឈប់ធ្វើជំនួញជាមួយ Huawei
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៩
ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ទី ២៣ ឧសភា បានជូនដំណឹងជាផ្លូវការ ពីការតវ៉ារបស់ខ្លួន ទៅទីក្រុងវ៉ាស៊ីនតោន នៅក្រោយក្រុមហ៊ុនចិន Huawei ត្រូវចាត់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក។ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសចេញក្រឹត្យហាមមិនឲ្យក្រុមហ៊ុនទូរគមនាគមន៍លក់បច្ចេកវិទ្យាអាមេរិកាំង ទៅឲ្យក្រុមហ៊ុនដែលគ្រោះថ្នាក់ គំរាមកំហែងសន្តិសុខអាមេរិក ក្រុមហ៊ុនបច្ចេកវិទ្យា កាន់តែច្រើន នាំមុខដោយក្រុមហ៊ុនGoogle បានប្រកាសកាត់ផ្តាច់ ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei ដែលជាផ្ទាំងស៊ីបរបស់រដ្ឋបាលលោកដូណាល់ ត្រាំ។ នៅថ្ងៃព្រហស្បតិ៍នេះ Huaweiរងសម្ពាធកាន់តែខ្លាំងបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុនធំៗរបស់អង់គ្លេស និងជប៉ុនដូចជា Panasonic បានប្រកាសផ្អាក ធ្វើជំនួញជាមួយ ក្រុមហ៊ុន Huawei ដោយសារខ្លាចជាប់ទណ្ឌកម្មរបស់អាមេរិក។
នៅពេលដែលចិន និងអាមេរិកកំពុងផ្ទុះសង្រ្គាមពាណិជ្ជកម្មនឹងគ្នា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei វិញ កំពុងរងការដាក់សម្ពាធកាន់តែខ្លាំងឡើង។ បន្ទាប់ពីក្រុមហ៊ុន Google ប្រកាសបិទបញ្ចប់ការសហការជាមួយ Huawei ក្រុមហ៊ុនធំៗ របស់ជប៉ុន និងអង់គ្លេស ក៏នាំគ្នាធ្វើតាមGoogle ដែរ ដោយបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ផ្អាក ធ្វើជំនួញជាមួយ នឹងក្រុមហ៊ុន Huawei។
សេចក្តី ប្រកាសរបស់ក្រុមហ៊ុនPanasonic ដែលទីភ្នាក់ងារព័ត៌មានបារាំង AFP បានទទួល នៅថ្ងៃនេះបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ជប៉ុន Panasonic បានសម្រេច ឈប់ផ្គង់ផ្គង់គ្រឿងបរិក្ខាទៅឲ្យ Huawei ហើយនិងសាខារបស់ក្រុមហ៊ុន Huawei ចំនួន ៦៨ផ្សេងទៀត ដែលជាប់ក្នុងបញ្ជីហាមឃាត់របស់រដ្ឋបាលអាមេរិកាំង។ Panasonic ជាក្រុមហ៊ុនជប៉ុនវិញមែន ប៉ុន្តែ មានគ្រឿងបរិក្ខាជាច្រើន ត្រូវបានក្រុមហ៊ុនផលិតមួយផ្នែក ឬទាំងស្រុងតែម្តង នៅក្នុងទឹកដីអាមេរិក។ តាមក្រុមហ៊ុនPanasonic ក្រុមហ៊ុននៅបន្តធ្វើជំនួញជាមួយ Huawei បើសិនជាគ្រឿងបច្ចេកវិទ្យាដែលខ្លួនលក់ទៅឲ្យ Huawei គ្មានជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក។ ចំណែកក្រុមហ៊ុនជប៉ុន Toshibaវិញ ក៏មានជំហរដូចគ្នាដែរ។ នៅថ្ងៃនេះក្រុមហ៊ុនToshiba បានអះអាងថា ក្រុមហ៊ុននឹងព្យួរជាបណ្តោះអាសន្ន ដំណើរការដឹកជញ្ជូន ចែកចាយទំនិញរបស់ខ្លួន ទៅឲ្យ Huawei ដោយសារថា ក្រុមហ៊ុនត្រូវពិនិត្យដើម្បី ឲ្យច្បាស់ក្នុងចិត្ត ថា នឹងគ្មានមុខទំនិញណាដែលជាប់ក្នុងបញ្ជីហាមឃាត់របស់អាមេរិក។ នៅមុនការដកខ្លួនរបស់ក្រុមហ៊ុនជប៉ុន Panasonic និងToshiba ទៅទៀត ក្រុមហ៊ុនអង់គ្លេស ផលិត បន្ទះឈីប ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយសម្រាប់ការផលិតទូរស័ព្ទHuawei ក៏បានប្រកាសដកឃ្លា ដោះដៃពីក្រុមហ៊ុនHuawei ដែរ។
ដោយពិតទៅ ការសម្រេចរបស់ក្រុមហ៊ុនជប៉ុនPanasonic ហើយនិងToshiba ធ្វើឡើងនៅមួយថ្ងៃក្រោយ ដែលក្រុមហ៊ុនទូរស័ព្ទ ជប៉ុននិងអង់គ្លេស ចំនួន ៤ កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសផ្អាក មិនបញ្ជាទិញទូរស័ព្ទ Huaweiថ្មី បំពាក់ដោយប្រព័ន្ធទំនើប 5G ដែលតាមគម្រោងនឹងត្រូវចេញលក់ នៅខែកក្កដាខាងមុខនេះ។
ក្រឹត្យរបស់លោកដូណាល់ ត្រាំ បានទុក ពេលដល់ទៅ ៩០ថ្ងៃ ឲ្យក្រុមហ៊ុនអាចបន្តធ្វើជំនួញ លក់គ្រឿងបរិក្ខាអេឡិចត្រូនិក ទៅជាមួយ Huawei ដើម្បីកុំឲ្យផលិតកម្មរបស់ Huawei រាំងស្ទះ។ ប៉ុន្តែ ក្រុមហ៊ុនទាំងជប៉ុន និងអង់គ្លេស បានប្រញាប់ចាត់វិធានការ ដកខ្លួន ឃា្លតឆ្ងាយពីHuawei។
ក្រុមហ៊ុនបរទេសនាំគ្នាសម្រេចឈប់រកស៊ីជាមួយ ក្រុមហ៊ុន Huawei នៅពេលនេះ ដោយសារតែគេគិតខ្លាចថា គ្រឿងបរិក្ខាដែលគេផ្គត់ផ្គង់ទៅក្រុមហ៊ុន Huaweiនៅពេលនេះ អាចជាប់ទណ្ឌកម្មក្នុងពេលអនាគត។ អ្វីៗគឺមិនទៀងនោះទេ ជាមួយរដ្ឋបាលលោកដូណាល់ ត្រាំ។ ម្យ៉ាងទៀត ក្រុមហ៊ុនជប៉ុន និង អង់គ្លេសនាំគ្នាឈប់ទិញទូរស័ព្ទ ទំនើបរបស់ Huawei នៅពេលនេះ ដោយសារតែគេមើលឃើញថា អនាគតរបស់ទូរស័ព្ទ Huawei នឹងមិនល្អប្រសើរឡើងទេ ជាពិសេស នៅពេលក្រុមហ៊ុន Huawei ជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិកយ៉ាងដូច្នេះ។
អនាគតមិនច្បាស់លាស់របស់ក្រុមហ៊ុនHuawei
ការប្រកាសដកខ្លួនជាបន្តបន្ទាប់របស់ក្រុមហ៊ុនបរទេសដែលផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកប្រៀបនឹងការវាយសំពង មួយព្រនង់ធ្ងន់ទៅលើក្រុមហ៊ុនចិន Huawei ជាពិសេសនៅពេលក្រុមហ៊ុនកំពុងត្រៀមនឹងបញ្ចេញលក់ទូរស័ព្ទ ទំនើបជាមួយប្រព័ន្ធ 5G នៅប៉ុន្មានខែខាងមុខនេះ។រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនHuawei បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទ ធំទី ២ ក្នុងលោក បន្ទាប់ពី Samsung ក៏ដោយសារតែក្រុមហ៊ុននេះបានទិញគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ច្រើនណាស់ពីបរទេស។ ក្នុងមួយឆ្នាំៗ Huawei បានចំណាយប្រាក់ ៦៧ ពាន់លានដុល្លារដើម្បីទិញគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ពីបរទេស ក្នុងនោះ គឺចំណាយទិញពីក្រុមហ៊ុនអាមេរិកាំងចំនួន ១១ ពាន់លានដុល្លារ នេះបើយោងតាមកាសែតប្រចាំថ្ងៃជប៉ុនឈ្មោះ Nikkei។
គ្មានគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ ពីក្រុមហ៊ុនបរទេស ក្រុមហ៊ុន Huaweiនឹងជួបការលំបាកខ្លាំង ក្នុងផលិតកម្មរបស់ខ្លួន។ តាមអ្នកវិភាគជប៉ុនម្នាក់ នៅពេលដែលក្រុមហ៊ុនបរទេសលែងហ៊ានលក់ផ្គង់ផ្គង់គ្រឿងបច្ចេកវិទ្យា ដោយសារតែខ្លាចទណ្ឌកម្មរបស់អាមេរិក ដំណោះស្រាយរបស់ក្រុមហ៊ុន Huawei មានតែមួយ គឺបង្កើតប្រព័ន្ធ ប្រើប្រាស់ផ្ទាល់ខ្លួន អភិវឌ្ឍ និងផលិត គ្រឿងបរិក្ខា ដោយខ្លួនឯង ដោយមិនចាំបាច់ពឹងអាស្រ័យលើក្រុមហ៊ុនបរទេស។ គេមានជំនឿថា ចិន ដែលអាចពឹងផ្អែក លើទីផ្សារអ្នកប្រើប្រាស់ ក្នុងស្រុក ជាង ១ពាន់លាននាក់ នឹងអាចតស៊ូ រស់ បាន ទោះជាមានការដាក់សម្ពាធពីអាមេរិក គឺមិនដូចក្រុមហ៊ុនផលិតទូរស័ព្ទ ជប៉ុន ដែលត្រូវផ្តួលទាំងស្រុង នៅពេលមានការវាយលុកលុយរបស់ក្រុមហ៊ុនទូរស័ព្ទIphone។
ចិនថា អាមេរិកកំពុងធ្វើបាបក្រុមហ៊ុនឯកជន Huawei
ខណៈពេលដែលក្រុមហ៊ុនធំៗរបស់អាមេរិក ជប៉ុន និងអង់គ្លេស ប្រកាសឈប់ធ្វើជំនួញជាមួយក្រុមហ៊ុនHuawei យ៉ាងដូច្នេះ ទីក្រុងប៉េកាំងតាមរយៈក្រសួងពាណិជ្ជកម្មចិន បានចេញមុខ នៅថ្ងៃនេះ ចោទប្រកាន់អាមេរិកថា កំពុងធ្វើបាបក្រុមហ៊ុនឯកជនរបស់ចិន Huawei។ នៅថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅបាននិយាយបរិហារ អាមេរិកថា កំពុងបំពារបំពានសេដ្ឋកិច្ចដើម្បី រាំងខ្ទប់ ដំណើរការអភិវឌ្ឍន៍របស់ប្រទេសចិន។ លោកបានសន្យាហើយថា ចិននឹងតស៊ូរហូតដល់ដំណាក់កាលចុងក្រោយ និងចាត់វិធានការសមស្របដើម្បីវាយបកវិញ។
អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនវិញបានព្រមានហើយថា ការចរចាដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្មចិននិងអាមេរិកនឹងមិនអាចកើតឡើងជាថ្មីទេ បើសិនអាមេរិកគ្មានជំហរស្មោះត្រង់។ ទីក្រុងប៉េកាំងនៅតែជឿថា នឹងអាចមានការចរចាពាណិជ្ជកម្មថ្មី ជាមួយ អាមេរិក នៅក្រោយមានការចរចាចុងក្រោយ កាលពីថ្ងៃទី ១០ឧសភាកន្លងទៅ។ ប៉ុន្តែ សង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិកកាន់តែធ្លាក់ធ្ងន់ធ្ងរ និងនាំមុខដោយបញ្ហាជុំវិញ ក្រុមហ៊ុន Huawei។ រដ្ឋបាលអាមេរិកបារម្ភខ្លាចថា ក្រុមហ៊ុន Huawei ដែលមានវត្តមាននៅក្នុង ១៧០ប្រទេសលើលោក និងមានបុគ្គលិកជិត ១៩០ ០០០នាក់ ជាចារកិច្ចយកការណ៍ឲ្យក្រុងប៉េកាំង។ ការចោទប្រកាន់ដែលម្ចាស់សាមីខ្លួន ទាល់ចោលទាំងស្រុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ