អ.ស.ប.ចាប់ផ្តើមបេសកកម្មវាយតម្លៃលើលទ្ធភាពនៃការវិលត្រឡប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅភូមា
ក្រុមមន្ត្រីអ.ស.ប.នៅថ្ងៃពុធម្សិលមិញ បានចាប់ផ្តើមបេសកកម្មមួយនៅភូមាតាំងពីថ្ងៃពុធម្សិលមិញ ដើម្បីវាយតម្លៃលក្ខខណ្ឌនៃការវិលត្រឡប់ជាយថាហេតុរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនរាប់រយពាន់នាក់មកកាន់ភូមាវិញ បន្ទាប់ពីបានរត់ភៀសខ្លួនចេញពីប្រទេសខ្លួនកាលពីឆ្នាំមុន-នេះជាការគូសបញ្ជាក់របស់ អ.ស.ប.។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២២
គឺជាលើកទីមួយហើយ ដែល អ.ស.ប. បានទទួលការអនុញ្ញាតពីភូមាកាលពីថ្ងៃសុក្រមុននៅក្នុងការបញ្ជូនក្រុមការងារចំនួន ៤ ដើម្បីចាប់ផ្តើមការងារវាយតម្លៃរបស់ខ្លួននៅថ្ងៃពុធម្សិលមិញ-នេះបើយោងតាមសេចក្តីថ្លែងរបស់លោក Aoife McDonnell អ្នកនាំពាក្យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន (HCR) ប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំងAFP។
ក្រុមការងាររបស់ អ.ស.ប.ត្រូវស្ថិតនៅភូមាចំនួន ២សប្តាហ៍ ក៏ប៉ុន្តែ ពួកគេអាចនឹងចូលទៅកាន់ភូមិចំនួនតែជាង ៣០កន្លែងប៉ុណ្ណោះ នៅរដ្ឋរ៉ាឃីន ក្នុងភាគពាយ័ព្យប្រទេសភូមា ដែលនៅទីនោះ ប្រជាជនរ៉ូហ៊ីងយ៉ា ត្រូវទទួលរងសោកនាដកម្មនិងការកាប់សម្លាប់ឥតត្រាប្រណីពីសំណាក់កងទ័ពភូមា។
ម្យ៉ាងទៀត បេសកកម្មរបស់ អ.ស.ប. នេះ ត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិបថ ដ៏សែនតានតឹងមួយ រវាងភូមានិងអ.ស.ប. ។ ដោយហេតុថា កាលពីខែសីហាកន្លងផុតទៅនេះ ក្រុមអ្នកស៊ើបអង្កេតរបស់អ.ស.ប. បានចោទប្រកាន់កងទ័ពភូមា ថាបាន បង្កប្រល័យពូជសាស្ត្រ ប្រឆាំងទៅលើ ប្រជាជនភាគតិច រ៉ូហ៊ីងយ៉ាដោយបានទាមទារ អោយមានការនាំខ្លួន មេបញ្ជាការកងទ័ពភូមានិងមន្ត្រីយោធាជាន់ខ្ពស់ភូមា ៥ រូបផ្សេងទៀត យកទៅកាត់ទោសនៅមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ហើយ រយៈពេល ២ឬ៣ ថ្ងៃក្រោយមក តុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏បានប្រកាសពីសមត្ថកិច្ចពេញលេញរបស់ខ្លួន នៅ ក្នុងការស៊ើបអង្កេត លើ អំពើឧក្រឹដ្ឋកម្មមួយចំនួនដែលបង្កឡើងដោយក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់ភូមា។
មិនតែប៉ុណ្ណោះ របាយការណ៍របស់ក្រុមអ្នកជំនាញ អ.ស.ប. ក៏បានសំដៅតម្រង់ចំទៅលើរូបលោកស្រី អ៊ុង សានសូជី ដែរ ដែលជាប្រមុខដឹកនាំរដ្ឋាភិបាលស៊ីវីលភូមានិងក៏ជាជ័យលាភីរង្វាន់ណូបែលសន្តិភាពដោយបានលើកឡើងថា លោកស្រី ពុំបានប្រើអំណាចតាមផ្លូវ សីលធម៌ណាមួយ របស់ខ្លួនទេនៅក្នុងការប៉ុនប៉ងបិទបញ្ចប់អំពើព្រៃផ្សៃកាប់សម្លាប់ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។
សូមបញ្ជាក់ថា របាយការណ៍ពេញលេញរបស់ក្រុមអ្នកស៊ើបអង្កេតរបស់ អ.ស.ប. ត្រូវគេរំពឹងទុកនៅថ្ងៃទី១៨កញ្ញាខាងមុខនេះ ហើយនៅពេលនោះ ភូមា ក៏នឹងស្ថិតនៅជាចំណុចស្នូលដ៏សំខាន់មួយនៅនាឱកាសនៃសម័យប្រជុំរបស់ អ.ស.ប នាពេលខាងមុខនេះដែរ៕.
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ