កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ ខណៈលោកត្រាំទទួលបានសំបុត្រពី គីម ជុងអ៊ុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៦
លោកដូណាល់ ត្រាំ បានប្រកាសនៅមុខអ្នកកាសែត កាលពីថ្ងៃសុក្រ ទី៩សីហា ថាលោកបានទទួលសំបុត្រមួយច្បាប់ ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ លោកប្រធានាធិបតីអាមេរិក អះអាងថា សំបុត្រនោះ មានខ្លឹមសារប្រកបដោយភាពសុទិដ្ឋិនិយម ដែលធ្វើឲ្យលោកសប្បាយចិត្តជាខ្លាំង។ តែយ៉ាងណា ប៉ុន្មានម៉ោង ក្រោយការប្រកាសនេះ កូរ៉េខាងជើង បានបាញ់មីស៊ីល២គ្រាប់ទៀត ដែលនេះគឺជាលើកទី៥ហើយ ក្នុងរវាងមិនដល់២សប្តាហ៍ផង។ គួរកត់សំគាល់ផងដែរថា ក្នុងអំឡុងពេលនេះ កងទ័ពកូរ៉េខាងត្បូង និងអាមេរិក កំពុងតែធ្វើសមយុទ្ធយោធារួមគ្នា។
មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់
ក្នុងអំឡុងពេល ដែលកងទ័ពកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពអាមេរិក កូរ៉េខាងជើងឯណោះ ទើបតែបានបាញ់មីស៊ីលចំនួន២គ្រាប់ថ្មីទៀត។ នេះគឺការបាញ់មីស៊ីល លើកទី៥ហើយពិសី ក្នុងរវាង២សប្តាហ៍ចុងក្រោយនេះ។ ការបាញ់លើកទី៥នេះ គឺមានចំនួន២គ្រាប់ ដែលបានធ្វើឡើង នៅវេលាទៀបភ្លឺ ថ្ងៃសៅរ៍ទី១០សីហា បាញ់ចេញពីស្ថានីយ៍Hamhung ភាគខាងជើងឈាងខាងកើត កូរ៉េខាងជើង។
បើតាមអះអាង របស់កងទ័ពកូរ៉េខាងត្បូង ដែលតាមដានស្ថានការណ៍នេះ បានឲ្យដឹងថា គ្រាប់មីស៊ីលទាំង២គ្រាប់ថ្មីនេះ បានហោះបានចំងាយ ប្រមាណជា៤០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។ ដូច្នេះ តាមការប៉ាន់ស្មាន មីស៊ីលទាំងនេះ គឺជាមីស៊ីលរយៈចំងាយខ្លី របស់កូរ៉េខាងជើង។
គិតមកត្រឹមពេលនេះ រដ្ឋាភិបាលអាមេរិក មិនបាននិយាយអ្វីទាំងអស់។ អ្នកកាសែតបារាំង AFP បានព្យាយាមជជីកសួរ ពីប្រតិកម្មរបស់សេតវិមានអាមេរិក តែតំណាងរដ្ឋាភិបាលអាមេរិក បានត្រឹមតែឆ្លើយថា គេកំពុងតាមដានស្ថានការណ៍ ដោយការការសហការយ៉ាងល្អ ជាមួយកូរ៉េខាងត្បូង និងជប៉ុន។
អាមេរិក ហាក់ដូចជាលែងថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
បើតាមការសង្កេត រដ្ឋាភិបាលអាមេរិក ហាក់លែងចង់មានប្រតិកម្មរិះគន់កូរ៉េខាងជើងទៀតហើយ ទាក់ទិននឹងការបាញ់មីស៊ីល ម្តងហើយម្តងទៀតនេះ។ មូលហេតុនោះ គឺថារដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ មានបំណងស្រង់យកតែចំណុចល្អ នៃទំនាក់ទំនងល្អូកល្អឺន រវាងលោកដូណាល់ ត្រាំ នឹងគីមជុងអ៊ុន។
បើតាមការសង្កេត ភាពល្អូនល្អឺន រវាងមេដឹកនាំទាំង២នេះ ត្រូវបានសេតវិមានអាមេរិក ប្រឹងយកមកផ្សាយអំពីជោគជ័យ នៃនយោបាយការបរទេសរបស់ លោកដូណាល់ ត្រាំ ជុំវិញសំណុំរឿងកូរ៉េខាងជើង។ តែការពិតជាក់ស្តែង ដូចភារៈ ឃើញហើយ ថាសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើងនេះ នៅជាប់គាំង នៅមិនទាន់មានអ្វី ដែលគេបានដោះស្រាយទៅមុខឡើយ ហើយកូរ៉េខាងជើង ក៏នៅតែបន្តបាញ់ផ្លោងមីស៊ីលទៀត។
ខុសពីលើកមុនៗ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហាក់លែងធ្វើឲ្យអាមេរិក ក្តៅក្រហាយទៀតហើយ។ ផ្ទុយទៅវិញរដ្ឋាភិបាលលោកត្រាំ អះអាងថា មិនអីទេ មិនមានបញ្ហាចោទទេ។ ជាក់ស្តែង លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក អះអាងថា ការដែលកូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានគ្រាប់ចុងក្រោយនេះ នឹងមិនប៉ះពាល់ ដល់ការចរចា រឿងកម្មវិធីនុយក្លេអ៊ែរទេ។
សំបុត្រផ្អែមល្ហែម របស់គីម ជុងអ៊ុន ផ្ញើទៅលោកដូណាល់ ត្រាំ
ប៉ុន្មានម៉ោង មុននឹងកូរ៉េខាងជើងបាញ់មីស៊ីល កាលពីរសៀលថ្ងៃសុក្រ នៅក្រុងវ៉ាស៊ីនតោនឯណោះ នៅចំពោះមុខអ្នកកាសែត លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានទទួលសំបុត្រមួយច្បាប់ទៀត របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ លោកថា សំបុត្រនោះមានចំនួន៣សន្លឹក ហើយមានខ្លឹមសារ ប្រកបដោយសុទិដ្ឋិយមខ្លាំងណាស់ តាំងពីក្បាលដំបូង រហូតដល់បន្ទាត់ចុងក្រោយ។ លោកដូណាល់ ត្រាំ បានបន្ថែមទៀតថា លោកជឿថា នឹងមានជំនួបកំពូល ជាថ្មីម្តងទៀត រវាងលោក និង គីម ជុងអ៊ុន។
ឆ្លើយតបទៅនឹងសំនួរ ដែលអ្នកកាសែតសួរថា សំបុត្រនោះសរសេរពីអ្វីខ្លះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សំបុត្រនោះ គឺ គីម ជុងអ៊ុន សរសេរប្រាប់ពីមូលហេតុ ដែលកូរ៉េខាងជើង បានសម្រេចចិត្ត បាញ់មីស៊ីលប្រមាណជា៤ដង ក្នុងរវាងប្រមាណ២សប្តាហ៍ចុងក្រោយនេះ។ គីម ជុងអ៊ុនសរសេរថា តាមពិតទៅ កូរ៉េខាងជើងផ្ទាល់ ក៏មិនចង់បាញ់មីស៊ីលដែរ តែខ្លួនគ្មានជំរើសអ្វីផ្សេង ដើម្បីសំដែងការមិនពេញចិត្ត ចំពោះសមយុទ្ធយោធារវាងកងទ័ព អាមេរិក និងកងទ័ពកូរ៉េខាងត្បូងទេ។ សម្រាប់កូរ៉េខាងជើង សមយុទ្ធយោធារួមគ្នា របស់អាមេរិក និងកូរ៉េខាងត្បូង គឺជាការ ហាត់សមប្រុងប្រៀប និងគំរាមចូលទៅវាយកូរ៉េខាងជើង។
លោកដូណាល់ ត្រាំ៖ “ខ្ញុំក៏មិនពេញចិត្តនឹងការធ្វើសមយុទ្ធយោធានេះដែរ!”
ទាក់ទិននឹងការធ្វើសមយុទ្ធយោធា រវាងកងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិក ដែលជាមូលហេតុលើកឡើង ដោយគីម ជុងអ៊ុននេះ លោកដូណាល់ ត្រាំ បានអះអាងថា លោកក៏មិនពេញចិត្ត នឹងសមយុទ្ធយោធានេះដែរ។ លោកត្រាំ ថាមូលហេតុនោះ គឺ លោកមិនចូលចិត្តចំណាយប្រាក់ឥតប្រយោជន៍។ លោកថា សមយុទ្ធយោធានេះ មិនត្រឹមតែចាយលុយច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ តែវាបានចូលរួមបង្កបញ្ហា ឲ្យកាន់តែតានតឹងថែមទៀតផង នៅឯឧបទ្វីបកូរ៉េ។
សម្តីរបស់លោកដូណាល់ ត្រាំ ដែលថា គាត់ក៏មិនពេញចិត្តនឹងសមយុទ្ធយោធានេះដែរ គឺមានន័យថា គាត់គិតដូចគីម ជុងអ៊ុន ហើយការពារហេតុផលរបស់គីម ជុងអ៊ុន ដែលជាមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ហើយដែលជាសត្រូវរបស់សហរដ្ឋអាមេរិក។ វាហាក់ មានន័យថា លោកប្រធានាធិបតីអាមេរិក កំពុងតែកាន់ជើងសត្រូវ ហើយងាកមកខោកក្បាលកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តខ្លួន។ មិនត្រឹមប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ បាននិយាយទៀតថា សមយុទ្ធយោធានេះចំណាយលុយច្រើនណាស់ ហើយគាត់ចង់ឲ្យកូរ៉េខាងត្បូងសងលុយថ្លៃចំណាយនេះ។ គោលជំហរបែបនេះ មិនដែលមានប្រធានាធិបតីអាមេរិកណា ធ្វើទេពីមុនមក។
ស្នៀតស្ទូចត្រីឥតនុយ
លោក Vipin Narang សាស្ត្រាចារ្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (Massachusetts Institute of Technology) បានលើកឡើងថា គីម ជុងអ៊ុន កំពុងតែបោក លោកដូណាល់ ត្រាំប្រើ។ គីម ជុងអ៊ុន ដឹងពីចំណុចខ្សោយ បែបស៊ីជោរ របស់លោកដូណាល់ ត្រាំ។ ហើយជាងនេះទៀត គីម ជុងអ៊ុន ក៏ដឹងថា លោកដូណាល់ ត្រាំ ត្រូវការជោគជ័យខ្លះ ក្នុងវិស័យការបរទេស ដើម្បីយកទៅអួត ប្រមូលយកសម្លេងឆ្នោតសម្រាប់យកឈ្នះអាណត្តិថ្មី។
គីម ជុងអ៊ុន ដឹងថា លោកដូណាល់ ត្រាំ ជាមនុស្សគ្មានគោលការច្បាស់លាស់ទេ ត្រូវស្រលាញ់ៗ ត្រូវស្អប់ៗ។ សម្រាប់ពេលនេះ គ្មាននរណាដឹងទេ ថាកូរ៉េខាងជើង បានផ្អាកកម្មវិធីនុយក្លេអ៊ែរ ពិតមែនឬក៏អត់។ តែយ៉ាងណាក្នុងអំឡុងពេលដដែលនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងតែក្លាយខ្លួនជាមិត្ត របស់លោកប្រធានាធិបតីអាមេរិក។ ទោះកូរ៉េខាងជើងបាញ់មីស៊ីលប៉ុន្មានគ្រាប់ទៀត ក៏ប្រហែលជាលោកដូណាល់ ត្រាំ ថា មិនអីដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ