អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើហេតុអ្វី​​ប្រទេសក្រិក​​ចង់ចេញ​​ពីតំបន់​​អឺរ៉ូ?​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ប្រាក់បំណុល​និង​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ក្រិក​បាន​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​កើតមាន​ក្តីបារម្ភ​យ៉ាងខ្លាំង។​ ជាពិសេស​ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ ​ ហើយនិង​បរាជ័យ​របស់​អ្នក​នយោបាយ​ក្រិក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​មួយ​សម្រាប់​ដឹកនាំ​ប្រទេស។​ នៅ​ចំពោះ​មុខ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​ ​ ហើយនិង​គ្មាន​ទស្សនវិស័យ​វិជ្ជមាន​ ​ អ្នកដឹកនាំ​ក្រិក​ភាគច្រើន​ចង់​ឲ្យ​ប្រទេស​ក្រិក​ដើរចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ​ ​ ដែល​ពួកគេ​យល់ថា​ ​ អាចជា​មធ្យោបាយ​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សេដេ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក។

ធនាគារ​កណ្តាល​ក្រិក​
ធនាគារ​កណ្តាល​ក្រិក​ REUTERS/John Kolesidis
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​អសមត្ថភាព​របស់​អ្នកនយោបាយ​ក្រិក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​មួយ​សម្រាប់​ដឹកនាំ​ប្រទេស​ ​ និង​នៅ​ចំពោះមុខ​កំហឹង​របស់​ប្រជាជន​ក្រិក​ដែលបាន​សម្តែង​ឲ្យ​ដឹង​តាមរយៈ​ការបោះឆ្នោត​សភា​នៅ​ថ្ងៃអាទិត្យ​កន្លងទៅ​ ​ អ្នកដឹកនាំ​គណបក្ស​នយោបាយ​ក្រិក​សំខាន់ៗ​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ គេបាន​ត្រៀម​លក្ខណៈ​ជាស្រេច​នឹង​ធ្វើ​ការចរចា​ឡើងវិញ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​សំខាន់ៗ​ដែល​ជា​ម្ចាស់​បំណុល​របស់​ប្រទេស​ក្រិក​ ​ មាន​ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ ​ ធនាគារ​កណ្តាល​អឺរ៉ុប​ BCE ​ ​ ហើយនិង​ជាមួយ​គណៈកម្មការ​អឺរ៉ុប។

 
តើ​អ្នកដឹកនាំ​ក្រិក​ចរចា​ឡើងវិញ​ពី​បញ្ហា​អ្វី​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ខាងលើនេះ?
បញ្ហា​ដែល​ត្រូវចរចា​ហើយ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រិក​គឺ​បញ្ហា​នយោបាយ​ថវិកា​ត្បិតត្បៀត​ដែល​ដាក់​បង្ខំ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​ក្រិក​អនុវត្ត​ ​ ដែល​អ្នកដឹកនាំ​ក្រិក​ពុំចង់​ឃើញ​ពុំចង់បាន​សោះឡើយ​ ​ ដោយហេតុតែ​នយោបាយ​ត្បតិត្បៀត​នេះហើយ​ដែលបាន​ធ្វើឲ្យ​ប្រជាជន​ក្រិក​បាត់បង់​ប្រាក់ចំណូល​និង​គ្មាន​Pouvoir d’Achat ​ឬ​អំណាចទិញ​គ្រប់គ្រាន់​ ​ អាចនឹង​ធ្វើការ​ចាយវាយ​ទិញដូរ​ហូបចុក។

បើគ្មាន​កំណើន​ទិញដូរ​ហូបចុក​ ​ ធ្វើម្តេច​នឹង​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច?
បើគ្មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ធ្វើម្តេច​នឹង​មាន​លទ្ធភាព​មក​ជួយ​រុញច្រាន​ម៉ាស៊ីន​សេដ្ឋកិច្ច​ឲ្យ​មាន​សកម្មភាព?
បើ​ម៉ាស៊ីន​សេដ្ឋកិច្ច​គ្មាន​​សកម្មភាព​គ្រប់គ្រាន់​ ​ ធ្វើម្តេច​នឹង​មាន​លទ្ធភាព​មក​ជួយ​ដោះស្រាយ​បញ្ហា​ឥត​ការងារ​ធ្វើ?

បញ្ហា​ឥតការងារ​ធ្វើ​នេះហើយ​ ​ ដែលបាន​បណ្តាល​ឲ្យ​យុវជន​និង​ប្រជាជន​ក្រិក​រាប់​លាននាក់​បាន​នាំគ្នា​មក​បោះឆ្នោត​សម្តែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ ​ ដោយបាន​ផ្តល់​សំឡេង​ឆ្នោត​គាំទ្រ​យ៉ាងច្រើន​ឲ្យ​គណបក្ស​នយោបាយ​ស្តាំនិយមជ្រុល​ ​ និង​ឆ្វេងនិយម​ជ្រុល។​ ទាំងនេះ​សុទ្ធសឹង​ជា​​គ្រោះថ្នាក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ស្រឡាញ់​ការពារ​សេរីភាព​និង​យុត្តិធម៌។

ដូច្នេះហើយ​បាន​ជា​​អ្នកដឹកនាំ​ក្រិក​ជាច្រើន​បាន​សម្តែង​ឲ្យដឹងថា​ ​ គេចង់​ឃើញ​ប្រទេស​ក្រិក​ចាកចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ។​ ដោយហេតុថា​៖
-បើ​ប្រទេស​ក្រិក​ចាកចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ​ ទីក្រុង​អាថែន​លែង​ជាប់​ “ចំណង”​ នៃ​ “នយោបាយ​ត្បិតត្បៀត”​ ដែល​ចង​រឹតរួត​ម៉ាស៊ីន​សេដ្ឋកិច្ច​ក្រិក​ទៀតហើតយ។
-ហើយ​អ្នកដឹកនាំ​ក្រិក​អាច​មាន​លទ្ធភាព​នឹង​អនុវត្ត​ “នយោបាយ​កំណើន​សេដ្ឋកិច្ច”។

“នយោបាយ​កំណើន​សេដ្ឋកិច្ច”​ ដែលទាមទារ​ចង់បាន​ដោយ​អ្នកដឹកនាំ​ក្រិក​គឺ​មាន​សេចក្តីថា៖

-រដ្ឋាភិបាល​ក្រិក​លែង​គោរព​ “​អត្រា​ឧនភាព​សាធារណៈ​ឲ្យតិចជាង​៣%​នៃ​ផលិតផលដុល​សរុប”​ ​ទៀតហើយ។​ “​អត្រា​ឧនភាព​សាធារណៈ​ឲ្យតិចជាង​៣%​នៃ​ផលិតផលដុល​សរុប”​ ដែល​ត្រូវតែ​គោរព​ដោយ​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ជា​ដាច់ខាត​ ​ ដើម្បី​ធ្វើឲ្យ​ “ថវិកា​ជាតិ”​ នៃ​ប្រទេស​នីមួយៗ​ជា​សមាជិក​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ មាន​ “តុល្យភាព”។

-ធនាគារ​កណ្តាល​ក្រិក​មាន​សេរីភាព​និង​មាន​លទ្ធភាព​អាចនឹង​បង្កើត​រូបិយបណ្ណជាតិ​ ​ សម្រាប់​ឲ្យ​ប្រជាជន​ក្រិក​ធ្វើការ​ចាយវាយ​ទិញដូរ​ហូបចុក​ក្នុង​ប្រទេស​ ​ ដែលជា​កត្តា​មួយ​ដ៏​សំខាន់​អាច​ធ្វើឲ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​ក្រិក​មាន​សកម្មភាព​និង​ស្គាល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ។​ ម៉ាស៊ីន​សេដ្ឋកិច្ច​ក្រិក​មាន​សកម្មភាព​និង​ស្គាល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​នេះហើយ​ ​ ដែល​យុវជន​និង​ប្រជាពលរដ្ឋ​ក្រិក​កំពុង​តែ​ទន្ទឹង​រង់ចាំ​ចង់បាន។

ក៏ប៉ុន្តែ​ ចៀស​ពុំផុតទេ​ ​ “នយោបាយ​កំណើន​សេដ្ឋកិច្ច”​ ហើយនិង​ ការបង្កើត​ឲ្យ​មាន​រូបិយបណ្ណជាតិ​ដោយ​ធនាគារ​កណ្តាល​ក្រិក​ ច្បាស់ជា​ធ្វើឲ្យ​ប្រទេសក្រិក​ជួបនឹង​បញ្ហា​អតិផរណា​ឬ​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ​ ហើយនិង​បញ្ហា​តម្លៃ​រូបិយបណ្ណក្រិក​ធ្លាក់ចុះ។

មាន​បញ្ហា​អតិផរណា​ឬ​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ​ ហើយនិង​មាន​បញ្ហា​តម្លៃ​រូបិយបណ្ណ​ជាតិ​ធ្លាក់ចុះ​ ​ អាចនាំឲ្យ​ម៉ាស៊ីន​សេដ្ឋកិច្ច​ក្រិក​មាន​សកម្មភាព​និង​មាន​កំណើន​សេដ្ឋកិច្ច​ ​ ដែលជា​ប្រភព​នៃ​ការ​ជួយ​បង្កើត​ការងារ​ជូន​យុវជន​និង​ប្រជាពលរដ្ឋ​ក្រិក​ដែល​កំពុង​តែ​ស្រេកឃ្លាន​ ​ ជាជាង​អនុវត្តន៍​ “នយោបាយ​ថវិកា​ត្បិតត្បៀត”​ ដែល​គ្មាន​កំណើន​សេដ្ឋកិច្ច​ទាល់តែ​សោះ។

ជាក់ស្តែង​ រដ្ឋាភិបាល​ក្រិក​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​មកហើយ​នូវ​ នយោបាយ​ថវិកា​ត្បិតត្បៀត”​ ដែល​ដាក់​បង្ខំ​ឲ្យ​អនុវត្ត​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ជា​ម្ចាស់​បំណុល​របស់​ប្រទេស​ក្រិក​ ​ មាន​ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ ​ ធនាគារ​កណ្តាល​អឺរ៉ុប​ BCE ​ ​ ហើយនិង​គណៈកម្មការ​អឺរ៉ុប។

ក៏ប៉ុន្តែ​ ​ គេ​គ្មាន​បាន​ឃើញ​ហុចចេញ​ជា​ផ្លែផ្កា​ឬ​កំណើន​សេដ្ឋកិច្ច​សោះឡើយ​ ​ ផ្ទុយទៅវិញ​ឃើញមាន​តែ​ដំណើរ​សេដ្ឋកិច្ច​ដើរថយ​ក្រោយ​ ​ ហើយនិង​ការកើនឡើង​នៃ​ចំនួន​អ្នកឥត​ការងារធ្វើ។
 

មូលហេតុ​អស់​ទាំងនេះហើយ​ដែល​ធ្វើឲ្យ​អ្នកដឹកនាំ​ក្រិក​ជាច្រើន​យល់ស្រប​តាម​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ហូឡង់​ ដែល​ជាប់​ឆ្នោតថ្មីៗ​ ​ ដែល​ស្នើឲ្យ​ងាកមក​អនុវត្ត​ ​“នយោបាយ​កំណើន​សេដ្ឋកិច្ច”​ ​ ទោះបីជា​អាច​កើតមាន​បញ្ហា​អតិផរណា​ឬ​បញ្ហា​រូបិយបណ្ណជាតិ​ចុះថ្លៃ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ