នៅប៉ារីស ភេរវកម្មវាយប្រហារដោយកាំបិត ស្លាប់មនុស្សម្នាក់ របួសពីរនាក់
នៅប្រទេសបារាំង មានភេរវកម្មវាយប្រហារដោយកាំបិត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយពីរនាក់ទៀតរងរបួស នាយប់ថ្ងៃសៅរ៍ ទី២ធ្នូ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រហែល ៩ យប់ នៅកណ្តាលរដ្ឋធានីប៉ារីស។ នគរបាលស៊ើបអង្កេតបារាំង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ភេរវជនម្នាក់ដែលចាប់ខ្លួនបាននោះ គឺ ជាមនុស្សមានបញ្ហាផ្លូវចិត្ត និងឈ្លក់ងប់ងុលនឹងសាសនាអ៊ីស្លាមជ្រុលនិយម។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៤
នៅមិនឆ្ងាយប៉ុន្មាន ពីរមណីយដ្ឋានទេសចរណ៍ Tour Eiffel អ្នកទេសចរម្នាក់ ត្រូវស្លាប់ដោយសារតែភេរវជនចាក់នឹងកាំបិត។ ជនរងគ្រោះ ជាយុវជន វ័យ ២៣ ឆ្នាំ មានសញ្ជាតិពីរ អាល្លឺម៉ង់ ហ្វីលីពីន។ រូបគេមកប៉ារីស ក្នុងបំណងដើរលេងជាមួយសង្សារ តែត្រូវបាត់បង់ជីវិត នៅចំពោះមុខគូស្នេហ៍ទៅវិញ។
បើតាមប្រភពពីប៉ូលិសស៊ើបអង្កេតបារាំង គឺ បុរសភេរវជន Armand Rajabpour-Miyandoab ជាមនុស្សងប់នឹងសាសនាអ៊ីស្លាមជ្រុលនិយម ហើយនិងមានបញ្ហាផ្លូវចិត្តផង។ រូបគេក៏បានធ្វើឲ្យរបួស មនុស្សចាស់ ២ នាក់ទៀតដែរ។ ម្នាក់ជាតិអង់គ្លេស អាយុ៦៦ឆ្នាំ និង ម្នាក់ទៀត ជាតិបារាំង អាយុ៦០ឆ្នាំ។
យោងតាមអយ្យការរដ្ឋអាជ្ញាបារាំងប្រឆាំងអំពើភេរកម្ម គឺ ខ្មាន់កាំបិត ជាជនជាតិបារាំងដើមកំណើតអ៊ីរ៉ង់ កើតនៅប៉ារីស ក្នុងឆ្នាំ១៩៩៧។ បុរសបាត់ដៃប្រឡាក់ឈាមនេះ មានជាប់ក្នុងបញ្ជីខ្មៅរបស់នគរបាលបារាំង «Fichier S» ដែលឋិតក្នុងក្រុមនុស្សត្រូវតាមរកចាប់ខ្លួន និងក្រោមការត្រួតពិនិត្យតាមដានរបស់ប៉ូលិស។ រូបគេធ្លាប់បានត្រូវតុលាការបារាំងកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ និងបានដេកគុក ៤ ឆ្នាំរួចហើយ តែត្រូវដោះលែងវិញ នៅឆ្នាំ២០២០។ ក្រោយហេតុការណ៍សម្លាប់មនុស្សនៅយប់ថ្ងៃសៅរ៍ គឺ ខ្មាន់កាំបិតរូបនេះ ក៏ត្រូវនគរបាលចាប់ឃាត់ខ្លួនបានភ្លាមដែរ។
រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gérald Darmanin បានទៅដល់កន្លែងកើតហេតុទាំងយប់ និង ប្រាប់អ្នកកាសែតថា នៅពេលធ្វើសកម្មភាព ជនដៃដល់បានស្រែក អាឡោះ អាក់បារ (ព្រះជាម្ចាស់ ធំ)។ ខ្មាន់កាំបិត ក៏បានសារភាពប្រាប់ប៉ូលិសថា រូបគេមិនចង់ឃើញអ្នកកាន់សាសនាអ៊ីស្លាម ស្លាប់បន្តបន្ទាប់ទៀតទេ ទាំងនៅអាហ្វហ្កានីស្ថាន ក៏ដូចជានៅតំបន់កាហ្កា។ បើតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំងដដែល ខ្មាន់កាំបិត ជាអ្នកគាំទ្រជនជាតិប៉ាឡេស្ទីន ដែលកំពុងមានសង្គ្រាមជាមួយអ៊ីស្រាអែល ហើយ ខ្មាន់កាំបិត ក៏បានចោទរដ្ឋបារាំង ថាគាំទ្រកាន់ជើងខាងអ៊ីស្រាអែល។
ព្រឹត្តិការណ៍ភេរវកម្មនេះ បានធ្វើឲ្យរដ្ឋាភិបាលបារាំងពង្រឹងសន្តិសុខបន្ថែម ហើយអ្នកនយោបាយបារាំង តាំងពីប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានសភា និងថ្នាក់ដឹកនាំនយោបាយបក្សផ្សេងៗគ្នា ដែលមាននិន្នាការប្រឆាំងក្តី បានចូលរួមរំលែកទុក្ខដល់គ្រួសារសពនិងជនរងគ្រោះ ហើយក៏នាំគ្នាពោលពាក្យកោតសរសើរដល់ក្រុមប៉ូលិសបារាំងដែលក្លាហាន និងបានប្រតិបត្តិការចាប់ខ្លួនជនដៃដល់បានភ្លាមៗ ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ