អានតួអត្ថបទ

បារាំងចាប់ខ្លួន​មនុស្ស​១១នាក់ ដែល​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​​ភេរវកម្មសម្លាប់​គ្រូ​បង្រៀន​

រសៀលថ្ងៃអាទិត្យ ទី​១៨តុលា ពលរដ្ឋ​បារាំងជាច្រើននាក់ ​នឹង​ធ្វើ​ពិធី​ដង្ហែ​ក្បួន​ នៅកណ្តាល​ក្រុង​ប៉ារីស ដើម្បី​សម្តែង​មតិ​គាំទ្រ​គ្រូបង្រៀន​ និងដើម្បី​​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​នៃ​សព​គ្រូបង្រៀនមួយរូប​ ដែល​ត្រូវ​យុវជនម្នាក់ សម្លាប់ ដោយ​កាត់ ក កាលពីយប់​ថ្ងៃ​សុក្រ។ ពីថ្ងៃសៅរ៍ ​ប្រជាជនបារាំង ក៏​បាន​រួមគ្នា​សម្តែង​សាមគ្គីភាព​ចំពោះ​គ្រូបង្រៀន និងបាន​​ដាក់​កម្រងផ្កា នៅតាម​សាលា​រៀន​នៃ​បណ្តា​ខេត្ត​ធំៗដែរ​។ ជុំវិញការ​ស៊ើបអង្កេតវិញ​ គឺ​ប៉ូលីសបារាំង​បាន​ចាប់ខ្លួន​មនុស្ស​១១នាក់​ហើយ ។​

«Je suis Samuel ខ្ញុំ​គឺ​ សាមុអែល» ឬ «ខ្ញុំ​ជា​គ្រូបង្រៀន Je suis enseignant» ជាបដាដែល​គេសរសេរ​ឧទ្ទិស​ជូន​លោកគ្រូ Samuel Paty។
«Je suis Samuel ខ្ញុំ​គឺ​ សាមុអែល» ឬ «ខ្ញុំ​ជា​គ្រូបង្រៀន Je suis enseignant» ជាបដាដែល​គេសរសេរ​ឧទ្ទិស​ជូន​លោកគ្រូ Samuel Paty។ © សហការី
ផ្សាយពាណិជ្ជកម្ម

«Je suis Samuel ខ្ញុំ​គឺ​ សាមុអែល» ឬ «ខ្ញុំ​ជា​គ្រូបង្រៀន Je suis enseignant» ជាបដាដែល​គេសរសេរ​ឧទ្ទិស​ជូន​លោកគ្រូ Samuel Paty។ នៅ​ជាយក្រុងប៉ារីស គ្រូបង្រៀន​ កូនសិស្ស មាតាបិតាសិស្ស និង​មហាជន​ទូទៅ ច្រើន​កុះករ​ បាន​ចូលរួម​រំលែក​ទុក្ខ នាំគ្នាទៅ​ដាក់​កម្រងផ្កា នៅ​វិទ្យាល័យ​​ភាគខាងលិចក្រុងប៉ារីស ជាទីដែល​ជន​រងគ្រោះ បង្រៀន។

រដ្ឋាភិបាលបារាំង​​ ក៏​នឹងរៀបចំពី​បុណ្យ​កាន់ទុក្ខ​ថ្នាក់​ជាតិ ជាផ្លូវការ នៅថ្ងៃពុធ ហើយ​និង​ធ្វើ​ពង្រាង​ច្បាប់​ថ្មី ឆ្លើយតប​ឱ្យ​តឹងតែង ចំពោះ​ពួកជន​ដែលកាន់​សាសនា​ជ្រុល​និយម និង​ចង់​ផ្តាច់​ខ្លួន​។ នៅពេល​នេះ មជ្ឈដ្ឋាន​អ្នក​នយោបាយ​បារាំង ស្ទើរតែគ្រប់​ភាគី សុទ្ធតែ​​ថ្កោលទោស​អំពើ​ឃាតកម្ម​ដ៏ឃោរឃៅ លើ​គ្រូ​បង្រៀន​ Samuel Paty ​។

ពាក់ព័ន្ធ​នឹង​ដំណើរការ​ស៊ើប​អង្កេតវិញ​ នគរបាល​បាន​ចាប់​ឃាត់​ខ្លួន​ ក្រុម​មនុស្ស​សង្ស័យ​ ចំនួន​១១នាក់ គិតត្រឹមព្រឹក​ថ្ងៃអាទិត្យ​ ក្នុងនោះ មាន​ឪពុក​ម្តាយនិងសាច់ញាតិជិតឆ្ងាយ​របស់​ជន​ដៃដល់ ហើយ​ក៏​មាន​ដែរ ឪពុកម្តាយ​​របស់កូន​សិស្សស្រី​​ម្នាក់ ដែ​លបាន​ទៅ​ប្តឹង​នៅសាលា​រៀន។ ឪពុកកូនសិស្ស​នេះ បាន​​ផុស​​វីដេអូអំពាវនាវតាម​ហ្វេសបុក ឱ្យ​នាំ​ថ្កោលទោសនិង​ប្រឆាំងនឹង​​​លោកគ្រូបង្រៀន​ នា​​ប៉ុន្មានថ្ងៃ​មុនកើត​ហេតុ​។ បុគ្គលនេះ ​មានបងប្អូន​​ស្រីម្នាក់​​ បាន​ទៅចូល​រួម ​ជាមួយ​ពួក​ភេរវជន​ជីហាត នៃក្រុមអង្គការ​រដ្ឋអ៊ីស្លាម នៅប្រទេស​ស៊ីរី ក្នុង​ឆ្នាំ​២០១៤ ហើយ​នាង​គឺ​កំពុងតែ​ឋិត​ក្នុងបញ្ជី​​ស្វែង​រក​ចាប់ខ្លួន​របស់​ប៉ូលីស​បារាំង​។ នេះបើតាមរដ្ឋអាជ្ញា​ប្រឆាំង​ភេរវកម្ម Jean-François Ricard ​ ​ក្នុង​សន្នីសីទ​សារព័ត៌មាន ពីថ្ងៃសៅរ៍ ទី​១៧តុលា។​

រដ្ឋអាជ្ញា​ប្រឆាំង​ភេរវកម្ម ក៏បាន​ទម្លាយពី​​អត្តសញ្ញាណ​ជន​ដៃដល់ ដែល​សម្លាប់​កាត់កគ្រូបង្រៀន ថា​​គេ​មាន​ឈ្មោះថា Abdoullakh Abouyezidovitch Anzorov ជា​ជន​ភៀសខ្លួន សុំ​សិទ្ធជ្រកកោននៅបារាំង តាំងពីក្មេងអាយុ៦ឆ្នាំម្ល៉េះ​ ជាមួយ​ ឪពុកម្តាយ ​ជាជនជាតិ​ឆេឆេនី​។ គេ​កើតឆ្នាំ២០០២​ នៅ​ក្រុង​ម៉ូស្កូ។

លោក Sergueï Parinov អ្នក​នាំពាក្យស្ថានទូត​រុស្ស៊ីប្រចាំក្រុង​ប៉ារីស ប្រកាសថា ឃាតកម្ម​​នេះ គ្មានពាក់ព័ន្ធ​នឹង​រដ្ឋបាល​ក្រុង​ម៉ូស្កូឡើយ​ ហើយ ​រុស្ស៊ី​ ថ្កោលទោស​ដាច់​ណាត់ ចំពោះ​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ