អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​កាន់ទុក្ខថ្នាក់ជាតិ​ ក្រោយ​ភេរវកម្ម ​សម្លាប់កាត់​ ក ​គ្រូ​បង្រៀន​ម្នាក់​ នៅ​​ប៉ា​រីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​បារាំង គ្រូបង្រៀន​មួយរូប ត្រូវ​យុវជន​វ័យ​១៨ឆ្នាំម្នាក់​ សម្លាប់​កាត់ ក នៅ​ជាយ​ក្រុង​ប៉ារីស នៅ​​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦តុលា។ ប្រធានាធិបតីបារាំង និងរដ្ឋមន្ត្រីជាច្រើននា​​ក់ បាន​ធ្វើ​ដំណើរទាំង​យប់ ​ទៅ​កាន់​កន្លែងកើត​ហេតុ។ ប្រមុខរដ្ឋបារាំង ម៉ាក្រុង បាន​ចាត់ទុក​អំពើ​ឧក្រិដ្ឋកម្ម​នេះ ថា​ជា​ «ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម»។ ភ្លាមៗ​ក្រោយ​កើតហេតុ  ក្រុម​នគរបាល​ព្រហ្មទណ្ឌ និង​អយ្យការ​ខាង​ប្រឆាំងអំពើ​ភេរវកម្ម បានស្រាវជ្រាវ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ យ៉ាងហោច​៩នាក់ ដែល​គេសង្ស័យ​ថា មាន​ជាប់​ពាក់ព័​ន្ធ​នឹង​ទង្វើសហាវឃោរឃៅនេះ។

គ្រូបង្រៀនបារាំងមួយរូប ត្រូវយុវជនម្នាក់ សម្លាប់កាត់ ក នៅជាយក្រុងប៉ារីស នៅល្ងាចថ្ងៃសុក្រ ទី១៦តុលា។
គ្រូបង្រៀនបារាំងមួយរូប ត្រូវយុវជនម្នាក់ សម្លាប់កាត់ ក នៅជាយក្រុងប៉ារីស នៅល្ងាចថ្ងៃសុក្រ ទី១៦តុលា។ AFP
ផ្សាយពាណិជ្ជកម្ម

នេះជាហេតុការណ៍វាយប្រហារ​ជាថ្មី​ ដែល​កើតឡើង​ស្រប​ពេល​ដែល​តុលាការ​បារាំង កំពុង​តែ​បើក​សវនាការជម្រះក្តី​កាត់ទោស សំណុំ​រឿង​វាយប្រហារ​ភេរវកម្ម លើកាសែត សាលី អេបដូ (Charlie Hebdo ) កាលពីឆ្នាំ​២០១៥ ដែល​ការ​ជំនុំជម្រះ​ត្រូវ​បន្ត​ច្រើន​សប្តាហ៍ទៀត​​។ កាលពី​បី​សប្តាហ៍​មុន ក៏​មាន​ការ​វាយប្រហារ​ភេរវកម្ម​មួយដែរ នៅ​ក្បែរអតីត​ទីស្នាក់ការ​របស់​កាសែតដដែល។​

តើ​ដំណើរ​ដើម​ទង​​នៃការ​វាយប្រហារ​ភេរវកម្ម​នេះ ប្រព្រឹត្តទៅ​យ៉ាងដូចម្តេច?

រឿងហេតុ​អកុសល​កើតឡើង​​នៅភាគខាង​លិច​​ក្រុង​ប៉ារីស ប្រហែល​៥ល្ងាច​ ម៉ោងនៅស្រុក​បារាំង​​។ យុវជន​ម្នាក់ អាយុ​១៨ឆ្នាំ​ ប្រដាប់​ដោយ​កាំបិត​វែងពីរ​ បាន​ធ្វើ​សកម្មភាព កាត់​ ក គ្រូបង្រៀន​ម្នាក់ យ៉ាង​សាហាវ​ឃោរឃៅ​ ហើយ​គេក៏បាន​​បង្ហោះ​រូប​ក្បាលរបស់​​ជន​រងគ្រោះ ក្នុង​បណ្តាញ​សង្គម​ ធ្វីតធ័រ​ ទៀត​ផង។  ប៉ូលីសបារាំង ​បាន​ចុះទៅដល់​កន្លែងកើត​ហេតុភ្លាមៗ ហើយ​បាន​ប្រទះ​ដៃ​គ្នា​ជាមួយ​ជន​ល្មើស។ ទីបំផុត ក្រុម​នគរបាល ​បានសម្រេចចិត្ត​​​បាញ់សម្លាប់ខ្មាន់​កាំបិត​។​

រឿងនេះ កើតឡើង​នៅ​ចម្ងាយ​ប្រហែល​តែ២០០ម៉ែត្រតែប៉ុណ្ណោះ​ ពីសាលា ដែល​ជន​រងគ្រោះ ​បង្រៀន​។ តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ការ​ស៊ើប​អង្កេត បង្ហាញ​ឱ្យដឹង​ថា​ ជន​រងគ្រោះ​ Samuel Paty ​អាយុប្រមាណ​៤០ឆ្នាំប្លាយ ធ្លាប់​​បង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​និងភូមិវិទ្យា​ ហើយ​ទទួល​បង្រៀន​មុខ​វិជ្ជា​សីលធម៌-​ពលរដ្ឋ។ កាលពីពេល​ថ្មីៗនេះ លោក​គ្រូ​​បាន​លើកឡើង​ពី«​សេរីភាព​បញ្ចេញមតិ» ដើម្បីពន្យល់​កូន​សិស្ស​អាយុ​ប្រមាណ​ដំណាល​ៗ ១២-​១៣ឆ្នាំ​។ ​ ក្នុងម៉ោង​បង្រៀននោះ​ លោក​បាន​បង្ហាញ​រូប​តុកកំប្លែង​ ពីរូប​ Mahomet ដែល​មាន​ចាក់សាក់​​រូប​ផ្កាយ​នៅ​កំប៉េះគូទ​។ មុន​នឹង​បង្ហាញ​រូបនេះ លោកក៏បាន​ប្រាប់​ឱ្យ​កូន​សិស្ស​ណា​ដែល​មាន​ជំនឿ​និងកាន់​សាសនា​អ៊ីស្លាម​ចេញក្រៅថ្នាក់​សិន​ដែរ ព្រោះ​រូប​ដែល​លោក​​បង្ហាញ​ អាច​នឹង​ផ្ទុយ​ពី​ជំនឿ​របស់​ពួក​គេ។

ការណ៍នេះបាន​ធ្វើ​ឱ្យ​មាតាបិតាសិស្សមួយ​ចំនួន ​ដែល​ប្រកាន់​សាសនា​អ៊ីស្លាម​ ​ខឹងសម្បារ ហើយ​បាន​មក​ប្តឹង​ផ្តល់​ដល់​សាលា​រៀន និង​បាន​​បង្ហោះ​វីដេអូ ថ្កោលទោស​គ្រូ​បង្រៀន​រូប​នេះដែរ។ ប៉ុន្តែ ក៏មាន​ឪពុកម្តាយ​សិស្ស​ខ្លះ ​យល់ស្រប​នឹង​គ្រូ​បង្រៀន​ ដែល​គ្រាន់តែ​មាន​ចេតនា​ពន្យល់​សិស្ស​ឱ្យ​យល់​ពី​គោលការណ៍​​សេរីភាព​បញ្ចេញមតិ តែប៉ុណ្ណោះ គឺ​ពុំ​មែន​ក្នុងន័យ​មាក់ងាយ​នោះឡើយ។​

ជន​ដៃដល់

តាម​រយៈ​អត្ត​សញ្ញាបណ្ណ​មួយជាប់​នឹង​សព​ជន​ល្មើស​ ​បង្ហា​ញ​ថា ជន​បាតដៃប្រឡាក់ឈាម​នេះ កើតឆ្នាំ​២០០២​​ នៅ​ក្រុង​ម៉ូស្កូ ដើម​កំណើន​ជនជាតិ​ឆេឆែន។​ ក្នុង​បញ្ជីខ្មៅ​​របស់​សមត្ថកិច្ច គឺ​រូ​ប​គេ​នេះ មិនធ្លាប់​​មាន​ប្រវត្តិ​ប្រព្រឹត្ត​ឧក្រិដ្ឋទេពីមុន​មកឡើយ​! ​ធ្លាប់​ល្មើសច្បាប់​តិតតួច តែមិន​ស្ថិត​ក្នុង​បញ្ជីតាម​ដាន​របស់​ក្រុម​សមត្ថកិច្ចប្រឆាំង​ភេរវកម្ម​​ទេ​​។  ទោះយ៉ាង​នេះក្តី ប្រភព​ស្និទ​នឹង​ការ​ស៊ើប​អង្កេត​ បា​នបង្ហើប​ថា ជន​ដៃដល់ បាន​ស្រែក​ថា  Allah Akbar (ព្រះជាម្ចាស់អស្ចារ្យ) មុន​នឹង​ត្រូវ​ប៉ូលីស​បាញ់១០គ្រាប់ ផ្តាច់​ជីវិត។

ធ្វីតធ័រ គណនី​បណ្តាញ​សង្គម​របស់​ជនល្មើស​​នេះ ត្រូវ​ក្រុម​នគរបាល​ស៊ើប​អង្កេត បាន​បិទ​ចោលទៅ​ហើយ​ តែ​គេ​បាន​ឃើញសារ​មួយ​ ដែល​ជន​នេះ សរសេរ​រិះគន់ប្រធានាធីបតីបារាំង​ ម៉ាក្រុង ដោយ​ភ្ជាប់​រូបភាព​ក្បាល​គ្រូ​បង្រៀន​ផង​។ រូប​​គេ​សរសេរថា ​ «ខ្ញុំ​កម្ចាត់​ឆ្កែ​មួយ​ក្បាល​ ដែលហ៊ាន​ប្រមាថ ​ Mahomet »​ ហើយ​គេធ្វើ​នេះ គឺ​ក្នុង«នាម​ព្រះ​អាឡោះ​»។

​«​សម្លាប់​គ្រូ​បង្រៀន ស្មើនឹងវាយ​ប្រហារជាតិ​បារាំង​ទាំងមូល»​

ប្រធានាធិបតី​បារាំង អមដំណើរ​ដោយ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ  យុត្តិធម៌​ និងរដ្ឋមន្ត្រី​សិក្សាធិការ​ជាតិ បាន​ចុះ​ទៅ​ផ្ទាល់​ ទាំង​យប់ ​នៅ​កន្លែង​ហេតុ។ប្រធានាធិបតី ម៉ាក្រុង​ ​ថ្កោលទោស​​អំពើអមនុស្សធម៌​នេះ និង​អំពាវនាវឱ្យ​ប្រជាជាតិ​បារាំងពួតដៃ​រួម​គ្នា​។ លោក ម៉ាក្រុង ថា «ពួក​ជន​ឃោរឃៅ​  មិន​អាច​ឈ្នះ​ឡើយ​ ហើយ​មិន​អាច​បំបែក​ពួក​យើង​បាន​ដែរ​។ ពួក​គេ​ចង់​បំបែក​បំបាក់​យើងណាស់​ ដូច្នេះ យើង​ត្រូវតែ​ពួតដៃ​រួម​គ្នា​ឱ្យកាន់តែ​ខ្លាំង​ថែមទៀត​។​ »

រដ្ឋមន្ត្រី​អប់រំ​​ បានថ្លែង​ឱ្យប្រជាជាតិ​ទាំង​មូលស្មារតី​គាំទ្រ​គ្រូ​បង្រៀន​ ដែលជាសសរស្តម្ភ​​ការពារវិស័យ​អប់រំ​ជាតិ ការពារសេរីភាព​នៃ​សិទ្ធិនិយាយស្តី និងជ្រោមជ្រែង​​ទស្សនៈ​របស់​គ្រូបង្រៀន។ លោករដ្ឋមន្ត្រី Jean Michel Blanquer លើកឡើងថា «គ្រូបង្រៀន​ម្នាក់​របស់​យើង​ត្រូ​វសម្លាប់ ព្រោះតែ​គាត់​បាន​បង្រៀន​កូន​សិស្ស​ ពី​សេរីភាព​បញ្ចេញមតិត សេរីភាព​នៃ​ជំនឿ និងការ​មិន​ឈ្លក់ងប់​ក្នុង​ជំនឿ។» ចំពោះរដ្ឋ​មន្ត្រីសិក្សា​ធិការ​ជាតិ «ការ​វាយ​ប្រហារ​សម្លាប់​គ្រូ​បង្រៀន​យ៉ាង​ដូច្នេះ គឺ​ដូ​ច​ជាការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅលើ​ប្រទេស​បារាំង​ទាំងមូល​ ដូច្នេះដែរ។»​

ឃាតកម្ម​នេះ បានត្រូវ​បញ្ចេញក្តីសោកស្តាយ​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​នយោបាយ​បារាំង និងពីគ្រប់​និន្នាការ​។ ទន្ទឹម​នឹងគ្នា​នេះ ប្រធាន​គណៈ​កម្មការ​សហភាព​អឺរ៉ុប ​​លោកស្រី Ursula von der Leyen បាន​សម្តែង​ក្តី​សោកសង្រេងចំពោះ​ជន​រងគ្រោះ​និងគ្រួសារ ហើយ​ថ្លែងស្មារតី​សាមគ្គី​ភាព​ជាមួយ​នឹង​គ្រូ​បង្រៀន​បារាំង និង​គ្រូ​នៅ​អឺរ៉ុប​ ដោយ​បាន​គូរ​បញ្ជាក់ថា គ្រូបង្រៀន​ គឺជាគ្រឹះ​នៃសេរីភាព​និង​​ប្រជាធិបតេយ្យ។ ចំពោះ​លោកស្រី​ «គ្មាន​គ្រូ​បង្រៀន​ ​គ្មាន​ភាព​ជា​ពលរដ្ឋ ហើយ​បើ​គ្មា​នគ្រូទេ ក៏​គ្មាន​ប្រជាធិបតេយ្យ​ដែរ។​»​

តើ​បារាំង​នឹង​មាន​ចំណាត់​ការ​យ៉ាងណា​ ?​

ថ្ងៃ​ចន្ទ​ ទី​១៩តុលា ព្រឹទ្ធសភាបារាំង គ្រោង​នឹង​ធ្វើ​សំណើច្បាប់​ថ្មីនិងពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ​ ទាក់ទិន​នឹងគោលការណ៍​គ្មាន​ជំនឿសាសនា​ Laïcité​​។ ចំពោះ​រដ្ឋា​ភិបាល គឺ​​គ្រោង​រួច​ហើយចំណាយ​លុយ​ច្រើន​ សម្រាប់​បង្រៀន​អប់រំ​ ពីគោល​ការណ៍​គ្មាន​ការប្រកាន់​និកាយ​សាសនា។ អាជ្ញធរបា​ននិងកំពុង​បន្ត​តែ​អនុវត្ត​ គឺការ​អប់រំ​បង្រៀន នៅតាម​វិហារសាសនា​អ៊ីស្លាម ដោយសហការជាមួយ អ៊ីម៉ាម ​គ្រូ​បង្រៀន​សាសនា​អ៊ីស្លាម ​ទូទាំងប្រទេស​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ