អានតួអត្ថបទ
បារាំង-ភេរវកម្ម​នៅប៉ារីស

១៣ វិច្ឆិកា ២០១៥៖ រាត្រីតក់ស្លុត នៅ​ក្រុង​ប៉ារីស ​ដោយ​សារអំពើ​ភេរវកម្ម

ថ្ងៃទី៨កញ្ញានេះ នៅទីក្រុងប៉ារីស តុលាការបានចាប់ផ្តើមបើកសវនាការដ៏ធំបំផុត ដើម្បីកាត់ទោស ជនចាប់ចោទ​ចំនួន​២០នាក់ ដែលជាប់ពាក់ព័ន្ធ​ ក្នុងអំពើភេរវកម្មបាញ់រះ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី​ ១៣ វិច្ឆិកា ឆ្នាំ២០១៥។ ភេរវកម្ម បង្កឡើងដោយ​បណ្តាញជនជីហាតនៅបារាំង និងមកពីប៊ែលហ្ស៊ិក ហើយដែលជាប់ពាក់ព័ន្ធជាមួយ​ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និងស៊ីរី។ អំពើភេរវកម្មនេះ បាន​ផ្តាច់ជីវិតមនុស្ស​ ចំនួន​១៣0នាក់ និង​របួស ៣៥២នាក់។

សមត្ថកិច្ចសង្គ្រោះ កំពុងពិនិត្យ និងប្រមូលសាកសពមនុស្ស ដែលរងគ្រោះដោយ​ការវាយ​ប្រហារភេរវកម្ម យប់ថ្ងៃទី១៣ វិច្ឆិកា ២០១៥ នៅក្រុងប៉ារិស។
សមត្ថកិច្ចសង្គ្រោះ កំពុងពិនិត្យ និងប្រមូលសាកសពមនុស្ស ដែលរងគ្រោះដោយ​ការវាយ​ប្រហារភេរវកម្ម យប់ថ្ងៃទី១៣ វិច្ឆិកា ២០១៥ នៅក្រុងប៉ារិស។ AP - Jacques Brinon
ផ្សាយពាណិជ្ជកម្ម

នៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១៣វិច្ឆិកា ២០១៥ សំឡេងផ្ទុះ បានបន្លឺឡើង នៅក្បែរពហុកីឡាដ្ឋានជាតិបារាំង ខណៈដែល​មនុស្ស​ជា​ច្រើនម៉ឺននាក់ រួមទាំងលោក​ ប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ ផង កំពុងតែទស្សនា​ការ​ប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិបារាំង និង អាល្លឺម៉ង់។ ជនជីហាតបាន​បំផ្ទុះគ្រាប់បែក​សម្លាប់ខ្លួន នៅក្បែរច្រកទ្វារចូលពហុកីឡាដ្ឋាន និងបាន​បណ្តាល​ឲ្យ​ស្លាប់មនុស្ស​ម្នាក់ទៀត ដែល​នៅក្បែរនោះ។

ប្រសាសន៍របស់​លោក ហ្វ្រង់ស្វ័រ ហូឡង់ អតីតប្រធានាធិបតីបារាំង
01:29

ប្រសាសន៍របស់​លោក ហ្វ្រង់ស្វ័រ ហូឡង់ អតីតប្រធានាធិបតីបារាំង

៥នាទីក្រោយមក នៅកណ្តាលក្រុង​ប៉ារីសឯណេះ ក្នុងសង្កាត់លេខ១០ ភេរវជន​បានជិះរថយន្ត ប្រើកាំភ្លើងយន្តបាញ់រះ ជាងមួយរយគ្រាប់ ទៅលើ​មនុស្សម្នា ដែលអង្គុយពិសារភេសជ្ជៈ និងអាហារ នៅបារ Le Carillon និងបាន​បាញ់រះទៅលើភោជនីយដ្ឋាន​​អាហារខ្មែរមួយដ៏ល្បី ឈ្មោះ Le Petit Cambodge ដែលស្ថិតនៅទល់មុខនោះ។ ទីតាំងនេះ មានមនុស្សស្លាប់ ១៥នាក់ និងរបួស១០នាក់។

ម៉ោង ៩និង៣០នាទី ជនជីហាតម្នាក់ទៀត បានបំផ្ទុះគ្រាប់បែក​សម្លាប់ខ្លួន នៅ​ក្បែរពហុកីឡាដ្ឋាន តែមិនបាន​បង្កឲ្យ​មាន​អ្នករងគ្រោះទេ។ ម៉ោង៩ និង៣២នាទី នៅកណ្តាលក្រុងប៉ារីស ជនជីហាតជិះរថយន្តពណ៌ខ្មៅ បានបាញ់រះចំនួន​ជាង​១០០គ្រាប់ទៀត ទៅលើមនុស្ស​ម្នា ដែលអង្គុយពិសារភេសជ្ជៈនៅខាងមុខហាង La Bonne bière ​បណ្ដាល​​​ឲ្យស្លាប់​មនុស្ស​៥នាក់ និងរបួស​៨នាក់។

ម៉ោង៩ និង៣៦នាទី នៅទីតាំងភោជនីដ្ឋាន La belle équipe ក្នុងសង្កាត់លេខ១១ ​ក្រុមជនជីហាតបានបាញ់រះ ប្រមាណ​ជាង​១០០គ្រាប់ដែរ បណ្តាលឲ្យស្លាប់​មនុស្ស​១៩នាក់។ ហើយ​នៅមិនឆ្ងាយប៉ុន្មានពីទីតាំងនេះ ត្រង់​ចំណុ​ច ហាងបារ Le Contoire Voltaire ជនជីហាតម្នាក់បានបំផ្ទុះគ្រាប់បែក​ បណ្តាល​ឲ្យរបួស​មនុស្សជាច្រើននាក់។

ក្នុងសង្កាត់លេខ១១ដែរ ម៉ោង៩និង​៤០នាទី ភេរវជន​៣នាក់ បាន​បន្លំខ្លួនចូលទៅ​ក្នុង​ទីតាំង​សាល​ប្រគុំតន្ត្រីរ៉ុក Le Bataclan ខណៈ​ដែលមនុស្ស​ជាច្រើនរយនាក់ កំពុងតែ​ស្តាប់និងរាំសប្បាយ ជាមួយនឹង​​ការប្រគុំតន្រ្តី​។ ក្នុងពេលដែល​ជនជីហាតទាំង៣នាក់ កំពុងតែបាញ់រះ និងចាប់មនុស្ស​ធ្វើ​​ចំណាប់ខ្មាំង នៅខាងក្នុង​ទីតាំង​​សាលប្រគុំតន្ត្រីនេះ នៅឯ​ពហុកីឡាដ្ឋានជាតិបារាំងឯណោះ សំឡេងផ្ទុះទី​៣បាន​បន្លឺឡើង នៅវេលា​ម៉ោង ៩និង​៥៣នាទី ដោយ​​ជនជីហាត​ម្នាក់ទៀត បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន តែមិនបណ្តាល​ឲ្យ​មានអ្នករងគ្រោះទេ។

ដំណឹង​នៃ ការវាយ​ប្រហារភេរវកម្មទ្រង់ទ្រាយធំ ក្នុងទីក្រុងបារីស បានចាប់ផ្តើម​ផ្សព្វផ្សាយតាមបណ្តាញ​ព័ត៌មាន ធ្វើឲ្យ​មាន​​ការចលាចល និង​ស្មារតីភ័យខ្លាច អមជាមួយនឹងសំឡេងស៊ីរ៉ែន រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តនគរបាល យ៉ាងកងរំពង។ នៅ​ម៉ោងប្រមាណ​ជា ១២និង​២០នាទីរំលងអាធ្រាត្រ សមត្ថកិច្ច​ពិសេសបារាំង បានសម្រុកចូលទៅក្នុងទីតាំងប្រគុំតន្រ្តី Le Bataclan ដើម្បីរំដោះចំណាប់ខ្មាំង​។ ភេរវជន​ទាំង៣នាក់ បានបំផ្ទុះ​អាវកាក់គ្រាប់បែកសម្លាប់ខ្លួន នៅពេលសមត្ថកិច្ចបានសម្រុកចូលទៅដល់។ ជនរងគ្រោះ​ នៅក្នុងទីតាំង​ប្រគុំតន្រ្តី Le Bataclan មានស្លាប់ចំនួន​៨៩នាក់ និងរបួសជាច្រើននាក់។

ភេរវកម្ម​ នៅយប់ថ្ងៃទី​១៣វិច្ឆិកាឆ្នាំ​២០១៥ នៅទីក្រុងប៉ារីស បានសម្លាប់ជីវិតមនុស្ស​ចំនួន​ ១៣០នាក់ និងរបួសជាង​៣៥០នាក់។ យោងតាមការអង្កេតរបស់សមត្ថកិច្ចបារាំង វាគឺជាស្នាដៃ របស់បណ្តាញភេរវកម្មអ៊ីស្លាមនៅប៊ែលហ្សិក និងនៅបារាំង ហើយដែលជាប់​ពាក់ព័ន្ធ ជាមួយ​នឹងបណ្តាញ​ជីហាតអង្គការរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និងស៊ីរី៕

ព្រះសង្ឃ និងជនជាតិខ្មែរ រួមគ្នាសូត្រធម៌ រំលឹកវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដោយ​អំពើភេរវកម្ម នៅ​ខាងមុខ​ភោជនីយដ្ឋានអាហារខ្មែរ "Le Petit Cambodge" ថ្ងៃទី ១៦ វិច្ឆិកា ២០១៥
ព្រះសង្ឃ និងជនជាតិខ្មែរ រួមគ្នាសូត្រធម៌ រំលឹកវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដោយ​អំពើភេរវកម្ម នៅ​ខាងមុខ​ភោជនីយដ្ឋានអាហារខ្មែរ "Le Petit Cambodge" ថ្ងៃទី ១៦ វិច្ឆិកា ២០១៥ AP - Francois Mori
ប្រសាសន៍​លោក គង់ សម្បត្តិ ជនជាតិខ្មែររស់នៅក្រុងប៉ារីស
01:39

ប្រសាសន៍​លោក គង់ សម្បត្តិ ជនជាតិខ្មែររស់នៅក្រុងប៉ារីស

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ