អានតួអត្ថបទ
ឧក្រិដ្ឋកម្មសង្រ្គាម-អ៊ុយក្រែន

សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយ​សម្រាប់ការស៊ើបអង្កេត​លើ​បទឧក្រិដ្ឋកម្ម​សង្រ្គាម នៅអ៊ុយក្រែន

សហភាពអឺរ៉ុប​ចង់​សហការ​ជាមួយ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ដើម្បី​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋកម្ម​សង្រ្គាម ដែលអាច​កើតឡើង​នៅក្នុង​សង្រ្គាមអ៊ុយក្រែន។ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃ​សៅរ៍ ទី ៩មេសា គណៈកម្មការអឺរ៉ុប​បាន​អះអាងថា ប្រមុខការទូត​អឺរ៉ុប​ត្រូវជួប​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃអាទិត្យនេះ ដើម្បី​ពិភាក្សា​ពីជំនួយគាំទ្រ​ផ្នែកច្បាប់ និង​បច្ចេកទេស​នៅក្នុង​ការងារ​ស៊ើបអង្កេត​ទៅលើ​ការសម្លាប់ប្រជាជនស៊ីវិល​នៅ​​ប៊ូតឆា ក្បែរ​ទីក្រុងកៀវ ក្នុងប្រទេស​អ៊ុយក្រែន។

ប្រធានគណៈកម្មការអឺរ៉ុប​លោកស្រី ឡេយ៉េន ធ្វើដំណើរ​ផ្ទាល់ទៅប៊ូតឆា​ជាទី​ដែលគេ​រកឃើញ​សាកសពប្រជាជន​ស៊ីវិល និង​រណ្តៅសាកសពរួម នៅក្រោយ​​ការដកកងទ័ព​រុស្ស៊ី
ប្រធានគណៈកម្មការអឺរ៉ុប​លោកស្រី ឡេយ៉េន ធ្វើដំណើរ​ផ្ទាល់ទៅប៊ូតឆា​ជាទី​ដែលគេ​រកឃើញ​សាកសពប្រជាជន​ស៊ីវិល និង​រណ្តៅសាកសពរួម នៅក្រោយ​​ការដកកងទ័ព​រុស្ស៊ី AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក​Karim Khan ត្រូវជួបពិភាក្សា​ជាមួយ​ប្រមុខការទូតអឺរ៉ុប​នៅថ្ងៃអាទិត្យ នៅប្រទេស​លុចសំបួរ មុន​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្រ្តីការបរទេស​របស់​បណ្តាប្រទេស​សមាជិក​សហភាពអឺរ៉ុប នៅថ្ងៃ​ចន្ទ។

ជំនួបផ្ទាល់ជាមួយ​រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ​បង្ហាញ​ពីឆន្ទៈ ក្តីប្រាថ្នា​របស់​សហភាពអឺរ៉ុប​ដែល​ចង់​ឲ្យ​មានការបើកស៊ើបអង្កេត​បន្ទាន់​ទៅលើ​ករណីសម្លាប់រង្គាលប្រជាជនស៊ីវិល បន្ទាប់ពី​គេ​ឃើញ​មាន​សាកសព និង​រណ្តៅសពរួម នៅក្រោយ កងទ័ព​រុស្ស៊ី​ដកខ្លួន​ចេញពី​ទីក្រុងប៊ូតឆា ក្បែរ​រដ្ឋធានីកៀវ​របស់​អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន និង​ប្រទេស​សមាជិក​អឺរ៉ុប​មួយចំនួន រួមទាំងអាមេរិក​ផង បានថ្កោលទោស ចោទប្រកាន់​កងទ័ពរុស្ស៊ី​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ប៊ូតឆា ប៉ុន្តែ ម៉ូស្គូ​បាន​បដិសេធ មិនទទួលខុសត្រូវ។

នៅមុន​ចាកចេញពី​ទឹកដី​អ៊ុយក្រែន កាលពីថ្ងៃ​សៅរ៍ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួសូឡា វ៉ុនឌែរ ឡេយែន ដែល​បានធ្វើដំណើរ​ទៅដល់កន្លែងប្រមូលសាកសព នៅ​ទីក្រុង​ប៊ុតឆា បាន​ចោទសួរថា បើសិន​អ្វីដែលកើតឡើង​នៅ​ប៊ូតឆា មិនមែន​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម អីចឹង តើឧក្រិដ្ឋកម្ម​សង្រ្គាម គឺ​ជាអ្វី?

យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃ​សៅរ៍ ថ្នាក់ដឹកនាំ​របស់​សហភាពអឺរ៉ុបបាន​អំពាវនាវ​ឲ្យមានការប្រយ័ត្នប្រយែងថា នៅក្នុង​រឿងចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម គេ​ត្រូវ​គោរព​នីតិវិធីតុលាការ និង​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​តុលាការ​អ៊ុយក្រែន ដែលមាន​ជំនួយគាំទ្រពី តុលាការព្រហ្មទណ្ឌអន្តរជាតិ សហភាពអឺរ៉ុប ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប ហៅកាត់ថា OSCE។

ប្រធាន​គណៈកម្មការអឺរ៉ុប យល់ស្របដែលថា ការស៊ើបអង្កេត​ស្វែងរក​ភស្តុតាង​ ត្រូវតែ​ធ្វើ​ឡើង​ដោយ​មធ្យ័ត ត្រឹមត្រូវ​តាមច្បាប់ និង​ស្តង់ដា ដើម្បី ឲ្យ​បទចោទប្រកាន់ ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម​អាច​ទទួលយកបាននៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។

សហភាពអឺរ៉ុប​បាន​ផ្តល់​ថវិកា​ចំនួន ៧,៥លាន​អឺរ៉ូ​សម្រាប់​ការបណ្តុះបណ្តាល​រដ្ឋអាជ្ញា​អ៊ុយក្រែនដើម្បី​ស៊ើបអង្កេត​ទៅលើ​បទឧក្រិដ្ឋកម្ម​ប្រព្រឹត្តទៅ នៅក្នុង​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី នៅអ៊ុយក្រែន។ លើសពីនោះ សហភាព​អឺរ៉ុប​បាន​បង្កើតក្រុម​ស៊ើបអង្កេត​រួម​ជាមួយ​ភាគី​អ៊ុយក្រែន ដើម្បី​ប្រមូល​ភស្តុតាង​នៅប៊ូតឆា និង​នៅ​កន្លែងផ្សេងៗទៀត ដែល​អាចកើតមានការសម្លាប់មនុស្ស​ក្នុងអំឡុង​ពេលត្រួតត្រា​របស់​កងទ័ពរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ