ការសម្លាប់រង្គាលនៅប៊ូតឆា តើជាការកាប់សម្លាប់បញ្ជាពីថ្នាក់លើ ឬជាករណីធ្វើជ្រុលដោយកំហឹងរបស់កូនទាហានរុស្ស៊ី?
សាកសពមនុស្សជាង៤០០នាក់ ដែលគេបានប្រទះឃើញនៅតំបន់ប៊ូតឆា ជាយទីក្រុងកៀវ បានបង្កឲ្យមានថ្កោលទោសជាខ្លាំង ទៅលើកងទ័ពរុស្ស៊ី ដែលបានគ្រប់គ្រងតំបន់នេះ អស់រយៈពេលប្រមាណជិតមួយខែ។ លោក ប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកថាកងទ័ពរុស្ស៊ី បានធ្វើអំពើ “ប្រល័យពូជសាសន៍” ខណៈអង្គការសហប្រជាជាតិ បានលើកឡើងថា វាអាចជាករណី “ឧក្រិដ្ឋកម្មសង្គ្រាម” បង្កឡើងដោយកងទ័ពរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
យោងតាមលោកឧត្តមសេនីយ៍ ដូមីនីក ត្រាំងកង់ Dominique Trinquand អតីតប្រធានបេសសកម្មក្រៅប្រទេស នៃកងទ័ពបារាំង គឺថាករណីសម្លាប់ប្រជាជនស៊ីវីលអ៊ុយក្រែន នៅតំបន់ប៊ូតឆានេះ គឺអាចមិនមែនជាគោលនយោបាយ ដែលបញ្ជាពីថ្នាក់លើនៃកងទ័ពរុស្ស៊ី។ ក៏ប៉ុន្តែវាអាចជាការធ្វើជ្រុលជ្រួល ដោយកំហឹង និងដោយគ្មានការគោរពវិន័យត្រឹមត្រូវ របស់កូនទាហានរុស្ស៊ី។
លោកមេបញ្ជាការបារាំងរូបនេះ លើកឡើងថា មូលហេតុដ៏សំខាន់មួយ គឺការឃោសនាលាងខួរក្បាល ពង្វក់កូនទាហានរុស្ស៊ី ពីសំណាក់ប្រធានាធិបតីពូទីនផ្ទាល់តែម្តង ឲ្យទាហានរុស្ស៊ី ស្អប់និងសម្លាប់ប្រជាជនអ៊ុយក្រែន។ ហើយមួយវិញទៀត កូនទាហានរបស់រុស្ស៊ី បានរងនូវអំពើហិង្សាជាប្រចាំ ពេលចាប់ផ្តើមចូលបម្រើជួរកងទ័ព ដែលធ្វើឲ្យពួកគេមានបញ្ហាសតិអារម្មណ៍ មិនអាចគ្រប់គ្រងខ្លួនឯងបាន នៅក្នុងសមរភូមិប្រយុទ្ធដែលក្តៅគគុក និងក្នុងរយៈពេលយូរថែមទៀត។
សម្រង់ប្រសាសន៍របស់លោកឧត្តមសេនីយ៍បារាំង ដូមីនីក ត្រាំងកង់
"តំបន់ប៊ូតឆានេះ ស្ថិតនៅក្នុងដៃរបស់កងទ័ពរុស្ស៊ី អស់រយៈប្រមាណជិត១ខែឯណោះ។ តំបន់នេះ ធ្លាប់ជាបន្ទាត់សមរភូមិ នៃការប្រឈមមុខ តទល់កម្លាំងគ្នារវាងទ័ពរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែននៅក្រុងកៀវ។
ក្នុងអំឡុងពេល ដែលកងទ័ពរុស្ស៊ីត្រួតត្រាតំបន់នេះ ព្រមទាំងពេលដែលកងទ័ពនេះ ហៀបនឹងចាកចេញទៅវិញ គឺប្រហែលជាអាចមានទាហានរុស្ស៊ីខ្លះ បានធ្វើសកម្មសងសិក ទៅតាមកំហឹងក្រេវក្រោធរបស់ខ្លួន។ វាអាចបញ្ជាក់ថា កងទ័ពរុស្ស៊ីពុំមាន ការគោរពវិន័យត្រឹមត្រូវប៉ុន្មានឡើយ។
នៅក្នុងជួរកងទ័ពរុស្ស៊ី បើតាមខ្ញុំយល់ គឺវាមានចន្លោះប្រហោងធំណាស់ រវាងមេធំៗ និងនាយទាហានតូចៗ ដែលមិនសូវមានវិន័យទេ។ ដូច្នេះ ខ្ញុំគិតថា ករណីកាប់សម្លាប់នៅប៊ូតឆានេះ គឺវាអាចបណ្តាលមក ពីការគ្រប់គ្រងការគោរពវិន័យ មិនបានដិតដល់ ក្នុងចំណោមជួរកងទ័ពរុស្ស៊ី។ ខ្ញុំគិតវាមិនមែនជាគោលនយោបាយទូទៅ បញ្ជាពីថ្នាក់លើមកថា ឲ្យកាប់សម្លាប់បែបនេះទេ ព្រោះថាកងទ័ពរុស្ស៊ី ដឹងច្បាស់ណាស់ ថាករណីបែបនេះ វាប៉ះពាល់ខ្លាំងកម្រិតណា ទៅដល់មតិសាធារណៈទូទាំងពិភពលោក និងការយល់ឃើញ របស់ប្រជាជនរុស្ស៊ីខ្លួនឯងផងដែរ។
ដូច្នេះ ខ្ញុំជឿថាករណីនេះ គឺវាអាចបណ្តាលមកពីការធ្វើអំពើជ្រុលជ្រួល ដោយគ្មានគោរពវិន័យ នៅក្នុងចំណោមកូនទាហានរុស្ស៊ី ជាជាងការបញ្ជាពីថ្នាក់លើ។ បញ្ហានេះ មិនមែនតែក្នុងករណីនៅប៊ូតឆានេះទេ តែយើងអាចសង្កេតឃើញជាទូទៅ នៅទីកន្លែងផ្សេងទៀតដែរ។"
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ