អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៊ូតឆា ៖ អ៊ុយក្រែន ចោទ​រុស្ស៊ី​ថា​បាន​ធ្វើ​អំពើ​ប្រល័យពូជសាសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ល្ងាចថ្ងៃអាទិត្យ​ទី​៣មេសា​ អ៊ុយក្រែន​បានផ្សព្វផ្សាយ​​រូបថត និងវីដេអូជាច្រើន ដែលបង្ហាញពីការសម្លាប់រង្គ្រាល លើប្រជាជនស៊ីវីលអ៊ុយក្រែន​ នៅក្រុងប៊ូតឆា (Boutcha) ដែលស្ថិតនៅជាយភាគពាយ៍ព្យ រដ្ឋធានីកៀវ។ មានសាកសពមនុស្ស ប្រមាណ​៤១០នាក់ ដែលគេបានរកឃើញ ខ្លះនៅស្លាប់រប៉ាត់របាយ​នៅតាមផ្លូវ ក្នុងនោះមានខ្លះមានដៃជាប់ចំណង ព្រមទាំងសាកសពនៅក្នុងរណ្តៅរួម ជាច្រើនទៀត។ ថ្នាក់ដឹកនាំប្រទេសខ្លះ បានប្រកាស​ថ្កោលទោសកងទ័ពរុស្ស៊ី ថាបានធ្វើ “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយខ្លះទៀត ហ៊ានដល់ទៅសង្ស័យថា​ វាជា “អំពើ​ប្រល័យពូជសាសន៍” ថែមទៀតផង​។ យ៉ាងណាមិញ លោក​ប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកអំពើកាប់សម្លាប់នៅប៊ូដឆា ថាជាអំពើប្រល័យពូជសាសន៍ ដែលកងទ័ពរុស្ស៊ីបានធ្វើ។

ទាហានអ៊ុយក្រែន ដើរតាមផ្លូ​វ ក្នុង​ក្រុងប៊ូតឆា ថ្ងៃទី ៣ មេសា ២០២២
ទាហានអ៊ុយក្រែន ដើរតាមផ្លូ​វ ក្នុង​ក្រុងប៊ូតឆា ថ្ងៃទី ៣ មេសា ២០២២ AP - Rodrigo Abd
ផ្សាយពាណិជ្ជកម្ម

លក្ខណៈខុសគ្នា នៃ​ “ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍” និង​ “ឧក្រិដ្ឋកម្មសង្គ្រាម”

មាត្រា II នៃសន្ធិសញ្ញាស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ចុះនៅឆ្នាំ​១៩៤៨ បានឲ្យ​និយមន័យថា “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍” គឺជា​អំពើទាំងឡាយណា ដែលធ្វើឡើងដោយចេតនាជាក់ច្បាស់ ក្នុង​បំណងកំទេច សម្លាប់​ផ្តាច់​ពូជ មួយផ្នែក ឬទាំងស្រុង​ លើក្រុមជនជាតិ ពូជអំបូរ ជាតិសាសន៍ណាមួយ ឬក្រុម​អ្នកកាន់សាសនាណាមួយ។ ដូច្នេះ ធាតុផ្សំនៃ “ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍” នេះ គឺមាន២ជាចំបង ៖ ទី១ គឺធាតុ​ផ្សំចិត្តសាស្ត្រ ទី២ធាតុផ្សំសម្ភារៈ។

ធាតុផ្សំចិត្តសាស្ត្រ គឺសំដៅលើ “ចេតនាពិតប្រាកដ” របស់អ្នកបង្កហេតុ ពោលគឺចេតនាកំទេច និង​សម្លាប់ផ្តាច់ពូជទៅលើក្រុមជនជាតិណាមួយ នេះឯង។ ចំណែក​ធាតុផ្សំទី២ ដែល​ជាធាតុផ្សំសម្ភារៈ គឺសន្ធិសញ្ញាស្តីពី​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បាន​កំណត់​ចំនួន​៥ធំៗ ពោលគឺជាអំពើជាក់ស្តែងទាំងឡាយ ដែលធ្វើឡើងក្នុងបំណងសម្លាប់ផ្តាច់ពូជ ធ្វើទុក្ខបុកម្នេញ ទារុណកម្ម​លើរូបរាង្គកាយ ជិះជាន់វាយ​បំបាក់សតិស្មារតី អត្តសញ្ញាណវប្បធម៌ប្រពៃណី និ​ង​ការរារាំងការបង្កកំណើតជាដើ​ម ។ល។

អ្វីដែលពិបាក​ក្នុង​ការបង្ហាញជាងគេបំផុត គឺធាតុ​ផ្សំចិត្តសាស្ត្រ ព្រោះថាគេត្រូវតែ​បង្ហាញថា អ្នកធ្វើអំពើនេះ មានចេតនាពិតប្រាកដ ក្នុង​ការសម្លាប់ផ្តាច់ពូជលើក្រុមជាតិសាសន៍ណាមួយ។ តួយ៉ាង នៅក្នុងករណីអ៊ុយក្រែន​ គឺគេត្រូវតែ​បង្ហាញថា ភាគីរុស្ស៊ីមានចេតនា សម្លាប់ឥតរើសមុខទៅលើ​ប្រជាជនអ៊ុយក្រែន ក្នុ​ងបំណង​ផ្តាច់ពូជជាតិសាសន៍អ៊ុយក្រែន មិនថាទាំងស្រុង ឬមួយផ្នែកទេ។ ទាក់ទិននឹងករណ នៅប៊ូតឆានេះ សម្រាប់ពេលនេះ គឺការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាន​លើកឡើងត្រឹមតែថា វាអាចមាន​អំពើ “ឧក្រិដ្ឋកម្មសង្គ្រាម” ធ្វើឡើងដោយកងទ័ពរុស្ស៊ី។

ដោយឡែក ឧក្រិដ្ឋសង្គ្រាម គឺជាអំពើ​កាប់សម្លាប់ដោយឥតរើសមុខ មិនថាទៅលើប្រជាជនស៊ីវីល ឬទាហាន ការធ្វើទារុណកម្មធ្ងន់ធ្ងរ ការធ្វើទុក្ខបុកម្នេញ ការជន្លៀសបណ្តេញប្រជាជនពីផ្ទះសម្បែង​ ការបង្ខំឲ្យធ្វើការដោយ​បង្ខំ ការកម្ទេច​ លួចប្លន់ទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម។ល។ ដែលបង្កឡើងដោយ​កងទ័ព​មួយ​ នៅលើដែនដីមួយទៀត ​ដែលកងទ័ពនោះបាន​ចូលទៅធ្វើសង្គ្រាម​។

និយមន័យនេះ គឺត្រូវបានកំណត់ជាលើកទី​១ នៅឆ្នាំ​១៩៤៥ ដោយតុលាការពិសេស នូរឹមប៊ែរ ដែលគេកាត់ទោសមេទ័ព និង​អ្នកទទួលខុសត្រូវ នៃ​របបអ៊ីទ្លែរណាហ្សីស។ ឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបាន​ចាត់ទុកថា ជាការបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើ​សន្ធិសញ្ញាក្រុងហ្សឺណែវ ព្រមទាំង​លក្ខន្តិកៈទីក្រុងរ៉ូម ត្រង់មាត្រា៨ ដែលជាអត្ថបទគ្រិះនៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិ។  ដូច្នេះ ពាក្យថា “ឧក្រិដ្ឋកម្មសង្គ្រាម” នេះ គឺវាមិន​ពាក់ព័ន្ធ នឹងចេតនាសម្លាប់ផ្តាច់ពូជលើជាតិ​សាសន៍​ណាមួយ​ទេ។

អង្គការសហប្រជាជាតិ ទាមទារបើក​ការស៊ើបអង្កេតឯករាជ

ក្រោយការផ្សាយ​រូបភាព សាកសពមនុស្សដេកស្លាប់ រាយប៉ាយតាមផ្លូវ និង​រណ្តៅសាកសពរួម​ផង នៅក្រុងប៊ូតឆា ប្រតិកម្ម​ថ្កោលទោសរុស្ស៊ី បានធ្លាក់មកជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ។ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែង​ការតក់ស្លុតជាខ្លាំង ហើយ​លោក​បានប្រកាស បើកការស៊ើបអង្កេតឯករាជមួយថែមទៀតផង​។

តាមពិត ទាក់ទិននឹង “ឧក្រិដ្ឋកម្មសង្គ្រាម” គឺតុលាការព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសបើកការស៊ើបអង្កេតរួចហើយ តាំងតែពី​កងទ័ពរុស្ស៊ី បានចាប់ផ្តើមចូលឈ្លានពានអ៊ុយក្រែន បានប៉ុន្មានថ្ងៃម្លេះ។ ពោលគឺ​តាំងតែពីមិនទាន់មាន ដំណឹងទាក់ទិននឹងក្រុងប៊ូតឆានេះទៅទៀត។ សម្រាប់ពេលនេះ យើងមិនទាន់អាចដឹងច្បាស់ទេ ថាការស៊ើបអង្កេតឯករាជ ដែលអង្គការសហប្រជាជាតិ ចង់សំដៅនោះ គេអាចធ្វើ​ក្នុងរូបភាពយន្តការបែបណា។ តើត្រូវធ្វើដាច់ដោយឡែក ពីនីតិវិធីដែលតុលាព្រហ្មទណ្ឌអន្តរជាតិបានចាប់ផ្តើមរួចហើយ ឬមួយ​ក៏ធ្វើជាមួយគ្នា។

យ៉ាងណាក៏ដោយ ​ចំណោទធំមួយទៀត នៅក្នុង​នីតិវិធីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺថា រុស្ស៊ីបានដកខ្លួនចេញ ឈប់ទទួលស្គាល់អំណាចយុត្តាធិការនៃតុលាការនេះ តាំងតែពីឆ្នាំ​២០១៦ម្លេះ។ រីឯអ៊ុយក្រែនវិញ មិនមែនជាប្រទេសសមាជិកលក្ខន្តិកៈទីក្រុងរ៉ូមទេ តែ​អ៊ុយក្រែនធ្លាប់បានប្រកាសទទួលស្គាល់អំណាចយុត្តាធិការ នៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ដូច្នេះជំហានបន្ទាប់ គឺថាចៅក្រម​តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវប្រកាសអះអាងថាខ្លួនពិតជាមានអំណាចយុត្តាធិការ ស្វែងរកយុត្តិធម៌ ស្តីអំពីឧក្រិដ្ឋកម្មសង្គ្រាម ដែល​កងទ័ពរុស្ស៊ី អាចបង្កនៅទឹកដីអ៊ុយក្រែន​។

អង្គជំនុំជំរះពិសេស?

យន្តការមួយទៀត ដែលគេអាចធ្វើបាន គឺអង្គការសហប្រជាជាតិ អាចប្រកាសបង្កើតអង្គជំនុំជំរះពិសេសមួយ ទាក់ទិននឹងករណីអ៊ុយក្រែននេះ។ បើតាមទំលាប់កន្លងមក ដើម្បី​អាចបង្កើតអង្គជំនុំពិសេសមួយ​បាន​ គឺទាក់តែឆ្លងកាត់ការបោះឆ្នោត​នៅ​ក្រុមប្រឹក្សាសន្តិសុខ។ តែដូចយើងដឹងហើយ រុស្ស៊ី ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ហើយ​មានសិទ្ធិវ៉េតូទៀតផង។ ក៏ប៉ុន្តែ បើក្នុង​ករណី​រុស្ស៊ី​បោះឆ្នោតវ៉េតូ មិនឲ្យគេបង្កើតអង្គជំនុំជំរះពិសេសនេះ  ឬក៏មិនឲ្យ​គេ​បង្កើតគណកម្មការស៊ើបអង្កេតឯករាជ គឺវាអាចធ្វើឲ្យ​ពិភពលោក ​កាន់តែ​សង្ស័យរុស្ស៊ីកាន់តែខ្លាំងទៅវិញទេ។

ទាក់ទិននឹងករណី នៅប៊ូតឆា សម្រាប់ពេលនេះ អង្គការសហប្រជាជាតិ  បាន​លើកឡើងថា វាអាចមាន “ឧក្រិដ្ឋកម្មសង្គ្រាម”។ ដូច្នេះការងារចាំបាច់បំផុត នៅពេលនេះគឺត្រូវប្រមូលភស្តុតាង ការពារភស្តុតាងទាំងអស់ នៅទីតាំងផ្ទាល់តែម្តង។ ការងារនេះ គឺចាំបាច់ត្រូវតែ​ពិនិត្យ ធ្វើកោសល្យវិច្ច័យ​លើសាកសព ដើម្បីរកមូលហេតុនៃការស្លាប់។ ក្នុងករណី​ដែលក្រុមការងារស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ សន្និដ្ឋានថា​ពិតជាមាន​ “អំពើឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍” នោះមានន័យថា គេមិនខ្វល់ថារុស្ស៊ី​ទទួលស្គាល់ ឬមិនទទួលស្គាល់លក្ខន្តិកៈទីក្រុងរ៉ូមទេ ព្រោះថា ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ គឺជា​អំពើបំពាននឹងច្បាប់អន្តរជាតិ​ដ៏ធ្ងន់បំផុត ដែលគ្មាននរណាអាចមកប្រកែកបានទេ។ នេះគឺជាគោលការណ៍​យុត្តិសាស្ត្រ សម្រេចដោយតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ