អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាពអឺរ៉ុប​ មិន​ចង់​ឃើញ បេឡារុស ក្លាយជា«អ៊ុយក្រែន​ទី២»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតីបេឡារុស Loukachenko ពីថ្ងៃទី​២២សីហា ​បញ្ជាឱ្យប្រើកម្លាំងយោធាដើម្បីការពារបូរណភាពទឹកដី​ និងអនុញ្ញាត​ឱ្យ​ចល័តទ័ព​ទៅ​ទប់ទល់សភាពការនៅព្រំប្រទល់ដែន ព្រោះ​លោកថា មានសញ្ញាណ​គំរាមកំហែងពី​អង្គការ​អូតង់ នៅ​ជាប់​ ប៉ូឡូញ​ និង លីទុយអានី។ ក៏ប៉ុន្តែ​ អង្គការអូតង់ ប្រកាសតប​ភ្លាមៗ​ ថា គ្មាន​​​ពង្រឹងទ័ព ​នៅព្រំដែន ​បេឡារុស នោះឡើយ​។ ​ថ្នាក់ដឹកនាំ​ប៉ូឡូញ និង លីទុយអានី ក៏​ចោទបកវិញ​ថា ប្រធានាធិបតី Loukachenko កំពុងតែ​បង្វែរសាច់​រឿង និងនិយាយ​ផ្តេសផ្តាស ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ ទោះយ៉ាងនេះក្តី សំណុំ​រឿង​បេឡារុស អាច​នឹង​កាន់តែក្តៅ ឬអាច​នឹង​ថយ​មក​ត្រជាក់វិញ ក៏ថាបាន នៅពេល​ដែល​មានដំណើរ​​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​អាមេរិក ទៅ​ប្រទេស លីទុយអានី ជាប់ព្រំដែន​ បេឡារុស​ នៅថ្ងៃ​ចន្ទ។ ចំណែក សហភាពអឺរ៉ុប​វិញ មិន​ចង់​ឃើញ បេឡារុស ជាអ៊ុយក្រែន​ទី២ឡើយ។

បាតុកម្ម​នៅ បេឡារុស ប្រឆាំងនឹង​ប្រធានាធិបតី និង​បដិសេធ​លទ្ធផល​បោះឆ្នោត។
បាតុកម្ម​នៅ បេឡារុស ប្រឆាំងនឹង​ប្រធានាធិបតី និង​បដិសេធ​លទ្ធផល​បោះឆ្នោត។ AFP
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នៅ​បេឡារុស ធ្វើ​ឡើង​ជិត​២សប្តាហ៍មកហើយ  ​ប្រឆាំង​នឹង​លទ្ធផលបោះឆ្នោត​ប្រធានាធិបតី​​។​ នៅថ្ងៃអាទិត្យ ​ ​បាតុកម្ម​កាន់តែ​មាន​ច្រើន ព្រោះ​ក្រុម​បាតុករ​ខឹងខ្លាំង​​នឹង​សម្តី​របស់​ប្រធានាធិបតី​ ដែល​ជំរុញ​ឱ្យ​ប្រើ​កម្លាំង​ទ័ព។

បាតុកម្មនៅបេឡារុស គិត​មកដល់ពេល​នេះ មាន​ស្លាប់​មនុស្ស​ យ៉ាង​តិច ​៣ នាក់ រាប់រយនាក់ ​របួស និងរាប់សិប​នាក់ ត្រូវ​ចាប់ខ្លួន។ មេបក្សប្រឆាំងលោកស្រី Tikhanovskaya នៅតែបន្ត​ចាក់ប្រេង​សាំង​ ផ្លុំ​ផ្សែង បញ្ឆេះភ្លើងកំហឹង​ពលរដ្ឋ ដោយពោលពីបរទេស​ថា «បើ​មិន​ធ្វើបាតុកម្ម​​ពេល​នេះទេ​ អស់​ឱកាសទាមទារសិទ្ធិ​របស់​អ្នកហើយ។» និងថា «លោក Loukachenko បាន​កាន់អំណាច​ដោយ​កណ្តាប់ដៃដែក អស់​២៦ឆ្នាំមកហើយ យើងមិនអាច​បន្ត​មើល​​​មេដឹកនាំផ្តាច់​ការ ដឹកនាំប្រទេស​បែបនេះ តទៅទៀត​ នោះទេ។​»

ដោយ​បាន​មើលឃើញ​ពី​កំហឹងបាតុករ​កាន់តែ​ឆេះរោល ដែល​ជាឱកាសល្អផង លោកស្រីមេបក្សប្រឆាំងដែល​កំពុង​គេច​និរទេសខ្លួន​ បាន​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​​បន្ត​បាតុកម្ម កុំឈប់​ ហើយ​កុំខ្លាច  ព្រោះថា ​នេះការ​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពួកគេ​។

នៅថ្ងៃអាទិត្យ មានការ​ប្រមូល​ផ្តុំ​មនុស្ស​កាន់តែ​ច្រើន​ជាង​ថ្ងៃ​មុនៗ​​ទៀត ពិសេស​ក្រុម​នារីៗ ក៏​ចេញ​មកធ្វើ​បាតុកម្ម​យ៉ាង​សន្ធឹក​ ព្រោះ​ខឹ​ង​នឹង​​ ប្រធានាធិបតី Alexandre Loukachenko ដែលប​ញ្ជាឱ្យប្រើកម្លាំង​និង​វិធានការឱ្យតឹងតែងបំផុត ទោះក្នុងតម្លៃណាក៏ដោយ។ សម្តីនេះ ដូច​យកប្រេងសាំង ចាក់​លើ​ភ្លើងអ៊ីចឹង។​​

គួរ​រម្លឹកត្រង់​នេះបន្តិចថា ថ្ងៃសៅរ៍ទី​២២សីហា ពេល​កំពុងតែត្រួតពលនៅ​ព្រំដែន​ ​ ​លោក​ Loukachenko ប្រកាសថា​ មានកម្លាំងពីខាងក្រៅ មករួមដៃនឹងហ្វូងបាតុករ គឺហូរចូលពីច្រកព្រំដែន ប៉ូឡូញ និងលីទុយអានី។ នៅក្នុងនោះ លោកក៏​ចង្អុលមុខ​អង្គការ​អូតង់​ផង។ លោកក៏​បញ្ជាថា​ឱ្យ​កង​ទ័ព​ត្រៀម​ខ្លួន​ ដើម្បីការពារបូរណភាពទឹកដី ហើយកម្លាំងយោធាត្រូវតែស្ថិតនៅក្នុងសភាពត្រៀមប្រយុទ្ធជានិច្ច។

អូតង់ ច្រានចោលការ​ប្រកាស​របស់ប្រធានាធិបតីបេឡេរុស​ ហើយ​និងថា​​ ជា​«ការ​ចោទប្រកាន់ដែល​គ្មាន​មូលដ្ឋាន» ​

លោកស្រី Oana Lungescu អ្នកនាំពាក្យ​អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ ឬណាតូ បាន​បញ្ជាក់​ច្បាស់ ក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយថា «អូតង់គ្មាន​ពង្រឹង​ទ័ពឬ​ប្រមូល​កម្លាំងកង​​ទ័ព​នៅតំបន់​​ព្រំដែន ​បេឡារុស ​នោះទេ។​ នេះជាជំហរច្បាស់ណាស់​ ហើយ​ អូតង់ ក៏​មិនមែន​ជា​ហេតុ​នៃការ​គំរាមកំហែង​ចំពោះ​បេឡារុស​ នោះដែរ​។​»

ចំណែក នាយខុទ្ទការល័យ​ប្រធានាធិបតី​ប៉ូឡូញ ប្រតិកម្ម​តប​នៅ​យប់​ថ្ងៃសៅរ៍ ថា​ «គួរ​ឱ្យ​អស់​សំណើច​ អស្ចារ្យ​ដែរ​ តែវា​​មិន​ធ្វើ​ឱ្យ​ពេញ​ចិត្ត​សោះ។» ការ​ដែល​ប្រធានាធិបតីបេឡារុស Loukachenko ថា​អូតង់​កំពុង​ពង្រាយ​ទ័ព​នៅជាប់​ព្រំដែនអីនោះ ជា​រឿង​គ្មាន​មូលដ្ឋានទាល់តែ​សោះ។ ​សម្តីនេះ គឺគ្រាន់តែ​ជាពាក្យ​ដើម្បី​ជំរុញ​ការ​គាំទ្រ​របប​កាន់តែអំណាចបេឡារុស ​តែប៉ុណ្ណោះ។​

ស្រដៀង​គ្នា​នេះដែរ ប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda បានប្រតិកម្ម តាំងពី​ថ្ងៃសៅរ៍​ដែរ ថា «លោក Loukachenko កំពុងកាច់មួលបង្វែរពីវិបត្តិផ្ទាល់ខ្លួនក្នុងស្រុក មកបំភ្លៃជាបញ្ហាព្រំដែន និងថាជាបញ្ហាមកពីក្រៅ។ នេះការស្រមៃ និងបំភ្លៃជ្រុលហួស។»

គេត្រូវ​យល់ថា ភូមិសាស្ត្រ​របស់ ​បេឡារុស គឺ​ក្តីបារម្ភ​ពិតមែន​សម្រាប់​លោក​ប្រធានាធិបតី Loukachenko ព្រោះថា​ បេឡារុស ​ខាងត្បូង​ជាប់​ អ៊ុយក្រែន ហើយ​ភាគខាងជើងនិងខាងកើត​ ជាប់​រុស្ស៊ី ដែល​ជាខ្នងបង្អែកស្រាប់។ មិនសូវ​អីទេ។ ក៏ប៉ុន្តែ ​ផ្នែក​ខាង​លិច​ ហើយ​ភាគប៉ែក​ខ្លះនៃខាងជើង គឺ​ជាប់​នឹង​ប្រទេស ប៉ូឡូញ លីទុយអានី ឡេតូនី ដែលសុទ្ធសឹងតែជាបណ្តា​រដ្ឋ​សមាជិក​របស់​អង្គការ​អូតង់​។ ដូច្នេះហើយ ទើប​លោក Loukachenko ខ្លាចរអា​ផងថា​ អូតង់​អាច​​វាយ​សង្គ្រប់មក​ ហើយលោកក៏​​យក​រឿងនេះ ជា​លេស​ដែរ។​

លោក Loukachenko ​យក​រឿងព្រំដែននេះ ជា​លេស ​ព្រោះ​អាច​ធ្វើ​​ជាឃោសនាគាំទ្រ​ប្រមូលកម្លាំង​ស្នេហាជាតិ ប្រមូល​កម្លាំង​អ្នក​ដែល​អ្នក​ស្អប់អាមេរិក ស្អប់អូតង់ ឱ្យ​មកនៅ​ខាងគាត់ ហើយ​និង​ធ្វើ​ឱ្យ​ឃើញថា មានតែគាត់ទេ​ និងរុស្ស៊ី ទេ ទើបអាច​ជួយ​​ការពារបូរណភាព​ទឹកដី បេឡារុស បាន។​

«អាមេរិកលូកដៃក្នុង​បញ្ហា បេឡារុស ?»

អនុរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Stephen Biegun នឹងបំពេញ​ទស្សនកិច្ចនៅ លីទុយអានី  ថ្ងៃចន្ទ ទី​២៤សីហា ហើយ​នឹងបន្តចេញទៅ រុស្ស៊ី ថែមទៀត ថ្ងៃអង្គារនិងថ្ងៃពុធ​។ ​ដំណើរ​ទស្សនកិច្ចរបស់​មន្ត្រី​ថ្នាក់​ដឹក​នាំការទូត​អាមេរិក​​នេះ ផ្តោតឧទ្ទិស​សំខាន់​​ចំពោះបញ្ហា​ស្ថានការណ៍​ បេឡារុស តែម្តង​។ នេះបើតាមការផ្សាយ​របស់​​ក្រសួងការបរទេស លីទុយអានី និង​ភ្នាក់ងារព័ត៌មានបារាំង AFP។​

មន្ត្រីទូតលីទុយអានី លោក Vygaudas Usakas គិត​ថា វត្តមាន​រ​បស់មន្ត្រីជាន់ខ្ពស់ លំដាប់លេខ២ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅឱកាសនេះ គឺជាសញ្ញាមួយក្នុងដំណោះស្រាយនៅ បេឡារុស។

តាម​មនុស្ស​ស្និទ្ធ​នឹង​លោកស្រី Tikhanovskaya មេបក្សប្រឆាំង​បេឡារុស ដែល​កំពុង​ភៀសនិរទេស​ខ្លួន​នៅ​ លីទុយអានី គឺ លោក​​អនុរដ្ឋមន្ត្រីការទូតអាមេរិក ក៏នឹង​ទទួល​​ជួប​ពិភា​ក្សាជាមួយ​លោកស្រីមេបក្សប្រឆាំង​នេះ​ដែរ។​ដូច្នេះ ទំនង​ជា​ដើមសប្តាហ៍​ថ្មី ចាប់ពីថ្ងៃ​ចន្ទ គេអាច​នឹងមើលឃើញ​ស្ថានការណ៍​វិវឌ្ឍថ្មីថែមទៀត។

«​បេឡារុស មិនមែនជា​​អ៊ុយក្រែន​ទី២ទេ»

សហភាព​អឺរ៉ុប បាន​តាមដាន​រឿងនេះ​យ៉ាងកៀកកិត។​ ក្រៅពីប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោតរបស់​បេឡារុស​ សហភាព​អឺរ៉ុប ថែមទាំងគំរាម​ដាក់ទណ្ឌកម្ម​ចំពោះរដ្ឋាភិបាល ​បេឡារុស ទៀត​ផង។​

ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Josep Borrell បាន​បង្ហាញ​ទស្សនៈ នៅថ្ងៃអាទិត្យទី​២៣សីហា  ថា បញ្ហា​បេឡារុស គឺមិនមែនជា​«​អ៊ុយក្រែន​ទី២»ទេ ហើយ​សហភាព​អឺរ៉ុបក៏​គ្មាន​ចេតនាធ្វើដូច្នោះដែរ។ រឿងនេះ​​ទំនង​ជាមិន​គួរមាន​ការ​​​ប្រឈម​មុខ​គ្នា​ដោយកម្លាំងនោះឡើយ​ ព្រោះ​ស្ថានភាព​បេឡារុស​ ខុស​ពីអ៊ុយក្រែន ឆ្នាំ​២០១៤​​។ អ៊ុយក្រែន ជំនាន់នោះ ​ដែល​ត្រូវជ្រើស​រើស​រវាង​ អឺរ៉ុប និងរុស្ស៊ី ហើយទើប​​​វា​បណ្តាល​នាំឱ្យ​មាន​​ហិង្សា​បង្ហូរឈាម​។ ក៏ប៉ុន្តែ​ បេឡារុស គឺជារឿងរបស់​​ប្រជា​ពលរដ្ឋ​ ដែល​ត្រូវ​ជ្រើស​រើស​សិទ្ធិសេរីភាព និងលិទ្ធិ​​ប្រជាធិបតេយ្យរបស់​ពួក​គេ​៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ