អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

WHO/OMS ​សង្ឃឹម​ថានឹង​យកឈ្នះ​កូវីដ១៩ ក្នុង​រយៈពេល​២ឆ្នាំ​ ​ខណៈ​ការឆ្លង​រាលដាល​​កំពុង​កើនឡើង​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកអគ្គលេខាធិការអង្គការសុខភាព​ពិភពលោក បានថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃសុក្រម្សិលមិញថា ក្រុមអ្នកជំនាញ​របស់អង្គការនេះ សង្ឃឹមថាពិភពលោកយើង នឹងអាចយកឈ្នះ ជម្ងឺកូវីដ​១៩ ក្នុងរយៈពេល មិនលើសពី​២ឆ្នាំ បើសិនជាគ្រប់គ្នា រួមកម្លាំងនិងមធ្យោបាយ ឲ្យ​មានប្រសិទ្ធិ​ភាព​។ ទោះជាយ៉ាងនេះ​ក្តី គេសង្កេតឃើញថា ការឆ្លងរាលដាលនូវជម្ងឺ​កូវីដ១៩ បានហក់​សន្ទុះខ្លាំងឡើង​វិញ ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​ ជាពិសេសនៅតាមប្រទេស​តំបន់អឺរ៉ុប និងតំបន់ដើមបូព៌ា។

ទេសចរពាក់ម៉ាស នៅទីក្រុងនីស ភាគខាងត្បូង​ប្រទេសបារាំង។ ថ្ងៃទី​១១ សីហា ២០២០
ទេសចរពាក់ម៉ាស នៅទីក្រុងនីស ភាគខាងត្បូង​ប្រទេសបារាំង។ ថ្ងៃទី​១១ សីហា ២០២០ REUTERS - ERIC GAILLARD
ផ្សាយពាណិជ្ជកម្ម

គេសង្កេតឃើញថា ការឆ្លងរាលដាល ហាក់បានស្ទុះកើនឡើងខ្លាំងណាស់ ប្រមាណ​ជា​៣ ទៅ ៤សប្តាហ៍ចុងក្រោយនេះ។ ជាពិសេសគឺតាមប្រទេសតំបន់អឺរ៉ុបតែម្តង ដោយសារតែអំឡុងពេលនេះ ជាពេលវិស្សមកាលសម្រាក ហើយមនុស្សចេញទៅលំហែរ នៅតាមតំបន់ទេសចរណ៍គ្រប់ៗគ្នា។ អ្នកជំនាញ​​ជឿថា ប្រការនេះ​វាបានធ្វើឲ្យ​មេរោគកូរ៉ូណា អាចចល័ត​ឆ្លងរាលដាលច្រើន។

អេស្ប៉ាញ ២៤ម៉ោងចុងក្រោយ​ មានអ្នកឆ្លងថ្មី​៨០០០នាក់

នៅបារាំង ២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មីចំនួន​ដល់​ទៅជាង​៤៥០០នាក់។ ២ថ្ងៃជាប់គ្នាហើយ ដែល​គេរកឃើញមានអ្នកឆ្លងថ្មីជាង​៤០០០នាក់។ ករណីឆ្លងជាក្រុម បានកើនឡើងខ្លាំង គួរឲ្យ​​បារម្ភ។ អាជ្ញាធរបារាំង នៅតាមទៅក្រុងធំៗមួយចំនួន ដូចជា ប៉ារីស នីស ម៉ាកសី ទូលូហ្ស និង​លីយ៉ុងជាដើម សុទ្ធតែបានដាក់ចុះវិធានការបន្ថែម​ តម្រូវ​ឲ្យ​ពាក់ម៉ាសនៅតាមផ្លូវ​ និងទីសាធារណៈ។

នៅអេស្ប៉ាញវិញ​ ធ្ងន់ធ្ងរជាងបារាំងទៅទៀត។ ២៤ម៉ោងចុងក្រោយនេះ គេរកឃើញអ្នកឆ្លងថ្មី ដល់ទៅ​ជាង​៨០០០នាក់។ អាជ្ញាធរអេស្ប៉ាញ បានចេញវិធានការ​បិទខ្ទប់ទាំងស្រុងឡើងវិញ នៅទីតាំងមួយចំនួន ដែលមានផ្ទុះការឆ្លងរាលដាល។ ចំណែកនៅអង់គ្លេសវិញ ស្ថានការណ៍ក៏ធ្ងន់ដែរ។ អាជ្ញាធរអង់គ្លេស កំពុងតាមដានខ្លាំងបំផុត នៅទីក្រុង Birmingham និងបានហាមឃាត់ប្រជាជន​នៅទ​ីក្រុងមួយចំនួន មិនឲ្យ​ជួបប្រាស្រ័យជាមួយអ្នកណាផ្សេង ក្រៅពីសមាជិកគ្រួសារ ក្នុងផ្ទះជាមួយគ្នាទេ។ នៅស្វ៊ីសវិញ អ្នកឆ្លងថ្មី មានចំនួន​ប្រមាណ​៣០០នាក់ សឹងតែរាល់ថ្ងៃ។ នៅអាល្លឺម៉ង់ នៅបែលហ្សិក និងនៅដាណឺម៉ាក គឺចំនួន​អ្នកឆ្លងថ្មី សុទ្ធតែបានកើនឡើងទាំងអស់។

នៅតំបន់ដើមបូព៌ា​ និងអាហ្វ្រិកខាងជើង ក៏មិនខុសគ្នាប៉ុន្មាន​ដែរ។ អាជ្ញាធរលីបង់ ទើបតែបានប្រកាស​បិទខ្ទប់ប្រទេសទាំងស្រុង រយៈពេល​២សប្តាហ៍។ នៅសហរដ្ឋអាេមរិក ស្ថានការណ៍ មិនទាន់ធូរស្រាលទេ គឺនៅតែធ្ងន់ដដែល។ ២៤ម៉ោងចុងក្រោយ មានអ្នកស្លាប់ ១០៦៧នាក់ ហើយអ្នកឆ្លងថ្មី មាន​ចំនួន៤៧០៣១នាក់។

ចំណែកនៅអាស៊ីវិញ កូរ៉េខាងត្បូង កំពុងតែព្រួយបារម្ភខ្លាំង បន្ទាប់ពី​បានរកឃើញអ្នកឆ្លងថ្មី មួយថ្ងៃជាង៣០០នាក់ ២ថ្ងៃជាប់គ្នា។ អាជ្ញាធរកូរ៉េខាងត្បូង បានចេញវិធានការបន្ថែម ឲ្យ​មនុស្សរក្សាគម្លាតពីគ្នា បិទហាងខារ៉ាអូខេ បិទសារមន្ទីរ និងភោជនីយដ្ឋានខ្លះ នៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុងនេះ។ ឆ្នេរសមុទ្រនៅទូទាំងប្រទេស ក៏ត្រូវហាមឃាត់មិនឲ្យ​មានមនុស្សទៅដែរ។ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងអះអាងថា ប្រទេសនេះកំពុងស្ថិតនៅក្បែរគ្រោះថ្នាក់ នៃរលកឆ្លងរាលដាលខ្លាំង ជាលើកទី២។

មានអ្នកឆ្លងថ្មីច្រើន តែភាគច្រើនមិនមានអការៈជំងឺ

តែទោះបីជាយ៉ាងនេះក្តី អ្នកជំនាញនៅអឺរ៉ុប មួយចំនួន បានលើកឡើងថា ករណីឆ្លងថ្មី បានកើនឡើងច្រើនមែន ក៏ប៉ុន្តែមិនសូវជាគួរឲ្យ​បារម្ភទេ។ គេបានលើកហេតុផលជាច្រើន ដូចជាករណីថា ភាគច្រើននៃអ្នកឆ្លងថ្មីទាំងនោះ គឺជាក្មេងៗ យុវជន មនុស្សពេញកម្លាំង ហើយ​ដែលមិនមានចេញជា​អការៈរោគ ឈឺធ្ងន់ធ្ងរឡើយ។

នៅបារាំង បើយើងពិនិត្យ លើតួលេខជាក់ស្តែង គឺយើងឃើញថា អ្នកឆ្លងថ្មីកើនឡើងមែន តែចំនួន​អ្នកជំងឺធ្ងន់ធ្ងរ ដែលត្រូវសង្រ្គោះបន្ទាន់ មិនកើនឡើងទេ ឬក៏កើនតិចបំផុត។ ក្នុងចំណោមចំនួនអ្នកឆ្លងថ្មី ដែលគេរកឃើញ គឺមានពាក់កណ្តាល​មិនមានអការៈរោគទេ ហើយក្រៅពីនោះ ភាគច្រើន គ្រាន់តែក្តៅខ្លួនបន្តិចបន្តួច ហើយក៏ជាសះស្បើយទៅវិញ។ តែយ៉ាងណា អ្នកជំនាញមួយចំនួន​ទៀត លើកឡើងថា មិនត្រូវមើលស្រាលទេ ព្រោះថាមិនយូរមិនឆាប់ ពួកអ្នកឆ្លងថ្មីទាំងនេះ នឹងនាំមេរោគនេះទៅចម្លងដល់​មនុស្សចាស់ ឬមនុស្សងាយរងគ្រោះ។ ដូច្នេះក្នុងពេលដ៏ឆាប់ ចំនួនអ្នកឈឺធ្ងន់ ដោយកូវីដ១៩ អាចនឹងកើនឡើងខ្លាំង បើសិនជាគ្មានវិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធិភាពទេនោះ។

កូរ៉ូណាវីរុស បំលែងខ្លួន ខ្សោយជាងមុន?

ដោយឡែក មានហេតុផលមួយទៀត ដែលគេបានលើកឡើងថា មេរោគកូរ៉ូណាវីរុសដែលកំពុងចល័ត ឆ្លងរាលដាលនាពេលបច្ចុប្បន្ននេះ គឺវាបានបំលែងខ្លួនប្តូរទំរង់ ឆ្លងរហ័សមែន តែវាមានកម្រិតគ្រោះថ្នាក់ដល់សុខភាព តិចជាងអាមេរោគដើម ដែលឆ្លងរាលដាល កាលពីខែកុម្ភៈ ខែមីនា។ នេះបើផ្អែក តាមការពន្យល់ របស់លោក Brendan Wren សាស្ត្រាចារ្យនៅ​សាលាវិជ្ជសាស្ត្រ​តំបន់​ត្រូពិក នៅទីក្រុង​ឡុងដ៍។ យ៉ាងណាមិញ របាយការណ៍ស្រាវជ្រាវមួយ ត្រូវបាន​ទស្សនាវត្តី Cell ចុះផ្សាយ​ថ្មីៗនេះ ក៏បានសន្និដ្ឋានប្រហាក់ប្រហែលគ្នាដែរ ពោលគឺកូរ៉ូណាវីរុស ដែលកំពុងចរាចរនៅអឺរ៉ុប នាពេលបច្ចុប្បន្ននេះ គឺទំនងជាខ្សោយមិនសូវគ្រោះថ្នាក់ខ្លាំងដល់ជីវិតទេ។

ក៏ប៉ុន្តែអ្នកវិភាគខ្លះទៀត លើកឡើងថា ទម្រង់កូរ៉ូណាវីរុសដែលចរាចរនាពេលបច្ចុប្បន្ននេះ គឺត្រូវបាន​គេរកឃើញ​ថា វាមានវត្ត​មាន​នៅអឺរ៉ុប តាំងតែពីខែមេសាម្លេះ ពោលគឺក្នុងអំឡុងពេលរលកឆ្លងខ្លាំង លើកទី១។ ដូច្នេះបើថាទម្រង់មេរោគនេះ មិនគ្រោះថ្នាក់ខ្លាំងដល់ជីវិតនាពេលនេះ គឺវាហាក់ដូចជា​ត្រឹមត្រូវទេ។

យ៉ាងណាក៏ដោយ កម្រិតគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនេះ គឺវា​ខុសគ្នា​ពីប្រទេសមួយ​ ទៅប្រទេសមួយ។ ស្ថានការណ៍មិនដូចគ្នាទេ រវាងករណីនៅអឺរ៉ុប នៅអាស៊ី និងនៅ​អាមេរិក។ វាអាស្រ័យផងដែរ ទៅលើកត្តាសុខភាពជាទូទៅ របស់ប្រជាជននៅក្នុងតំបន់នីមួយ។ សម្រាប់ប្រជាជន​ដែលមានជំងឺប្រចាំកាយ​​ស្រាប់​ ដូចជា​ជម្ងឺលើសឈាម ជម្ងឺធាត់ចុកខ្លាញ់ ជម្ងឺបេះដូង ឬទឹក​នោមផ្អែមជាដើម គឺថាពួកគេអាចងាយរងគ្រោះ ច្រើនជាអ្នកមានសុខភាពមាំមួន បើសិនជាឆ្លង​កូវីដ​១៩​។ ដូច្នេះ សុខភាព និងសារពាង្គកាយមាំមួយ របស់មនុស្ស ដែលប្រែប្រួលពីតំបន់មួយទៅតំបន់មួយ ក៏វាអាចជួយទប់​កម្លាំងវាយលុក របស់កូរ៉ូណាវីរុសដែរ។

យកឈ្នះកូវីដ១៩ ក្នុងរយៈពេល​២ឆ្នាំ

លោកអគ្គលេខាធិការអង្គការសុខភាព​ពិភពលោក លើកឡើងនៅក្នុងសន្និសីទកាសែត កាល​ពី​ល្ងាចថ្ងៃសុក្រ ទី​២១សីហា ថា គេសង្ឃឹមថានឹងយកជំងឺកូវីដ១៩នេះឲ្យបាន ក្នុង​រយៈពេល​២ឆ្នាំ។ លោកពន្យល់ថា អាចយកឈ្នះបាន គឺទាល់តែគ្រប់គ្នា ប្រមូលកម្លាំងរួមគ្នា សហការគ្នា រកមធ្យោបាយ និងផ្តល់លទ្ធភាព ដើម្បី​ប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។  អ្វីដែលសំខាន់នោះ គឺថ្នាំវ៉ាក់​សាំង ដែលកំពុងរំពឹងរងចាំ។

តាមពិតទៅ សម្តីរបស់​លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោកនេះ គឺវាមានខ្លឹមសារ ជាសារ​អំពាវនាវច្រើនជាង។ ពោលគឺលោកចង់អំពាវនាវ ឲ្យ​ក្រុមអ្នកជំនាញស្រាវជ្រាវ ព្រមទាំង​រដ្ឋាភិបាល​ប្រទេសធំៗទាំងអស់​ ត្រូវតែរួមកម្លាំងគ្នា មិនត្រូវ​ប្រជែងយកឈ្នះគ្នា ឈ្លោះប្រកែកគ្នា ដើម្បីការការពារផលប្រយោជន៍ តែរៀងៗខ្លួននោះទេ។ ដូចយើងឃើញហើយថា កូវីដ១៩នេះ មិនស្គាល់ព្រំដែន មិនរើសអើងជាតិសាសន៍ណាទេ។ ដូច្នេះ គេមិនអាចយកឈ្នះវាបានទេ បើសិនជាមិនរួមកម្លាំងគ្នា។

លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក សង្ឃឹមថា ជាមួយ​នឹងកូវីដ១៩នេះ គេនឹងត្រូវចំណាយ​ពេលតិចជាង កាលពីជំនាន់ជំងឺគ្រុនអេស្ប៉ាញុល កាលពីឆ្នាំ១៩១៨ ដែលកាលនោះ មនុស្ស​ប្រមាណ​៥០លាន​នាក់ បានស្លាប់បាត់បង់ជីវិត។ សម្រាប់ស្ថានភាពបច្ចុប្បន្ននេះវិញ លោក​បាន​លើកឡើងថា ពិភពលោកមានការរីកចំរើនច្រើន មាន​សមត្ថភាព​វិទ្យាសាស្រ្ត​ខ្ពស់ ក្នុងការ​យក​ឈ្នះ​​កូវីដ១៩ ហើយជាពិសេសនោះ គឺយើងមានឆន្ទៈរួមគ្នា ក្នុងការប្រយុទ្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ