អានតួអត្ថបទ
ភេរវកម្ម-រុស្ស៊ី

ហេតុអ្វីរុស្ស៊ីជា​គោលដៅវាយប្រហារ​ភេរវកម្ម​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាមនៅពេលនេះ?

នៅថ្ងៃសុក្រទី ២២ មីនា ថ្ងៃ​តែមួយ​ដែល​ខ្មាន់​កាំភ្លើង​ចូលបាញ់សម្លាប់​មនុស្ស នៅក្នុង​សាលតន្រ្តី​នៅជាយក្រុង​ម៉ូស្គូ ក្រុមជីហាត​ Khorassan បាន​ប្រកាស​ចេញមុខ​ភ្លាម ទទួលខុសត្រូវថា ជាស្នាដៃ​របស់​ក្រុមខ្លួន។ ប៉ុន្តែ រុស្ស៊ី តាំងពីមេដឹកនាំ​កំពូល​លោកពូទីន រហូត​ដល់​ក្រុមស៊ើបការណ៍សម្ងាត់ បដិសេធ ធ្វើមិន​ដឹង​មិន​លឺ​ការទាមទារ​របស់​ក្រុមជីហាត ហើយបែរជា​និយាយចោទចង្អុលមុខ​អ៊ុយក្រែនថាជារឿងបង្កហេតុ។ ទើបតែនៅ​ថ្ងៃចន្ទ​ទី ២៥ មីនា ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន នៅទីបំផុត​បាន​និយាយ​ទទួលស្គាល់​ចុងមាត់ចុងកថា ភេរវកម្ម​សម្លាប់មនុស្ស នៅ​សាលតន្រ្តី​នៅជាយក្រុង​ម៉ូស្គូ កាលពីយប់ថ្ងៃសុក្រទី ២២​មីនា បង្កឡើង​ក្រុមអ៊ីស្លាម។ តើ​ក្រុមអ៊ីស្លាម ជីហាត​Khorassan ជាអ្នកណា? ហេតុអ្វី​ក្រុមនេះ​យក​រុស្ស៊ី​ជា​គោលដៅ​វាយប្រហារ​របស់ខ្លួន?

ជនសង្ស័យដែល​អាជ្ញាធររុស្ស៊ី​ចាប់ខ្លួន​នៅក្នុងរឿងវាយប្រហារភេរវកម្មនៅជាយក្រុង​ម៉ូស្គូ សុទ្ធជាជនជាតិ​តាហ្ស៊ីគីស្ថាន
ជនសង្ស័យដែល​អាជ្ញាធររុស្ស៊ី​ចាប់ខ្លួន​នៅក្នុងរឿងវាយប្រហារភេរវកម្មនៅជាយក្រុង​ម៉ូស្គូ សុទ្ធជាជនជាតិ​តាហ្ស៊ីគីស្ថាន REUTERS - Shamil Zhumatov
ផ្សាយពាណិជ្ជកម្ម

នៅយប់​ថ្ងៃ​សុក្រទី​២២​មីនា ជនប្រដាប់អាវុធ​មួយក្រុម​បាន​ចូលទៅបាញ់​សម្លាប់​មនុស្ស​ដោយ​ឈាម​ត្រជាក់​នៅក្នុង​សាលប្រគំតន្រី្ត Crocus City Hall ជាយក្រុងម៉ូស្គូ។ ខណៈពេល​ដែល​មនុស្ស​ចលាចល​រត់ប្រសាច ​ចេញ​ពី​កន្លែង​កើតហេតុ ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​បាន​បង្ហោះសារ​នៅលើ​បណ្តាញសង្គម​តេឡេក្រាម ចេញមុខ​ទទួលខុសត្រូវ​ថា ការវាយប្រហារ​ភេរវកម្ម​ជា​ស្នាដៃ​របស់ក្រុមខ្លួន។ ដំបូងឡើយ ថ្នាក់ដឹកនាំ​របស់​រុស្ស៊ី រួមទាំងលោកពូទីន​គ្មាននិយាយ​ដល់​ឈ្មោះ​ក្រុមជីហាត បើទោះជា​ក្រុមនេះ​ចេញមុខ​អះអាងទទួលខុសត្រូវ។ ផ្ទុយទៅវិញ រុស្ស៊ី​របស់​លោក​ពូទីន​គិតតែ​ដៅ​ទម្លាក់កំហុស ចោទប្រកាន់​អ៊ុយក្រែន។ ទើបតែ​ថ្ងៃ​ចន្ទ ៣ថ្ងៃ​ក្រោយ​ភេរវកម្ម ទើបប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​និយាយ​ទទួល​ស្គាល់ ចុងមាត់ ចុងក​ថា ក្រុមអ៊ីស្លាម​ជាអ្នកប្រព្រឹត្ត​អំពើភេរវកម្ម​សម្លាប់មនុស្ស​នៅសាលតន្រ្តី ជាយក្រុង​ម៉ូស្គូ។

ទោះ​មេដឹកនាំ​រុស្ស៊ី​មិនបាន​លម្អិត​ឈ្មោះ​ក្រុមអ៊ីស្លាម ប៉ុន្តែ គេដឹងហើយថា ក្រុមអ៊ីស្លាម​ជា​ក្រុមជីហាត​Khorassan សាខា​របស់​ក្រុមអង្គការរដ្ឋអ៊ីស្លាម នៅប្រទេស​អាហ្វហ្កានីស្ថាន បន្ទាប់ពី​ក្រុមនេះ​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ នៅថ្ងៃ​កើត​មាន​ភេរវកម្ម។

តើ​ក្រុមជីហាត​EI Khorassan ជា​អ្នកណា? 

EI Khorassan​ ជា​ចលនា​ប្រដាប់អាវុធ​កកើតឡើង​នៅទឹកដី​អាហ្វហ្កានីស្ថាន ប៉ុន្តែ ចាប់ស្មោះស្ម័គ្រ​ដើរតាម​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅពេលក្រុមនេះ​ធ្វើសង្រ្គាម​ពង្រីក​ដែនដី​គ្រប់គ្រង​របស់ខ្លួន​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ នៅឆ្នាំ​២០១៤ នៅពេល​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម​ឡើងឥទ្ធិពលខ្លាំង​នៅ​ស៊ីរី និងអ៊ីរ៉ាក់ ក្រុម​ជីហាត EI Khorassan​ប៉ុនប៉ង​ពង្រីកដែនគ្រប់គ្រង​របស់​ខ្លួន ចេញពីអាហ្វហ្កានីស្ថាន​ទៅ​ប៉ាគីស្ថាន និងប្រទេស​នៅ​អាស៊ីកណ្តាល​ដូចជា តួកមេនីស្ថាន តាហ្សីគីស្ថាន អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់។

យោងតាម​អ្នកជំនាញ បន្ទាប់ពីបែកខ្ចាត់ខ្ចាយ អស់អំណាច​នៅស៊ីរី និងនៅអ៊ីរ៉ាក់នៅឆ្នាំ ២០១៩ ដោយសារ​ប្រតិបត្តិការវាយប្រហារ​របស់សម្ព័ន្ធអន្តរជាតិ ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ត្រលប់​មក​ពង្រឹង​បណ្តាញ​របស់ខ្លួន នៅ​អាស៊ី​កណ្តាល​ តាមរយៈ ក្រុម​ជីហាត​EI Khorassan​នៅអាហ្វហ្កានីស្ថាន។ បើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែលដាក់ជូន ក្រុមប្រឹក្សាសន្តិសុខ នៅឆ្នាំ ២០២១ ក្រុមជីហាត​EI Khorassan​ ត្រូវគេវាយតម្លៃថា មានចំនួនយុទ្ធជនប្រយុទ្ធពី ៦០០​ទៅ ១០០០នាក់។ ក្រុមនេះ​សកម្មខ្លាំង​នៅ​អាស៊ីខាងត្បូង អ៊ីរ៉ង់ និង​អាស៊ីកណ្តាល។ បើតាមរបាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដែល ទោះក្រុមនេះ​ត្រូវ​រួមថយ​ដែនគ្រប់គ្រងរបស់ខ្លួន ចាប់តាំងពី​គូប្រជែង គឺក្រុមតាលីបង់​បាន​វិលត្រលប់​មក​កាន់អំណាច​នៅ​អាហ្វហ្កានីស្ថាន ប៉ុន្តែ ក្រុម​​EI Khorassan​ មិនធ្លាក់​ថមថយ​កម្លាំង ឬបន្ថយ​សកម្មភាពធ្វើភេរវកម្ម​របស់ខ្លួនឡើយ។ ក្រុម​EI Khorassan​បានចាប់ដៃ​សហការ​ប្រមូលកម្លាំង​ ក្រុមជ្រុលជីហាត អ៊ីស្លាម ជ្រុលនិយម​នៅ​តាម​បណ្តោយព្រំដែន​ប៉ាគីស្ថាន ដូចជា​ក្រុមតាលីបង់​ប៉ាគីស្ថាន និងក្រុមយុវជនអាហ្វហ្កានីស្ថាន​ដែលមានទំនោរកាន់តែហិង្សា ស្អប់ជនបរទេស និងអ្នកកាន់សាសនាអ៊ីស្លាម​និកាយស៊្ហីអ៊ីត​។ នៅពេល​មេដឹកនាំ​ក្រុមអង្គការរដ្ឋអ៊ីស្លាម​ត្រូវកងទ័ព​អាមេរិក​បាញ់សម្លាប់​នៅ​ឆ្នាំ ២០១៩ ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​បាន​បែរទិស​ចេញ​ពី​ស៊ីរី និងអ៊ីរ៉ាក់​ឆ្ពោះទៅ​អាស៊ីកណ្តាល។

ជាក់ស្តែង នៅពេលកងទ័ពរដ្ឋាភិបាល​វាយរំដោះតំបន់​ដែល​ធ្លាប់គ្រប់គ្រង​ដោយ​ក្រុម​EI Khorassan​នៅឆ្នាំ ២០២០ មនុស្ស​ជាង​១៤០០នាក់​បាន​ទម្លាក់អាវុធ ដែល​នៅក្នុងនោះ គេឃើញមនុស្សប្រុសស្រី មានដើមកំណើត​ចេញមកពី ប្រទេស​អាស៊ីកណ្តាល ដូចជា អ៊ូបេគីស្ថាន តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់និង​តួកគីជាដើម។

អាហ្វហ្កានីស្ថាន​ជា​សំបុកថ្មី ចំណែក អាស៊ីកណ្តាលជា​ស្ពាន​របស់​ក្រុមអង្គការរដ្ឋអ៊ីស្លាម​ដើម្បី​ចូលមកវាយប្រហារ​ទឹកដីរុស្ស៊ី

ជនសង្ស័យទាំង៤នាក់​ដែល​អាជ្ញាធរ​រុស្ស៊ី​ចាប់ខ្លួន នៅក្រោយ​ភេរវកម្ម​នៅជាយក្រុង​ម៉ូស្គូ ជា​ជនជាតិ​តាហ្ស៊ីគីស្ថាន។ រឿងនេះ​គេ​គ្មានសង្ស័យ​ឡើយ ព្រោះថា រដ្ឋាភិបាល​តាហ្ស៊ីគីស្ថានក៏ដូចប្រទេស​អាស៊ីកណ្តាលផ្សេងទៀត​ទទួលស្គាល់​ថា មាន​ជនជាតិ​របស់ខ្លួន​រាប់ពាន់នាក់​ធ្លាប់​ចូល​ទៅ​រួមប្រយុទ្ធ​ជួយក្រុមអង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និងអ៊ីរ៉ាក់ នៅឆ្នាំ ២០១០ នៅមុនក្រុមនេះបែកខ្ចាត់ខ្ចាយ ៩ឆ្នាំក្រោយ។

នៅមុន​វាយប្រហារភេរវកម្ម​នៅ​សាលប្រគំតន្រ្តីនៅជាយក្រុង​ម៉ូស្គូ ក្រុមEI Khorassan​​សាខារបស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ធ្លាប់ដៅ​វាយប្រហារ​ផលប្រយោជន៍​របស់​រុស្ស៊ី និង​ចិន ដែល​នៅបន្ត​សហការជាមួយរបប​តាលីបង់ដែលជាសត្រូវរបស់ខ្លួន។ នៅ​ខែកញ្ញា​ឆ្នាំ ២០២២ ក្រុម​EI Khorassan​បាន​បំផ្ទុះគ្រាប់អត្តឃាត​នៅ​ស្ថានទូត​រុស្ស៊ី នៅទីក្រុង​កាប៊ូល ដោយបាន​សម្លាប់បុគ្គលិកទូតរុស្ស៊ី២នាក់ និង​ជនជាតិអាហ្វហ្កានីស្ថាន​៤នាក់។ នៅឆ្នាំដដែល ក្រុមនេះ​បានទៅ​បំផ្ទុះគ្រាប់បែក​នៅ​សណ្ឋាគារ​ក្នុងទីក្រុង​កាប៊ូល ដែលសំបូរ​ស្នាក់នៅ ដោយ​ជនជាតិចិន និង​ធ្វើភេរវកម្ម​បំផ្ទុះគ្រាប់បែក​សម្លាប់​មនុស្ស​៩០នាក់ នៅ​Kerman ប្រទេស​អ៊ីរ៉ង់ កាលពីខែ​មករាដើមឆ្នាំនេះ។

ដោយ​ដៅវាយប្រហារ​រុស្ស៊ី ក្រុម​EI Khorassan​ក៏ចង់សងសឹកផងដែរ រុស្ស៊ី​ដែល​តាមពិតសកម្ម​ខ្លាំង​នៅក្នុង​ប្រតិបត្តិការយោធា​វាយប្រហារក្រុមខ្លួន នៅក្នុងទឹកដីស៊ីរី។ មួយវិញទៀត តាមរយៈ​ទឹកដី​អាស៊ីកណ្តាល ដែលសំបូរដោយ​បណ្តាញ​ក្រុមយុទ្ធជន​របស់ខ្លួន ក្រុម​Khorassan អាចងាយស្រួល​ចូល​ទៅក្នុង​ទឹកដី​រុស្ស៊ី ជាង​ចូល​ទឹកដីអឺរ៉ុប ដែលបាន​ពង្រឹង​បណ្តាញ​ស៊ើបការណ៍សម្ងាត់ ការចែកចាយព័ត៌មានស្តីពី​ក្រុមភេរវនិយម រវាង​បណ្តាប្រទេស​សមាជិកអឺរ៉ុប។ ផ្ទុយពីអឺរ៉ុប​ដែលប្រុងប្រយ័ត្ន​ខ្ពស់​នៅចំពោះមុខការគំរាមកំហែង​ភេរវកម្ម រុស្ស៊ីឯណោះវិញ ដែល​កំពុង​ជាប់ដៃ​ធ្វើសង្រ្គាមនៅអ៊ុយក្រែន ភ្លេចខ្លួន និង​បានមើលរំលង​ក្រុម​ជីហាត​​EI Khorassan​ ដែល​តាម​ពិតគ្រោះថ្នាក់ខ្លាំង។ គ្រោះថ្នាក់ ព្រោះ​ថា ក្រុមនេះ មានគំនុំ​ចង់​សងសឹក​នឹង​រុស្ស៊ី ដែលចូលរួម​កងទ័ពរដ្ឋាភិបាលស៊ីរីវាយប្រហារ​ក្រុមខ្លួន នៅស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ