អានតួអត្ថបទ
រុស្ស៊ី-ភេរវកម្ម-រដ្ឋអ៊ីស្លាម

រុស្ស៊ី​រង​ភេរវកម្ម​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម នៅជាយក្រុង​ម៉ូស្គូ​ស្លាប់​ជាង​មួយ​រយនាក់

អាជ្ញាធររុស្ស៊ី ប្រកាសចាប់ខ្លួនបាន​​ជនសង្ស័យ ១១ នាក់ ក្នុងនោះ ៤ នាក់ ពាក់ព័ន្ធផ្ទាល់ នឹងភេរវកម្មនៅ​យប់ថ្ងៃសុក្រទី២២ មីនា នៅក្នុងសាលតន្ត្រីមួយ ឯជាយក្រុងម៉ូស្គូ។ បើ​តាមតួលេខ​បណ្តោះ​អាសន្ន​ចុងក្រោយ មាន​ស្លាប់ ១១៥នាក់ ក្នុងចំណោមទស្សនិកជនជាង ៦.០០០ នៅទីនោះ។ តែតុល្យការ​អ្នកស្លាប់ ដោយ​ការវាយប្រហារនេះ អាចកើនឡើងថែមទៀត ដ្បិតមានអ្នករបួសធ្ងន់ជាច្រើន ស្ថិតក្នុង​ស្ថានភាព​ស្ទើរស្លាប់ស្ទើររស់។ អង្គការ ជីហាត “រដ្ឋអ៊ីស្លាម” បាន​ចេញមុខទទួលខុសត្រូវ ចំពោះ ភេរវកម្មនេះ។

សាល​ប្រគុំ​តន្ត្រី​នៅជាយក្រុង​ម៉ូស្គូ រង​ភេរវកម្ម​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម
សាល​ប្រគុំ​តន្ត្រី​នៅជាយក្រុង​ម៉ូស្គូ រង​ភេរវកម្ម​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម REUTERS - Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

អង្គការជីហាត “រដ្ឋអ៊ីស្លាម”  ដែលជាច្រើនលើកច្រើនដង តែងចាត់ទុក​ប្រទេសរុស្ស៊ីជា​ផ្ទាំងស៊ីប​​របស់ខ្លួន បានអះអាងលើ​បណ្តាញ Telegram ថា ពួកយុទ្ធជនរបស់ខ្លួន “ បានវាយប្រហារទៅលើ ទីកន្លែងដែលមានមនុស្សច្រើនកុះករ នៅឯតំបន់ជាយរដ្ឋធានីរុស្ស៊ី ក្រុងម៉ូស្គូ”។ អង្គការរដ្ឋអ៊ីស្លាម ក៏បាន​អះអាង​ទៀត​ថា បន្ទាប់មកក្រុមកុម្ម៉ង់ដូ ទាំង​នោះ​បាន​ត្រឡប់ទៅកាន់មូលដ្ឋានខ្លួនវិញ ដោយ​សុវត្ថិភាព​ពេញទី។

អ្នកនាំពាក្យការទូតរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងបរិហាររួចទៅហើយ” ភេរវកម្មសែនបង្ហូរ ឈាម”នេះ ទាំងចាត់ទុកជា “ឧក្រិដ្ឋកម្មហួសហេតុ”។

ភេរវកម្មនេះ ដែលចាប់ផ្តើមផ្សាយដោយប្រព័ន្ធព័ត៌មានរុស្ស៊ី នៅម្តុំមៅង ៨ និង ១៥ នាទី យប់ ម៉ោងម៉ូស្គូ គឺ ប្រព្រឹត្តដោយ ក្រុមជនប្រដាប់អាវុធមានគ្នា ៥ នាក់ សម្រុកចូលយ៉ាងគំហុក ទៅក្នុងសាលតន្ត្រី Crocus City Hall នៅបុរី Krasnogorsk ជាប់នឹងច្រកចេរញប៉ែកពាយ័ព្យនៃរដ្ឋធានីម៉ូស្គូ។ បើ​តាម​អ្នក​យកការណ៍​របស់​ទីភ្នាក់ងារ​ព័ត៏មាន​រុស្ស៊ី RIA Novosti ជនទាំងនោះស្លៀកពាក់ប៉ារ៉ា ស្រាប់បាន លេច​ចេញ​មកធ្លោ នៅទីកន្លែងអង្គុយនៃទស្សនិកជនស្ថិតនៅជាន់ខាងក្រោមជាប់ដីផ្ទាល់  ហើយក៏បាញ់រះ ប្រាវៗនិងគប់គ្រាប់បែក គប់ដបសាំង ទើប​បណ្តាលឲ្យឆាបឆេះជាអគ្គិភ័យ។ អណ្តាតភ្លើង បានត្របាក់ ផ្ទៃក្រឡា ១៣,០០០ ម៉ែត្រការ៉េ នៃអគារតែម្តង និង​បានកំទេចអស់ដំបូលមួយភាគ។ សេចក្តីនេះ ទម្លាយឲ្យដឹង ដោយ លោក Andrei Vorobiov អភិបាលតំបន់ជាយក្រុងម៉ូស្គូ ដែល រួមក្តោប បុរី Krasnogorsk នេះ។

លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែល​បាន​ទទួលព័ត៌មាន​​តាំងពីប៉ុន្មាននាទីដំបូងនៃភេរវកម្មនោះ បានបួងសួង ឲ្យរាល់តែ​អ្នករងគ្រោះជាង ១០០ នាក់ ឆាប់ជាស្បើយ និង បានសំដែង​អំណរគុណដល់ បណ្តាគ្រូពេទ្យ  តែ​នៅមិនទាន់បង្ហាញមុខថ្លែងជា​សាធារណៈទេ។

គ្មាន​​បង្អង់ អ៊ុយក្រែនបានប្រញាប់ប្រញាល់ បដិសេធ​រាល់ការទទួលខុសត្រូវរបស់ខ្លួនចំពោះ​ភេរវកម្ម ដោយ​មិនទុកចិត្តលើ​ស្ថាប័នសន្តិសុខជាតិរុស្ស៊ី។ ចំណែក​សេតវិមានវិញ​ បានថ្លា​ថ្លែ​សាមគ្គី​ភាព​ជាមួយ អ្នករងគ្រោះរុស្ស៊ី​ក្នុង​ការវាយប្រហារសែនព្រៃផ្សៃនេះ និង បានអះអាងថា​សហរដ្ឋអាមេរិក​បានចែករំលែក ជាមួយ​អាជ្ញាធររុស្ស៊ីនូវ​ព័ត៌មានសម្ងាត់ឈ្លបយកបានអំពីគម្រោងវាយប្រហារនេះ ។

សហភាពអឺរ៉ុប សំដែង”ក្តីរន្ធត់”។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អគ្គលេខាធិការ អសប លោក Antonio Guterres និង ក្រុមប្រឹក្សាសន្តិសុខ អសប ព្រមទាំងប្រទេសជាច្រើនទៀត នាំគ្នា ផ្តន្ទាទោស​ភេរវកម្មនេះ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​បានថ្លែងសារ​​ចូល​រួម​មរណទុក្ខ មកកាន់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចំពោះការធ្លាក់ខ្លួនស្លាប់នៃ​ពលរដ្ឋរុស្ស៊ី ជាង​ ១០០ នាក់ ក្នុង​ ភេរវកម្មនៅតំបន់ជាយក្រុងម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ